ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​ពលរដ្ឋ​ចំនួន​ ៦៨ ​គ្រួសារ​ដោយ​អះអាងថា ពួកគេ​ប្រមូល​ផ្ដុំគ្នា​កាប់ទន្ទ្រាន​ដីព្រៃ​ឈើ និង​សង់​ខ្ទម​លើ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ និង​ការពារ​សត្វព្រៃ​ភូមិ​អូរត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ប៉ុន្ដែ​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ស្នើសុំ​ឱ្យ​កាត់​ឆ្វៀល​ដី​តំបន់​នោះ​ជូន​ពលរដ្ឋ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចុះ​ថ្ងៃទី​ ១៣ វិច្ឆិកា ដែល ​ភ្នំពេញ​ ប៉ុស្ដិ៍​ ទទួល​បាន​ពី​ម្សិលមិញ​ឱ្យដឹងថា កន្លងមក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ​ទទួល​ព័ត៌មាន​ថា មាន ក្រុម​អនាធិបតេយ្យ​ប្រមូលផ្ដុំ​គ្នា​កាប់​ទន្ទ្រាន​ដីព្រៃ​ឈើ និង​សង់​ខ្ទម​នៅ​ចំណុច​ភ្នំ​ត្រងោល​ស្ថិតនៅ​ភូមិ​/​ឃុំ​ខាងលើ​។

តំបន់​នោះ​ជា​ទីតាំង​ចុះ​អនុស្សរណៈ​រវាង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ក្រុមហ៊ុន​ឋានសួគ៌​ចំកាត់ ដើម្បី​អភិរក្ស​ព្រៃឈើ​ធម្មជាតិ អភិរក្ស​ការពារ​សត្វព្រៃ និង​ដាំ​ដើមឈើ​ឡើងវិញ​ស្របតាម​ទិសដៅ និង​ចក្ខុវិស័យ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​រាជរដ្ឋាភិបាល​។

តាម​សេចក្តី​ប្រកាស​ដដែល​នៅ​ថ្ងៃទី​ ១១ វិច្ឆិកា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះសីហនុ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ចុះ​ដល់​ទីតាំង​ដីព្រៃ​ជាក់ស្ដែង ដើម្បី​បង្ក្រាប​ការកាប់​ទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​ខាងលើ​។ ប៉ុន្ដែ​ត្រូវ​ក្រុម​អនាធិបតេយ្យ​ប្រដាប់​ដោយ​កាំបិត ពូថៅ ដំបង ចបកាប់ និង​ដប​សាំង​ក្នុង​ដៃ​មក​ធ្វើការ​រារាំង សម្លុត​គំរាម វាយប្រហារ​មកលើ​ក្រុម​ការងារ​ចម្រុះ​។ ខណៈ​នោះ​ក្រុមការងារ​មិនបាន​តបត​អ្វី​ឡើយ និង​ដកថយ ដើម្បី​បញ្ចៀស​ពី​ការប៉ះទង្គិច​។ ជាមួយ​គ្នា​នេះ​ក្រុម​អនាធិបតេយ្យ​បាន​រៀបចំ​សេណារីយោ​ជា​ប្រព័ន្ធ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​មួលបង្កាច់​អាជ្ញាធរ​ក្នុង​ការអនុវត្ត​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​។

តាមរយៈ​សេចក្តី​ប្រកាស​នេះ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ក្រើនរំឭក​ដល់​ក្រុម​អនាធិបតេយ្យ​ឱ្យ​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់ និង​ដកខ្លួន​ចេញ​ជាបន្ទាន់​ពី​ទីតាំង​ដី​ខាងលើ​។ អាជ្ញាធរ​បញ្ជាក់ថា​៖ «​ក្នុងករណី​មិន​អនុវត្តតាម​ការណែនាំ​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​ជន​ខាងលើ​ដោយ​គ្មាន​ការលើកលែង​»​។

លោក​ ឃាង ភារម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ពី​ម្សិលមិញ​មិន​បញ្ជាក់​ឱ្យបាន​លម្អិត​លើ​ករណីនេះ​ទេ ដោយ​ប្រាប់​ថា ករណី​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ដឹកនាំ​ក្រុម​ពលរដ្ឋ​ទន្ទ្រាន​ដីព្រៃ​។ លើស​ពី​នេះ មន្ត្រី​ជំនាញ​កំពុង​វាស់វែង​ទំហំ​ដី​ដែល​រង​ការរំលោភបំពាន​។

លោក​ ឌី សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ​ពី​ម្សិលមិញ​ក៏​មិន​បាន​បញ្ជាក់​លម្អិត​ករណី​នេះដែរ ប៉ុន្តែ​ថា​លោក​បាន​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ​ចុះ​ដល់ទី​តាំង​ដីព្រៃ​ជាក់ស្ដែង​កាលពី​ថ្ងៃទី​ ១១ វិច្ឆិកា ដើម្បី​បង្ក្រាប​ការកាប់​ទន្ទ្រាន ដីព្រៃ​នេះ​ប៉ុន្ដែ​ត្រូវបាន​ក្រុម​អនាធិបតេយ្យ រារាំង​ក្រុម​ការងារ​ចម្រុះ​។

