សៀមរាបៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងចំពោះអាជីវករទាំងឡាយណាដែលបន្តការធ្វើអាជីវកម្ម ទិញ លក់ និងពិឃាតសត្វឆ្កែ ដោយគ្មានការអនុញ្ញាតដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
យោងតាមសេចក្ដីជូនដំណឹងស្តីពី «ការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ និងពិឃាតសត្វសុនខ (ឆ្កែ)» ចុះថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២០ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននាថ្ងៃពុធកន្លងមក លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឲ្យដឹងថា តាំងពីបុរាណមកសត្វឆ្កែត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេសពលរដ្ឋខ្មែរចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់ និងមានគុណតម្លៃខ្លាំងណាស់សម្រាប់មនុស្ស ព្រោះវាអាចជួយការពារផ្ទះ ស្រែចម្ការ និងហ្វូងសត្វផ្សេងទៀត ហើយវាក៏ត្រូវបានគេប្រើប្រាស់សម្រាប់ជួយក្នុងវិស័យយោធាបានយ៉ាងល្អទៀតផង។
លោក គឹមសុទ្ធ បានបន្តថា៖ «[ប៉ុន្តែ] ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្ម លក់ ទិញ និងពិឃាតសត្វសុនខ ឬសត្វឆ្កែ ដើម្បីធ្វើជាម្ហូបអាហារមានភាពអនាធិបតេយ្យ និងកើនឡើងគួរឲ្យបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថា មានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឲ្យមានការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗជាច្រើនទៀតពីតំបន់ ១ ទៅតំបន់ ១ ដែលប៉ះពាល់ដល់សុខភាពសាធារណៈ»។
ជាមួយគ្នានេះលោក គឹមសុទ្ធ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ចំពោះជនទាំងឡាយណាដែលនៅបន្តការដើរទាក់ លក់ ទិញ និងពិឃាតសត្វឆ្កែ ដើម្បីយកមកធ្វើជាម្ហូបអាហារ ដោយគ្មានការអនុញ្ញាតផ្ទុយនឹងសេចក្ដីជូនដំណឹងដែលបានចេញផ្សព្វផ្សាយនេះ។
លោក គឹមសុទ្ធ បានឲ្យដឹងទៀតថា៖ «ការដើរទាក់ លក់ ទិញ និងពិឃាតសត្វអនាធិបតេយ្យ គ្មានច្បាប់ទម្លាប់នឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរតាមបញ្ញតិ្តមាត្រា ១១២, ១១៣ និងមាត្រា ១១៥ នៃច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ»។
យោងមាត្រា ១១២ នៃច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ជនទាំងឡាយណាដែលធ្វើអាជីវកម្មទិញ លក់ និងពិឃាតសត្វដោយគ្មានការអនុញ្ញាតនឹងត្រូវរងការផាកពិន័យអន្តរកាលជាប្រាក់ពី ៧ លានរៀល។ រីឯមាត្រា ១១៣ នៃច្បាប់នេះបានកំណត់ការផាកពិន័យអន្តរកាលជាប្រាក់ពី ១០ លានរៀលដល់ ១៥ លានរៀល។ ចំណែកមាត្រា ១១៥ នៃច្បាប់ដដែលនេះ បានតម្រូវឲ្យមានការផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានរៀល ដល់ ៥០ លានរៀល។
ការហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ និងពិឃាតសត្វសុនខ ឬសត្វឆ្កែ ដោយគ្មានការអនុញ្ញាតនេះមិនមែនធ្វើឡើងតែនៅក្នុងខេត្តសៀមរាបនោះទេ គឺត្រូវធ្វើឡើងនៅទូទាំងប្រទេស។ នេះបើយោងតាមប្រសាសន៍របស់លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកាលពីថ្ងៃពុធ។
លោក ផាន់ណារ៉ា បានថ្លែងថា៖ «នៅពេលនេះយើងកំពុងសហការជាមួយអង្គការសុខភាពសត្វពិភពលោក និងអង្គការជាដៃគូផ្សេងទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់ការទិញ លក់ និងពិឃាតសត្វឆ្កែ ដើម្បីយកសាច់ធ្វើជាម្ហូបអាហារនេះឲ្យបានជោគជ័យនៅទូទាំងប្រទេស»។
