ភ្នំពេញ៖ គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​ចំនួន​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ពេល​ និង​ក្រោយ​ពេល​ទឹក​ជំនន់ ដោយសារ​ការ​ហូរ​ច្រោះ​ដី ​រសាត់​មក​ពី​តំបន់​ ដែល​មាន​មីន​ប្រឆាំង​មនុស្ស​ មីន​ប្រឆាំង​រថក្រោះ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​ច្រើន​ប្រភេទ​។ ក្រោយ​ពី​ឃើញ​គ្រាប់​បែប​នេះ ​អាជ្ញាធរ​មីន​ប្រាប់​គ្រប់​ប្រតិបត្តិករ​ឱ្យ​មាន​វិធានការ​ទប់ស្កាត់​គ្រោះ​ថ្នាក់​។

លោក ​លី ធុជ ​ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​អនុប្រធាន​ទី១​ នៃ​អាជ្ញាធរ​មីន​បាន​ធ្វើ​ការ​ណែនាំ​ស្តីពី​ការ​ពង្រឹង​វិធានការ​ការពារ ​និង​ទប់ស្កាត់​គ្រោះ​ថ្នាក់​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្នុង​ពេល និង​ក្រោយ​ពេល​គ្រោះ​ទឹក​ជំនន់។ ដើម្បី​ទប់ស្កាត់​បាន​នូវ​គ្រោះថ្នាក់ ​ដោយសារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​ក្នុង​ពេល ​និង​ក្រោយ​ពេល​គ្រោះ​ទឹក​ជំនន់​ លោក ​លី ធុជ ​បាន​ណែនាំ​​ដល់​គ្រប់​គណៈកម្មាធិការ​សកម្មភាព​មីន​ខេត្ត​ គ្រប់​ប្រតិបត្តិករ​​អប់រំ​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យ​ពង្រឹង​នូវ​វិធានការ​ការពារ ​និង​ទប់ស្កាត់​គ្រោះ​ថ្នាក់​នេះ។

លោក​ថ្លែង​តាមរយៈ​សេចក្តី​ណែនាំ​នេះ​ថា​៖ «គ្រប់​ប្រតិបត្តិករ ​និង​អង្គ​ការ​ពាក់ព័ន្ធ ​ត្រូវ​ចូលរួម​សហការ​ដោយ​បន្ត​តាម​ដាន​ជា​ប្រចាំ​នៅ​តាម​ទីទួល​សុវត្ថិភាព ​និង​កន្លែង​ទំនាប​នានា ​ដែល​ប្រជាពលរដ្ឋ​ស្នាក់នៅ​ និង​ឆ្លង​កាត់ ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដោយសារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម»។

បើ​តាម​សេចក្តី​ណែនាំ​នោះ ​លោក​​ប្រាប់​ឱ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​ប្រចាំ​ដល់​ប្រជាពលរដ្ឋ ​សិស្សានុសិស្ស ​កុមារា​-កុមារី ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​គ្រោះថ្នាក់​ដោយសារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។ ពេល​ប្រទះ​ឃើញ​ គ្រាប់​ទាំងនោះ ​សូម​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ​មេភូមិ ​មេឃុំ ​ឬ​ប្រតិបត្តិករ​បោស​សម្អាត​មីន​ដែល​នៅ​ទីនោះ​ជា​បន្ទាន់ ​ដើម្បី​យក​គ្រាប់​ទាំង​នោះ​ទៅ​កម្ទេច​ចោល។

លោក​ លី ធុជ ​បន្ថែម​ទៀត​ថា​៖​ «​ត្រូវ​រៀបចំ​ខ្លឹមសារ​ផ្សព្វផ្សាយ ​និង​ផលិត​ជា​សម្ភារ​អប់រំ​សម្រាប់​ផ្តល់ជូន​ភ្នាក់ងារ​អប់រំ​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​បណ្តាញ​មីន​ស្ម័គ្រ​ចិត្ត​សហគមន៍​ លោក​គ្រូ ​អ្នកគ្រូ ​ដើម្បី​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ការ​អប់រំ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ ​និង​សិស្សានុសិស្ស​ក្នុង​តំបន់​រងគ្រោះ​ ដោយសារ​ទឹក​ជំនន់»។

លោក​ថា​ ត្រូវ​ធ្វើការ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេល​វេលា​ក្នុង​ការ​ប្រមូល​​យក​ទៅ​កម្ទេច​ចោល​នូវ​មីន ​និង​សំណល់ ​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​។ រៀបចំ​ដាក់​ស្លាក​សញ្ញា​សម្គាល់​ជា​បន្ទាន់​នៅ​តាម​តំបន់​សង្ស័យ​មាន​មីន ​និង​គ្រោះថ្នាក់​ដោយសារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដែល​អាច​ហូរ​តាម​ទឹក​ និង​ដី​ល្បាប់ ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ស្នាក់នៅ ​ឬ​ឆ្លង​កាត់។

លោក​ទេសរដ្ឋមន្ត្រី ​ក៏​បាន​ប្រាប់​មន្រ្តី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ចុះ​អប់រំ ​ពី​គ្រោះ​ថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ដល់​ប្រជាពល​រដ្ឋ ​ដែល​កំពុង​ស្នាក់នៅ​បណ្តោះ​អាសន្ន ​តាម​ទី​ទួល​សុវត្ថិភាព​នានា ​ក៏​ដូច​ជា​តំបន់​ដទៃ​ទៀត។ ធ្វើ​យ៉ាងណា​កុំឱ្យ​ពលរដ្ឋ​រងគ្រោះ​ថ្នាក់​ដោយសារ​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្នុង​ពេល និង​ក្រោយ​ពេល​គ្រោះ​ទឹក​ជំនន់។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មីន​កាល​ពី​ថ្ងៃទី ១ ​តុលា​ គឺ​ក្នុង​រយៈពេល ​៩ ខែ ​ឆ្នាំ ​២០២០ មាន​មនុស្ស​ចំនួន ​៥៥ នាក់​ រងគ្រោះ​​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ។

របាយការណ៍​នេះ​ឱ្យ​ដឹង​ថា ​ចាប់​ពី​ខែ​មករា​ ដល់​ ខែកញ្ញា ​ឆ្នាំ ​២០២០ ​មាន​ជន​រងគ្រោះ​ចំនួន ​៥៥ នាក់ ​ក្នុង​នោះ​រងគ្រោះ​ដោយសារ​មីន​ប្រឆាំង​មនុស្ស​ចំនួន ​១៤ នាក់​ មីន​តោន​ចំនួន ​៩ នាក់​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ចំនួន ​៣២ នាក់ ​ដោយ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ​១៦ នាក់។

តួលេខ​នេះ​មាន​ការ​ថយចុះ ​១៧ ​​ភាគរយ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០១៩ ​ដែល​មាន​ជន​រងគ្រោះ​ចំនួន ​៦៦ នាក់។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ដែរ​ថា ​ខេត្ត​ដែល​មាន​ជន​រងគ្រោះ​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​នេះ ​មាន​ក្នុង​ខេត្ត​បាត់ដំបង ​ពោធិ៍សាត់ ​ព្រះវិហារ ​បន្ទាយមានជ័យ ​ខេត្តកំពង់ធំ​ ក្រចេះ​ ប៉ៃលិន​ ត្បូងឃ្មុំ​ ឧត្តរមានជ័យ​ មណ្ឌលគិរី​ ស្ទឹងត្រែង ​និង​ខេត្ត​កណ្តាល៕