លោក​ថា​៖ «​ភ្លាមៗ​នោះ​យើង​មិន​បាន​ធ្វើ​អ្វី​ទេ គឺ​ដកថយ​ត្រឡប់មកវិញ​»​។

បើ​តាម​រដ្ឋបាលខេត្ត​ព្រះសីហនុ សកម្មភាព​អនាធិបតេយ្យ​នេះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង​នៅក្នុង​មាត្រា ៩៧ និង​មាត្រា​ ៩៨ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ និង​មាត្រា​ ៥០២ មាត្រា​ ៥០៥ មាត្រា​ ៥០៦ និង​មាត្រា​ ៦០៧ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​សុទ្ធសឹង​ជា​បទល្មើស​មជ្ឈិម និង​បទល្មើស ឧក្រិដ្ឋ​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​។

លោក​ ស៊ុន សុផាត តំណាង​ពលរដ្ឋ​សហគមន៍​ ៦៨ ​គ្រួសារ​រស់នៅ​ភូមិ​អូរត្រជាក់​ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់​ថ្លែងថា ពលរដ្ឋ​ចំនួន​ ៦៨ ​គ្រួសារ បានរស់នៅ​អាស្រ័យ​ផល​លើដី​ជាង​ ៣៣៣ ​ហិកតា​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣ ដែល​ភាគច្រើន​ជា​មន្ត្រី​ទាហាន​ចូលនិវត្តន៍ ប៉ុន្ដែ​អាជ្ញាធរ​មិន​ព្រម​ទទួលស្គាល់ និង​ចុះបញ្ជី​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​ឱ្យបាន​ស្របច្បាប់​ទេ​។

លោក​និយាយថា​៖ «​អាជ្ញាធរ​បាន​បង្គាប់​ឱ្យ​ពលរដ្ឋ​យើង​សរសេរ​លិខិត​ស្នើសុំ ដី​សម្បទាន​សង្គមកិច្ច​ពី​រាជរដ្ឋាភិបាល​នៅ​អំឡុង​ខែតុលា​កន្លង​ទៅ ហើយ​ពួកយើង​ក៏​បាន​ដាក់​លិខិត​ស្នើសុំ​រួចហើយ​ដែរ​។ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ អាជ្ញាធរ​នៅតែ​មិនទាន់​ផ្ដល់ដំណឹង​ជូន​ពួក​ខ្ញុំ​វិញ​។ លើសពីនេះ​បែរជា​មក​ចង់​រុះរើ​ផ្ទះ​ពួកខ្ញុំ​ចោល​ទៀត​។ បើ​អាជ្ញាធរ​រុះរើ​ផ្ទះ​ពួកខ្ញុំ​អស់ ពួកយើង​គ្មាន​កន្លែង​រស់នៅ​ទេ សូម​អាជ្ញាធរ​ជួយ​ដោះស្រាយ​ផង​»​។

លោក​ ស្រេង វ៉ាន់លី មន្ដ្រី​សម្របសម្រួល អង្គការ​សិទ្ធិមនុស្ស​ (Licadho) ​ប្រចាំ​ខេត្ត​ព្រះសីហនុ​ប្រាប់ថា លោក​ធ្លាប់​ចុះ​ស្រាវជ្រាវ​ករណីនេះ​ដែរ​។ ពលរដ្ឋ​បាន​ដាក់សំណើ​សុំ​កាត់​ឆ្វៀល​ដី​តំបន់​នេះ​ចែកជូន​ពួកគាត់​រស់នៅ​អាស្រ័យផល ដោយសារ​ពួកគាត់​រស់នៅ​យូរ​ឆ្នាំ ហើយ​ក៏​គ្មាន​កន្លែង​ផ្សេង​សម្រាប់​រស់នៅ​ទៀត​ដែរ​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​ត្រូវតែ​ចុះ​សិក្សា ករណី​នេះ​ឱ្យបាន​ច្បាស់លាស់​ដើម្បី​ចៀសវាង​បាតុភាព​ណាមួយ​កើតឡើង​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​។ បើសិន​ជា​ពួកគាត់​រស់នៅ​ជា​យូរ​ឆ្នាំ​បែបនេះ គួរតែ​កាត់​ចែក​ពួកគាត់​តាមរយៈ​ដី​សម្បទាន​សង្គមកិច្ច​ទៅ​។ បើ​បណ្ដេញ​ពួកគាត់​ចេញ ពួកគាត់​មិនដឹង​ទៅ​រស់នៅ​កន្លែង​ណា​ដែរ​ពួកគាត់​អ្នកក្រីក្រ​»៕