The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ភ្នំពេញនឹង​បញ្ចេញ​រថយន្ត​ក្រុង ​១២០ គ្រឿង ដឹក​ពលរដ្ឋ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ

អាជ្ញាធរ​ភ្នំពេញនឹង​បញ្ចេញ​រថយន្ត​ក្រុង ​១២០ គ្រឿង ដឹក​ពលរដ្ឋ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ

Content image - Phnom Penh Post
រថយន្តក្រុង​ទាំង​នេះ​ត្រូវ​បានផ្ដល់ឲ្យ​ដោយ​ប្រទេស​ជប៉ុន​ នាពេល​កន្លង​មក​​​។​ រថយន្ត​ក្រុង​១២០គ្រឿង​ត្រូវ​បានត្រៀម​សម្រាប់​ដឹកប្រ​ជាពលរដ្ឋ​ដោយមិនបង់ប្រាក់ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​។ ភ្នំពេញ ប៉ុសិ៍្ត

អាជ្ញាធរ​ភ្នំពេញនឹង​បញ្ចេញ​រថយន្ត​ក្រុង ​១២០ គ្រឿង ដឹក​ពលរដ្ឋ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ

ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​ត្រៀម​បញ្ចេញ​រថយន្ត​ក្រុង​ទាំង ១២០ ​គ្រឿង ​ដើម្បី​ដឹក​ប្រជាពលរដ្ឋ​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ កម្មករ​ សិស្ស ​និស្សិត ​ចេញពី​រាជធានី​ភ្នំពេញ​ ទៅ​កាន់​បណ្តា​ខេត្ត ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ ដោយ​ឥត​គិត​ថ្លៃ ​ចាប់​ពី​ថ្ងៃ​ទី ១២​ រហូតដល់​ថ្ងៃ​ទី ១៨​ ខែ មេសា ​ហើយ​ក៏​បាន​ប្រកាស​ប្រាប់​អ្នក​ធ្វើ​ដំណើរ​ពី​ទីតាំង​នៃ​ចំណត​នីមួយៗ​របស់​រថយន្ត​ក្រុង ទាំង​នោះ​ដែល​ត្រូវ​ចេញ​​ដំណើរ​ផង​ដែរ។

សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ៥ ​ខែ មេសា​ ផ្សាយ​ថា ​រថយន្ត​ក្រុង​ទាំង ​១២០ គ្រឿង​នេះ ​នឹង​ចេញ​ដំណើរ​ពី​ម៉ោង ​៥:៣០ នាទី​ព្រឹក ​ដូច​ជា ​ភ្នំពេញ-កណ្ដាល​-ស្វាយរៀង​ មាន​រថយន្ត​ក្រុង​ចំនួន ​៥ គ្រឿង ​ចេញ​ដំណើរ​ពី​ផ្លូវ ៦០ ​ម៉ែត្រ​ទល់​មុខ​​ក្រុមហ៊ុន ​មែរសឺដែស ​តាម​ផ្លូវ​ជាតិ​លេខ ១ ​ទៅ​ដល់​ចំណត​រថយន្ត​ទី​រួម​ខេត្ត​ស្វាយរៀង។ ភ្នំពេញ​-កណ្ដាល​-ព្រៃវែង ​មាន​រថយន្ត​ក្រុង​ចំនួន ​៥ ​គ្រឿង​ ចេញ​ដំណើរ​ពី​ផ្លូវ ៦០ ម៉ែត្រ​ដូច​គ្នា ​តាម​ផ្លូវ​ជាតិ​លេខ ១​ ទៅ​ដល់​ចំណត​រថយន្ត​ទី​រួម​ខេត្ត​ព្រៃវែង។ ភ្នំពេញ​-​កណ្ដាល​-តាកែវ ​មាន​រថយន្ត ​៥ ​គ្រឿង ​ចេញ​ដំណើរ​ពី​ផ្លូវ ​៦០ ​ម៉ែត្រ​ដែរ ​តាម​ផ្លូវ​ជាតិ​លេខ ២ ​ទៅ​ដល់​ចំណត​រង្វង់​មូល​អូរ​ចំបក់។

