សៀមរាបៈ អាជ្ញាធរ​ស្រុក​បន្ទាយស្រី​នៃ​ខេត្ត​សៀមរាប​បានដាក់​ឱសានវាទ​ ១ ​សប្ដាហ៍​​ ឲ្យ​ពលរដ្ឋ​ចំនួន​ ៩៤៨ ​គ្រួសារ​ ដែល​បាន​សាងសង់​រោង​ដោយ​ខុស​ច្បាប់​លើ​ដី​រដ្ឋ​នៅក្បែរ​ជើងភ្នំ​គូលែន ចំណុច​ភូមិ​ត្បែង​លិច និង​ភូមិ​ស្រះខ្វាវ ក្នុង​ឃុំ​ត្បែង ត្រូវ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​មុនពេល​អាជ្ញាធរ​ចុះបង្ក្រាប​។

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បញ្ហាដីធ្លី​ស្ថិត​នៅ​តំបន់​ក្បែរ​ជើងភ្នំ​គូលែន កើតឡើង​មកជា​យូរមក​ហើយ ប៉ុន្ដែ​ក្នុង​អំឡុងពេល ២-៣ ខែ​ចុងក្រោយ​នេះ​ ពលរដ្ឋ​បាន​នាំ​គ្នា​ទន្ទ្រាន​ថែម​ដោយ​នាំគ្នា​ទៅ​ធ្វើ​រោង​ដូច​រោង​អ្នកតា​រាប់រយ​រោង​ជា​ប្រភេទ​រោង​ដែល​មនុស្ស​មិនអាច​រស់នៅ​បាន ព្រោះ​រោង​ដែល​សង់​នោះ​មាន​តែ​ជើង​សសរ​ ៤ ប្រក់ដំបូល​ស័ង្កសី ២-៣ សន្លឹក​ពី​លើ​ប៉ុណ្ណោះ ដោយហេតុ​ទម្រង់​រោង​ដែល​ពលរដ្ឋ​សង់​ទន្ទ្រាន​លើ​ដី​រដ្ឋ​នេះ គឺជា​ទម្រង់​នៃ​ការទន្ទ្រាន​យក​ដី​រដ្ឋ​តែម្ដង​។

លោក ហ្វីណង់ បាន​បញ្ជាក់ថា ជាគោលការណ៍​រដ្ឋបាល​ស្រុក​បន្ទាយស្រី គឺ​មិន​ឲ្យ​មាន​ការ​សាងសង់​រោង​បែបនេះ​លើដី​ជា​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​បាន​ឡើយ ដូច្នេះ​រដ្ឋបាល​ស្រុក​ត្រូវ​តែ​ឲ្យ​ពលរដ្ឋ​ទាំងនោះ​​រុះរើ​ចេញ​វិញ​។

លោក ហ្វីណង់ ថ្លែងថា​៖ «​អ្វី​ដែល​រដ្ឋបាល​ស្រុក​យើង​ចង់​បាន​គឺ​ចង់​ឲ្យ​ពលរដ្ឋ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ ៧ ​ថ្ងៃ កុំ​រង់ចាំ​រហូត​ទាល់​តែ​អាជ្ញាធរ​ប្រើ​កម្លាំង​ចុះទៅ​រុះរើ ប៉ុន្ដែ​ដោយសារ​ការបញ្ជូន​លិខិត​ជូនដំណឹង​ទៅ​ពលរដ្ឋ​មាន​ភាពយឺតយ៉ាវ​ទើប​ពលរដ្ឋ​ខ្លះ​ទទួល​បាន​សេចក្ដី​ជូនដំណឹង​យឺត ដូច្នេះ​រដ្ឋបាល​ស្រុក​សម្រេច​ពន្យារពេល​ ៣-៤ ​ថ្ងៃ​បន្ថែមទៀត ដើម្បី​ទុក​ពេល​ឲ្យ​បាន​គ្រប់​រយៈ​ ៧ ​ថ្ងៃ​ ឲ្យ​ពលរដ្ឋ​រុះរើ​ទើប​អាជ្ញាធរ​សម្រេច​ចុះ​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង​»​។

លោក​បន្ដថា​៖ «​អាជ្ញាធរ​ចង់រក​ដំណោះស្រាយ​ណាមួយ​ដោយ​សន្ដិវិធី មិន​ចង់​ទៅ​រុះរើ​ដោយ​ខ្លួនឯង​ទេ​។ ការចុះ​រើ​នេះ​មិនមែន​ជា​ការដកហូត​ដីធ្លី​ឡើងវិញ​ទេ ប៉ុន្ដែ​ជា​ការទប់ស្កាត់​មិន​ឲ្យ​មាន​ការទន្ទ្រាន​លើស​ពី​ស្ថានភាព​ដើម​»​។

