ស្ទឹងត្រែងៈ អាជ្ញាធរ​កម្ពុជា​ និង​ឡាវ​បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​នៃ​កម្ពុជា ត្រៀម​ខ្លួន​ទប់ទល់​គ្រោះមហន្តរាយ​ពី​ការបាក់​ទំនប់​វារីអគ្គិសនី​របស់​ឡាវ ដែល​អាច​មាន​ផលប៉ះពាល់​ខ្លាំង ខណៈ​នៅឯ​ខេត្ដ​រតនគិរី ទឹក​ទន្លេសេសាន​បាន​ជន់​លិច​ស្រុក​ ៤ ​ហើយ គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែ​កក្កដា​ដែល​កម្ពស់​ទឹកទន្លេ​សេសាន​បាន​ឡើង​ដល់​ ៩,៣៤​ ម៉ែត្រ​គឺ​លើស​កម្រិត​ប្រកាស​អាសន្ន​ចំនួន​ ១,៣៤ ​ម៉ែត្រ​។ នេះ​បើ​តាម​ការជូន​ដំណឹង​ពី​អាជ្ញាធរ​កម្ពុជា​ពី​ម្សិលមិញ​។

តាម​ការជូន​ដំណឹង​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួន​ដែល​ត្រូវ​ជន់លិច​នោះ​មាន​នៅ​ក្នុង​ស្រុក​តាវែង អូរយ៉ាដាវ អណ្តូងមាស និង​ស្រុក​វ៉ើនសៃ​។

លោក​ ថង សាវុន អភិបាល​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា មក​ដល់​ពេល​នេះ​ខាង​ខេត្ដ​កំពុង​បូកសរុប​ផលប៉ះពាល់​។ «​យើង​អត់​ទាន់​មាន​របាយការណ៍​សរុប​ទេ ខាង​យើង​កំពុង​បូកសរុប​»​។

បើ​តាម​ការជូន​ដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ថ្ងៃ​ទី​ ២៤ កម្ពស់​ទឹក​ទន្លេសេសាន​បាន​ឡើង​ហួស​កម្រិត​ត្រូវ​ប្រកាស​អាសន្ន​បណ្ដាល​ឱ្យ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​បាន​ជម្លៀស​ប្រជាជន​ទៅ​រក​ទីទួល​សុវត្ថិភាព​។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា​៖ «​ក្នុង​នោះ​ទឹកជំនន់​បាន​លិច​ភូមិ​ចំនួន​ ២ ​ខ្លាំង​ជាង​គេ​គឺ​ភូមិ​យ៉ន ឃុំ​តាវែងក្រោម និង​ភូមិ​អូរតាបូក ឃុំ​តាវែងលើ ស្រុក​តាវែង ដែល​អាជ្ញាធរ​ត្រូវ​ជួយ​សង្គ្រោះ​មុន​គេ​»​។

នា​ល្ងាច​ថ្ងៃ​ម្សិលមិញ​ដដែល​នេះ​ដែរ​ក្រសួង​ធនធាន​ទឹក​បាន​ប្រកាស​ដំណឹង​ទាន់​ហេតុការណ៍​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ស្ទឹងត្រែង​ប្រុងប្រយ័ត្ន និង​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រៀម​ជម្លៀស​ពលរដ្ឋ​ទៅ​ទីទួល​សុវត្ថិភាព បន្ទាប់ពី​ទំនប់​វារីអគ្គិសនី Se-Pian Se Nam Noi នៅ​ប្រទេស​ឡាវ​បាន​បាក់​នៅ​រសៀល​ថ្ងៃទី​ ២៤ ខែ​កក្កដា​។

ជាមួយ​គ្នា​នេះ​សាលា​ខេត្ដ​ Attapeu នៃ​ប្រទេស​ឡាវ​បាន​ជូន​ដំណឹង​ថា ការបាក់​ទំនប់​វារីអគ្គិសនី Se-Pian Se Nam Noi នេះ​ «​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ ដូច្នេះ​សូម​សាលា​ខេត្ដ​ស្ទឹងត្រែង​ត្រៀម​ខ្លួន​ដើម្បី​ទប់ស្កាត់​គ្រោះ​មហន្ដរាយ​នេះ​»​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់​ទៀត​ថា ទំនប់​វារីអគ្គិសនី​នៅក្នុង​ខេត្ត Attapeu នៅ​ឡាវ និង​មាន​ចម្ងាយ​ប្រមាណ​ ៧០ ​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា-ឡាវ​បាន​បាក់​។ ទំនប់​នេះ​មាន​សមត្ថភាព​ស្តុក​ទឹក​បាន​ប្រមាណ​ ៥ ​ពាន់​លាន​ម៉ែត្រគុប និង​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ ៤១០ ​មេហ្គាវ៉ាត់​។ ទឹក​ដែល​ហូរ​ចេញ​ពី​តំបន់​ទំនប់​នឹង​ត្រូវ​ហូរ​ចូល​មក​ក្នុង​ទន្លេ​សេកុង​។

