បន្ទាយ​មាន​ជ័យ៖​ រដ្ឋ​បាល​ក្រុង​ប៉ោយ​ប៉ែត​សម្រេច​ផ្អាក​ការ​សាង​សង់​បណ្ដោះ​អាសន្ន​របស់ក្រុម​ហ៊ុន​សាង​សង់ ​បុរី​ដឹ​ផាក​ស៊ីធី ក្រោយ​ពី​មាន​ករណី​រលំ​​ដង​ស្ទូច​បេតុង​លើ​ផ្ទះ​ពល​រដ្ឋ​ស្លាប់​ស្ដ្រី​ ៥​ នាក់​ និងស្រ្តី​ ៤ នាក់​ទៀតរង​​របួស ខ​ណៈ​បុរស​ម្នាក់​អ្នកបើក​គ្រឿង​ចក្រ​ស្ទូច​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​មក​សាកសួរ​​​។ នេះ​បើតាម​ លោក កែវ តារា​រស្មី អភិ​បាល​ស្ដី​ទីក្រុង​ប៉ោយ​ប៉ែត។

លោក​ កែវ តារារស្មី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៣ ​សីហា​ នេះ​ថា៖ «សំណុំ​រឿង​នេះប​ច្ចុប្បន្ន​ស្ថិត​ក្នុង​ដៃ​សមត្ថ​កិច្ច​ជំនាញ​ កំពុង​បន្ត​ក​សាង​សំ​ណុំ​រឿង​​ ដើម្បី​បញ្ជូន​ទៅ​តុលា​ការ​។ ចំណែក​អ្នក​របួស​ទាំង ​៤ ​នាក់​មាន​ ២​ នាក់​របួស​ធ្ងន់ (​បាក់​ជើង)​ និង​ ២ នា​ក់​ទៀត​របួស​ស្រាល ​កំពុង​បន្ដ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង។​ ស្ថាន​ភាព​អ្នក​របួស​ទាំង​ ៤ ​នាក់​ មិន​ធ្ងន់​ធ្ងរ​ដល់​ជីវិត​ទេ​»​។

លោក​ថ្លែង​ថា​ កាល​ពីថ្ងៃទី​ ១២ ខែ​សីហា ​(ថ្ងៃកើត​ហេតុ​) ខាង​ភាគី​ក្រុម​​ហ៊ុន​សាង​សង់​បុរី​ដឹ​ផាក​ស៊ីធី (The Park City) បាន​ផ្ដល់​ថវិកា​ដល់​ជន​គ្រួសារ​អ្ន​កស្លាប់ទាំង ​៥ នា​ក់ ក្នុង​ម្នាក់ៗ​ ៣០០ ​ដុល្លារ។ ចំណែក​លោកអ​ភិបាល​ខេត្ដ​បន្ទាយ​មានជ័​យ​បាន​ឧបត្ថម្ភ​ក្នុង​ម្នាក់ៗ ១ លាន​រៀល រួម​នឹង​​ព្រះរាជ​អាជ្ញា​សាលា​ដំបូ​ង​ខេត្ដ​ ​ស្នង​ការ​រង​បានឧ​បត្ថម្ភ​ដល់​អ្នក​ស្លាប់​​ក្នុង​ម្នាក់ៗ ២ សែន​រៀល​ផង​ដែរ​។ ចំណែក​អ្នក​របួស​ធ្ងន់​ ២​ នាក់ ក្នុង​ម្នាក់​ៗទទួល​បាន​ការ​ឧបត្ថម្ភ​ក្នុង​ម្នាក់​៥០​០ដុល្លារ និង​របួ​សស្រាល​ក្នុង​​ម្នាក់ៗទទួល​បានថ​វិកា ៣០០ដុល្លារ​។

លោក កែវ តារារស្មី បាន​ឱ្យ​ដឹង​ថា​ ក្រោយ​កើត​ហេតុសមត្ថ​កិច្ច​បាន​ឃាត់​ខ្លួនបុរសជា​អ្នក​​បញ្ជាគ្រឿង​ចក្រម្នាក់​ ឈ្មោះ ពុធ លីវិន អាយុ ២០ ឆ្នាំ ជាកម្មករ​អចិន្រ្ដៃយ៍​នៃ​ក្រុម​​ហ៊ុននេះ។ ត្រឹម​ថ្ងៃ​ម្សិលមិញ សមត្ថ​កិច្ច​កំពុង​បន្ត​សាក​សួរ​បុរសនេះ​នៅឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «យើង​បាន​ផ្អាក​ទាំង​ស្រុង ការដ្ឋាន​សំណង់របស់ក្រុម​​ហ៊ុន បុរី​ដឹផាក​ស៊ីធីនេះ ដោយ​រង់​ចាំ​​លទ្ធផល​នៃ​​ការ​ស៊ើប​អង្កេត​របស់​មន្រ្ដី​សិន​។ លោក​ព្រះរាជ្ញា​ខេត្ដ​បន្ទាយ​មាន​ជ័យ​ជាអ្នក​ដឹកនាំ​ស៊ើបអង្កេត​ករណី​នេះ​ដោយផ្ទាល់»​។

