
ព្រៃឈើនៅឧទ្យានរាមដែលគេកាប់បំផ្លាញយកដី។ សហការី
ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារបានបើកកិច្ចប្រជុំជាមួយអង្គការសង្គមស៊ីវិលមួយចំនួនដើម្បីដោះស្រាយបញ្ហាទៅតាមផ្លូវច្បាប់លើក្រុមអ្នកឈូសឆាយព្រៃឈើយកដីជាកម្មសិទ្ធិនៅតំបន់ឧទ្យានជាតិរាមក្នុងឃុំរាមស្រុកព្រៃនប់ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ។
កិច្ចប្រជុំនេះដឹកនាំដោយលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បន្ទាប់ពីមានលិខិតស្នើសុំពីលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ដែលតំណាងឲ្យអង្គការសង្គមស៊ីវិលនៅខេត្ដព្រះសីហនុដាក់ជូនលោកយន្ដមីនអភិបាលខេត្តព្រះសីហនុឱ្យមានវិធានការបន្ទាន់ ខណៈសកម្មភាពល្មើសកាប់ទន្ទ្រានព្រៃឈើយកដីក្នុងតំបន់ឧទ្យានជាតិមួយនេះកំពុងកើតមាន។
តាមលិខិតដាក់ជូនលោកអភិបាលខេត្ដព្រះសីហនុកាលពីថ្ងៃអង្គារ លោក សុខ សុខុម បានស្នើឲ្យរៀបចំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីការទន្ទ្រានឈូសឆាយព្រៃឈើក្នុងតំបន់ឧទ្យានជាតិរាមនិងមានវិធានការដើម្បីរក្សាព្រៃឈើទុកជាសម្បត្ដិធម្មជាតិ។
បើតាមរយៈលិខិតដដែលថា ដីឧទ្យានជាតិព្រះសីហនុរាម បើផ្អែកតាមព្រះរាជក្រឹត្យចុះថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ គឺមានទំហំ ២១ ០០០ ហិកតា។ ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលបានសម្រេចកាត់វៀលដី ៣ ៣០០ ហិកតា ក្នុងតំបន់នេះ ផ្ដល់ឱ្យក្រុមហ៊ុនយិះចៀវដើម្បីអភិវឌ្ឍនិងដីលំនៅឋាន ដីស្រែចម្ការ មួយចំនួនទៀតត្រូវបានកាត់វៀលជូនពលរដ្ឋដែលរស់នៅជាក់ស្ដែង។
លោកបានបញ្ជាក់ថា៖ «ក្រៅពីដីសម្បទានគឺមានព្រៃឈើក្នុងឧទ្យានកំពុងរងការបំផ្លិចបំផ្លាញនិងទន្ទ្រានកាន់កាប់ដីធ្លី ហើយជនខិលខូចក៏ធ្វើសកម្មភាពដោយផ្ដើមចេញពីបុគ្គលមានលុយនិងមានអំណាចមួយចំនួននិងពលរដ្ឋមួយចំនួនតូច»។
ក្នុងនាមប្រធានអង្គការ CNRO និងជាតំណាងអង្គការសង្គមស៊ីវិលក្នុងខេត្ដព្រះសីហនុ លោក សុខុម បានស្នើទៅលោកអភិបាលខេត្ដព្រះសីហនុឲ្យបង្កើតក្រុមការងារចម្រុះចុះពិនិត្យក្នុងតំបន់គោលដៅដោយផ្ទាល់និងរៀបចំចងក្រងជារបាយការណ៍លទ្ធផលនិងរកដំណោះស្រាយ។
លោកបន្តថា៖ «ខ្ញុំស្នើឱ្យរដ្ឋបាលខេត្ដត្រូវតែមានវិធានការចាប់ជនខិលខូចដែលចូលមកទន្ទ្រានដីក្នុងតំបន់ឧទ្យានជាតិរាមនេះទៅតាមផ្លូវច្បាប់ ព្រោះបុគ្គលនោះ បានមកបំផ្លាញព្រៃដែលគ្រប់គ្រងដោយព្រះរាជក្រឹត្យនិងមើលថែដោយក្រសួងបរិស្ថាន»។
លោកបានលើកឡើងថា ក្នុងនាមសង្គមស៊ីវិលនៅខេត្ដព្រះសីហនុយើងរីករាយសហការជាមួយអាជ្ញាធរខេត្ដព្រះសីហនុ ដើម្បីចូលរួមការពារទ្រព្យសម្បត្ដិធនធានធម្មជាតិឱ្យគង់វង្ស និងតាមចាប់ជនខិលខូចឱ្យបាន។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុថ្លែងកាលពីម្សិលមិញថា កិច្ចប្រជុំនេះបានឯកភាពទៅលើចំណុចដែលបានស្នើឡើងដោយអង្គការសង្គមស៊ីវិលទាក់ទងនឹងករណីទន្ទ្រានកាន់កាប់ដីនេះ។
លោកបានបញ្ជាក់ថា៖ «លទ្ធផលម្សិលមិញ [ថ្ងៃអង្គារ] ក្នុងនាមរដ្ឋបាលខេត្ដគឺបានឯកភាពលើករណីស្នើសុំរបស់អង្គការសង្គមស៊ីវិលក្នុងការបង្កើតក្រុមការងារចម្រុះចុះទៅពិនិត្យនៅតំបន់ឧទ្យានជាតិរាមនេះ។ យើងបានស្នើសុំទៅខាងប្រធានផ្នែកអន្តរវិស័យពិនិត្យមើលនិងរៀបចំនូវសេចក្ដីព្រាងលើក្រុមការងារនេះដើម្បីដាក់ជូនអភិបាលខេត្ដពិនិត្យនិងចុះហត្ថលេខា ប្រសិនបើមិនមានការយល់ទាស់ណាមួយពីអភិបាលខេត្ដ»។ «ក្រុមការងារនេះ នៅពេលដែលបង្កើតបានហើយនឹងរៀបចំចុះទៅបំពេញកិច្ចការងារនៅក្នុងតំបន់នោះ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា រដ្ឋបាលខេត្ដព្រះសីហនុតែងមានវិធានការចំពោះការទន្ទ្រានដីព្រៃអភិរក្សរបស់រដ្ឋនេះដោយមិនអនុញ្ញាតឲ្យបំពានដាច់ខាត និងត្រូវតែអនុវត្ដវិធានការច្បាប់ចំពោះជនខិលខូចមកទន្ទ្រាននោះ។
លោកបានបន្ដថា៖ «ដោយឡែកចំពោះប្រជាពលរដ្ឋដែលគាត់រស់នៅទីតាំងនោះជាក់ស្ដែងដែលគាត់នៅអាស្រ័យផល គាត់មានជាចម្ការ ផ្ទះសំបែង យើងនឹងចុះស្រង់ស្ថិតិ។ កន្លងមក យើងធ្លាប់បានធ្វើការកាត់វៀលរួចហើយតាមការស្នើសុំការកាត់វៀលដីជូនប្រជាពលរដ្ឋក្នុងតំបន់រាមនេះទៅជាដីសហគមន៍ដើម្បីប្រគល់ជាបណ្ណកម្មសិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋរស់នៅជាក់ស្ដែង»៕