លោក ហ្វីណង់ បញ្ជាក់​ថា​ដី​ដែល​ពលរដ្ឋ​ទៅ​ទន្ទ្រាន​នោះ​គឺជា​ដី​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ និង​ដី​មួយ​ចំនួន​ទៀត​ជា​ដី​របស់​ឧទ្យាន​ជាតិ ភ្នំ​គូលែន គឺជា​ដី​របស់​រដ្ឋ​ដែល​រដ្ឋបាល​ស្រុក​ដាច់ខាត​គឺ​មិន​ឲ្យ​មាន​ការទន្ទ្រាន​អនាធិបតេយ្យ​បែបនេះ​ទេ ហើយ​បើ​មិន​ទប់ស្កាត់​សកម្មភាព​នេះ​នឹង​កើតឡើង​ទ្វេដង​។

លោក​បញ្ជាក់ថា​៖ «​ភ្នំ​គូលែន​ជា​បេតិកភណ្ឌ​ពិភពលោក ឥឡូវ​នេះ​យើង​ស្ទើរតែ​អស់​ផ្លូវ ចូល​ឡើង​ទៅ​ភ្នំ​គូលែន​ទៅ​ហើយ ប្រសិន​បើ​យើង​មិន​ហាមឃាត់​ទេ យើង​គិត​ថា​ប្រហែល​ជា ២-៣ ខែ​ទៀត ពួកគាត់​នឹង​ទន្ទ្រាន​យក​ដី​វាតទី​ដល់​ផ្លូវ​ឡើង​ទៅ​ភ្នំ​គូលែន​តែម្ដង​»​។

លោក ហ្វីណង់ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​មក​ទន្ទ្រាន​ដី​រដ្ឋ​នេះ​មាន​មួយ​ចំនួន​ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​មាន​ពលរដ្ឋ​មួយចំនួន​ទៀត​ជា​សកម្មជន​ដីធ្លី​ដែល​មកពី​តំបន់​ផ្សេង​។

លោក ចាន់ ចំរើន មន្ដ្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងថា មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​កំពុង​ស៊ើបអង្កេត​ចំពោះ​ករណី​ពលរដ្ឋ​ទៅ​ទន្ទ្រាន​ដី​រដ្ឋ​នេះ​ដោយ​មិនទាន់​មាន​លទ្ធផល​អ្វី​ច្រើន​ជុំវិញ​រឿងនេះ​ទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ទើបតែ​ទទួល​បាន​ព័ត៌មាន​ចំពោះ​ការរុះរើ​នេះដែរ​ទេ ឥឡូវ​យើង​កំពុងតែ​ស៊ើបអង្កេត​»​។

លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ធ្លាប់បាន​ឲ្យ​ដឹងថា ការទន្ទ្រាន​រុករាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​បំផុស​ពី​ឈ្មួញ​រកស៊ី​ដីធ្លី​ដែល​ពួកគេ​បាន​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន រំលោភបំពាន​ច្បាប់ និង​បំផ្លាញ​ធនធានធម្មជាតិ​ក្រោម​រូបភាព​ជាច្រើន​ដូចជា ការដាំ​ដំណាំ​ចេក ស្វាយ ខ្នុរ ដើម​អាកាស្យា ជាដើម ដើម្បី​បន្លំ​ថា​ជា​ដី និង​ដំណាំ​ដែល​ខ្លួន​បាន​កាន់កាប់​ និង​អាស្រ័យ​ផល​ជា​កម្មសិទ្ធិ ឬ​ខ្លួន​បាន​គ្រប់គ្រង​ជា​យូរ​មកហើយ​។ ជាង​នេះ​ទៀត​មាន​ដូចជា ការបោះ​ព្រំដី ការ​ត្រាយ​ព្រៃតូចៗ​ឱ្យ​ងាប់ រួច​ដុត​សម្អាត សម្រាប់​ដាំ​ដំណាំ​តាម​រដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។​ល​។

លោក​បន្តថា ដើម្បី​ទប់ស្កាត់​នូវ​រូបភាព​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​ការពារ​ធម្មជាតិ ក្រសួង​បរិស្ថាន​ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​ល្មើស​ដូច​បាន​រៀបរាប់​ខាងលើ​ដោយ​ផ្អែកលើ​នីតិវិធី​ច្បាប់​ជា​ធរមាន​៕