ក្រសួង​បាន​បញ្ជាក់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​សេកុង ពិសេស​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជ្រាប​ជា​ព័ត៌មាន និង​ត្រៀម​លក្ខណៈ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។

ប៉ុន្តែ​ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបកស្រាយ​ពី​មន្ដ្រី​គ្រប់គ្រង​គ្រោះ​មហន្ដរាយ ដើម្បី​សាកសួរ​ព័ត៌មាន​នៃ​ផលប៉ះពាល់​នានា​អំពី​ទឹកជំនន់​នេះ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

នៅ​ខេត្ត​ត្បូងឃ្មុំ​ឯណោះ​វិញ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ២៤ ខែ​កក្កដា​ទឹកជំនន់​បាន​ធ្វើ​ឲ្យ​ដាច់​ផ្លូវលំ​មួយ​ចំនួន​នៅ​មូលដ្ឋាន​ស្រុក​ត្បូងឃ្មុំ​ដែល​នាំ​ឲ្យ​ពិបាក​ធ្វើ​ដំណើរ និង​ដឹក​សន្លឹកឆ្នោត​ទៅកាន់​ការិយាល័យ​បោះឆ្នោត ប៉ុន្ដែ​មិន​បាន​លិច​ដល់​ការិយាល័យ​បោះឆ្នោត​នោះ​ទេ​។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ សុខ ឈិន ប្រធាន​ការិយាល័យ​បោះឆ្នោត ខេត្ត​ត្បូងឃ្មុំ​។

លោក​បន្ដ​ថា​៖ «​ទឹក​ដែល​ហូរ​ចាក់​នៅ​ពាក់កណ្ដាល​ភូមិ​ពាម​ជីលាំង​នោះ​គឺជា​ព្រែក​ទេ មិន​មាន​ប៉ះពាល់​ដល់​ការិយាល័យ​បោះឆ្នោត​ទេ ព្រោះ​ការិយាល័យ​នៅ​ម្ខាង​ទៀត​នៃ​ព្រែក​»​។

លោក​ ឈិន ថា មធ្យោបាយ​នៃ​ការ​នាំ​យក​សន្លឹកឆ្នោត​ទៅ​ការិយាល័យ​បោះឆ្នោត​ក្រុម​ការងារ​អាច​នឹង​ដឹក​ជញ្ជូន​តាម​ទូក ខណៈ​ការិយាល័យ​បោះឆ្នោត​ស្ថិត​នៅ​ម្ខាង​នៃ​ព្រែក​មាន​ចំនួន​ ៧ ​ការិយាល័យ​។

ខណៈ​នេះ​ដែរ​ប្រជាពលរដ្ឋ​ប្រមាណ​ ៥៧៨ ​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ចំនួន​ ៣ ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ពី​ម្សិលមិញ បាន​ទទួល​អំណោយ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី​។

លោក​ គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​បញ្ជាក់​ថា​ព្រះករុណា ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រោះ​តែ​ទឹក​ព្រះទ័យ​អាណិត​ស្រឡាញ់​ប្រជានុរាស្ត្រ​គ្រប់​ពេលវេលា​ទើប​ព្រះអង្គ​រាជតម្រិះ​ចាត់​បញ្ជូន​រូប​លោក​នាំ​យក​ព្រះរាជ​អំណោយ​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥៧៨ ​គ្រួសារ​ដែល​រស់​នៅក្នុង​ឃុំ​ដងពែង ឃុំ​ស្រែអំបិល និង​ឃុំ​ជីខលើ ស្រុកស្រែ​អំបិល​ក្នុង​គ្រា​រង​ការខូចខាត​ដីស្រែ​ចម្ការ ផ្ទះសំបែង សត្វពាហនៈ និង​ផ្លូវ​គមនាគមន៍​នេះ​។

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​ធូរស្រាល​ខ្លះ​ហើយ រីឯ​ពលរដ្ឋ​មួយ​ចំនួន​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ហើយ​ដែរ​។

លោកស្រី​ថា​៖ «​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ជីវិត​ដោយ​ទឹកជំនន់​នេះ​ឡើយ ក្រៅពី​ការខូច​ស្រូវ​ស្រែ​ដំណាំ ផ្ទះសំបែង សត្វពាហនៈ​ និង​ផ្លូវ​គមនាគមន៍​»​។

គួរ​បញ្ជាក់​ថា​ព្រះរាជ​អំណោយ​ដែល​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង​ខាង​លើ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​ ៥០ ​គីឡូក្រាម ត្រីខ​ ២០ ​កំប៉ុង កៅស៊ូ​តង់​ចំនួន ​២ អាវយឺត​ ១ មី​ ២ ​កេស ថវិកា ៤០ ​ម៉ឺន​រៀល និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

គិត​ត្រឹម​ថ្ងៃទី​ ១៩ ​ខែ​កក្កដា ទឹកជំនន់​បាន​លិច​ខេត្ត​មួយ​ចំនួន​ក្នុង​នោះ​ផ្ទះ​ពលរដ្ឋ​ជន់​លិច​អស់​ ១៧-៨៦ ​ខ្នង​ដីស្រែ​រាប់ពាន់​ហិកតា​៕