តាកែវៈ អាជ្ញាធរ​ស្រុក​សំរោង​ពី​ម្សិលមិញ​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គ្រឿងចក្រ​ (​ត្រាក់ទ័រ​) ​និង​រថយន្ត​ដឹកដី​ដែល​រំលោភ​ចូល​កាយ​ដី​ដោយ​ខុសច្បាប់ ហើយ​ដឹក​ដី​ឆ្លងកាត់​ក្បែរ​ប្រាសាទ​សែនភូវាំង​ស្ថិត​ក្នុង​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង ខេត្ត​តាកែវ ដែល​អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ប្រាសាទ​។

ការព្រមាន​នេះ​ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​ចាប់​គ្រឿងចក្រ​កាយ​ដី​ ១ ​គ្រឿង​ពីថ្ងៃ​ទី​ ៣ មករា ដែល​បានចូល​កាយ​ដី​ក្នុង​តំបន់​អភិរក្ស​វប្បធម៌ ប្រាសាទ​សែនភូវាំង​ដោយ​មិនបាន​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។

លោក​ កេត ម៉ៅ អភិបាលស្រុក​សំរោង​ឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​លោក​បានទទួល​ព័ត៌មាន​ថា មាន​ពលរដ្ឋ​នៅក្នុង​ភូមិ​បាន​ជួល​គ្រឿងចក្រ​កាយ​យក​ដីស្រែ​នៅ​ចម្ងាយ​ពី​ប្រាសាទ​ប្រមាណ​ ២០០ ​ម៉ែត្រ​។ ក្រោយ​ទទួលបាន​ព័ត៌មាន​លោក​ចាត់​អភិបាលរង​ស្រុក​ម្នាក់​រួម​ជាមួយ​អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច​ជំនាញ​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ឃាត់​រថយន្ត​ដឹក​ដី ប៉ុន្តែ​ចាប់​រថយន្ត​មិនបាន​ទៅ​ឃាត់​បាន​គ្រឿងចក្រ​ ១ ​គ្រឿង​កំពុង​កាយ​ដី​។

លោក​ថ្លែងថា​៖ «​រដ្ឋបាល​ស្រុក​គ្រាន់តែ​ចាប់​ព្រមាន​ផ្នែក​រដ្ឋបាល រក្សា​ត្រាក់ទ័រ​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ៣ ​ថ្ងៃ​សិន​ទើប​ [​ដោះ​] ​លែង​ទៅវិញ​។ ប៉ុន្តែ​មិនមាន​ការពិន័យ​អី​ទេ​ដោយសារ​តែ​នេះ​ជា​លើក​ទី​ ១ ​ហើយ​គាត់​មិនទាន់​បាន​ធ្វើឱ្យប៉ះពាល់​អ្វី​ដល់​ប្រាសាទ​ឡើយ​»​។

មេឃុំ​ស្លា​លោក​ ឃឹម ហ៊ុល ឱ្យដឹងថា ពេញ​ ១ ​ព្រឹក​ថ្ងៃទី​ ៤ ខែ​មករា អាជ្ញាធរ​ឃុំ-ស្រុក ​រួមជាមួយ​ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​គ្រឿងចក្រ​កាយ​ដី និង​ម្ចាស់​រថយន្ត​ដឹក​ដី ដោយ​កំណត់​ថា ចាប់ពី​ថ្ងៃ​អប់រំ​ណែនាំ​នេះ​ទៅ​គ្រឿងចក្រ​ណា​ក៏ដោយ​មិន​អនុញ្ញាត​ឱ្យ​ចូលមក​កាយ​ និង​ដឹក​ដី​មុខ​ប្រាសាទ សែនភូវាំង​ទៀត​ឡើយ ព្រោះ​ជា​តំបន់​បេតិកភណ្ឌ​របស់​ជាតិ អាចធ្វើ​ឱ្យមាន​រំញ័រ​ ឬ​រញ្ជួយ​ដែល​អាច​ប៉ះពាល់​ដល់​ប្រាសាទ​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​​មាន​លើក​ទី​ ២ ​ទៀត​គឺ​មិន​អនុញ្ញាត​ទេ​ត្រូវតែ​ចាប់ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​ដាច់ខាត ហើយ​យើង​ជា​អាជ្ញាធរ​ឃុំ ក៏​មិនមែន​ចេះតែ​ហ៊ាន​ធ្វើ​ច្បាប់​ឲ្យ​គេ​ដឹក​ដោយ​ខុសច្បាប់​អ៊ីចឹង​ដែរ​»​។

លោក​ថា ម្ចាស់​គ្រឿងចក្រ​កាយដី​បាន​ចូលទៅ​កាយ​អាចម៍ដី ដោយ​មិន​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ​ឡើយ នេះ​ជា​បញ្ហាលំបាក​មួយ​របស់​អាជ្ញាធរ​ឃុំ​។