ភ្នំពេញ​-កែប ​មាន​រថយន្ត​ក្រុង​ចំនួន ​៥ គ្រឿង ​ចេញ​ដំណើរ​ពី​ផ្សារ​សិនជូរី​ផ្លាហ្សា​ តាម​ផ្លូវ​ជាតិ​លេខ ​៣ ​ទៅ​ដល់​សាលា​បឋម​សិក្សា​ដំណាក់​ចង្អើរ។ ភ្នំពេញ​-កំពត ​មាន​រថយន្ត​ក្រុង​ចំនួន ​៥ គ្រឿង​ ចេញ​ដំណើរ​ពី​ផ្សារ​សិនជូរី​ផ្លាហ្សា ​តាម​ផ្លូវ​ជាតិ​លេខ ៣ ​ទៅ​ដល់​ចំណត​រថយន្ត​ទី​រួម​ខេត្ត​កំពត។ ភ្នំពេញ-​កំពង់​ស្ពឺ ​មាន​រថយន្ត​ក្រុង ​៣ គ្រឿង ​ចេញ​ដំណើរ​ពី​ផ្សារ​សិនជូរី​ផ្លាហ្សា ​តាម​ផ្លូវ​ជាតិ​លេខ ​៤​ ទៅ​ដល់​ចំណត​រថយន្ត​ផ្សារ​កំពង់ស្ពឺ។ ភ្នំពេញ​-ព្រះសីហនុ ​មាន​រថយន្ត​ក្រុង ​៧ គ្រឿង ​ចេញ​ដំណើរ​ពី​ផ្សារ​សិនជូរី​ផ្លាហ្សា ​តាម​ផ្លូវ​ជាតិ​លេខ ៤ ទៅ​ដល់​វិមាន​ឯករាជ្យ​ខេត្ត​ព្រះសីហនុ។

ភ្នំពេញ​-កំពង់ឆ្នាំង ​មាន​រថយន្ត​ក្រុង ​៥ គ្រឿង ​ចេញ​ដំណើរ​ពី​សួន​ឫស្សីកែវ ​តាម​ផ្លូវ​ជាតិ​លេខ ៥ ​ទៅ​ដល់​ចំណត​រថយន្ត​ផ្សារ​លើ។ ភ្នំពេញ​-ពោធិ៍សាត់ ​មាន​រថយន្ត​ក្រុង ​១០ គ្រឿង​ ចេញ​ដំណើរ​ពី​សួន​ឫស្សីកែវ​ តាម​ផ្លូវ​ជាតិ​លេខ ៥ ​ទៅ​ដល់​ទីតាំង​បុរី​ឧកញ៉ា ​ភូ ប៉ុយ។ ភ្នំពេញ​-បាត់ដំបង​ មាន​រថយន្ត​ក្រុង ​១៥ គ្រឿង ​ចេញ​ដំណើរ​ពី​ទីតាំង ​និង​ផ្លូវ​ជា​មួយ​គ្នា​ ទៅ​ដល់​ចំណត​ផ្សារ​ប៉ុមប៉ុយ។ ភ្នំពេញ​-បន្ទាយមានជ័យ ​មាន​រថយន្ត​ក្រុង ​១៥ គ្រឿង ​ចេញ​ដំណើរ​ពី​ទីតាំង ​និង​ផ្លូវ​ដូចគ្នា​ដែរ​ ទៅ​ដល់​ចំណត​រថយន្ត​ថ្មី​ក្រុង​សេរី​សោភ័ណ។

ភ្នំពេញ​-កំពង់ធំ ​មាន​រថយន្ត​ក្រុង ៥ គ្រឿង​ ចេញ​ដំណើរ​ពី​រង្វង់មូល​ទេពមច្ឆា​នៅ​ជ្រោយចង្វារ ​តាម​ផ្លូវ​ជាតិ​លេខ ៦​ ទៅ​ដល់​ភោជនីយដ្ឋាន​ស្ទឹងសែន។ ភ្នំពេញ-​សៀមរាប ​មាន​រថយន្ត​ក្រុង​ចំនួន ​១៥ គ្រឿង ​ចេញ​ដំណើរ​ពី​រង្វង់មូល​ទេពមច្ឆា​នៅ​ជ្រោយចង្វារ ​តាមផ្លូវ​ជាតិ​លេខ ៦​ ទៅ​ដល់​ផ្លូវ ​៦០ ម៉ែត្រ​ខេត្ត​សៀមរាប។

