ព្រះសីហនុៈ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ម្ចាស់​សំណង់​ដែល​រឹងរូស​មិន​ព្រម​រុះរើ​សំណង់​ខុស​បច្ចេកទេស​ចំនួន​ ១០ ​ទីតាំង​ទៅ​តាម​ការជូន​ដំណឹង​ចំនួន​ ៣ ​លើក​រួច​មក​ហើយ​របស់​អាជ្ញាធរ​ខេត្ត ខណៈ​ដែល​ម្ចាស់​សំណង់​ចំនួន​ ៤ ​ទីតាំង​បាន​រុះរើ​ដោយ​ខ្លួនឯង​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា បើ​ម្ចាស់​សំណង់​ខុស​បច្ចេកទេស​ទាំង​ ១០ ​ទីតាំង​នៅ​តែ​មិន​ព្រម​រុះរើ​ទៀត អាជ្ញាធរ​នឹង​អនុវត្ដ​តាម​នីតិវិធី​ច្បាប់​នឹង​ឈាន​ទៅ​ដល់​ការដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​ផងដែរ​។

លោក​ថ្លែង​ថា​៖ «​សំណង់​ខុស​បច្ចេកទេស​ចំនួន​ ៤ ​កំពុង​រុះរើ​ជិត​រួចរាល់​ហើយ​។ ចំណែក​នៅ​សល់ ១០ ​ទៀត​មិនទាន់​រុះរើ​ទើប​យើង​ហៅ​គាត់​មក​ណែនាំ​បន្ថែម​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ឲ្យ​គាត់​រុះ​រើចេញ​ជាបន្ទាន់​។ យើង​ក៏​ព្រមាន​ចាត់​វិធានការ​ដែរ បើ​គាត់​មិន​រុះរើ​ទេ យើង​នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​ហើយ គឺ​អនុវត្ដ​ទាំង​បង្ខំ​ដោយ​មាន​សាលក្រម​តុលាការ​ហើយ​ម្ចាស់​សំណង់​ប្រឈម​នឹង​ទោសទណ្ឌ​ថែមទៀត​»​។

លោក ភារម្យ ថ្លែងថា​៖ «​ជាដាច់ខាត​ជំហរ​របស់​រដ្ឋបាល​ខេត្ដ គឺ​មិន​ឲ្យ​មាន​អ្នកណា​មក​អន្តរាគមន៍​ទេ​សំណង់​ខុស​បច្ចេកទេស​ទាំងនេះ​ដាច់ខាត​ត្រូវតែ​រុះរើ​ចេញ​»​។ បើតាម​លោក​ ភារម្យ សំណង់​ខុស​បច្ចេកទេស​ទាំង ១៤ ទីតាំង​នេះ ជា​ប្រភេទ​សំណង់​រឹង ខ្ពស់ៗ​ធ្វើ​ឡើង​អំពី​ដែក និង​ជា​ប្រភេទ​សំណង់​ចម្រុះ​។ ប៉ុន្ដែ​លោក​មិន​បាន​ប្រាប់​ឲ្យ​ដឹងថា​តើ​សំណង់​ទាំងនោះ​មាន​កម្ពស់​ប៉ុន្មាន​ជាន់​នោះ​ទេ​។

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ និង​លោក​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ក្នុង​ជំនួប​ជាមួយ​ម្ចាស់​សំណង់​ខុស​បច្ចេកទេស​ទាំង​ ១៤ ​ទីតាំង​កាលពី​ថ្ងៃទី​ ២ ខែ​កញ្ញា​កន្លង​មក​បាន​ព្រមាន​ថា​៖ «​ម្ចាស់​សំណង់​មិន​បាច់​ដើររក​អ្នក​អន្តរាគមន៍​ទប់ស្កាត់​ទេ​។ បើ​មិន​ព្រម​រុះរើ​ទេ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​»​។

ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ម្ចាស់​សំណង់​នេះ​លោក​អភិបាលខេត្ដ​ព្រះសីហនុ​បាន​បញ្ជាក់​ថា ក្រោយពី​បាន​រុះរើ​សំណង់​ខុស​បច្ចេកទេស​ចេញរួច អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នឹង​ជួយ​សម្រួលការ​គូរ​ប្លង់ ពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ចេញ​លិខិតអនុញ្ញាត​សាងសង់​ឡើងវិញ​ឲ្យ​បាន​ឆាប់ ដើម្បី​ជាការ​ប៉ះប៉ូវ​នូវ​ការខូចខាត​។

កាលពី​ថ្ងៃទី​ ២៧ ខែ​សីហា កន្លង​ទៅ​នេះ​សំណង់​ចម្រុះ​ចំនួន ១៤ កន្លែង​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​តម្រូវ​ឲ្យ​រុះ​រើចេញ​វិញ បន្ទាប់ពី​ក្រុមការងារ​បច្ចេកទេស​រកឃើញ​ថា សំណង់​ទាំងនោះ​សង់​ឡើង​ដោយ​គ្មាន​គុណភាព​ ខណៈ​សំណង់​ចំនួន ៧០ ផ្សេង​ទៀត​កំពុង​ធ្វើ​កោសល្យវិច័យ​ពី​គុណភាព​ក្នុង​ចំណោម​សំណង់​ជាង​ ៥០០ កន្លែង​ដែល​ត្រូវបាន​ចុះ​ត្រួតពិនិត្យ​កាលពីពេល​ថ្មីៗ​នេះ​។ នេះ​បើតាម​លោក​ គួច ចំរើន​។

លោក ភារម្យ ឲ្យ​ដឹង​ទៀត​ថា​សំណង់​ចំនួន​ ៧០ ​កន្លែង​ដែល​កំពុង​ធ្វើ​កោសល្យវិច័យ​នេះ ​រដ្ឋបាលខេត្ត និង​ក្រុមការងារ​បច្ចេកទេស​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯករាជ្យ​មួយ​ដែល​មាន​ជំនាញ​បច្ចេក ចុះ​ត្រួតពិនិត្យ​ដោយ​មិនទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ​ទេ​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ​គាំទ្រ​ចំពោះ​វិធានការ​របស់​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ទៅ​លើ​ម្ចាស់​សំណង់​ខុស​បច្ចេកទេស​ដោយ​ការ​អនុវត្ដ​ច្បាប់​បែបនេះ​។

លោក​ថា​៖ «​សំណង់​ខុស​បច្ចេកទេស​បែបនេះ​ត្រូវ​តែ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ព្រោះ​បើ​ម្ចាស់​សំណង់ មិន​ព្រម​រុះរើ​ចេញ​ទេ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង​។ ដូច្នេះ​ដើម្បី​សុខ​សុវត្ថិភាព​ដល់​ពលរដ្ឋ រដ្ឋបាល​ខេត្ដ​ត្រូវ​តែ​ជំរុញ​ឲ្យ​រុះរើ​ជាដាច់ខាត​ចំពោះ​សំណង់​ខុស​បច្ចេកទេស​នេះ​»៕