ភ្នំពេញៈ មន្ទីរ​សាធារណការ ​និង​ដឹក​ជ​ញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ​ខ្លួន​កំពុង​ប្រមូល និង​គ្រោង​កើប​សំរាម​ចេញ​ពី​ប្រឡាយ​ទឹក​ស្អុយ ​ដែល​ប្រជា​ពលរដ្ឋ​បាន​បោះ​ចូល​នៅ​សប្តាហ៍​ក្រោយ​ ហើយបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មេត្តា​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ​ចៀសវាង​បោះ​សំរាម​ចូលក្នុង​ប្រឡាយ​ ដែលការ​ប្រកាសនេះ​ បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​រិះគន់​រឿង​សំរាម​អណ្តែត​ស្អេក​ស្កះ​នៅ​ពេញ​​ប្រឡាយ​ដោយ​គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

ប៉ុន្តែ​លោក​ ដួង ច័ន្ទ​សា​រ៉ាត​ ប្រធាន​អង្គភាព​លូទឹក ​បូមទឹក​និង​ស្ថានីយចម្រោះ​សម្អាត​នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​​រាជធានី​ភ្នំពេញ​បាន​និយាយ​ពី​ម្សិលមិញ​ថា​ ករណី​សំរាម​ពេញ​ប្រឡាយ​ទឹកស្អុយ​នេះ គឺ​មកពី​ប្រជាពលរដ្ឋ​ខ្លួន​ឯង ​ដែល​តែងតែ​បោះចោល​សំរាម​ពាសវាល​ពាសកាល​ ជាពិសេស​បោះ​ចូលក្នុង​លូ ​ឬ​ប្រឡាយ​បើ​ទោះ​ជា​មានការ​ផ្សព្វផ្សាយ​ពី​ភាគី​​ពាក់ព័ន្ធ​ជុំវិញ​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ក៏ដោយ។

លោក​ ច័ន្ទ​សា​រ៉ាត ​បន្តថា ​ជាទូទៅ​អាជ្ញាធរ​មាន​ផែនការ​ក្នុងការ​ប្រមូល​សំរាម​ចេញពី​ក្នុង​ប្រឡាយ​ចំនួន​ ៤ ដង ​ក្នុង ​១ ឆ្នាំ ​និង​ធ្វើជា​ប្រចាំ​ដោយ​ការ​កៀរ​សំរាម​ដែល​អណ្តែត​ក្នុង​ប្រឡាយ​ជុំវិញ​រាជធានី​ភ្នំពេញ​យកមក​ផ្ទុក​ទុក​នៅ​កន្លែង​តែ​មួយ ​គឺ​​នៅ​ចុង​ប្រឡាយ​បឹង​ត្របែក ​និង​យក​គ្រឿងចក្រ​កើប​ចេញ​នៅពេល​​ដល់​ពេល​កំណត់។

លោក​បញ្ជាក់ថា​៖ «គាត់​រិះគន់ តែ​សំរាម​គាត់​អ្នក​បោះ​ចូល​លូ​ ហើយ​ខ្ញុំ​អ្នកប្រមូល​ហ្នឹង ​មិនមែន​ប្រមូល​រាល់ថ្ងៃ​ណា​ គ្នា​យើង​តិច ​ប្រហែលជា​ ១០ នាក់​អី​ហ្នឹង។ អ៊ី​ចឹង​យើង​រុញកៀរ​តាំង​ពីក្រោយ​មន្ទីរពេទ្យរ​បេង ​ហើយ​មក​ឲ្យ​នៅ​ចុង​ប្រឡាយ​​នេះ​ដោយ​រង់ចាំ​គ្រឿង​ចក្រ​កាយ និង​កើប​ចេញ​ម្តង។ ខ្ញុំ​សំណូមពរ​ដល់​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​បោះ​សំរាម​ចូល​ប្រឡាយ​​គួរ​ដាក់​តាម​គោលដៅ ដែល​អាជ្ញាធរ​ណែនាំ​ព្រោះ​ខាង​ក្រុមហ៊ុន​ប្រមូល​សំរាម​គេ​មិន​ប្រមូល​ទេ​បើ​នៅ​ក្នុង​ប្រឡាយ​​នោះ»។

