
លោកយន្ត មីន ពេលជួបពលរដ្ឋរស់នៅក្បែរព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ ថ្ងៃទី១៧ ខែធ្នូ។ រូបថត សហការី
ព្រះសីហនុៈ អភិបាលខេត្ដព្រះសីហនុ លោក យន្ត មីន ថ្មីៗនេះបានដឹកនាំក្រុមការងារចុះទៅដល់ផ្ទះប្រជាពលរដ្ឋជាង ៦០ គ្រួសារ ដើម្បីសិក្សា និងពន្យល់ប្រជាពលរដ្ឋដែលរស់នៅជាប់របងព្រលានយន្ដហោះកងកេង ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថា ប៉ះពាល់មុខមាត់ជាតិដោយប្រាប់ឲ្យពួកគេផ្លាស់ប្ដូរលំនៅថ្មី ខណៈរាជរដ្ឋាភិបាលមានគម្រោងពង្រីកព្រលានយន្ដហោះនោះ។
ក្នុងជំនួបកាលពីថ្ងៃទី ១៧ ខែធ្នូ ជាមួយប្រជាពលរដ្ឋ ៦២ គ្រួសារ នៅសាលាឃុំរាម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ លោក យន្ត មីន បានពន្យល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងប៉ះពាល់ដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ (ព្រលានយន្តហោះកងកេង) ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋក្បែរព្រលានយន្ដហោះនេះ។ ទោះបីជាយ៉ាងណា នៅពេលទាក់ទងពីម្សិលមិញ លោកយន្ត មីន បដិសេធធ្វើអត្ថាធិប្បាយ ដោយរុញឲ្យសួរអ្នកនាំពាក្យ។
លោកឱ សារឿន អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា ជាជំហានដំបូងនេះ រដ្ឋបាលខេត្ដនៅមិនទាន់មានគោលការណ៍ច្បាស់លាស់ណាមួយដើម្បីដោះស្រាយចំពោះការផ្លាស់ប្ដូរលំនៅរបស់ប្រជាពលរដ្ឋនោះទេ។
លោក បញ្ជាក់ថា៖ «ជារួមគឺយើងចុះសិក្សាសិន ជាលទ្ធផល បន្ទាប់ពីការសិក្សាបឋម គឺជាសំណូមពររបស់ប្រជាពលរដ្ឋទេ ពួកគាត់ស្នើសុំទទួលយកនូវគោលការណ៍ទៅតាមតម្លៃទីផ្សារ ដែលនេះជាសំណូមពររបស់ពួកគាត់។ ប៉ុន្ដែការឆ្លើយតបយ៉ាងណា យើងអត់ទាន់អាចជម្រាបជូនទេ ដោយសារ យើងត្រូវធ្វើរបាយការណ៍ដាក់ជូនទៅរាជរដ្ឋាភិបាលជាមុនសិនដើម្បីទុកឲ្យលោកជាអ្នកសម្រេច»។
បើតាមលោក សារឿន តាមរយៈជំនួបបឋមជាមួយប្រជាពលរដ្ឋនោះ រដ្ឋបាលខេត្តព្រះសីហនុមានបំណងដោះស្រាយរៀបចំទីតាំងដីជាភូមិមួយចម្ងាយពីទីតាំងបច្ចុប្បន្នប្រមាណជា ២ គីឡូម៉ែត្រ ដែលមានការអភិវឌ្ឍ រៀបចំហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ដោយក្នុង ១ គ្រួសារទទួលបានដីទំហំ ១៥ គុណ ២៥ ម៉ែត្រ ដែលមានកម្មសិទ្ធិត្រឹមត្រូវស្របច្បាប់ជូនប្រជាពលរដ្ឋផងដែរ។
