ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​អះអាងថា​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​ជន​ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ការញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ជាង​ ៥០ ​គ្រួសារ ដែល​កំពុង​បន្ត​ការតវ៉ា​ទាមទារ​កម្មសិទ្ធិ​ដីធ្លី​នៅក្នុង​តំបន់​ដែល​កំពុង​ឈូសឆាយ​ធ្វើការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ខូអិលធីឌី ស្ថិតក្នុង​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង​។

ទោះ​ជា​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​លើ​វិធានការ​ច្បាប់​ក៏ដោយ ក៏​លោក​ ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ដោយ​នៅ​តែ​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ជាង ៥០ ​គ្រួសារ ដែល​កំពុង​បន្ត​ការតវ៉ា​នៅ​ទីតាំង​ដី​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី ស្ថិតនៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង​ដែល​បាន​អះអាង​ថា ជា​ដី​កម្មសិទ្ធិ​ពិតមែន​នោះ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដាក់​ឯកសារ​ពាក់ព័ន្ធ​នានា​នៅលើ​តុ​ដើម្បី​រក​ដំណោះស្រាយ​។

ខណៈ​ដែល​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា ដោយ​បាន​បញ្ជាក់ថា ទីតាំង​ដែល​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ធ្វើការ​ឈូសឆាយ​នោះ​គឺ​មាន​ទំហំ​ដី ៣៥ ​ហិកតា​ជា​ដី​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​សិទ្ធិ​ប្រទាន​ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​រយៈពេល ៩៩ ឆ្នាំ​តាំងពី​ឆ្នាំ​ ២០០៨​។ ករណី​នេះ​មិនមាន​ពាក់ព័ន្ធ​ជាមួយ​នឹង​អនុក្រឹត្យ​ចុះ​ថ្ងៃទី ៤ ខែ​មេសា ឆ្នាំ​ ២០១៨ ដែល​ជា​អនុក្រឹត្យ​រាជរដ្ឋាភិបាល​សម្រេច​កាត់​ដី​ជូន​ប្រជាពលដ្ឋ​នោះទេ​។

លោក ភារម្យ បាន​ឲ្យ​ដឹងថា​៖ «​អង្គភាព​ជំនាញ​បាន​ពិនិត្យ​ឃើញ​ថា បណ្ណ​កម្មសិទ្ធិ​ដែល​ពលរដ្ឋ​អះអាង​ថា ស្ថិតនៅ​ទីតាំង​ដី​របស់​ក្រុមហ៊ុន​នោះ គឺ​មិន​ត្រឹមត្រូវ​នោះទេ បណ្ណ​នោះ​គឺ​ស្ថិត​នៅ​ទីតាំង​ផ្សេង​។ ប៉ុន្ដែ​បើ​ពលរដ្ឋ​មាន​ឯកសារ​ផ្សេងៗ​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​នេះ សូម​យក​ឯកសារ​មក​ដាក់​លើ​តុ​ ឬ​អាច​យក​មក​ដាក់​នៅ​រដ្ឋបាល​ខេត្ដ នោះ​សមត្ថកិច្ច​នឹង​មាន​ចំណាត់ការ​បកស្រាយ​ជូន​»​។

លោក​បញ្ជាក់ថា​៖ «​ជំហរ​របស់​រដ្ឋបាល​ខេត្ដ គឺ​យើង​នឹង​អនុវត្ដ​វិធានការ​ផ្លូវ​ច្បាប់​។ ករណី​ប្រជាពលរដ្ឋ​កើតទុក្ខ មិន​សុខចិត្ដ គាត់​អាច​ដាក់​ពាក្យបណ្ដឹង​ទៅគ្រប់​រដ្ឋបាល ទាំង​នៅ​ថ្នាក់ សង្កាត់ ក្រុង ឬ​ខេត្ដ​។ យើង​អត់​អាច​ប្រើ​រូបភាព​តវ៉ា​បែបនេះ​ដែល​បង្ហាញ​ការមិន​គោរព​ច្បាប់​នោះទេ​។ ពាក់ព័ន្ធ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា មាន​ឯកសារ​មាន​បណ្ណ​កម្មសិទ្ធិ​នៅលើ​ទីតាំង យើង​ក៏​ចង់ឃើញ​ដែរ​ថា បណ្ណ​នោះ​បណ្ណ​អ្វី បណ្ណ​យ៉ាងម៉េច គឺ​យើង​ចង់​បញ្ជាក់​គ្នា​ឱ្យ​ច្បាស់​កន្លែង​នេះ​»​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ឆ្នាំ​ ២០០៨ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ធ្វើ​អនុប្រយោគ​កោះរ៉ុង​ពី​ដី​សាធារណៈ​របស់​រដ្ឋ​មក​ជា​ដី​ឯកជន​របស់​រដ្ឋ និង​បាន​អនុញ្ញាត​ឱ្យធ្វើ​ការចុះ​បញ្ជីចេញ​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ចំនួន ៣៦ ​បណ្ណ ក្នុង​នោះ​មាន ៣០ ​បណ្ណ រាជរដ្ឋាភិបាល​សម្រេច​សិទ្ធិ​ប្រទាន​ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខូអិលធីឌី រយៈពេល ៩៩ ​ឆ្នាំ​។