ភ្នំពេញ​-កំពង់ចាម ​មាន​រថយន្ត​ក្រុង ​៥ គ្រឿង​ ចេញ​ដំណើរ​ពី​មុខ​រាជាយ​ស្ម័យយាន ​តាម​ផ្លូវ​ជាតិ​លេខ ៦,៧ ​ទៅ​ដល់​ចំណត​រថយន្ត​​ខេត្ត។ ភ្នំពេញ​-ត្បូងឃ្មុំ ​មាន​រថយន្ត​ក្រុង ​៥ គ្រឿង ​ចេញ​ដំណើរ​ពី​ទីតាំង​ និង​ផ្លូវ​ជាមួយ​គ្នា ​ទៅ​ដល់​ចំណត​ផ្សារ​សួង។ ភ្នំពេញ-ក្រចេះ​ មាន​រថយន្ត​ក្រុង​ចំនួន ​៥ គ្រឿង​ ចេញ​ដំណើរ​ពី​មុខ​រាជាយ​ស្ម័យយាន ​តាម​ផ្លូវ​ជាតិ​លេខ ​៦,៨ ​ទៅ​ដល់​រង្វង់​មូល​ព្រាបស​ និង​ភ្នំពេញ​-ស្ទឹងត្រែង ​មាន​រថយន្ត​ក្រុង ​៥ គ្រឿង ​ចេញ​ដំណើរ​ពី​ទីតាំង ​និង​ផ្លូវ​ដូច​គ្នា​ដែរ​ ទៅ​ដល់​ចំណត​រថយន្ត​ស្ទឹងត្រែង។

ជាមួយ​គ្នា​នេះ​ រថយន្ត ​១១៥ ​គ្រឿង​ផ្សេង​ទៀត​ រួម​ទាំង​កាណូត​ដឹក​អ្នក​ដំណើរ ​៤ គ្រឿង​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ដឹក​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​រយៈពេល ​៧ ថ្ងៃ​ដូចគ្នា ​ដោយ​មិន​គិត​ថ្លៃ។

Content image - Phnom Penh Post
រថយន្តក្រុងរាជធានីភ្នំពេញត្រៀមដឹកពលរដ្ឋក្នុងថ្ងៃបុណ្យ​​ចូលឆ្នាំ។ ភ្នំពេញ ប៉ុសិ៍្ត

ទោះ​ជា​យ៉ាង​ណា​ លោក ដូស សារ័ត្ន ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ​និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ថា ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ ​លោក​សម្រេច​ចិត្ត​មិន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ដែល​ដឹក​មិន​យក​លុយ​នោះ​ឡើយ​ ដោយសារ​ជា​រៀងរាល់​ឆ្នាំ ​លោក​តែង​មាន​ទម្លាប់​ជិះ​ម៉ូតូ។ ​ម្យ៉ាង​ទៀត ​លោក​ព្រួយ​បារម្ភ ​ចំពោះ​ការ​ទុក​ចោល​ម៉ូតូ​ក្នុង​ផ្ទះជួល ​ដែល​លោក​​មិន​បាន​នៅ​មើល​ថែរក្សា។

លោក​និយាយ​ថា​៖ «បើសិន​ជា​គ្មាន​ម៉ូតូ​ខ្ញុំ​នឹង​ជិះ ​(ឡានក្រុង) ​តែ​ជា​ទូទៅ​មាន​ម៉ូតូ​ជិះ​អ៊ីចឹង ​គឺ​ជិះ​ម៉ូតូ​ហើយ»។

