
ទិដ្ឋភាពឆ្នេរសមុទ្រស្អាតនៅខេត្តកោះកុងដែលត្រូវគេចាក់ដីលុប។ សហការី
កោះកុងៈ អភិបាលខេត្ដកោះកុង លោកស្រី មិថុនា ភូថង ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា លោកស្រីកំពុងពិនិត្យរបាយការណ៍ជុំវិញករណីជនខិលខូចលួចចាក់ដីលុបសមុទ្រប្រមាណ ១០ ហិកតា ត្រង់ចំណុចពយជន្លង់ ស្ថិតក្នុងភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈប្រជាពលរដ្ឋ តំណាងសហគមន៍ និងសង្គមស៊ីវិលចង់ឱ្យប្រែក្លាយទីតាំងនោះជាតំបន់សហគមន៍ពិតប្រាកដ។
លោកស្រី មិថុនា ភូថង បានថ្លែងថា៖ «[ក្រុមការងារយើង]បានចុះទៅពិនិត្យហើយ ឥឡូវនៅរៀបចំ របាយការណ៍ហើយពិនិត្យ ព្រោះអីវាមានពាក់ព័ន្ធ ជាមួយការងារសហគមន៍មួយទៀត អ៊ីចឹងយើងត្រូវពិនិត្យឱ្យល្អិតល្អន់លើរឿងនេះ»។
លោកស្រីលើកឡើងថា ជុំវិញករណីនេះ ក៏មានពាក់ព័ន្ធនឹងការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។ ដូច្នេះត្រូវចំណាយពេលពិនិត្យលើរបាយការណ៍របស់រដ្ឋបាលស្រុកស្រែអំបិលថែមទៀតសិន ទើបអាចដឹងបានថា ត្រូវរៀបចំកន្លែងចាក់ដីលុបសមុទ្រនោះទៅជាយ៉ាងណា ប៉ុន្ដែបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការនៅឡើយ។
លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យខេត្ដកោះកុង ដែលជាអ្នកដឹកនាំក្រុមការងារចម្រុះ ចុះទៅពិនិត្យទីតាំងចាក់ដីលុបសមុទ្រនេះមិនអាចសុំ ការបកស្រាយបានទេកាលពីម្សិលមិញ។
ប៉ុន្ដែលោកបានប្រាប់កាលពីសប្តាហ៍មុនថា ករណីចាក់ដីលុបនេះ មិនមែនទើបតែកើតឡើងទេ គឺបានកើតតាំងពីអាណត្ដិអភិបាលខេត្ដចាស់រហូតមក ដូច្នេះមិនបន្ទោសអ្នកណាទាំងអស់។ ទោះយ៉ាងណា លោកក៏មិនអាចប្រាប់ពីឈ្មោះជនខិលខូចដែលចាក់ដីលុបសមុទ្រនោះដែរ។
លោក មាន ព្រហ្មមុនី មន្រ្តីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ប្រចាំខេត្តកោះកុង ថ្លែងពីម្សិលមិញថា ក្នុងរយៈពេល ២-៣ ថ្ងៃកន្លងមកនេះ មេឃុំជ្រោយស្វាយ បានយកលិខិតទៅឱ្យប្រជាពលរដ្ឋដែលជាតំណាងសហគមន៍ផ្ដិតមេដៃ ដើម្បីយកទីតាំងឆ្នេរសមុទ្រចំណុចពយជន្លង់នេះ ទៅធ្វើជាកន្លែងចំណតទូករបស់សហគមន៍ និងប្រជានេសាទវិញ។
លោកប្រាប់ថា៖ «ប្រសិនបើកន្លែងនេះត្រូវបានកែប្រែជាប្រយោជន៍សាធារណៈមែននោះ មិនមែនចាក់ដីលុបហើយបានមកសុំម្រាមដៃប្រជាពលរដ្ឋក្រោយទេ ត្រូវដឹងថា ការស្នើនោះមានទំហំប៉ុនណាជាក់លាក់ ត្រូវមានតម្លាភាព ដូច្នេះ[បើ]ការលុបនេះ ដើម្បីចំណតទូកសម្រាប់សហគមន៍នេសាទពិតប្រាកដមែនសូមបង្ហាញឱ្យជាក់លាក់»។
លោក ព្រហ្មមុនី ឱ្យដឹងថាទីតាំងនេះកន្លងមកគ្មានប្រជាពលរដ្ឋណាអាចចូលទៅបាននោះទេ ដោយម្ចាស់ទីតាំងនោះ បានធ្វើរបងព័ទ្ធ និងមានអ្នកយាម គ្មានប្រជាពលរដ្ឋណាហ៊ានចូលទៅឆ្លងកាត់តំបន់នោះទេ មានតែតំណាងសហគមន៍មួយចំនួនដែលបានផលប្រយោជន៍ពីម្ចាស់ទីតាំងប៉ុណ្ណោះដែលអាចចេញចូលទីនោះបាន។
