កំពតៈ អាជ្ញាធរ​ខេត្តកំពត និង​មន្ទីរ​ពាក់ព័ន្ធ​បាន​បើក​យុទ្ធនាការ​អប់រំ​ណែនាំ​ពី​ការចូលរួម​ធ្វើ​អនាម័យ​នៅ​តំបន់​រមណីយដ្ឋាន​ឆ្នេរសមុទ្រ ការអភិរក្ស​ជីវចម្រុះ​សមុទ្រ និង​ការពង្រឹង​គុណភាព​ការផ្ដល់​សេវាកម្ម​សាធារណៈ​ដល់​ពលរដ្ឋ និង​អាជីវករ​ក្នុង​ខេត្ត​នេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​ពិធីបុណ្យ​សមុទ្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែ​ធ្នូ​ខាងមុខ​នេះ​។

លោក​ ស៊ុយ ធា ប្រធាន​មន្ទីរបរិស្ថាន​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ខណៈ​មន្ទីរ​ពាក់ព័ន្ធ​នានា​ដូចជា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពុង​មមាញឹក​ជួសជុល​កែលម្អ​ផ្លូវថ្នល់​នោះ ក្រុម​ការងារ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពត​របស់លោក​ក៏​កំពុង​បន្ត​សកម្មភាព​អនាម័យ​បរិស្ថាន​នៅតាម​តំបន់ឆ្នេរ និង​សួនច្បារ​សាធារណៈ​ដោយ​រាប់ទាំង​ព្រែក​នានា​ដែលជា​ប្រព័ន្ធ​ដៃសមុទ្រ​នៅ​ទូទាំង​ក្រុង​កំពត​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន​មន្ត្រី​បរិស្ថាន​យើង​កំពុង​ចលនា​ប្រជាជន និង​អាជីវករ​ចុះ​ធ្វើ​អនាម័យ​បរិស្ថាន​ប្រមូល​សំរាម​នៅតាម​សួនច្បារ​សាធារណៈ មាត់​ព្រែក និង​នៅតាម​ឆ្នេរខ្សាច់​ដោយ​ឈរ​នៅលើ​គោលការណ៍​ស្អាត​ ៣ ​យ៉ាង​រួមមាន ​ដី​ស្អាត ទឹកស្អាត និង​ខ្យល់ស្អាត​»​។

លោក​បាន​បន្តថា​សំរាម​ក្នុង​ក្រុង​កំពត​នាពេល​បច្ចុប្បន្ន​មាន​ប្រមាណ​ជាង​ ៦០ ​តោន​ក្នុង​ ១ ​ថ្ងៃ​ដែលមាន​ការកើនឡើង​ជិត​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥​។ ​កំណើន​នេះ​គឺ​ដោយសារ​ចំនួន​ប្រជាជន និង​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​នៅ​ខេត្តកំពត​កើនឡើង​។

ទាក់ទង​នឹង​គម្រោង​អនាម័យ​បរិស្ថាន​ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​សមុទ្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២០-២១-២២ ខែធ្នូ​ឆ្នាំ​ ២០១៩ ខាងមុខនេះ លោក ធា បាន​បញ្ជាក់​ថា​ក្រុមការងារ​របស់លោក​បាន​ត្រៀមកម្លាំង​ចល័ត​ជាង​ ២០០ ​នាក់​សម្រាប់​ប្រតិបត្តិការ​ប្រមូល​សំរាម និង​កាកសំណល់​ផ្សេងៗ​នៅ​ទូទាំង​ក្រុង​កំពត​។

ស្រដៀង​គ្នា​នេះដែរ​លោក ស៊យ ស៊ីណាល់ ប្រធាន​មន្ទីរទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ពេលនេះ​ក្រុមការងារ​របស់លោក​កំពុង​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​អាជីវករ​ក្នុង​ការរៀបចំ​បែបបទ​បញ្ជី​រាយ​មុខ​ម្ហូបអាហារ ដោយ​ភ្ជាប់​ជាមួយ​ការកំណត់​តម្លៃ​ឲ្យ​បាន​សមរម្យ​សម្រាប់​មុខម្ហូប​នីមួយៗ​ដើម្បី​ឲ្យ​ភ្ញៀវ​មាន​ការពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ចៀសវាង​ការកេងបន្លំ​ដែល​នាំ​ឲ្យ​ភ្ញៀវ​អស់​ទំនុកចិត្ត​។

លោក ស៊ីណាល់ បាន​ថ្លែងថា​៖ «​ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ និង​ត្រួតពិនិត្យ​អំពី​​ការងារ​ផ្ដល់​សេវាកម្ម​ម្ហូបអាហារ​​របស់​អាជីវករ​ដល់​ភ្ញៀវទេសចរ ក្រុមការងារ​យើង​ក៏បាន និង​កំពុង​រៀបចំ​វិថី​ម្ហូបអាហារ​មួយ​​ដើម្បី​ឲ្យ​ក្រុមអាជីវករ​ចុះឈ្មោះ​ចូល​លក់​ម្ហូបអាហារ​ក្នុង​ពិធីបុណ្យ​សមុទ្រ​»​។

បើ​តាម​លោក ស៊ីណាល់ ខេត្តកំពត​ធ្លាប់​បាន​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ម្ដង​រួចមកហើយ​កាលពី​ឆ្នាំ​ ២០១៥ ដែល​ពេលនោះ​បានធ្វើ​នៅលើ​ឆ្នេរ​ខ្សាច់​ព្រែក​កំពត​ភាគ​ខាងត្បូង​ស្ពាន​ឥន្ទធនូ​ក្នុង​ក្រុង​កំពត និង​មាន​​អ្នកចូលរួម​ប្រមាណ​ជាង​ ៤០ ​ម៉ឺន​នាក់​។ ដោយឡែក​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅក្នុង​បរិវេណ​​ពហុកីឡដ្ឋាន​ខេត្តកំពត​ដែល​​មាន​ចម្ងាយ​ប្រមាណ​ ២០០ ​ម៉ែត្រ​ ពី​ឆ្នេរ​ព្រែក​កំពត​ដែល​​ត្រូវ​បាន​គេ​រំពឹងទុក​ថា​នឹង​មាន​មនុស្ស​មក​ចូលរួម​ច្រើនជាង​កាលពី​ឆ្នាំ​ ២០១៥៕