ប៉ុន្តែ​យុវជន​ម្នាក់​ទៀត​ឈ្មោះ ​ម៉ាន បញ្ញា ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ​ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ​លើក​ឡើង​ថា​ ដោយ​គិត​ឃើញ​ពី​ការ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ច្រើន​នៅ​ក្នុង​ពិធី​បុណ្យ​ទាន​ ដូច្នោះ ​លោក​បាន​គិត​ថា ​នឹង​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​តាម​រយៈ​រថយន្ត​ក្រុង​មិន​អស់​លុយ​របស់​សាលា​រាជធានី​ភ្នំពេញ។

លោក​និយាយ​ថា​៖ «(រថយន្ត​ក្រុង) ​មាន​សុវត្ថិភាព​ អត់​ហុយ ​អត់​​ក្ដៅ​ សន្សំ​សំចៃ ​ហើយ​ថែម​ទាំង​សប្បាយ​បាន​ជិះ​គ្នា​ច្រើន។ ព្រោះ​ឥឡូវ​ឡាន​ច្រើន ​ហើយ​អ្នក​បើកបរ​ស្រវឹង​ និង​មិន​សូវ​គោរព​ច្បាប់​ចរាចរណ៍​ ហើយ​បើកបរ​ហួស​ល្បឿន​កំណត់»។

ការ​ដាក់​ឱ្យ​ដំណើរការ​រថយន្ត​ក្រុង​ដឹក​ពលរដ្ឋ​មិន​យក​កម្រៃ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ដោយសារ​លោក​មិន​អាច​ហាម​ឃាត់​កុំ​ឱ្យ​ក្រុម​អ្នក​រត់​រថយន្ត​ឈ្នួល​ដំឡើង​ថ្លៃ​បាន​ នៅ​ក្នុង​ពិធី​បុណ្យ​ទាន​ម្ដងៗ។

លោក ​ហ៊ុន សែន ​បញ្ជាក់​ថា​៖ ​«ព្រោះ​ខ្ញុំ​មិន​ចង់​និយាយ​បញ្ហា​ច្រំ​ដែល​ជា​មួយ​ម្ចាស់​រថយន្ត ​(ឈ្នួល) ​ទៀត​ទេ​ ដែល​កាល​មុន​នេះ ​គឺ​ប៉ុន្មាន​ឆ្នាំ​ហើយ ​ដែល​ខ្ញុំ​បាន​អំពាវនាវ​ឱ្យ​ពួកគេ​កុំ​ដំឡើង​ថ្លៃ​ ក្នុង​ពេល​ចូលឆ្នាំ​និង​ពេល​ភ្ជុំ ​ក៏​ប៉ុន្តែ​មួយ​ចំនួន​ក៏​បាន​ស្ដាប់ ​តែ​មួយ​ចំនួន​មិន​បាន​ស្ដាប់​ទេ ​ដូច្នេះ​ហើយ​ដែល​យើង​ត្រូវ​បញ្ចេញ​រថយន្ត​របស់​យើង​តែ​ម្ដង»។

ចំពោះ​លោក ​សន ពិសី ​ជា​អ្នក​រត់​តាក់ស៊ី​រថយន្ត​តូច​ពី​ភ្នំពេញ-​ព្រៃវែង​ បាន​និយាយ​ថា ​ទោះ​ជា​សាលា​ក្រុង​មាន​រថយន្ត​ក្រុង​ដឹក​ពលរដ្ឋ​ទៅ​ស្រុក​មិន​យក​លុយ​អំឡុង​ពេល​ចូល​ឆ្នាំ​ ប៉ុន្តែ​លោក​មិន​បាន​ព្រួយ​បារម្ភ​ខ្លាច​គ្មាន​អ្នក​ជិះ​រថយន្ត​របស់​លោក​ឡើយ ​ព្រោះ​លោក​ថា​ អ្នក​ដំណើរ​នៅ​តែ​ជ្រើសរើស​រថយន្ត​ឈ្នួល​ដែល​អាច​ដឹក​ពួក​គាត់​រហូត​ទៅ​ដល់​ផ្ទះ ​ប៉ុន្តែ​រថយន្ត​ក្រុង​វិញ ​ដឹក​អ្នក​ដំណើរ​ដល់​ត្រឹម​ចំណត​ប៉ុណ្ណោះ។

