The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ប្រកាស​រុះរើ​សំណង់​ពលរដ្ឋ​​ នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត បើ​នៅ​តែ​មានះ

អាជ្ញាធរ​ប្រកាស​រុះរើ​សំណង់​ពលរដ្ឋ​​ នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត បើ​នៅ​តែ​មានះ

Content image - Phnom Penh Post
ផ្ទះ​ពលរដ្ឋ​នៅ​តាម​មាត់​ស្ទឹង​ព្រែកត្នោត​ដែល​ប្រឈម​នឹង​ការរុះរើ​។ រូបថត FN

អាជ្ញាធរ​ប្រកាស​រុះរើ​សំណង់​ពលរដ្ឋ​​ នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត បើ​នៅ​តែ​មានះ

ភ្នំពេញៈ មន្ត្រី​រដ្ឋបាល​ខណ្ឌដង្កោ​ព្រមាន​ថា អាជ្ញាធរ​នឹង​ចាត់​វិធានការ​រុះរើ​សំណង់​របស់​ប្រជាពលរដ្ឋ​ដែល​សាងសង់​សំណង់​ផ្ទះល្វែង និង​តូប​ខុសច្បាប់​ចូល​ចំណី​ស្ទឹង​ព្រែកត្នោត​ក្នុង​សង្កាត់​ក្រាំងពង្រ ប្រសិន​បើ​ពួកគេ​មិន​អនុវត្ដ​តាម​ការណែនាំ​របស់​រដ្ឋបាល​ខណ្ឌ​ប្រាប់​ឲ្យ​រុះរើ​នោះ​។

លោក​ ម៉ុក ពុទ្ធា នាយក​រដ្ឋបាល​ខណ្ឌ​ដង្កោ ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​សាងសង់​ផ្ទះល្វែង​តូប​លក់ដូរ ហាង​កាហ្វេ ហាងបាយ​ជាដើម ដោយ​ខុស​ច្បាប់​នៅ​លើ​ដី​ចំណី​ស្ទឹង​ព្រែកត្នោត​ដែល​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន ទឹកស្ទឹង​ព្រែកត្នោត និង​កកស្ទះ​ចរាចរណ៍​ថែម​ទៀត​។

លោក​ថា​៖ «​កន្លង​មក​ទីតាំង​នៅ​តំបន់​មាត់​ស្ទឹង​ព្រែកត្នោត​នេះ​មិន​មាន​ប្រជាពលរដ្ឋ​រស់នៅ​ទេ ទើប​តែ​មាន​រោងចក្រ​មក​បង្កើត​នៅ​ទី​នេះ​បាន​មាន​ប្រជាពលរដ្ឋ​មក​សាងសង់​ច្រើន​ឡើងៗ​»​។

លោក​បន្ថែម​ថា​៖ «​រួម​ទាំង​រោងចក្រ​នៅ​ទល់​មុខ​ស្ទឹង​ព្រែកត្នោត​នោះ​ផង​ដែល​បាន​សាងសង់​សំយាប​រំលោភ​យក​ចំណី​ផ្លូវ​ផង​ដែរ​។ អ៊ីចឹង​បើ​យើង​មិន​ទប់ស្កាត់​ពួកគាត់​នឹង​មក​សាងសង់​រំលោភ​ច្រើន​ឡើងៗ​បន្ដ​ទៀត​នៅ​តំបន់​នេះ​»​។

ទោះបី​ជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ពួកគេ​បាន​មក​រស់នៅ​ក្នុង​តំបន់​ស្ទឹង​ព្រែកត្នោត​នេះ​ជា​យូរ​មក​ហើយ​ក្តី ប៉ុន្តែ​លោក​ ម៉ុក ពុទ្ធា ឲ្យ​ដឹង​ថា​បើ​តាម​ការស្រាវជ្រាវ​របស់​សាលា​ខណ្ឌ​ដង្កោ តាមរយៈ​របាយការណ៍​សារាចរ​ស្ថិតិ​ពលរដ្ឋ​លេខ​ ០៣ ឆ្នាំ​ ២០១៣ គឺ​មិន​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ចំណី​ស្ទឹង​ព្រែកត្នោត​នេះ​ទេ​។

