The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ប្រកាស​ ៥ ​ចំណុច​ដោះស្រាយ​បញ្ហា​គ្រឿង​ញៀន​នៅ​ ត្រពាំងឈូក




អាជ្ញាធរ​ប្រកាស​ ៥ ​ចំណុច​ដោះស្រាយ​បញ្ហា​គ្រឿង​ញៀន​នៅ​ ត្រពាំងឈូក

Content image - Phnom Penh Post
មន្រ្តី​សមត្ថកិច្ច​មួយ​រូប​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ដ៏​ចង្អៀត​ក្នុង​ភូមិ​ត្រពាំង​ឈួក ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​ដែល​ត្រូវ​បាន​ធ្វើឡើង​កាល​ពី​ខែ​កុម្ភៈ។ ហុង មិនា

អាជ្ញាធរ​ប្រកាស​ ៥ ​ចំណុច​ដោះស្រាយ​បញ្ហា​គ្រឿង​ញៀន​នៅ​ ត្រពាំងឈូក

ភ្នំពេញៈ ក្រុម​អាជ្ញាធរ​បាន​ធ្វើ​ការ​ប្រកាស​ពី​ផែនការណ៍​សកម្មភាព​ថ្មី​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​គ្រឿង​ញៀន​ដ៏​ក្តៅ​គគុក​នៅ​ភូមិ​ត្រពាំង​ឈូក ជា​តំបន់​សំណង់​អនាធិបតេយ្យ​មួយ​ក្នុង​ខណ្ឌ​សែនសុខ​ដែល​មាន​ឈ្មោះ​ជា​ទីតាំង​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​យ៉ាង​បើក​ចំហ​ អស់​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។

លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន (NACD) កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​រៀប​រាប់​ថា​ស្ថានការណ៍​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា​បាន​ឈាន​មក​ដល់​កម្រិត​«មិន​អាច​គ្រប់​គ្រង»​បាន​ហើយ។

លោក​បន្តថា ផែនការណ៍​សកម្មភាព​ដែល​មាន​ប្រាំ​ចំណុច​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​គោល​បំណង​ដោះ​ស្រាយ​បញ្ហា​នេះ​ក្នុង​រយៈពេល​ ១ ឆ្នាំ ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ផ្លាស់​ប្តូរ​រៀង​រាល់​ ៣ ​ខែ​ម្តង ដែល​នេះ​ឆ្លុះ​បញ្ចាំង​ពី​តម្រូវ​ការ​នៃ​ការ​ផ្លាស់​ប្តូរ​ការ​គ្រប់​គ្រង​នៅ​ក្នុង​តំបន់។

ផែនការណ៍​នេះ​រួម​មាន​ ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ការ​ផ្តល់​ការ​ការពារ​សុវត្ថិភាព​ទៅ​ដល់​ប្រជាពលរដ្ឋ​​ដែល​បាន​រាយការណ៍​ពី​បទល្មើស ការ​រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ត ​រដ្ឋបាល​មូលដ្ឋាន​ឡើង​វិញ និង​ ការ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ការ​ព្យាបាល​ការ​ញៀន​ថ្នាំ​ដោយ​សហគមន៍ ដែល​ផ្ទុយ​ពី​មន្ទីរ​ឃុំឃាំង​ដាក់​ទណ្ឌកម្ម ដូច​ជា​មជ្ឈមណ្ឌល ឱកាស​ខ្ញុំ ​ជា​ដើម។

លោក​បាន​ឲ្យ​ដឹងថា ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើការ​រួម​គ្នា​ជា​ធ្លុង​មួយ​ដូច​ «វង់តន្រ្តី​ដែល​មាន ហ្គីតា ព្យ៉ាណូ និង​ស្គរ អ៊ីចឹងដែរ»។

លោក​និយាយ​ថា៖ «ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​គឺ ត្រូវ​តែ​គ្រប់គ្រង​ក្រុម​សង្ស័យ​ជួញ​ដូរ និង​ចែកចាយ​គ្រឿង​ញៀន​ឲ្យ​បាន» ព្រម​ទាំង​បាន​បន្ថែម​ទៀត​ថា ក្រុម​នគរបាល​ក៏​បាន​អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ធូធារ ឲ្យ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផង​ដែរ។

ក្រៅ​ពី​ផ្លូវ​ចុះ​ឡើង​ដ៏​សាំញ៉ាំ​ និង​ផ្ទះ​នៅ​បញ្ច្រៀត​គ្នា​នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក ម្ចាស់​សំបុក​គ្រឿងញៀនក៏​​ពិបាក​ក្នុង​ការ​ស្វែង​រក​ដែរ ដោយ​សារ​តែ​ផ្ទះ​ទាំង​នោះ​ត្រូវ​បាន​ជួល​តៗ​គ្នា។

មក​ដល់​ពេល​នេះ ក្រុម​សមត្ថកិច្ច​ស៊ើបអង្កេត​បាន​កំណត់​ខ្លួន​ម្ចាស់​ផ្ទះ ដែល​មាន​ដីផ្ទះ​ជា​ច្រើន នៅ​តំបន់​នោះ ហើយ​សមត្ថកិច្ច​កំពុង​តែ​ដោះ​ស្រាយ​រឿង​នេះ។ ​

ទោះ​បី​ជា​ លោក មាស វីរិទ្ធ ពុំ​បាន​បកស្រាយ​ថា នឹង​មាន​កា​ចោទ​ប្រកាន់​ណាមួយ​ទៅ​លើ​ម្ចាស់​ផ្ទះឬ​ក៏អត់​ក៏​ដោយ​ក្តី លោក​បាន​ធ្វើ​ការ​លើក​ឡើង​នូវ​មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ដែល​បាន​ចែង​ថា ការ​ជួល​អចលនទ្រព្យ​សម្រាប់​ធ្វើ​ជា​ទីតាំង​ចែក​ចាយ​គ្រឿង​ញៀន​អាច​នាំ​ឲ្យ​មាន​ការ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារពី ២ ទៅ ១០ ឆ្នាំ និង​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ពី ​២ ទៅ ១០ លាន​រៀល។ ក៏​ប៉ុន្តែ លោក​បាន​បញ្ជាក់ថា៖​«​យើង​ត្រូវ​ការ​ភ័ស្តុតាង»។

លោក​បាន​បន្ត​ថា តម្រុយ​សំខាន់​របស់​នគរបាល​ចំពោះ​ការ​ស្វែង​រក​ប្រភព​គ្រឿង​ញៀនគឺ​ «ក្រុមឈ្មួញ​គ្រឿង​ញៀន​ជាជន​ជាតិ​អាហ្វ្រិក​ខាង​លិច»​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នោះ។

លោក​បាន​អះអាង​ថា ស្ថាប័ន​របស់​លោក​មាន​បច្ចេក​ទេស​ធ្វើ​តេស្ត​ដឹង​ថា តើ​ថ្នាំ​ញៀន​ទាំង​នោះ​មាន​ប្រភព​តែ​មួយ​ឬ​ក៏អត់។ ក៏ប៉ុន្តែ​ម៉ាស៊ីន​ធ្វើ​តេស្ត​របស់ NACD ពុំ​ត្រូវ​បាន​ប្រើ​ប្រាស់​ជាង​មួយ​ខែ​ទៅ​ហើយ ដោយ​សារ​តែ​ពុំ​មាន​ថវិការ​ឧបត្ថម្ភ និង​អាជ្ញាប័ណ្ណ​ប្រើ​ប្រាស់​ហួស​ការ​បរិច្ឆេទ៕ TN

អត្ថបទគួរចាប់អារម្មណ៍