ភ្នំពេញ: អាជ្ញាធរ​ខណ្ឌ​សែនសុខ​ និង​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បិទ​យានដ្ឋាន​កែច្នៃ និង​ជួសជុល​រថយន្ដ​ខុសច្បាប់​ជាង ៤០ ​ទីតាំង​ ក្នុង​ចំណោម ១១០ ​ទីតាំង​ នៅក្នុង​ខណ្ឌ​សែនសុខ បន្ទាប់ពី​ពួកគេ​មិន​គោរព​តាម​ការអប់រំ​ណែនាំ​របស់​អាជ្ញាធរ​នាពេល​កន្លងមក​។

លោកស្រី បុប្ផា ផានី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ពីថ្ងៃ​ចន្ទ​ថា នៅ​ថ្ងៃទី​ ២៤ ខែសីហា លោកស្រី​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​បិទ​អាជីវកម្ម​យានដ្ឋាន​ខុសច្បាប់​ជាង ៤០ ​ទីតាំង ​នៅក្នុង​ខណ្ឌ​សែនសុខ​ក្រោយពី​ម្ចាស់​អាជីវកម្ម​ទាំងអស់​នេះ​បំពាន​បម្រាម និង​កិច្ចសន្យា​របស់​អាជ្ញាធរ​។

លោកស្រី​បន្តថា មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​យានដ្ឋាន​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​ទាំងអស់​មាន​យានដ្ឋាន​សរុប​ចំនួន ១១០ ទីតាំង​ ដែល​ជា​កន្លែង​កាត់ត​រថយន្ត ជួសជុល និង​ទីតាំង​ដំឡើង​រថយន្ត​គ្រប់​ប្រភេទ​។ ក្នុងនោះ​មន្ត្រី​រកឃើញ​ចំនួន​ជាង​ ៤០ ​ទីតាំង​ គ្មាន​ច្បាប់​អនុញ្ញាត ហើយ​បិទ​អាជីវកម្ម​តែម្ដង​។

លោកស្រី​បន្តថា​៖ «​យើង​ធ្លាប់​បាន​ធ្វើការ​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​ជា​បន្តបន្ទាប់ ប៉ុន្ដែ​ពួកគាត់​ដែល​ជា​ម្ចាស់​អាជីវកម្ម​មិន​ព្រមស្ដាប់​តាម​ការណែនាំ​ដូច្នេះ​យើង​ត្រូវតែ​បិទ​ចោល​ទាំងស្រុង​តែម្ដង​។ ជុំវិញ​នីតិវិធី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ឬ​មិនបញ្ជូន​គឺ​ខ្ញុំ​ទុក​លទ្ធភាព​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ចាត់ចែង​នៅពេល​ក្រោយ​ទៀត ប៉ុន្ដែ​អ្វី​ដែល​ជា​បញ្ហា​ចំពោះមុខ​នេះ គឺ​យើង​ចុះទៅ​បិទ​ទីតាំង​គ្មាន​ច្បាប់​សិន​»​។

លោកស្រី ផានី បន្ថែម​ថា​យានដ្ឋាន​ជួសជុល​រថយន្ត​ក្នុង​រាជធានី​ភ្នំពេញ​សរុប​មាន​ចំនួន ៩៧១ ​ទីតាំង​ ក្នុង​នោះ​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន ៣៩០ ​ទីតាំង​ ដែល​មន្ទីរជំនាញ គ្រោង​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​បិទ​អាជីវកម្ម​ជា​បន្ដបន្ទាប់​បន្ថែមទៀត​។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ​សែនសុខ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ដោយ​លោក​ថ្លែងថា​កំពុង​ជាប់រវល់​ការងារ​តាម​បណ្ដា​ខេត្ត​។

ប៉ុន្តែ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ​សែនសុខ​បាន​ថ្លែងថា ម្ចាស់​អាជីវកម្ម​យានដ្ឋាន​ទាំងអស់​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចុះទៅ​ព្រមាន អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាច្រើន​លើក​រួចមកហើយ​ ប៉ុន្ដែ​ពួកគាត់​មិន​ព្រមស្ដាប់​តាម​អនុសាសន៍​របស់​អាជ្ញាធរ​ទេ​។ ដូច្នេះ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​បិទ​អាជីវកម្ម​ពួកគាត់​តែម្ដង ដើម្បី​ជា​ការព្រមាន​ទៅ​ដល់​ម្ចាស់​យានដ្ឋាន​​ផ្សេងៗ​ទៀត​។

លោក​បន្តថា ​ប្រសិន​ម្ចាស់​អាជីវកម្ម​ណាមួយ​ចង់​បើក​ដំណើរការ​ឡើងវិញ ត្រូវតែ​ដាក់​ពាក្យសុំ​មក​អាជ្ញាធរ និង​ដាក់​ទៅ​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។

លោក​ ច័ន្ទកញ្ញារិទ្ធ បន្តថា នៅ​មុនពេល​អនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​ឡើងវិញ មន្ត្រី​ជំនាញ​នឹង​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្ដែង និង​សកម្មភាព​ផ្ទាល់​ដើម្បី​ចៀសវាង​ការប្រព្រឹត្ត​ល្មើសច្បាប់​បន្ត​ទៀត​។

លោក​បញ្ជាក់ថា​៖ «​បើ​គាត់​ចង់​បើក​ឡើងវិញ គឺ​ត្រូវ​ទៅ​បំពេញបែបបទ​ថ្មី​ឡើងវិញ បើ​មិន​អ៊ីចឹង​គេ​បិទ​លែង​ឲ្យ​ធ្វើ​អាជីវកម្ម​រហូត​ហ្នឹង ហើយ​ខាង​ខ្ញុំ​បានត្រឹម​តែ​ណែនាំ​ហ្នឹងហើយ ហើយ​រឿង​គេ​អនុញ្ញាត ឬ​មិនអនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​អាហ្នឹង​ជា​រឿង​របស់​មន្ត្រី​ជំនាញ​យើង​»​។

គួររំឭកថា លោក ស៊ុន ចាន់ថុល ​រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​ ២០១៩ បានស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី-ខេត្ដ​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី-ខេត្ដ​ត្រូវ​ចុះ​បិទ​កន្លែង​យានដ្ឋាន​ជួសជុល​ និង​យានដ្ឋាន​កែច្នៃ ដំឡើង​យានយន្ដ​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​អត់​មានច្បាប់​ឲ្យ​អស់​ត្រឹម​ឆ្នាំ​ ២០២០ ​នេះ​។ ដោយឡែក​នៅ​ឆ្នាំ​ ២០២០ ​នេះ លោក​ចង់​ឲ្យ​គ្រប់​យានដ្ឋាន​ជួសជុល​ ឬ​យានដ្ឋាន​កែច្នៃ ដំឡើង​យានយន្ដ​ទាំងអស់​គឺ​មាន​ច្បាប់​ និង​បច្ចេកទេស​ត្រឹមត្រូវ​ទាំងអស់​៕