ភ្នំពេញៈ ស្របពេលទិដ្ឋាការស្នាក់នៅកម្ពុជារបស់ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិច ហ្សង់ដ្រូ ត្រូវផុតកំណត់នៅថ្ងៃសុក្រនេះ អាជ្ញាធរកម្ពុជា ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះសកម្មជនបរិស្ថានរូបនេះ ប្រសិនបើលោក អាឡិច នៅតែបន្តស្នាក់នៅកម្ពុជាដោយមិនមានការអនុញ្ញាតនោះ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃពុំអាចបន្តទិដ្ឋាការជូនលោក អាឡិច បានទេ ហើយបើលោកនៅតែស្នាក់នៅកម្ពុជាខណៈដែលទិដ្ឋាការរបស់លោកបានផុតកំណត់នោះ ក្រសួងនឹងចាត់ការទៅលើបុគ្គលរូបនេះតាមនីតិវិធីច្បាប់។ លោកថា៖ «យើងធ្វើតាមច្បាប់អន្តោប្រវេសន៍ ក្នុងច្បាប់មានផាកពិន័យ មានគុកច្រវាក់ហើយបណ្តេញចេញក៏មាន អ៊ីចឹងធ្វើតាមច្បាប់ សមត្ថកិច្ចអត់មានទៅអង្វរ ឬថ្វាយបង្គំគាត់ឲ្យចាកចេញទេ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីទី លោក ឯម សំអាន បានបញ្ជាក់ក្នុងលិខិតមួយកាលពីថ្ងៃពុធថា ក្រសួងតម្រូវឲ្យលោក អាឡិច ចាកចេញពីកម្ពុជាមួយរយៈសិន នៅពេលសមស្របណាមួយ ដែលលោក អាឡិច ចង់មកកម្ពុជាវិញ នោះក្រសួងមហាផ្ទៃ ពុំមានគោលការណ៍ហាមឃាត់ទេ ប្រសិនបើលោកបានបំពេញបែបបទ និងមានលក្ខណៈគ្រប់គ្រាន់ដូចជនអន្តោប្រវេសន៍ដទៃទៀតស្របតាមគោលការណ៍ច្បាប់។
មន្ត្រីក្រសួងរ៉ែ និងថាមពល ជាង ១៤០ នាក់បាននាំគ្នាផ្តិតមេដៃគាំទ្រចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដោយថា លោក អាឡិច មិនគោរពអធិបតេយ្យរបស់ប្រទេសកម្ពុជា ជ្រៀតជ្រែកការងាររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍគម្រោងវារីអគ្គិសនីនានា ព្រមទាំងជេរប្រមាថ និងបរិហារកេរ្តិ៍មន្ត្រីរាជការក្រសួងរ៉ែ និងថាមពលជាដើម។
លោក អាឡិច ហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវីតសិន ប្រធានអង្គការមាតាធម្មជាតិ មិនអាចសុំការអត្ថាធិប្បាយបានទេ ខណៈដែលលោកជាប់ប្រជុំ។ ប៉ុន្តែបុគ្គលិកអង្គការមាតាធម្មជាតិ លោក ដាំ គុនឌី បានបញ្ជាក់ថា លោក អាឡិច នឹងបន្តស្នាក់នៅកម្ពុជាបន្តទៀត ខណៈដែលច្បាប់អន្តោប្រវេសន៍កម្ពុជា អាចអនុញ្ញាតឲ្យជនបរទេសស្នាក់នៅបាន ១ ខែទៀត តាមការផាកពិន័យ បន្ទាប់ពីទិដ្ឋការផុតកំណត់។ លោកថា៖ «យើងបានសិក្សាច្បាប់អន្តោប្រវេសន៍ហើយ គឺថា ទិដ្ឋាការផុតកំណត់មែន ប៉ុន្តែគាត់អាចស្នាក់នៅបាន ៣០ ថ្ងៃទៀត ដោយបង់ពន្ធសម្រាប់ការស្នាក់នៅ ៥ ដុល្លារក្នុង ១ ថ្ងៃ រហូតដល់ ៣០ ថ្ងៃហ្នឹងបានគេចាប់ផ្តើមបង្ខំឲ្យយើងចេញពីប្រទេសខ្មែរ ដោយមានការផាកពិន័យ ឬការប្រើរូបភាពផ្សេង»។
កាលពីថ្ងៃ ទី១៨ កុម្ភៈ អនុប្រធាន ទី១ រដ្ឋសភា លោក កឹម សុខា ក៏បានថ្វាយលិខិតជូនព្រះមហាក្សត្រ និងផ្ញើលិខិតជូនប្រធានរដ្ឋសភាឲ្យជួយអន្តរាគមន៍ទៅរាជរដ្ឋាភិបាល អនុញ្ញាតឲ្យលោក អាឡិច ហ្សង់ដ្រូ អាចស្នើសុំបន្តទិដ្ឋាការរស់នៅ និងបម្រើការងារនៅព្រះរាជាណាចក្រកម្ពុជា ដោយពុំចាំបាច់តម្រូវឲ្យលោកចាកចេញជាមុន ទើបស្នើសុំទិដ្ឋាការជាក្រោយនោះទេ។ លោក កឹម សុខា បានបញ្ជាក់ក្នុងលិខិតថា លោក អាឡិច ហ្សង់ដ្រូ ជាជនបរទេសមួយរូប ដែលពុំមែនជាឧក្រិដ្ឋជន និងជាអ្នកបំផ្លាញធនធានធម្មជាតិរបស់ខ្មែរឡើយ ផ្ទុយទៅវិញលោកជាអ្នកចូលរួមថែរក្សា និងការពារធនធានធម្មជាតិយ៉ាងសកម្ម។
ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ លោក អ៊ុំ ដារ៉ាវុធ បានមានប្រសាសន៍ថា លោកពុំទាន់ទទួលបានលិខិតនៅឡើយទេ៕