ឆ្លើយតបទៅនឹងការស្នើសុំដោះដូរលំនៅឋានរបស់ប្រជាពលរដ្ឋនេះ ប្រជាពលរដ្ឋទាំង ៦២ គ្រួសារ មិនយល់ព្រមចំពោះការដោះដូរជាដីដែលរដ្ឋបាលខេត្ដបានកំណត់នោះទេ ដោយពួកគាត់បានឯកភាពគ្នា មានបំណងដោះដូរជាថវិកា (លក់ដីនោះ) ទៅតាមតម្លៃទីផ្សារក្នុងក្រុងព្រះសីហនុ ទើបពួកគាត់យល់ព្រមផ្លាស់ប្ដូរ។
លោក ឡាំ វ៉ា ប្រជាពលរដ្ឋ ១ រូបដែលរស់នៅក្បែរព្រលានយន្ដហោះ កងកេង និងជាប្រជាពលរដ្ឋដែលបានចូលរួមក្នុងជំនួបជាមួយលោកអភិបាលខេត្ដព្រះសីហនុកាលពីថ្ងៃចន្ទ បានបញ្ជាក់ថា៖ «ខេត្ដបានឲ្យប្រជាពលរដ្ឋដូរដីទៅនៅតំបន់ផ្សេង ប៉ុន្ដែប្រជាពលរដ្ឋមិនព្រមទាំងអស់គ្នា គឺមិនព្រមផ្លាស់ប្ដូរដាច់ខាត ដោយយើងទាំងអស់ស្នើសុំសំណងជាទឹកប្រាក់វិញ»។
លោកបន្ថែមថា មូលហេតុដែលពលរដ្ឋមិនព្រមតាមការស្នើរបស់ខេត្ដ ព្រោះពលរដ្ឋមិនមែនជាអ្នកមករស់នៅអនាធិបតេយ្យទេ។ លោកឡាំ វ៉ា អះអាងថា ប្រជាពលរដ្ឋមកនៅកន្លែងនេះ (ទីតាំងក្បែររបងព្រលានយន្ដហោះកងកេង) តាំងពីឆ្នាំ ១៩៨០ ជាងមក គឺអាជ្ញាធរជាអ្នកយកក្រុមប្រជាពលរដ្ឋទាំងនោះមករស់នៅតំបន់នេះ គឺអាជ្ញាធរជាអ្នកចែកដីនៅកន្លែងនេះឲ្យប្រជាពលរដ្ឋរស់នៅតែម្ដង។
លោក ឡាំ វ៉ា បញ្ជាក់ថា៖ «អ៊ីចឹងពួកខ្ញុំទាំងអស់គ្នាគឺសុំសំណងឲ្យសមរម្យ គឺសុំសំណងទៅតាមតម្លៃទីផ្សារដីធ្លីនៅក្នុងខេត្ដព្រះសីហនុ»។
បើតាមលោក ឡាំ វ៉ា ប្រជាពលរដ្ឋដែលកំពុងរស់នៅក្បែររបងព្រលានយន្ដហោះកងកេងនោះមានចំនួនជាង ៦០ គ្រួសារ និងមានផ្ទះ ៥២ ខ្នងផ្ទះ ដែលមានក្បាលដីចាប់ពី ៦-២២ ម៉ែត្រ និងបើសរុបផ្ទៃដីប្រជាពលរដ្ឋទាំងអស់មានប្រមាណជិត ១ ហិកតា។
លោក ស៊ុន សុផាត តំណាងសហគមន៍ដីធ្លីខេត្តព្រះសីហនុ ថ្លែងថា អាជ្ញាធរខេត្ដព្រះសីហនុ គួរតែមានដំណោះស្រាយចំពោះការដោះដូរទីលំនៅឲ្យប្រជាពលរដ្ឋឲ្យមានទឹក មានភ្លើង នឹងហេដ្ឋារចនាសម្ព័ន្ធសមរម្យ ព្រោះប្រជាពលរដ្ឋទាំងនោះ ពួកគាត់សុទ្ធតែជាអ្នករស់នៅស្របច្បាប់ និងមករស់នៅតាំងពីឆ្នាំ ១៩៨០ ជាងមក។
លោកបន្ដថា៖ «ក្នុងនាមខ្ញុំជាសហគមន៍នៅក្នុងខេត្ដព្រះសីហនុនេះ ខ្ញុំសូមសំណូមពរ អាជ្ញាធរជួយរកទីតាំងសមរម្យ នៅជិតផ្សារ មានហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំផ្ទះសំបែងដល់ពួកគាត់ ព្រោះពេលនេះ ប្រជាពលរដ្ឋ ពួកគាត់បានរស់នៅយូរហើយ និងបានសាងសង់ផ្ទះមានផ្ទះថ្មក៏មានដែរ»៕