ព្រះសីហនុៈ បុរស​ជនជាតិ​ចិន​ម្នាក់​ជា​បុគ្គលិក​នៅ​កាស៊ីណូ​មួយ​ត្រូវ​បាន​អាជ្ញាធរ​ហៅ​ទៅ​សួរនាំ និង​ពិន័យ​កាលពី​ចុង​​សប្តាហ៍​មុន ដោយសារ​តែ​បោះចោល​ស្បោង​សំរាម​ឲ្យ​ហូរ​ទៅ​តាម​ទឹកភ្លៀង​នៅ​លើ​ផ្លូវ​សាធារណៈ​ដែល​បណ្តាល​ឲ្យ​ស្ទះលូ​នៅ​ក្នុង​សង្កាត់​លេខ ៤ ក្នុង​ក្រុង​ព្រះសីហនុ​។

មន្ទីរ​បរិស្ថាន និង​សាលា​ក្រុង​ព្រះសីហនុ​បាន​ហៅ​ចុងភៅ​ជា​ជនជាតិ​ចិន​ម្នាក់​នៅ​កាស៊ីណូ​ញូវហ្គោលឌិន​ទៅ​ធ្វើការ​សាកសួរ ក្រោយពី​ឃើញ​បុរស​រូប​នោះ​តាម​វីដេអូឃ្លីប​មួយ​នៅ​លើ​ហ្វេសប៊ុក​កំពុង​តែ​ធាក់​ថង់​គំនរ​សំរាម​បង្ហូរ​ចោល​តាម​ទឹកភ្លៀង​ចេញ​ពី​មុខ​កាស៊ីណូ​នោះ​។ មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ WANG MU QUNG ត្រូវ​បាន​ធ្វើការ​អប់រំ និង​បង្ខំ​ឲ្យ​ទទួល​ការផាក​ពិន័យ​តាម​ច្បាប់​ស្តីពី​កិច្ចការពារ​បរិស្ថាន និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​។

ទោះ​យ៉ាង​ណា​លោក សាមុត សុធារិទ្ធិ ប្រធាន​មន្ទីរ​បរិស្ថាន​​ខេត្ត​ព្រះសីហនុ​មិន​អាច​បញ្ជាក់​ប្រាប់​ពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​បាន​ពិន័យ​នោះ​ទេ​។ លោក​ សុធារិទ្ធិ ​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «[​នេះ​] ​ជា​រឿង​បុគ្គល​មិនមែន​ជា​ចេតនា​របស់​ក្រុមហ៊ុន​ទេ​។ ក្រុមហ៊ុន​មក​ទទួល​ខុសត្រូវ​ហើយ​។ គេ​សន្យា​ជាមួយ​យើង​ថា មិន​ធ្វើ​អាហ្នឹង​ទៀត​ទេ​។ គេ​នឹង​អប់រំ​បន្ថែម​លើ​បុគ្គល​ហ្នឹង​»​។

លោក​ឲ្យ​ដឹង​ផង​ដែរ​ថា ការបង្ហូរ​សំរាម​បែប​នេះ​ធ្វើឲ្យ​កក​ស្ទះលូ ហើយ​កន្លង​មក​មន្ត្រី​ជំនាញ​ក៏​ធ្លាប់​បាន​ធ្វើការ​ណែនាំ​ដល់​កាស៊ីណូ​នេះ​ម្តង​រួច​មក​ហើយ​ដែរ ក្រោយ​ពី​សង្កេត​ឃើញ​ពី​ការ​វេចខ្ចប់ និង​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ​។

លោក​បន្ថែម​ថា​ ជនជាតិ​ចិន​ម្នាក់​នោះ​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន និង​ក៏​បាន​សរសេរ​លិខិត​ជា​ភាសា​ចិន និង​បកប្រែ​ជា​ភាសា​ខ្មែរ​ដើម្បី​សុំទោស​ជា​សាធារណៈ និង​កុំ​ឲ្យ​អ្នក​ផ្សេង​យក​គំរូ​តាម​ទង្វើ​មិន​គាំពារ​បរិស្ថាន​របស់​ខ្លួន​។

ក្នុង​ករណី​ដែល​មិន​រាងចាល «​យើង​នឹង​ពិន័យ​ទ្វេដង ឬ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​។ តែ​ជារួម​គាត់​ខ្លាច និង​លែង​ហ៊ាន​ហើយ​។ គាត់​សុំទោស​យើង​ជា​សាធារណៈ​ហើយ​។ គាត់​បាន​ធ្វើ​ទង្វើ​មិន​គប្បី គឺ​ខុស​នឹង​ច្បាប់​យើង​។ កុំ​យក​គំរូ​តាម​គាត់​»​។

លិខិត​ជា​ភាសា​ខ្មែរ​ដែល​មាន​ស្នាម​មេដៃ​លោក WANG MU QUNG កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​សរសេរ​ថា​៖ «​ខ្ញុំ​សូមទោស​ជា​សាធារណៈ​ចំពោះ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​នូវ​ទង្វើ ដែល​ខ្ញុំ​បាន​ទាត់​សំរាម​បណ្តែត​ទឹក​ពេល​កំពុង​ភ្លៀង​បណ្តាល​ឲ្យ​មាន​ការ​ស្ទះលូ រាយប៉ាយ ប៉ះពាល់ និង​​ខូច​សោភណភាព​ក្រុង សូមកុំ​យក​គំរូ​តាម​ខ្ញុំ​»​។

សកម្មភាព​បំផ្លាញ​បរិស្ថាន​របស់​ជនជាតិ​ចិន​ម្នាក់​នេះ​ត្រូវ​បាន​គេ​លួច​ថត និង​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។ វីដេអូឃ្លីប​រយៈពេល​ ១:២២ ​នាទី​បាន​បង្ហាញ​ថា សំណល់​សំរាម​ត្រូវ​បាន​ច្រក​ថង់ និង​គរ​ទុក​នៅ​មុខ​កាស៊ីណូ​ហើយ​ពេល​កំពុង​ភ្លៀង​ធ្លាក់​ទឹក​ហូរ​លើ​ថ្នល់ ជនជាតិ​ចិន​រូប​នេះ​បាន​ធាក់​ថង់​សំរាម​យ៉ាង​ហោច​ណាស់​ ១៥ ​ថង់​​ធំៗ​ចោល​តាម​ទឹក​ហូរ​នោះ​៕