លោកបញ្ជាក់ថា៖ «ខ្ញុំចង់ឱ្យមានការអនុវត្ដច្បាប់ពិតប្រាកដ និងធ្វើដើម្បីប្រជាពលរដ្ឋពិតប្រាកដនៅតំបន់នេះ [ទីតាំងចាក់ដីលុបសមុទ្រ] កុំធ្វើគ្រាន់តែជារឿងដើម្បីប្រយោជន៍បុគ្គលហើយយកប្រជាពលរដ្ឋជាឈ្នាន់ថាជាប្រយោជន៍សាធារណៈ។ តើការពិតប្រជាពលរដ្ឋពួកគាត់អាចទទួលបានប្រយោជន៍ពីចំណតទូកនោះមែនទេ?»។
តំណាងពលរដ្ឋក្នុងសហគមន៍មួយរូបដែលរស់នៅទីតាំងខាងលើសុំនិយាយដោយលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះខ្លាចការគំរាមកំហែងពីអ្នកមានអំណាច ប្រាប់ភ្នំពេញប៉ុស្ដិ៍ ម្សិលមិញថា ពួកគាត់ត្រូវបានឱ្យផ្ដិតមេដៃលើលិខិតមួយដែលបញ្ជាក់ថា ស្នើសុំទីតាំងឆ្នេរសមុទ្រមួយកន្លែងនៅចំណុចពយជន្លង់នេះ ធ្វើជាកន្លែងចំណតទូករបស់សហគមន៍ ចុះទប់ស្កាត់បទល្មើសក្នុងដែនសហគមន៍ និងប្រជានេសាទចូលចតនៅពេលមានគ្រោះធម្មជាតិ (ខ្យល់ព្យុះ)។
តំណាងពលរដ្ឋដដែលបញ្ជាក់ថា៖ «រឿងផ្ដិតមេដៃនេះគ្រាន់ជាមេឃុំគាត់រៀបចំឡើងខ្លួនគាត់ បើតាមការស្ម័គ្រចិត្ដ ពួកខ្ញុំមិនពេញចិត្ដទេ ព្រោះកន្លែងនោះជាកន្លែងឧកញ៉ា ហើយពីមុនមកវាជាសម្បត្ដិរបស់រដ្ឋ មានខ្យង មានត្រីនៅកន្លែងនោះច្រើនដែលប្រជាជននេសាទចេញចូលបាន ប៉ុន្ដែក្រោយមកពេលឧកញ៉ាទៅអភិវឌ្ឍ ហើយ គាត់ចាក់ដីរាប់ហិកតា គ្រាន់តែប្រជានេសាទបើកទូកឆ្លងកាត់ក៏មិនបានដែរ»។
ពលរដ្ឋមួយរូបទៀតរស់នៅទីតាំងចាក់ដីខាងលើ ដែលសុំនិយាយមិនបញ្ចេញឈ្មោះដែរនោះបានឱ្យដឹងថាទីតាំងខាងលើមានតែតំណាងសហគមន៍ ២-៣ នាក់ប៉ុណ្ណោះ ដែលទទួលបានផលប្រយោជន៍ពីម្ចាស់ទីតាំងចាក់ដី ដែលកំពុងនៅចាំដីនោះ ដើម្បីឆ្លើយជាមួយអ្នកសារព័ត៌មានដែលចុះទៅស៊ើបអង្កេតករណីនេះ ក្រៅពីតំណាងខាងលើ មិនមានពលរដ្ឋណាម្នាក់អាចចេញចូលបានទេ។
បើតាមប្រជាពលរដ្ឋ ផ្ទៃដីដែលចាក់លុបសមុទ្រនោះទំហំប្រមាណ ១០ ហិកតា ចាក់ចូលតាមបណ្តោយឆ្នេរសមុទ្រ ដោយឈ្មោះ ហួរ ហាប់ មានតួនាទីជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងខេត្ដកោះកុង។
ពលរដ្ឋឱ្យដឹងថា កន្លងមកតំបន់នេះ គឺជាកន្លែងប្រជាពលរដ្ឋតែងតែចេញចូលរកនេសាទប្រចាំថ្ងៃ តែបច្ចុប្បន្នបានក្លាយជាទីតាំង ត្រូវគេហាមមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ទៀតទេ ដោយគេបានដាក់មនុស្សយាមប្រចាំការប្រមាណជិត ១០ នាក់។
ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបកស្រាយពីលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ ពាក់ព័ន្ធនឹងទីតាំងចាក់ដីខាងលើបានទេ ដោយខលចូល តែមិនមានអ្នកលើកទូរស័ព្ទ៕