កំពង់ឆ្នាំងៈ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានណែនាំនូវការពង្រឹងវិធានការមួយចំនួនទៅដល់អាជ្ញាធរមូលដ្ឋានឱ្យធ្វើការណែនំាទៅដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ មិនគួរឱ្យសមាជិកត្រលប់មកផ្ទះទេ ដោយប្តូការសួរសុខទុក្ខគ្នាតាមប្រព័ន្ធអនឡាញជំនួសការជួបផ្ទាល់វិញ ដើម្បីទប់ស្កាត់និងការពារពីការឆ្លងរាលដាលជំងឺកូវីដ ១៩។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អាជ្ញាធរឃុំ សង្កាត់ ភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ត្រូវធ្វើបញ្ជីគ្រប់គ្រងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ថាតើគ្រួសារនីមួយៗ មានសមាជិកស្នាក់នៅអចិន្ត្រៃយ៍ប៉ុន្មាននាក់? សមាជិកចេញទៅធ្វើការឆ្ងាយប៉ុន្មាននាក់? នៅកន្លែងណាខ្លះ? ពិសេសត្រូវស្រាវជ្រាវអ្នកដែលទៅធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ជំងឺកូវីដ ១៩ ។
លោកបានបន្ថែមថា៖ «ការក្តាប់ និងគ្រប់គ្រងសមាជិកគ្រប់ៗគ្រួសារ ដើម្បីណែនាំពួកគាត់គួរកុំឱ្យត្រឡប់មកផ្ទះ គួរសួរសុខទុក្ខគ្នាតាមអនឡាញ (តាមប្រព័ន្ធអេឡិចត្រូនិច) ប៉ុន្តែប្រសិនបើពួកគាត់មកដល់ភ្លាម ត្រូវគ្រប់គ្រងនិងដាក់ឱ្យធ្វើចត្តាឡីស័ក (១៤ ថ្ងៃ) ព្រមទាំងរាយការណ៍មកគ្រូពេទ្យ ដើម្បីយកសំណាកទៅធ្វើតេស្ត»។
លោកអភិបាលខេត្តរូបនេះបញ្ជាក់ថា ករណីមានបុគ្គលមិនព្រមធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមការណែនាំ អាជ្ញាធរមូលដ្ឋានមានភារកិច្ចអនុវត្តន៍នូវវិធានការរដ្ឋបាលស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
លោក ឈួរ ច័ន្ទឌឿន បានលើកឡើងថា៖ «គួរពុំចាំបាច់អញ្ជើញមកស្រុកកំណើតទេឆ្នាំនេះ ដោយធ្វើបុណ្យទានតាមវិធីផ្សេងៗដូចជា ផ្ញើថវិកាឱ្យសាច់ញាតិក្នុងភូមិធ្វើបុណ្យជំនួសជាដើម ហើយត្រូវណែនាំឱ្យពួកគាត់ធ្វើបុណ្យទាននៅវត្តជិតផ្ទះបានហើយ»។
ក្នុងករណីមានប្រជាពលរដ្ឋនៅក្រៅមូលដ្ឋាន ដែលបានចូលមកដល់មូលដ្ឋានជាកង ឬក្រុម ឬជាបុគ្គលក្នុងគោលដៅដើរទេសចរណ៍កំសាន្ត ឬមកធ្វើបុណ្យចូលឆ្នាំ អាជ្ញាធរ និងសមត្ថកិច្ចនៅកន្លែងនោះត្រូវគ្រប់គ្រងភ្លាមដោយធ្វើសម្ភាសន៍ពីទីកន្លែងរស់នៅ និងទីកន្លែងដែលគាត់ទៅដល់ និងចាត់បញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត តែក្នុងករណីរឹងទទឹងត្រូវអនុវត្តន៍នូវវិធានការច្បាប់ ស្របតាមនីតិវិធី។ នេះបើតាមលោក ឈួរ ច័ន្ទឌឿន។
មួយវិញទៀត លោកអភិបាលខេត្តក៏បានហាមការលក់គ្រឿងស្រវឹងគ្រប់ប្រភេទជាដាច់ខាតផងដែរ ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។
លោក ឈួរ ច័ន្ទឌឿន បានណែនាំទៅដល់អាជ្ញាធរ ត្រូវពង្រឹងរៀបចំមណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យត្រៀមព្យាបាលជំងឺកូវីដ ១៩ របស់ខេត្តឱ្យបានល្អ ដោយមានអ្នកប្រចាំការ ២៤ ម៉ោង អ្នកយាមការពារ សន្តិសុខហ្មត់ចត់ និងត្រៀមឆ្លើយតបឱ្យបានល្អគ្រប់យថាហេតុ៕