
សំណង់ពលរដ្ឋដែលអាជ្ញាធរថា ខ្ទមអនាធិបតេយ្យសង់លើដីកម្មសិទ្ធិឯកជននៅស្រុកស្ទឹងហាវ។ FN
ព្រះសីហនុៈ អាជ្ញាធរខេត្ដព្រះសីហនុ ប្រកាសមិនទទួលស្គាល់ពលរដ្ឋ ប្រមាណជាង ២០០ គ្រួសារ ដែលត្រូវអាជ្ញាធរចាត់ទុកថា ជាក្រុមជនអនាធិបតេយ្យ ដោយបាននាំគ្នាសម្រុកមកបោះបង្គោល សាងសង់ខ្ទម នៅលើដីកម្មសិទ្ធិឯកជន ស្ថិតនៅភូមិ ឫទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ។
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា មួយរយៈកាលចុងក្រោយនេះ បន្ទាប់ពីតម្លៃដីនៅខេត្ដព្រះសីហនុ បានហក់ឡើងជាគំហុក នាំឲ្យក្រុមជនអនាធិបតេយ្យមួយចំនួនលើកគ្នាជាក្រុមទៅបោះបង្គោល និងសាងសង់ខ្ទមអនាធិបតេយ្យលើទីតាំងដីកម្មសិទ្ធិឯកជន ហើយនាពេលថ្មីៗនេះសម្ទុះទន្រ្ទានដីកម្មសិទ្ធិឯកជននេះរឹតតែខ្លាំងឡើងៗ ។
លោកថា រដ្ឋបាលស្រុកស្ទឹងហាវ បានចុះទៅណែនាំ និងចេញសេចក្ដីជូនដំណឹងជាបន្ដបន្ទាប់ ដល់ប្រជាពលរដ្ឋ កុំឲ្យចូលមកទន្ទ្រានដីកម្មសិទ្ធិឯកជនដោយខុសច្បាប់បែបនេះ ប៉ុន្ដែមានជនខិលខូចមួយចំនួន នៅតែលើកគ្នាមកសង់ខ្ទមបន្ថែមនៅពេលយប់ដដែល។
លោក សុគន្ធដា ប្រាប់ថា៖ «យើងចុះទៅអប់រំ និងផ្សព្វផ្សាយលិខិតរបស់រដ្ឋបាលខេត្ដក៏គេ (អ្នកទន្រ្ទានដី) មិនស្ដាប់ មិនអើពើដែរ ប៉ុន្ដែរដ្ឋបាលស្រុកបានជូនដំណឹងទៅបងប្អូនដែលចូលមកទន្រ្ទានដីកម្មសិទ្ធិឯកជននោះហើយ បើពួកគាត់នៅតែមិនស្ដាប់នោះ រដ្ឋបាលខេត្ដ និងស្រុកនឹងមានវិធានការតាមផ្លូវច្បាប់»។
លោកបន្ដថា៖ «ស្ថិតិពលរដ្ឋមកសាងសង់ខ្ទមនោះ មិនមានអាជ្ញាធរទទួលស្គាល់ទេ។ ពេលខ្លះ ពួកគាត់ចេះតែនាំគ្នាមកចុះឈ្មោះជាចំនួនគ្រួសារថាពួកគាត់រស់នៅទីនោះ។ អ្នកខ្លះមកសាងសង់ខ្ទមតែ ១ យប់ហើយ អត់មានទាំងមនុស្សនៅផង មកប្រាប់ថា ១ គ្រួសារដែរ មិនដឹងមកពីភូមិណាផង អ៊ីចឹងគ្មានអ្នកណាទទួលស្គាល់ទេ»។
អ្នកស្រីគង់ មាលា ដែលបានដាក់ពាក្យបណ្ដឹងទៅអភិបាលស្រុកស្ទឹងហាវ កាលពីខែមីនានេះ ដោយបានប្ដឹងឈ្មោះ គន្ធ សំណាង (ហៅអាខ្មៅ) និងបក្ខពួកពីបទបំផ្លិចបំផ្លាញ ឈូសឆាយ និងរំលោភកាន់កាប់អចលនវត្ថុរបស់ខ្លួនដែលស្ថិតនៅភូមិឫទ្ធី ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ។
អ្នកស្រីបញ្ជាក់តាមរយៈពាក្យបណ្ដឹងថា៖ «រយៈពេលប៉ុន្មានថ្ងៃនេះ ជនខិលខូចមានឈ្មោះគន្ធ សំណាង និងបក្ខពួក បាននាំគ្នាកាប់ឆ្ការ រានយកដីដែលជាកម្មសិទ្ធិរបស់នាងខ្ញុំ និងធ្វើការឈូសឆាយយ៉ាងអនាធិបតេយ្យ អ្នកខ្លះបាននិងកំពុងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យដោយមិនខ្លាចម្ចាស់ដីឬច្បាប់បន្ដិចសោះឡើយ»។
អ្នកស្រីថា៖ «ដីដែលក្រុមអនាធិបតេយ្យដែលមានឈ្មោះខាងលើរួមទាំងបក្ខពួកបាននិងកំពុងរំលោភកាន់កាប់នោះ គឺនាងខ្ញុំមានប្លង់រឹងដែលចេញដោយឋានានុក្រមនៃអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដល់នាងខ្ញុំត្រឹមត្រូវស្របច្បាប់រួចរាល់ហើយ»។