លោក​ថា​៖ «​យើង​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ពួកគាត់​ចំពោះ​ការរុះរើ​សំណង់​ចេញ​វិញ ប៉ុន្ដែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​អះអាង​ថា​បាន​សាងសង់​នៅ​ទី​នេះ​យូរហើយ​។ ប៉ុន្ដែ​តាម​ការស្រាវជ្រាវ​នៃ​សារាចរ​លេខ​ ០៣ ​គឺ​អត់​មាន​ឈ្មោះ​ពួកគាត់​ទេ​។ អ៊ីចឹង​ពួកគាត់​ទើបតែ​មក​តាំង​លំនៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពេល​ដែល​រោងចក្រ​មក​បង្កើត​ថ្មី​នេះ​ប៉ុណ្ណោះ​»​។

បើ​តាម​លោក​ ពុទ្ធា បើ​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​នៅក្នុង​សារាចរ​លេខ​ ០៣ ​គឺ​មាន​ន័យ​ថា​គាត់​ពិតជា​បាន​រស់នៅ​ក្នុង​តំបន់​ស្ទឹង​ព្រែកត្នោត​នេះ​តាំងពី​យូរ​មែន​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការជូន​ដំណឹង​លើក​ទី​ ១ ​នេះ​គឺ​យើង​ឲ្យ​គាត់​អនុវត្ដ​រុះរើ ប៉ុន្ដែ​បើ​គាត់​មិន​ព្រម​យើង​នឹង​ជូន​ដំណឹង​ឲ្យ​គ្រប់​ ៣ ​លើក​។ ប៉ុន្ដែ​បើ​គាត់​នៅតែ​មិន​រុះរើ យើង​នឹង​សុំ​គោលការណ៍​ពី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​អនុវត្ដ​វិធានការ​»​។

លោក​ ម៉ៅ សុផុន ចៅសង្កាត់ ក្រាំងពង្រ ឲ្យ​ដឹង​ថា​ពេល​នេះ​មិន​ទាន់​មាន​វិធានការ​អ្វី​ទេ ព្រោះ​រង់ចាំ​វិធានការ​ពី​ថ្នាក់​ខណ្ឌ​។

លោក​បន្ដ​៖ «​យើង​ជូន​ដំណឹង​ដល់​ពួកគាត់​ចំពោះ​ការរុះរើ​នេះ​។ ពួកគាត់​អត់​មាន​ប្រកែក​អី​ជាមួយ​យើង​ទេ ប៉ុន្ដែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​នៅ​តែ​លួច​សាងសង់​បន្ថែម​នៅ​ពេល​យប់​។ ពេល​នេះ​យើង​កំពុង​ពិនិត្យ​មើល​ចំនួន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនេះ​តាម​សារាចរ​ស្ថិតិ​លេខ​ ០៣ និង​ស្រង់​ស្ថិតិ​​ពួកគាត់​ឡើង​វិញ​»​។

កាលពី​ថ្ងៃទី​ ១៦ ខែ​តុលា ឆ្នាំ​ ២០១៨ អភិបាល​ខណ្ឌ​ដង្កោ​លោក​ នុត ពុធដារ៉ា បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ទៅ​ពលរដ្ឋ​ដែល​បាន​សាងសង់​សំណង់​ផ្ទះល្វែង តូប​លក់ដូរ​ដែល​រំលោភ​ចូល​ចំណី​ស្ទឹង​ព្រែកត្នោត​ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំងពង្រ ឲ្យ​រុះរើ​ជា​បន្ទាន់​ក្នុង​រយៈពេល​ ៧ ​ថ្ងៃ​ចាប់​តាំងពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា​៖ «​ការសាងសង់​របស់​ លោក-លោកស្រី នៅ​ទីតាំង​ខាង​លើ​ពុំ​មាន​លិខិត​អនុញ្ញាត​សាងសង់​នោះ​ទេ ហើយ​បាន​សាងសង់​ចូល​ចំណី​ស្ទឹង​ព្រែកត្នោត​។ ដូច្នេះ​រដ្ឋបាល​ខណ្ឌ​តម្រូវ​ឲ្យ​លោក លោកស្រី​បញ្ឈប់​សកម្មភាព​សាងសង់​ជាបន្ទាន់ និង​ត្រូវ​រុះ​រើ​ចេញ​ជាបន្ទាន់​។ ករណី​មិន​អនុវត្ដ​តាម​ការណែនាំ រដ្ឋបាល​ខណ្ឌ​នឹង​ចាត់​វិធានការ​រុះរើ​សំណង់​ដោយ​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការខូចខាត​ ឬ​ការបាត់បង់​អ្វី​ឡើយ​។ ករណី​រឹងរូស​នឹង​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​»​។