លោក​ ឃឹម ហ៊ុល ថ្លែងថា​៖ «​ពិបាក​ណាស់​រឿង​បញ្ហា​ប្រជាពលរដ្ឋ គាត់​ឃើញ​ដីស្រែ​ផ្អៀង​ម្ខាង​អ៊ីចឹងទៅ គាត់​កាយ​ពង្រាប​ទៅណា​។ ចំណែក​អ្នក​កាយ​ដី​នោះ ទៅ​កាយ​អត់​មាន​ប្រាប់​ឃុំ​ឲ្យ​ដឹង​ទេ​។ ខ្ញុំ​និយាយ​ពិត ឃុំ​អត់​ដឹង​ទេ ហើយ​ខ្ញុំ​ខំ​ផ្សព្វផ្សាយ​ប្រាប់​មេភូមិ​ទាំងអស់ ប៉ុន្តែ​ពួកគាត់​លួច​កាយ ឆ្មក់​ថ្ងៃ​សៅរ៍​អាទិត្យ​អ៊ីចឹងទៅ​»​។

លោក​ ឈួន ង៉ែត ម្ចាស់​គ្រឿងចក្រ កាយ​ដី​រស់នៅ​ភូមិ​អម្ពិល ស្រុក​សំរោង​សារភាពថា​ពិតជា​បាន​ចូលទៅ​កាយ​ដី​ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ​ពិតមែន​។

លោក​ ង៉ែត ថ្លែងថា​៖ «​ពេល​ចុះ​ដំបូង​ខ្ញុំ​បាន​សុំ​គាត់ ប៉ុន្តែ​នៅពេល​ប្តូរ​ទីតាំង​កាយ​ដី​ចុងក្រោយ​នេះ ខ្ញុំ​អត់​បាន​សុំ​គាត់​ទេ​។ តែ​ជាក់ស្តែង ការដឹក​ដី អត់​មាន​ប៉ះពាល់​អី​ដល់​ប្រាសាទ​ទេ​។ ព្រោះ​ផ្លូវ​នោះ​ជា​ផ្លូវ​ចាស់​គេ​ធ្លាប់​រត់​តាំងពី​មុនមក​ក្នុង​ការដឹក​ផល​កសិកម្ម​អី​ផ្សេងៗ​ដោយ​គោយន្ត​តាមផ្លូវ​ហ្នឹង​» ។

បើតាម​លោក​ ឈួន ង៉ែត ការចូល​ទៅ​កាយ​ដី​នេះ លោក​ធ្វើតាម​ដែល​ពលរដ្ឋ​ជួល​ទៅ​កាយ ហើយ​លោក​មិនដឹង​ថា ទីនោះ​ជា​តំបន់​បេតិកភណ្ឌ​របស់​ជាតិ ហើយ​អាច​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រាសាទ​ដែរ​។

លោក​ប្រាប់ថា ដី​ដែល​ត្រូវ​កាយ​មាន​ប្រមាណ​ជាង​ ១០០ ​ឡាន​ លោក​កាយ​បាន​ចំនួន​ ៨០ ​ឡាន​ ត្រូវបាន​អាជ្ញាធរ​ឃាត់​។ រីឯ​រថយន្ត​ដឹក​ដី​មាន​ ៥ ​គ្រឿង ​ដែល​រថយន្ត​នីមួយៗ​មាន​ម្ចាស់​ផ្សេងៗ​គ្នា​។ រថយន្ត​ដែល​ដឹក​ឆ្លងកាត់​ក្បែរ​ប្រាសាទ​មាន​ ៣ ​គ្រឿង រីឯ​ ២ ​គ្រឿង​ផ្សេងទៀត​រត់​កាត់​តាមផ្លូវ​ផ្សេង​។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្តតាកែវ​លោក ជេត ពិសុទ្ធ ថ្លែងថា តាម​ការពិនិត្យ​ប្រាសាទ​មិនទាន់​មាន​ការប៉ះពាល់​យ៉ាង​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ​ការដឹក​ដី​ក្បែរ​ប្រាសាទ ការចូល​កាយ​ដី​ក្នុង​តំបន់​ដី​អភិរក្ស​វប្បធម៌ គឺជា​រឿង​ខុសឆ្គង​។

លោក​ ពិសុទ្ធ ​ថ្លែង​ថា​៖ «​ការដឹក​ដី​ឆ្លងកាត់​ក្បែរ​ប្រាសាទ ​វា​អាច​ប៉ះពាល់​ទៅ​ថ្ងៃ​អនាគត ដូចជា ប៉ះពាល់​ទៅដល់​ខឿន វា​អាច​រលំ ស្រុត ឬ​ក៏​ប្រេះស្រាំ អ៊ីចឹង​ទៅណា​»៕