បើតាម​លោក​ ច័ន្ទ សា​រ៉ា​ត ក្នុងមួយឆ្នាំៗក្រុមការងារ បាន​ប្រមូល​សំរាម​ចេញ​ពី​ប្រឡាយ ដែល​ពលរដ្ឋ​បាន​បោះ​ចូល​ក្នុង​ប្រឡាយ​ប្រមាណ​ជាង ១ ម៉ឺន​តោន ខណៈ​សំរាម​ជា​សំណល់​រឹង​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ជិត ១ លាន​តោន​កន្លះ​ក្នុង​ឆ្នាំ ២០១៧។

របាយការណ៍​របស់​ស​ហ​ភាព​អឺរ៉ុប មាន​ថង់​ប្លា​ស្ទិ​ក​ប្រមាណ​ជាង ១០ លាន​ថង់​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា បាន​ប្រើប្រាស់​ក្នុង​រាជធានី​ភ្នំពេញ​ជា​រៀង​រាល់​ថ្ងៃ។

លោក សឿង សារ៉ន នាយកប្រតិបត្តិ​នៃ​អង្គការ​សមាគម​ធាង​ត្នោត ដែល​ធ្លាប់​បាន​ធ្វើការ​ស្រាវ​ជ្រាវ​ស្តីពី​អភិបាល​កិច្ច​ទីក្រុង «ការ​គ្រប់គ្រង​កាក​សំណល់​នៅ​ក្នុង​រាជធានី​ភ្នំពេញ» បាន​ប្រាប់​ថា ការ​គ្រប់គ្រង​សំរាម គឺជា​កាតព្វ​កិច្ច​នៃ​ការ​ចូលរួម​ទាំង​អស់​គ្នា​ចៀស​វាង​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ពលរដ្ឋ ត្រូវ​រួមគ្នា​គ្រប់​គ្រង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​បញ្ជាក់ថា៖ «ចៀសវាង​ដាក់​កំហុស​គ្នា​ទៅវិញទៅមក គឺជា​ការ​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា ជារួម​មក គឺ​សហគមន៍​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង ត្រូវ​ចេះ​ទុកដាក់​សំរាម និង​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ទុក​ដាក់​សំរាម ត្រូវ​ធានា និង​កំណត់​ទីតាំង និង​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់ ក្នុងការ​ប្រមូល​សំរាម។ ចំណែក​អាជ្ញាធរ ត្រូវ​ចែក​រំលែក​ព័ត៌មាន និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ប្រាកដ​ថា ពលរដ្ឋ​គាត់​មាន​ការ​យល់​ដឹង និង​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ទាក់​ទង​នឹង​បញ្ហា​សំរាម​នេះ»។

តាម​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង និង​រាវ នៅ​ទីប្រជុំជន​ឆ្នាំ ២០១៥ បាន​កំណត់​ថា ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​មិន​គោរព​អនុវត្ត ការ​វេច​ខ្ចប់ ការ​ញែក​ឬ​បែងចែក និង​ទុក​ដាក់​សំរាម​តាម​ដង​ផ្លូវ មិន​បាន​សម​ស្រប​តាម​ពេលវេលា​ដែល​បាន​កំណត់ ការ​បោះ​ចោល​សំរាម​តាម​ទីសាធា​រណៈ តាម​ដងផ្លូវ ការ​ដុត​សំរាម​នៅ​ទីប្រជុំជន​សាធារណៈ មិន​បាន​ត្រឹម​ត្រូវ នឹង​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ចាប់ពី ១ ម៉ឺន​រៀល​ទៅ ២០ ម៉ឺន​រៀល​ទៅ​តាម​ប្រភេទ​សំរាម៕