ភ្នំពេញៈ អាជ្ញាធរមីន បានចេញសេចក្តីប្រកាសព័ត៌មានមួយថា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាមទាំងអស់នៅក្នុងប្រទេសកម្ពុជាមិនថា គ្រាប់ចាស់ ឬគ្រាប់ថ្មីនោះទេ គឺនៅមានសុពលភាពដែលអាចធ្វើឲ្យផ្ទុះបណ្តាលឲ្យស្លាប់ និងរបួសគ្រប់ពេលវេលា គឺមិនដូចទៅនឹងការលើកឡើងថ្មីៗនេះ ដែលថាគ្រាប់មីននៅកម្ពុជាបានស្អុយអស់នោះឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនដែលធ្វើឡើងកាលពីថ្ងៃទី ១៩ ខែឧសភានេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងឱកាសបិទសន្និបាតជាតិវិស័យសកម្មភាពមីន និងប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០២៥ កាលពីថ្ងៃទី ១៧ ខែឧសភាដែលលោកនាយករដ្ឋមន្ត្រីបានទាមទារឱ្យមានការពន្យល់ឲ្យបានច្បាស់ ចំពោះការលើកឡើងដែលថាគ្រាប់មីននៅក្នុងប្រទេសកម្ពុជាស្អុយអស់ហើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនបានគូសបញ្ជាក់ថាចំពោះព័ត៌មានដែលលើកឡើងកាលពីពេលថ្មីៗនេះថា «គ្រាប់មីនទាំងអស់នៅកម្ពុជាបានស្អុយ និងខូចគុណភាពទាំងអស់នោះ» អាជ្ញាធរមីនបានធ្វើការពិនិត្យ និងស្រាវជ្រាវជាបន្ទាន់ដោយហ្មត់ចត់ហើយបានរកឃើញថា ក្នុងរយៈពេល ២ ថ្ងៃដែលអង្គសន្និបាតជាតិវិស័យសកម្មភាពមីន (១៦-១៧ ឧសភា ២០១៨) នៅវិមានសន្តិភាពពុំមានវាគ្មិន និងអង្គការជាតិ អន្តរជាតិណាលើកឡើងថា «គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាមទាំងអស់ ស្អុយ និងខូចគុណភាព» ឡើយ។
សេចក្តីប្រកាសនេះបញ្ជាក់ថា៖ «ផ្ទុយទៅវិញវាគ្មិនទាំងអស់បានប្រើប្រាស់ចំណេះជំនាញដោយសា្មរតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ហាញជូនអង្គសន្និបាតនូវបទពិសោធ និងបច្ចេកទេសល្អៗលើកិច្ចការងារបោសសម្អាតមីនរយៈពេល ២៥ ឆ្នាំកន្លងមក និងរួមគ្នាខិតខំរិះរកគ្រប់យុទ្ធសាស្ត្រ វិធីសាស្ត្រ និងមធ្យោបាយដើម្បីអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីន ឆ្នាំ ២០២៥...»។
សេចក្តីប្រកាសព័ត៌មានដដែលនេះបន្តថាជាថ្មីម្តងទៀតអាជ្ញាធរមីនដែលជាសេនាធិការរាជរដ្ឋាភិបាលក្នុងការដឹកនាំសម្របសម្រួល និងគ្រប់គ្រងការងារវិស័យសកម្មភាពមីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមស្នើសុំប្រតិបត្តិករ អង្គការជាតិអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់បន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធគឺត្រូវរាយការណ៍មកអាជ្ញាធរមីន មុនធ្វើការផ្សព្វផ្សាយនូវព័ត៌មានដែលធ្វើឲ្យប៉ះពាល់ និងបណ្តាលឲ្យមានការយល់ច្រឡំដល់ប្រជាពលរដ្ឋ។
នៅចុងបញ្ចប់នៃសេចក្តីប្រកាសព័ត៌មាននេះបានគូសបញ្ជាក់ថា៖ «ក្នុងនាមសម្តេចនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន យើងខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជូនចំពោះប្រតិបត្តិករជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលក្នុងវិស័យសកម្មភាពមីននៅកម្ពុជា»។