លោក ផេង ម៉ីន មេឃុំកែវផុស កាលពីខែមីនាកន្លងមកបានជូនដំណឹងដល់ពលរដ្ឋចំនួន ២២២ គ្រួសារ ដែលចូលមកកាប់ឆ្ការរំលោភកាន់កាប់ទន្ទ្រានយកដី ក្នុងទីតាំងខាងលើថា៖ «អាជ្ញាធរឃុំកែវផុសយើងខ្ញុំមិនទទួលស្គាល់ការស្នាក់នៅ ការកាន់កាប់ទៅលើអចលនទ្រព្យ (ដីដែលមានទីតាំងខាងលើ) របស់បងប្អូនឡើយ»។
លោកមេឃុំកែវផុសបញ្ជាក់ថា៖ «មូលហេតុដែលអាជ្ញាធរយើងខ្ញុំ មិនទទួលស្គាល់ គឺដោយសារអចលនទ្រព្យ (ដីទីតាំងខាងលើ) ដែលបងប្អូនរំលោភទន្ទ្រានកាន់កាប់នេះ ជាដីមានម្ចាស់កម្មសិទ្ធិគ្រប់គ្រង និងមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុត្រឹមត្រូវតាមច្បាប់»។
ពាក់ព័ន្ធករណីនេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ ប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា អាជ្ញាធរនៅតែប្រកាន់គោលការណ៍ច្បាប់បន្ដផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យនាំគ្នាមកទន្រ្ទានដីដោយខុសច្បាប់ ខណៈក្នុងខែមីនាកន្លង ទៅ នេះអាជ្ញាធរខេត្តព្រះសីហនុ បានឃាត់ខ្លួនមេខ្លោងដែលជាជនសង្ស័យដឹកនាំពលរដ្ឋមកទន្ទ្រានដីអនាធិបតេយ្យបាន ១១ នាក់ហើយ។
លោកបញ្ជាក់ថា៖ «អ្នកដែលមកទន្ទ្រានដីនេះ គឺពួកគាត់មានអង្គការចាត់តាំងរបស់ពួកគាត់។ មេខ្យល់ជាអ្នកបំផុសបំផុលឲ្យប្រជាពលរដ្ឋចូលទៅទន្រ្ទានដី។ ចំណែកប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ពេលយើងចាប់មេខ្យល់បាន ពលរដ្ឋគាត់ដកថយដោយស្វ័យប្រវត្ដិ»។
លោកបន្ដថា៖ «ករណីនៅស្ទឹងហាវនេះ ជំហររបស់យើង គឺអនុវត្ដតាមច្បាប់ហើយ ប៉ុន្ដែជាវិធានការដំបូង រដ្ឋបាលខេត្ដ និងរដ្ឋបាលស្រុក គឺត្រូវចុះអប់រំ ផ្សព្វផ្សាយសិន ព្រោះពលរដ្ឋខ្លះ គាត់មកទន្រ្ទានដោយការចាញ់បោកគេ ដោយមេខ្យល់បំប៉ោងថារដ្ឋមានការចែកដីអ្វីជាដើម»។
លោក ភារម្យ ឲ្យដឹងថា មួយរយៈកាលចុងក្រោយនេះ ទោះបីមានការកើតឡើងថ្មីករណីទន្រ្ទាននៅចំណុចស្រុកស្ទឹងហាវ ប៉ុន្ដែតំបន់ដែលមានក្រុមប្រជាពលរដ្ឋបានចូលទៅទន្ទ្រានកាលពីលើកមុនៗនោះ បានស្ងប់ស្ងាត់វិញហើយ បន្ទាប់ពីមានការឃាត់ខ្លួនមេខ្លោងជាបន្ដបន្ទាប់។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) មើលឃើញថា ពលរដ្ឋដែលសម្រុកមកទន្រ្ទានដីនៅខេត្ដព្រះសីហនុនេះ ភាគច្រើនមកតាមរយៈមេខ្យល់ជាអ្នកដឹកនាំ ហើយមួយចំនួនមកសាងសង់ខ្ទមនៅពេលយប់។
លោកបន្ដថា៖ «អាជ្ញាធរខេត្ដគេកំណត់មុខសញ្ញាបានអស់ហើយ ហើយឥឡូវគេកំពុងតែស្រាវជ្រាវបន្ដ។ អ្នកដែលមកចាប់នោះ មិនមែនប្រជាជនក្នុងតំបន់ទេ ឃើញដឹកគ្នាមកទាំងឡានៗនៅពេលយប់ មកធ្វើខ្ទម បោះបង្គោលអីហ្នឹង៕