
អាជ្ញាធរក្រុងព្រះសីហនុចុះរុះរើសំណង់កំពង់ផែធ្វើអំពីបេតុងអាមេអត់ច្បាប់ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ នេះ។ រូបសហការ
ព្រះសីហនុៈ អាជ្ញាធរខេត្ដព្រះសីហនុ នឹងចាត់វិធានការក្ដៅចុះអនុវត្ដវាយកម្ទេច សំណង់កំពង់ផែ ១ កន្លែងដែលសាងសង់រំលោភចូលឆ្នេរសមុទ្រគ្មានច្បាប់ក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ បន្ទាប់ពីអាជ្ញាធរខេត្ដបានជូនដំណឹង និងធ្វើកិច្ចសន្យាឲ្យរុះរើចេញដោយខ្លួនឯងចំនួន ២ លើកកន្លងមកហើយនោះ ប៉ុន្ដែមិនអនុវត្ដតាម។
លោក ឱ សារឿន អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍ ម្សិលមិញថាកន្លងមកអាជ្ញាធរខេត្ដបានប្រើមនោសញ្ចេតនាខ្លះៗ ចំពោះការចុះអនុវត្ដមុននឹងការចុះរុះរើសំណង់កំពង់ផែនេះ ប៉ុន្ដែ តាមរយៈការណែនាំកន្លងមកដែលមានកិច្ចសន្យាច្បាស់លាស់ អាជ្ញាធរនឹងចុះអនុវត្ដតាមកិច្ចសន្យា និងការណែនាំនោះ។
ប៉ុន្តែ លោកមិនបានបញ្ជាក់ថា វិធានការក្តៅនេះនឹងត្រូវអនុវត្តនៅពេលណានោះនៅឡើយទេ។
លោកបន្តថា៖ «និយាយរួមទៅ វិធានការកាលណាដាក់ចេញជាគោលការណ៍ជាលិខិតស្នាមផ្លូវការច្បាស់លាស់ហើយចំពោះគោលជំហររបស់អាជ្ញាធរខេត្ដ គឺមិនធ្វើឲ្យទៅជាបាតដៃខ្នងដៃទេ យើងត្រូវតែអនុវត្ដ។ ប៉ុន្តែ ពាក់ព័ន្ធទៅនឹងការអនុវត្តជាក់ស្តែងរបស់សាមីខ្លួនខេត្ដពិតជាបានប្រើមនោសញ្ចេតនាខ្លះៗ មិនចង់ប្រើកណ្ដាប់ដៃក្ដៅពេក ម៉ឺងម៉ាត់ពេក ដោយយើងក៏ទទួលយកសំណូមពររបស់សាមីខ្លួន (ម្ចាស់សំណង់) ខ្លះដែរ តែបើនិយាយពីចំណាត់ការយើងមិនលើកលែងទេ»។
លោក សារឿន បញ្ជាក់ថាបើម្ចាស់សំណង់នៅតែមិនអនុវត្ដតាមសេចក្ដីណែនាំរបស់អាជ្ញាធរខេត្ដអាជ្ញាធរនឹងចុះអនុវត្ដផ្ទាល់ខ្លួនឯងចំពោះការវាយកម្ទេច និងរុះរើសំណង់កំពង់ផែនេះ។ លោកថា៖ «ចំណែកការចំណាយគឺឲ្យគាត់ (ម្ចាស់សំណង់) ចំណាយទៅលើចំណាយផ្សេងៗដែលក្រុមការងារបានធ្វើរឿងហ្នឹងមានតែប៉ុណ្ណឹង»។
លោក គង់ សុផាន់ណ្ណៈ មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុឲ្យដឹងថា បន្ទាប់ពីអាជ្ញាធរក្រុងព្រះសីហនុធ្លាប់បានចុះទៅអនុវត្ដច្បាប់រុះរើសំណង់មួយចំនួនកាលពីថ្ងៃទី ២៤ ខែតុលាតាមបញ្ជាពីលោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុដោយបានទុកពេល ៥ ថ្ងៃបន្ថែមឲ្យម្ចាស់សំណង់រុះរើដោយខ្លួនឯងព្រោះតែអាជ្ញាធរខ្លាចប៉ះពាល់ដល់ទ្រព្យសម្បត្តិម្ចាស់ផ្ទះនោះរហូតមកដល់ថ្ងៃទី ៣០ ខែតុលានេះម្ចាស់សំណង់បែរជាចាក់សោ បិទទ្វារ និងមិនអនុវត្ដតាមការណែនាំទៅវិញ។