ទោះបី​មិន​ទាន់​មាន​ទិន្នន័យ​ជាក់លាក់ ប៉ុន្ដែ​លោក ម៉ុក ពុទ្ធា បង្ហាញ​ថា​ប្រជាពលរដ្ឋ​ដែល​កំពុង​សាងសង់​ផ្ទះល្វែង និង​តូប​នៅ​ទីនោះ​មាន​ចំនួន​ប្រមាណ​ជាង​ ៣០ ​គ្រួសារ​ប៉ុណ្ណោះ​។

លោក​ ខៀវ និត មេភូមិ​ទឹកថ្លា​ក៏​សម្តែង​ក្តីបារម្ភ​ចំពោះ​ចំណាត់ការ​នេះ​ដែរ ដោយ​ថា​ពួកគេ​ភាគច្រើន​សុទ្ធតែ​ជនក្រីក្រ​ធ្វើការងារ​រោងចក្រ​ចិញ្ចឹមជីវិត​។ លោក​បន្ដ​៖ «​មិន​មាន​អ្នកថ្មី​មក​នៅ​ទេ ភាគច្រើន​គឺ​កូនចៅ​គាត់​ដែល​នៅ​យូរហើយ​។ ពេល​គាត់​រស់នៅ​យូរៗ​ទៅ​កូនចៅ​គាត់​ក៏​ចែក​គ្រួសារ ក៏​ធ្វើ​ផ្ទះ​ថ្មី ប៉ុន្ដែ​ធ្វើ​នៅ​តែ​កន្លែង​ចាស់​ពួកគាត់​ទេ​។ ខ្ញុំ​ក៏​អត់​ដឹង​ជា​ជួយ​ប្រជាពលរដ្ឋ​យ៉ាង​ម៉េច​ដែរ បាន​តែ​បារម្ភ​ជាមួយ​ពួកគាត់ ព្រោះ​វា​ជាការ​អនុវត្ដ​របស់​ថ្នាក់លើ​»​។

លោក កេត វុធ ពលរដ្ឋ​រស់នៅ​តំបន់​មាត់​ស្ទឹង​ព្រែកត្នោត ព្រួយបារម្ភ​ចំពោះ​ការចាត់​វិធានការ​រុះរើ​ផ្ទះសំបែង​ពួកគាត់​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជា​អតីត​យោធា​ទទួល​បាន​ប្រាក់​អាត្រែត​ (​រ៉ឺត្រែត​) ​ជាង​១០ ​ម៉ឺន​ដែរ​ក្នុង​ ១ ​ខែ​សព្វថ្ងៃ​ខ្ញុំ​រត់​រ៉ឺម៉ក​កង់​៣​។ ខ្ញុំ​មាន​កូន​ ៦ ​នាក់​កំពុង​រស់នៅ​ជាមួយ​។ ខ្ញុំ​មក​ស្នាក់នៅ​តំបន់​នេះ​តាំងពី​អំឡុង​ឆ្នាំ​ ១៩៨០ ​ជាង​មក​ម្ល៉េះ​។ បើ​អាជ្ញាធរ​ឲ្យ​ខ្ញុំ​រុះរើ​ចេញ ខ្ញុំ​មិន​ដឹង​រើ​ទៅ​ណា​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