ព្រះសីហនុៈ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ប្រកាស​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ពលរដ្ឋ​អនាធិបតេយ្យ​ចូល​ទៅ​ទន្ទ្រាន​យក​ដី​កម្មសិទ្ធិឯកជន និង​ដី​របស់​រដ្ឋ ក្រោយពី​ថ្មីៗ​នេះ​សកម្មភាព​បាន​កម្រើក​ឡើងវិញ ដោយ​ពលរដ្ឋ​អនាធិបតេយ្យ​មួយចំនួន​បាន​ចូលទៅ​ទន្ទ្រាន​យក​ដី​ជា​សម្បត្ដិ​ឯកជន និង​ដី​រដ្ឋ​ក្នុង​ភូមិសាស្ដ្រ​ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់ និង​ទីតាំង​មួយចំនួន​ទៀត​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​ទី​ ២៦ កក្កដា ថា​បច្ចុប្បន្ន​សកម្មភាព​កាប់​រុករាន​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ពី​សំណាក់​ពលរដ្ឋ​អនាធិបតេយ្យ​មួយចំនួន​កំពុង​កម្រើក​ឡើង​ខ្លាំង ពិសេស​ក្នុង​ភូមិសាស្ដ្រ​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ​ផងដែរ​។

លោក​បញ្ជាក់​ថា​៖ «​រាល់​ទង្វើ​ដែល​ធ្វើ​ខុសច្បាប់​បែប​នេះ រដ្ឋបាល​ខេត្ត​មិន​គាំទ្រ​ទេ​។ ដូច្នេះ​ស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ ឬ​មេខ្យល់​ដែល​នៅ​ពីក្រោយ​ខ្នង សូម​ឱ្យ​ដកខ្លួន​ជាបន្ទាន់​។ បើ​មិន​ដកខ្លួន​ទេ នៅពេល​យើង​ចាត់​វិធានការ​ក្ដៅ គឺ​យើង​មិន​ដោះលែង​ទេ​»​។

លោក ភារម្យ ឱ្យ​ដឹងថា សកម្មភាព​កម្រើក​ឡើង​ចំពោះ​ការកាប់​រុករាន​ទន្ទ្រាន​ដី​រដ្ឋ និង​ឯកជន​បែប​នេះ កើតឡើង​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បានប្រកាស​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅ និង​អាស្រ័យផល​ពិតប្រាកដ​លើ​ដី​របស់​រដ្ឋ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម​។ ដូច្នេះ​ក៏មាន​ជន​ឆ្លៀតឱកាស​ដែលជា​ក្រុម​អនាធិបតេយ្យ​បាន​នាំគ្នា​ចូល​មក​កាន់កាប់​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​តែម្ដង​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ជា​វិធានការ​របស់​អាជ្ញាធរ គឺ​យើង​ការពារ​ដាច់ខាត​នូវ​ដីធ្លី​របស់​រដ្ឋ និង​ទប់ស្កាត់​ឱ្យ​បាន​ក្រុម​អនាធិបតេយ្យ​»​។

លោក ភារម្យ ឱ្យ​ដឹងថា​កាលពី​ថ្ងៃទី​ ២៤ កក្កដា សមត្ថកិច្ច​ខេត្ដ​ព្រះសីហនុ បាន​ឃាត់​ខ្លួន​មនុស្ស​ ២ ​នាក់​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ​និង​ណែនាំ ក្រោយពី​ធ្វើ​សកម្មភាព​កាប់​រុករាន​យក​ដី​រដ្ឋ​ក្នុង​ភូមិសាស្ដ្រ​ស្រុក​ព្រៃនប់​។ តាម​ការសាកសួរ​នៅ​ស្នងការដ្ឋាន ខេត្ដ ពលរដ្ឋ​ទាំង​ ២ ​នាក់​មិនមែន​ជា​មេខ្លោង សមត្ថកិច្ច​ក៏​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​រួច​ដោះលែង​វិញ​។

មន្ទីរ​បរិស្ថាន​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​ ២៤ កក្កដា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​អំពី​ការកម្រើក​ឡើងវិញ​នៃ​សកម្មភាព​កាប់រុករាន ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ក្នុង​ភូមិសាស្ដ្រ ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដែល​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​អនាធិបតេយ្យ​ និង​បាន​បង្កើត​ចលនា​តវ៉ា​រារាំង​សមត្ថកិច្ច​អនុវត្ត​ការងារ​ថែមទៀត​។

សេចក្ដី​ប្រកាស​របស់​មន្ទីរ​បរិស្ថាន​បញ្ជាក់ថា​៖ «​ក្នុងពេល​ចុះ​អនុវត្ត​វិធានការ ទប់ស្កាត់​ការទន្ទ្រាន​យក​ដី​រដ្ឋ​កាលពី​ថ្ងៃទី​ ២៤ ខែកក្កដា សមត្ថកិច្ច​បាន​ជួបប្រទះ​ជាមួយ​ពលរដ្ឋ​មួយក្រុម​មាន​គ្នា​ប្រហែល​ ៣០ ​នាក់​បាន​ធ្វើ​សកម្មភាព​បទល្មើស​ដោយ​រួមមាន​ការកាប់​ទន្ទ្រាន ឆ្ការព្រៃ ដាំ​ដំណាំ​ថ្មីៗ សង់​ខ្ទម ទិញ-លក់ និង​បោះបង្គោល​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទិ្ធ​យ៉ាង​អនាធិបតេយ្យ​»​។

លោក​ សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​បានឱ្យ​ដឹងថា សកម្មភាព​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​ទីតាំង​ស្រុក​ស្ទឹងហាវ​នេះ កើត​មានឡើង​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្ដែ​មិនទាន់​មាន​ការអនុវត្ដ​វិធានការ​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ឃើញ​អាជ្ញាធរ​បាន​អនុវត្ដ​វិធានការ​ដែរ​នាពេល​កន្លងមក ប៉ុន្ដែ​សកម្មភាព​កាប់​រុករាន ទន្ទ្រាន​យក​ដី​រដ្ឋ​នៅ​តំបន់​ការពារ​ស្រុក​ស្ទឹងហាវ​នេះ​គឺ​នៅតែ​កើត​មាន​»​។

លោក​ នេត្រ ​ភក្ត្រា ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៦ កក្កដា ថា​បច្ចុប្បន្ន​ក្រុមការងារ​របស់​ក្រសួងបរិស្ថាន កំពុង​សហការ​ជាមួយ​ក្រុម​ការងាររដ្ឋបាល​ខេត្ដ​ព្រះសីហនុ និង​ខេត្ដ​ផ្សេងទៀត ដើម្បី​ពិនិត្យ​ស្រាវជ្រាវ កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ដែល​កំពុង​កាន់កាប់​អាស្រ័យផល​ជាក់ស្ដែង​ក្នុង​ទីតាំង​ដី​រដ្ឋ​ដែល​ក្រសួង​បរិស្ថាន​ការពារ​។

លោក​ថ្លែងថា​៖ «​ក្រសួង​បាន​បង្កើត​ក្រុមការងារ ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​ជាមួយ​ដីធ្លី ដែល​ពលរដ្ឋ​ប្រើប្រាស់ និង​អាស្រ័យផល​នៅ​តំបន់​ការពារ​ធម្មជាតិ​គ្រប់​ខេត្ដ ដែល​មាន​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់​រាប់​ទាំង​ខេត្ដ​ព្រះសីហនុ​ផងដែរ​។ បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ដ​ផ្សេងៗ​ធ្វើ​ការងារ​នេះ​ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់​នូវ​ទិន្នន័យ​ពលរដ្ឋ​នេះ​»៕