ជុំវិញករណីនេះលោក ជុំ វណ្ណធី ម្ចាស់ទីតាំងលក់សាច់ពិសេស (សាច់ឆ្កែ) មួយកន្លែងស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលអះអាងថា កំពុងកាក់កបលើមុខរបរលក់សាច់ឆ្កែនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃពុធថា ការជ្រើសរើសមុខរបរអាជីវកម្មសម្រាប់ចិញ្ចឹមជីវិត មិនមែនជារឿងងាយស្រួលប៉ុន្មានទេ។
លោក វណ្ណធី ថ្លែងថា៖ «ខ្ញុំបានបង្កើតមុខរបរលក់ដូរជាច្រើនមកហើយដូចជាលក់ពងទាកូន សាច់គោអាំង និងលតឆា ប៉ុន្តែមិនកាក់កបដូចការលក់សាច់ឆ្កែនេះទេ។ មុខរបរលក់សាច់ឆ្កែនេះគឺអាចជួយលើកស្ទួយជីវភាពគ្រួសារខ្ញុំបានល្អជាងដោយក្នុង ១ ថ្ងៃអាចរកប្រាក់ចំណេញបានចន្លោះពី ៨ ទៅ ១០ ម៉ឺនរៀល»។
លោក វណ្ណធី បានប្រាប់ឲ្យដឹងផងដែរថា សាច់ឆ្កែដែលគាត់ខ្វៃលក់ជារៀងរាល់ថ្ងៃចាប់តាំងពីចុងឆ្នាំ ២០១៩ មកនោះ គឺទិញពីអាជីវករម្នាក់នៅស្អាងព្រែកតូច ស្រុកស្អាង ខេត្តកណ្ដាលក្នុង ១ គីឡូក្រាមថ្លៃ ១០០០០ រៀល (សាច់ឆៅ) ហើយគាត់អាចលក់ចេញវិញបាន ១៦០០០ រៀល ទៅ ១៨០០០ រៀលក្នុង ១ គីឡូក្រាម។ ប៉ុន្តែសម្រាប់សាច់ខ្វៃឆ្អិនហើយ គឺគាត់អាចលក់បានថ្លៃជាង ៣ ដងនៃតម្លៃសាច់ឆៅ គឺក្នុង ១ ចាន ៥០០០ រៀល។ លោកអាចលក់ចេញជាមធ្យមក្នុង ១ ថ្ងៃ ១០ គីឡូក្រាម។
នៅពេលនិយាយដល់រឿងអាជ្ញាធរចេញបម្រាមហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ និង ពិឃាតសត្វឆ្កែ ដើម្បីយកមកធ្វើម្ហូបអាហារនេះ លោក វណ្ណធី បានបញ្ជាក់ថា៖ «ខ្ញុំអាចបិទមុខរបរនេះ ទៅចាប់មុខរបរចាស់វិញបាន ប៉ុន្តែសូមឲ្យអាជ្ញាធរមានការអនុវត្តច្បាប់ឲ្យមានតម្លាភាពកុំហាមឃាត់តែហាងតូចតាចដូចជាពួកខ្ញុំ ហើយមិនចាត់ការលើហាងធំៗ»។
យោងតាមរបាយការណ៍អង្កេតរបស់អង្គការ Four Paws ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ បានបង្ហាញថា ជារៀងរាល់ឆ្នាំនៅប្រទេសកម្ពុជាមានសត្វឆ្កែប្រមាណ ៣ លានក្បាល រួមទាំងសត្វឆ្កែចិញ្ចឹម ដែលត្រូវបានចោរលួចត្រូវបានសម្លាប់សម្រាប់យកសាច់ធ្វើជាម្ហូបអាហារ។
អង្គការនេះក៏បានរកឃើញផងដែរថា អត្រានៃជំងឺឆ្កែឆ្កួតរបស់មនុស្សនៅក្នុងប្រទេសកម្ពុជាគឺខ្ពស់ជាងគេនៅលើពិភពលោកដោយសារតែកង្វះកម្មវិធីចាក់វ៉ាក់សាំងឆ្កែ និងចាក់វ៉ាក់សាំងដល់មនុស្សដែលត្រូវបានឆ្កែខាំ។ ជារៀងរាល់ឆ្នាំជំងឺនេះសម្លាប់មនុស្សជាង ៨០០ នាក់នៅក្នុងប្រទេសកម្ពុជា។
របាយការណ៍របស់អង្គការ Four Paws បានឲ្យដឹងទៀតថា៖ «ទាក់ទងនឹងការធ្វើពាណិជ្ជកម្មគឺឃោរឃៅបំផុតចំពោះសត្វ និងសកម្មភាពខុសច្បាប់រួមទាំងការលួចសត្វចិញ្ចឹមបន្ថែមពីលើការគំរាមកំហែងពិតប្រាកដនៃការឆ្លងជំងឺឆ្កែឆ្កួតទៅកាន់សហគមន៍ និងភ្ញៀវទេសចរ។ ជាមួយនឹងលក្ខខណ្ឌអនាម័យដែលត្រូវបានរកឃើញនៅភោជនីយដ្ឋាន និងកន្លែងសម្លាប់សត្វមានន័យថា មនុស្សកំពុងប្រឈមនឹងជំងឺដែលអាចបណ្តាលឱ្យស្លាប់។ ប្រសិនបើប្រទេសកម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតរបស់មនុស្សនោះ ការដោះដូរសាច់ឆ្កែក៏មិនអាចត្រូវគេព្រងើយកន្តើយបានដែរ»។ ពេលដែលការធ្វើពាណិជ្ជកម្មសត្វឆ្កែមានភាពលេចធ្លោ ការបរិភោគសាច់ឆ្កែនៅតែជាទម្លាប់ក្នុងចំណោមប្រជាជនខ្លះ៕
វីដេអូ៖