លោក ​អាត់ ​ខែម ​ស្នង​ការនគរបាល​ខេត្ដ​បន្ទាយ​មាន​ជ័យ​ថ្លែង​​ពីម្សិល​មិញ ស្ថាន​ភាព​ជន​រងគ្រោះ​ទាំង​ ៤ នាក់ បាន​ធូរស្រាល​ខ្លះហើយ។ លោក​បន្ដថា​៖ «យើង​កំពុង​ស្វែក​រក​ដំណោះស្រាយ​ចំពោះ​រឿងនេះ គោលដៅ​យើង​គឺយើង​ចង់​ឱ្យ​មាន​ដោះស្រាយ​សម​ស្រប​ដល់​ពល​រដ្ឋ​ដែល​រងគ្រោះ​នេះ​ហើយ​​»។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​សំណង់ និង​ព្រៃឈើ​កម្ពុជាបាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​របស់​លោក​ ក៏កំពុង​ស៊ើប​អង្កេត​ករណីនេះ​ផងដែរ។ ប៉ុន្ដែ​លោក​ជំរុញ​ឱ្យ​សមត្ថ​កិច្ច​អនុវត្ត​ច្បាប់​ចំពោះ​ម្ចាស់​ក្រុម​ហ៊ុន មិន​គួរ​ទម្លាក់​រឿង​នេះ​ទៅលើ​កម្មករ​ទេ ព្រោះ​កម្មករ​គ្រាន់តែ​ជា​បុគ្គលិក​ធ្វើ​ការងារ​ឱ្យ​ក្រុម​ហ៊ុន​ប៉ុណ្ណោះ​។

លោក​ថា​៖ «បើ​យើង​ពិនិត្យ​ផ្អែក​លើ​ច្បាប់ ជា​សកម្មភាព​របស់​ក្រុម​ហ៊ុនៗ​ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ ទោះបីជា​ក្នុង​ករណី​នោះ​កម្មករឬក៏បុគ្គលិក​ជាអ្នក​ធ្វើក៏​ដោយ​ ព្រោះ​​បើ​តាម​ច្បាប់​ការងារ​បុគ្គលិកនោះ​មិនមាន​ទោស​ទេ។ ប៉ុន្ដែ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​មាន​ការ​ធ្វេស​ប្រ​ហែស​»។

លោក ​ស៊ុំ ចន្ទ​គា ​មន្រ្ដី​សម្របសម្រួល​ ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក​​ ប្រចាំ​ខេត្ដ​បន្ទាយ​មានជ័យ​ ទទូច​ឱ្យ​សមត្ថ​កិច្ច​ស្វែង​រក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់​លើ​ករណី​នេះ​ មិន​ត្រូវ​អូស​បន្លាយ​ពេល ហើយ​ទុក​សំណុំរឿង​ចោល​ទេ​។

លោក​បន្ដថា​៖ «រហូត​មក​ដល់ពេលនេះ ជន​ដែល​ប្រព្រឹត្ដ​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ មិន​ទាន់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ឬក៏ចាប់​ឃាត់​ខ្លួន​នៅឡើយ​។ ដូច្នេះ​សមត្ថ​កិច្ច ត្រូវ​តែ​រក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ​»។

គួរ​បញ្ជាក់​ថា​ ករណីគ្រោះ​ថ្នាក់​នេះ​ ខណៈ​ក្រុម​ជន​គ្រោះទាំ​ងនេះ​កំពុង​អង្គុយ​លេង​​នៅ​ទី​តាំង​ផ្ទះ​របស់​ខ្លួន​ក្បែរ​ការ​ដ្ឋាន​សំណង់​នោះ​តែ​ត្រូវ​ដង​សន្ទូច​​នៃ​ការ​ដ្ឋាន​សាង​សង់​បុរី​ដឹ​ផាក​ស៊ីធី ​រ​លំសង្កត់​ពី​លើ​​កាល​អំឡុង​ម៉ោងជិ​ត ៣ ​រ​សៀល ថ្ងៃទី​១២ ខែ​សីហា​ នេះ​ ស្ថិត​នៅ​គីឡូ​​ម៉ែត្រ​លេខ​ ៤​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែត​​៕