ដោយឡែក​ក្នុង​ឆ្នាំ​ ២០១៦ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំនួន ២១ ក្រុម​ចុះ​ធ្វើការ​វាស់វែង និង​ប្រមូល​ទិន្នន័យ​ក្បាលដី​ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់កាប់​ជាក់ស្ដែង​។ ជា​លទ្ធផល ក្រោយ​ការវាស់វែង​រួច​នៅ​ដើម​ឆ្នាំ​ ២០១៨ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ៤ ខែមេសា ឆ្នាំ​ ២០១៨ ​នោះ​ដោយ​សម្រេច​កាត់​ដី​ទំហំ ៥២ ៨៣៧ ​ហិកតា​ចេញពី​ដី​ឯកជន​របស់​រដ្ឋ និង​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ឱ្យ​ទៅ​អង្គភាព​រដ្ឋ និង​ប្រជាពលរដ្ឋ​ចំនួន ២៩៨ គ្រួសារ​ជា​ប្រជាពលរដ្ឋ​រស់នៅ​អចិន្រៃ្តយ៍​លើ​កោះ​ស្មើនឹង ៦៣៧ ក្បាលដី​ព្រមទាំង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​កាលពី​ខែ​មេសា ឆ្នាំ​ ២០១៨ ផងដែរ​។

ទីតាំង​ដី​របស់​រដ្ឋបាល​ខេត្ដ​ដែល​មាន​វិញ្ញាបនបត្រ​ចុះ​ថ្ងៃទី​ ២ ខែកក្កដា ឆ្នាំ​ ២០០៩ បាន​ជួល​រយៈពេល​វែង​ទៅឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ខូអិលធីឌី ពុំមាន​ពាក់ព័ន្ធ​នឹង​ក្បាលដី​ដែល​បានចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ៤ ខែ​មេសា ឆ្នាំ​ ២០១៨ របស់​រាជរដ្ឋាភិបាល​នោះទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ លោក អ៊ិន និមល ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ៥៣ គ្រួសារ​ដែល​កំពុង​បន្ត​ការតវ៉ា​នៅ​ទីតាំង​ដី​ក្រុមហ៊ុន​ខាងលើ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ពួកគាត់​មក​រស់នៅ​ទីតាំង​ដី​នេះ​តាំងពី​ឆ្នាំ ១៩៩២ និង​មាន​បណ្ណ​សម្គាល់​ក្បាលដី​។

លោក និមល ថ្លែង​ថា​៖ «​ពួកខ្ញុំ​មិន​ទៅណា​ទេ គឺ​នៅ​ជុំគ្នា​បន្ត​ការតវ៉ា​នៅលើ​​ទីតាំង​ដី​នេះ ប៉ុន្ដែ​ពួកខ្ញុំ​មិន​ហ៊ាន​ចូលទៅ​កន្លែង​គេ​ឈូសឆាយ​នោះទេ​។ ពួកខ្ញុំ​ចង់ឱ្យ​សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី​បាន​ឃើញ និង​ជួយ​ដោះស្រាយ​ឱ្យ​ពួកខ្ញុំ ពួកខ្ញុំ​សុទ្ធ​តែ​មាន​ឯកសារ​កាន់កាប់​ក្បាលដី​​ ពួកខ្ញុំ​បាន​ដាក់​ឯកសារ​ទៅ​អាជ្ញាធរ​ប៉ុន្មាន​លើក​ប៉ុន្មាន​សា​ហើយ ប៉ុន្ដែ​អាជ្ញាធរ​អត់​ទទួល​សំណើ​ពួកខ្ញុំ​ទេ ដាក់​ទៅ​បាត់ៗ​។ នេះ​ជា​លើក​ទី​ ៥ ពួកយើង​ទាំង ៥៣ គ្រួសារ​ដែល​ដី​មាន​ទំហំ ៣៥ ​ហិកតា​គឺ​គេ​ឈូសឆាយ​យក​ទាំងអស់​»៕