នៅក្នុងការបិទបញ្ចប់សន្និបាតមីនកាលពីថ្ងៃទី ១៧ ខែឧសភាលោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់អ្នកចូលរួមដែលមានទាំងភ្ញៀវអន្តរជាតិក្នុងនោះមានដូចជាអគ្គរាជទូត និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនានាដែលធ្វើការក្នុងការផ្តល់ជំនួយបច្ចេកទេសដោះមីន និងជំនួយហិរញ្ញវត្ថុថាលោកបានមើលសារព័ត៌មានថា មានប្រតិកម្មពីអគ្គនាយកអង្គការស៊ីម៉ាក់ជាមួយការលើកឡើងដែលថា «គ្រាប់មីននៅកម្ពុជាវាស្អុយអស់ហើយ»។
លោកនាយករដ្ឋមន្ត្រីលើកឡើងថាសព្វថ្ងៃនេះមានការបង្ការខ្លាំងណាស់ ដើម្បីឲ្យពលរដ្ឋកម្ពុជា កុមារកម្ពុជា សូម្បីតែរើសគ្រាប់ដែលមានការសង្ស័យក៏មិនឲ្យប៉ះពាល់ផង ហើយនៅតំបន់ដែលមានមីនគឺត្រូវបានដោតសញ្ញាហាមឃាត់មិនឲ្យប្រជាជនចូលទៅកាន់ទីនោះទេ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «បើនៅតែមានការបកស្រាយបែបនេះខ្ញុំក៏សូមអញ្ជើញអ្នកបកស្រាយទាំងនោះរួមគ្នាជាមួយអ្នកដែលគាំទ្រការបកស្រាយដែលថាគ្រាប់មីនស្អុយ សូមធ្វើដំណើរចូលទៅកន្លែងមីនសាកល្បងខ្លួនឯងទៅ ការបកស្រាយបែបនេះនឹងធ្វើឱ្យប្រជាជនកម្ពុជាបាត់បង់ការប្រុងប្រយ័ត្ន ក្នុងពេលដែលយើងកំពុងឃោសនាដាក់នូវវិធានការទាំងឡាយពាក់ព័ន្ធនឹងបម្រាមដាក់ជារូប ដាក់ជាសញ្ញាបញ្ជាក់ថាតំបន់សង្ស័យថាមានមីន»។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ មិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ ប៉ុន្តែលោកបានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ១៦ ខែឧសភាថា លោកតែងតែឮមេដឹកនាំ NGO ដោះមីនបរទេសខ្លះនៅកម្ពុជា និយាយរិះគន់ វាយប្រហារយន្តការរៀបចំផែនការដោះមីនរបស់រាជរដ្ឋាភិបាលដែលមិនសមតាមចិត្តរបស់ពួកគេ និងបានបញ្ជាក់ថា «គ្រាប់មីននៅស្រុកខែ្មរស្អុយ ខូចគុណភាពអស់ហើយ! តែឃើញមុខពួកនេះដដែលៗនៅតែមកធ្វើការនៅស្រុកខែ្មរ!»។
លោក រតនា បានសរសេរដោយមិនបានបញ្ចេញឈ្មោះមេដឹកនាំអង្គការទាំងនោះថា៖ «ការវាយប្រហារនេះមានចរិតជាយុទ្ធសាស្ត្រ និងច្រើនលើកមកហើយ ជាពិសេសនៅវេទិកាអន្តរជាតិ! បើគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះវាស្អុយអស់ហើយ ពួកវាចាំបាច់បើក NGO នោះធ្វើស្អី? តើហេតុស្អីឈាមប្រជាជនខែ្មរនៅតែហូរដោយគ្រាប់មីន និងគ្រាប់ទាំងនោះ! បើវាស្អុយហេតុអីក្នុងឆ្នាំ ២០១៧ កន្លងមកមានគ្រាប់មីនផ្ទុះរបួសស្លាប់អ្នកដោះមីនជាកូនខែ្មរ ក្នុងអង្គការរបស់វានោះអស់ ៤-៥ នាក់ ក្នុង ២-៣ ករណីផ្សេងគ្នាមិនទាន់ស៊ើបអង្កេត និងដោះស្រាយឱ្យបានសមស្របផង»។
លោក រតនា បានសរសេរទៀតថា លោកសូមឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ និងចាត់វិធានការសមស្របចំពោះបុគ្គលបរទេសបែបនេះ។ «ព្រោះវានាំដល់ការបំផ្លាញគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយសារបែបនេះបង្កការយល់ច្រឡំអំពីកម្រិតហានិភ័យដែលងាយបង្កគ្រោះថ្នាក់ដល់អ្នកដោះមីនផងដល់ប្រជាពលរដ្ឋខែ្មរ និងបំពុលដៃគូអភិវឌ្ឍន៍ផងដែរ។ តើពួកគេអាចដឹកនាំអង្គការដោះមីននោះបានឬទេ បើគេយល់ថាគ្រាប់មីន និងគ្រាប់ទាំងនោះវាស្អុយអស់ទៅហើយនោះ ឬក៏មានបំណងផ្សេងទៀត?»៕