លោកបន្ដ៖ «ពេលនេះខ្ញុំកំពុងចុះត្រួតពិនិត្យមើល (ព្រឹកថ្ងៃទី ៣០) ប៉ុន្ដែឃើញផ្ទះគាត់ចាក់សោមិនមានអ្នកនៅផ្ទះទេ។ យើងមិនហ៊ានចូលផ្ទះគាត់ទេ ព្រោះគ្មានម្ចាស់ផ្ទះនៅយើងបានត្រឹមមើលពីចម្ងាយ ហើយគ្មានឃើញការរុះរើអ្វីទេ អ្វីដែលក្រុមការងារយើងចុះអនុវត្ដកន្លងមកមិនមានអ្វីប្រែប្រួលទេ ឃើញមាននៅតែដដែលមិនមានរុះរើអ្វីទេ»។
លោក សុផាន់ណ្ណៈ បញ្ជាក់ថាដោយម្ចាស់សំណង់មិនបានអនុវត្ដតាមការណែនាំរបស់អាជ្ញាធរខេត្ដ ក្រុមការងារសាលាក្រុងព្រះសីហនុ និងសុំយោបល់ពីថ្នាក់ដឹកនាំខេត្ដ ដើម្បីអនុវត្ដបទបញ្ជាបន្ដទៀត។
អភិបាលខេត្តព្រះសីហនុលោក យន្ត មីន ធ្លាប់បានបញ្ជាឲ្យក្រុមការងារចុះអនុវត្តរុះរើសំណង់កំពង់ផែរំលោភច្បាប់ស្ថិតក្នុងសង្កាត់លេខ ១ កាលពីថ្ងៃទី ១៦ ខែតុលាដោយឲ្យម្ចាស់ឈ្មោះ តាន់ សុខុម មានទីលំនៅក្នុងភូមិ៣ សង្កាត់លេខ ១ ឱ្យរុះរើ និងរក្សាឆ្នេរសមុទ្រនៅចំណុចនោះឲ្យដូចដើមវិញម្ដងរួចមកហើយ តែមន្ត្រីទើបចុះអនុវត្តវាយកម្ទេចខ្លះដោយទុកពេលឲ្យម្ចាស់រុះរើដោយខ្លួនឯងវិញ។
មុនការដាក់បញ្ជារបស់លោក យន្ត មីន នេះគឺប្រធានការិយាល័យគ្រប់គ្រង និងអភិវឌ្ឍន៍សំណង់ ខេត្ដ ព្រះសីហនុលោក លី ចិត្ដនិយម ក៏ធ្លាប់បានចេញសេចក្តីជូនដំណឹងឲ្យម្ចាស់សំណង់កំពង់ផែនេះរុះរើដោយខ្លួនឯងម្តងហើយដែរកាលថ្ងៃទី ១៩ ខែកញ្ញា ២០១៨ ដោយទុករយៈពេល ៧ ថ្ងៃ ប៉ុន្តែម្ចាស់សំណង់ក៏មិនបានអនុវត្តតាមដែរ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាស្វាគមន៍ចំពោះការចុះអនុវត្ដច្បាប់រុះរើសំណង់កំពង់ផែដែលសង់រំលោភចូលឆ្នេរសមុទ្រនេះ។
ប៉ុន្តែលោកថាអាជ្ញាធរមិនគួរអនុវត្តតែមួយកន្លែងនោះទេគឺត្រូវអនុវត្ដឲ្យបានគ្រប់កន្លែងចំពោះសំណង់ខុសច្បាប់នៅក្រុងព្រះសីហនុនេះ។
លោក សុខ សុខុម បានបញ្ជាក់ថា៖ « ប៉ុន្ដែសូមកុំធ្វើតែមួយសូមឲ្យធ្វើជាបន្ដបន្ទាប់រហូតទៀត ពីព្រោះការរំលោភបំពានលើឆ្នេរសមុទ្រចាក់ដីលុបសមុទ្រនេះមិនមែនមានតែមួយកន្លែងនេះទេគឺនៅមានជាច្រើនកន្លែងជាបន្ដបន្ទាប់ទៀត»៕