បាត់ដំបង: រដ្ឋបាលខេត្ត​បាត់ដំបង​បាន​ព្រមាន​ចាត់វិធានការ​តាមច្បាប់​ចំពោះ​អ្នក​ឈូសឆាយ​​ដីព្រៃ និង​តាំង​លំនៅ​ថ្មី​មិន​ស្របច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជា​អ្វី​ដែល​សង្គម​ស៊ីវិល​​គាំទ្រ ប៉ុន្តែ​ស្នើ​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​។

តាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​បាត់ដំបង​ចុះ​ថ្ងៃទី​ ៨ ​ខែ​កញ្ញា​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា កន្លងមក​មាន​ពលរដ្ឋ​មួយចំនួន​បាន​បន្ត​ទន្ទ្រាន​ដីព្រៃ​ថ្មី​បន្ថែមទៀត តាមរយៈ​ការឈូសឆាយ​ពង្រីក ការកាប់​រាន ឬ​ការតាំង​លំនៅ​ថ្មី​មិន​ស្របច្បាប់​។ ​នេះ​ជា​សកម្មភាព​ខុសច្បាប់​ដែល​​រដ្ឋបាលខេត្ត​នឹង​មិន​ទទួលស្គាល់​នូវ​រាល់​ទិន្នន័យ​ណា​ដែល​កើត​ដោយសារ​ការរុករាន​ថ្មី​នេះឡើយ​ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​។

សេចក្ដី​ជូនដំណឹង​បន្តថា ដូច្នេះ​ក្រុម​ការងារ​ថ្នាក់ជាតិ​ដឹកនាំ​ដោយ​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ក្រុម​ការងារ​ចម្រុះ​ខេត្ត កំពុង​ចុះ​ធ្វើ​អត្តសញ្ញាណកម្ម​មនុស្ស និង​អត្តសញ្ញាណ​កម្ម​ដី​ដើម្បី​លើក​យោបល់​ស្វែងរក​ដំណោះស្រាយ​បញ្ហា​។

លិខិត​បញ្ជាក់ថា ក្នុង​ន័យ​នេះ​​រដ្ឋបាលខេត្ត​សូម​ហាម​ដាច់ខាត និង​ត្រៀម​ចាត់វិធានការ​តាមច្បាប់​ដោយ​មិន​លើកលែង​ឡើយ​។ ក្នុង​ករណី​រឹងរូស ឬ​ប្រឆាំង​តបត​ដោយ​ហិង្សា​ណាមួយ​នឹងត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​។ ​គណៈបញ្ជាការ​ឯកភាព​ស្រុក និង​មន្ត្រី​ឧទ្យានុរក្ស​ត្រូវ​តាមដាន​ជាប្រចាំ​នៅ​តំបន់​នេះ ហើយ​អាជ្ញាធរ​ក៏​មិនត្រូវ​ចេញ​លិខិតបញ្ជាក់​ពី​លំនៅឋាន និង​ដីធ្លី​ជូន​ដែរ តែ​ត្រូវ​បន្ត​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​។

លោក សើ សាម៉េត អភិបាលស្រុក​សំឡូត​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​នេះ អាជ្ញាធរ​ស្រុក​សំឡូត​បាន​ជួបប្រជុំ​ដើម្បី​ផ្សព្វផ្សាយ​ពី​វិធានការ​នេះ​ដល់​ពលរដ្ឋ​ដែល​កំពុង​ទន្ទ្រាន​យក​​ដី និង​តាំង​លំនៅ​ក្នុង​តំបន់​នេះ ប៉ុន្ដែ​លោក​មិន​អាច​បញ្ជាក់​ពី​ចំនួន​គ្រួសារ​ពលរដ្ឋ​ដែល​កំពុង​កាន់កាប់​ដី​នៅ​តំបន់​នោះឡើយ​។

លោក​ថា​៖ «​ខ្ញុំ​កំពុង​ដឹកនាំ​ប្រជុំ​ពី​បញ្ហា​នេះ​ដើម្បី​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​កុំទៅ​ទន្ទ្រាន​ដី​នៅ​តំបន់​ហ្នឹង​ទៀត ព្រោះ​ជា​កន្លែង​ហាមឃាត់​។ ​ខ្ញុំ​អត់​ទាន់​ដឹង​ទិន្នន័យ​ ឬ​ចំនួន​ពលរដ្ឋ​ដែល​បាន​ទៅ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​ហ្នឹង​ទេ គឺ​ពេល​ប្រជុំ​ចប់ យើង​នឹង​ចុះ​​ទៅ​ធ្វើ​ជំរឿន និង​ពិនិត្យ​ជាក់ស្ដែង​​តែម្ដង​»​។

លោក ហេង សាយហុង មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំខេត្ត​បាត់ដំបង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​គាំទ្រ វិធានការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ ប៉ុន្តែ​លោក​ថា ករណី​នេះ​គួរ​ធ្វើ​ពី​ឆ្នាំ​ ២០០៥ ​មក ពីព្រោះ​ឆ្នាំ​នោះ​មាន​ការទន្ទ្រាន​ដីព្រៃ​នៅ​តំបន់​ជាច្រើន ទាំង​ពលរដ្ឋ​សាមញ្ញ​ និង​អ្នក​មាន​អំណាច​ផង​។

លោក​បន្តថា​៖ «​វិធានការ​ហ្នឹង​ក្នុង​នាម​សង្គម​ស៊ីវិល​គឺ​យើង​គាំទ្រ ប៉ុន្ដែ​អ្វីដែល​សំខាន់​នោះ​គឺ​យើង​ចង់​ឲ្យ​ធ្វើការ​ច្បាស់លាស់ ថា តើ​ពួកគាត់​ពិតជា​អ្នក​ទីទ័លក្រ​គ្មាន​ដី​ពិតប្រាកដ ឬ​ជា​ជនខិលខូច​ដើរ​ចាប់ដី​លក់​? ​បើ​ជន​ខិលខូច​ត្រូវតែ​ចាត់វិធានការ​តាមច្បាប់ ប៉ុន្ដែ​បើ​ពលរដ្ឋ​ក្រីក្រ​គួរតែ​ធ្វើ​សម្បទាន​សង្គមកិច្ច​ចែកជូន​ពួកគាត់​ប្រើប្រាស់​»​។

តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹងថា តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​ស្ថិតក្នុង​ខេត្ត​បាត់ដំបង​ ១ ​ផ្នែក និង​ខេត្ត​ប៉ៃលិន​ ១ ​ផ្នែក ដែលមាន​ផ្ទៃដី​សរុប ៦០ ០០០ ​ហិកតា​។ ​រីឯ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស មាន​ទីតាំង​ស្ថិត​នៅក្នុង​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​កោះកុង​ដែល​មាន​ផ្ទៃដី​សរុប​ ៣៣៥ ៧៥០ ​ហិកតា​៕