លោក​ថា​៖ «កាល​ណា​ពួក​គាត់ ​(អ្នកដំណើរ) ​ជិះ​រថយន្ត​ក្រុង​ហ្នឹង ​ហើយ​គេ​ដឹក​ដាក់​ត្រឹម​ចំណត ​អ៊ីចឹង​ពួក​គេ​ត្រូវ​ជិះ​ម៉ូតូ​ឌុប ​ឬ​រ៉ឺម៉ក​បន្ថែម​ដើម្បី​ទៅផ្ទះ​ អ៊ីចឹង​អស់​លុយ​ដដែល​ និង​ចំណាយ​ពេល​យូរ​ទៀត។ ប៉ុន្តែ​បើ​ពួក​គេ​ជិះ​ឡាន​ឈ្នួល​វិញ វា​លឿន​ជាង ​ដោយ​ពួក​យើង​ដឹក​ពួក​គាត់​រហូត​ដល់​ផ្ទះ»។

ជាមួយ​គ្នា​នេះ ​លោក ​ហង្ស កុសល ​អ្នក​រត់​តាក់ស៊ី​ប្រភេទ​រថយន្ត​កៅអី ១២ ​អស់​រយៈពេល ​១១ ឆ្នាំ​ម្នាក់ ​បាន​លើក​ឡើង​ដូច​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ​ពិសី ​ដែរ ​ចំពោះ​មូលហេតុ​ដែល​អ្នក​ដំណើរ​នៅ​តែ​ជ្រើសរើស​រថយន្ត​ឈ្នួល។ លើស​ពី​នេះ ​លោក​បន្ថែម​ថា​ អ្នក​រត់​រថយន្ត​ឈ្នួល​ទាំង​អស់ ​នឹង​ដំឡើង​ថ្លៃ​ដឹក​នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​នេះ។

លោក​បន្ត​ថា​៖ «នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ ​នឹង​ដំឡើង​ថ្លៃ​ពី ១ ម៉ឺន​រៀល ​ទៅដល់ ​១ ម៉ឺន ៥ ពាន់​រៀល ​ដោយសារ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ ​មាន​តែ​អ្នក​ដំណើរ​ចេញ​ពី​ភ្នំពេញ ​ប៉ុន្តែ​នៅ​ពេល​ចេញ​ពី​ខេត្ត​ព្រៃវែង​មកវិញ ​គឺ​គ្មាន​អ្នក​ដំណើរ​ឡើយ ​ដូច្នោះ​ពួក​ខ្ញុំ​ត្រូវ​ដំឡើង​ថ្លៃ»។

កាល​ពី​ថ្ងៃ​ទី​ ៣ ​ខែ មេសា​នេះ ​លោក​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ក៏​បាន​ចេញ​សេចក្ដី​ណែនាំ ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​នេះ ​ដោយ​លោក​បាន​អំពាវនាវ​ទៅ​កាន់​ពលរដ្ឋ​ចំនួន ​១១ ចំណុច ​ដូចជា ​ត្រូវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច​មុន​បើកបរ​ មិន​ត្រូវ​ផ្ទុក​អ្នក​ដំណើរ ​ឬ​ទំនិញ​លើស​ច្បាប់​កំណត់​ ត្រូវ​ពាក់​មួក​សុវត្ថិភាព​ជានិច្ច​ត្រូវ​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​ជានិច្ច ​ត្រូវ​គោរព​សិទ្ធិ​អាទិភាព​ គោរព​សញ្ញា​ចរាចរណ៍​ និង​ប្រកាន់​ស្ដាំ​ជានិច្ច ​មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ​មិនត្រូវ​បត់​ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ​ឬ​ធ្វេស​ប្រហែស​ មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ងងុយ​ដេក​ដាច់​ខាត​ ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ និង​ប្រកប​ដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ ​និង​ហាម​ការ​បាច​ទឹក​លើ​អ្នក​ដំណើរ​តាម​ដង​ផ្លូវ៕

អត្ថបទគួរចាប់អារម្មណ៍