ព្រៃវែងៈ អាជ្ញាធរខេត្ត​ព្រៃវែង​បានទទួល​សំណើ​របស់​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹកស្រូវ​តាម​ច្រកព្រំដែន​អន្តរជាតិ-បន្ទាយចក្រី ដើម្បី​ពិនិត្យ​លទ្ធភាព​ដោះស្រាយ បន្ទាប់ពី​ក្រុម​​អាជីវករ​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ច្រកព្រំដែន​នេះ ហើយ​បានស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​ឲ្យ​មាន​បេន​លក់​ស្រូវ​នៅ​ខាង​ទឹកដី​ខ្មែរ ដើម្បី​កាត់បន្ថយ​ការចំណាយ​។

ក្រុមអាជីវករ​ដែល​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃទី​ ៦ ​មីនា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា កាលពី​មិនទាន់​ផ្ទុះ​កើត​ជំងឺ​កូវីដ​១៩ ឈ្មួញ​វៀតណាម​បាន​បើកទូក​ចូលមក​ទិញស្រូវ​ពី​ខ្មែរ​ដល់​មាត់ទឹក​ព្រំដែន​ខាង​ខ្មែរ ខណៈ​ម្ចាស់​បេន​ខាង​ខ្មែរ​ជា​អ្នករៀបចំ រីឯ​ពួកគាត់​ដែលជា​អាជីវករ​ដើរ​ទិញស្រូវ​ពី​តាម​បណ្តា​ស្រុក ខេត្ត​ផ្សេង​។

ក្រុមអាជីវករ​ទាំងនោះ​បាន​ថ្លែងថា ពេល​ដឹក​មកដល់​មាត់ច្រក​គ្រាន់តែ​ចរចា​តម្លៃ​ត្រូវរ៉ូវ​គ្នា ហើយក៏​ទម្លាក់​ស្រូវ​ពី​រថយន្ត​ចូល​ទូក​ភ្លាមៗ ហើយ​បើ​មិនត្រូវ​ថ្លៃ​គ្នា​ទេ ក៏​អាច​ដឹកស្រូវ​ទៅ​លក់​នៅ​កន្លែង​ផ្សេង​បានដែរ គឺ​ងាយស្រួល​ខ្លាំងណាស់​។

ប៉ុន្តែ​ពួកគេ​អះអាងថា បច្ចុប្បន្ន​ការដឹក​អង្ករ​ទៅ​លក់​នៅ​វៀតណាម​គឺ​ខុសគ្នា​ដាច់ស្រឡះ​ព្រោះ​​ត្រូវ​បើករថយន្ត​ឆ្លង​ព្រំដែន ចូលទៅ​ទម្លាក់​ស្រូវ​ក្នុង​បេន​ខាង​ដី​វៀតណាម​។ ​លុះ​ពេលទៅដល់​បើ​ទោះ​តម្លៃថោក​យ៉ាងណា​ក៏​ត្រូវតែ​បង្ខំចិត្ត​លក់​ឲ្យ​គេ​ដែរ​។

ក្រុមអាជីវករ​បានបញ្ជាក់​ថា​៖ «​បើ​មិន​លក់​គ្មាន​លុយ​បង់ថ្លៃ​សេវា​បេន​ឲ្យ​គេ​ទេ ហើយ​រឿង​ដែល​សំខាន់​នោះ គឺ​ពេល​ឆ្លង​ព្រំដែន​ចូល​ដី​គេ​ម្តងៗ​ពួកគាត់​បារម្ភ​ខ្លាំងណាស់​គឺ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩​។ ម្យ៉ាងទៀត កម្មករ​វៀតណាម​ដែល​ចាក់​ស្រូវ​ចូលក្នុង​ទូក​គឺ​ចាក់​ស្រូវ​អត់​អស់ពី​បាវ​នោះទេ ដែល​នាំឲ្យ​បាត់​ភ្នែក​គីឡូ ដោយសារ​សមត្ថកិច្ច​វៀតណាម​​អនុញ្ញាត​ឲ្យ​តែ​តៃកុង​ឡាន​មួយគត់​ចូលក្នុង​ទឹកដី​របស់គេ ហើយ​ការចំណាយ​ទាំង​ភាគី​ខ្មែរ និង​វៀតណាម​អស់​ប្រមាណ​ ១០ ​ម៉ឺន​រៀល​ក្នុង​ ១ ​រថយន្ត​»​។

បើតាម​ក្រុមអាជីវករ​ស្រូវ​ដែល​លក់​នៅ​ច្រក​បន្ទាយ​ចក្រី​នេះ ភាគច្រើន​នាំមក​ពី​​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ដែល​ពួកគេ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ដែល​ចង់ឱ្យ​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ខេត្តព្រៃវែង ជួយ​សម្របសម្រួល​ឱ្យ​ឈ្មួញ​វៀតណាម​ឆ្លងដែន​ចូលមក​ទិញស្រូវ​នៅត្រឹម​បេន​ក្នុង​ទឹកដី​ខ្មែរ​វិញ​។

យ៉ាងណា លោក​ ឈាង សុវណ្ណារ៉ា អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តព្រៃវែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា អាជ្ញាធរខេត្ត​នឹង​ពិនិត្យ​លើ​សំណើ​ទាំងនេះ​។ ​ប៉ុន្តែ​លោក​ថា​លទ្ធផល​យ៉ាងណា​នោះ​រង់ចាំ​ការពិនិត្យ​ និង​ដោះស្រាយ​បន្តទៀត​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុង​រវល់​ការងារ​ធំៗ​មួយចំនួន​នៅក្នុង​ថ្នាក់​ខេត្ត​។ ​សំណើ​​នេះ​យើង​ទទួល​សិន រង់ចាំ​ការដោះស្រាយ នៅពេល​ក្រោយ​»​។

លោក​ ខៀវ ហ៊ាន ប្រធាន​ច្រកទ្វារ​អន្តោប្រវេសន៍​ព្រំដែន​អន្តរជាតិ​បន្ទាយចក្រី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រុម​អាជីវករ​រកស៊ី​ដឹកស្រូវ ពិតជា​បាន​ប្រមូលផ្តុំ​គ្នា​ស្នើឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​ដូច្នេះ​មែន​។ ​ប៉ុន្តែ​លោក​ថា ក្នុងនាម​ប្រធាន​ច្រកទ្វារ​អន្តោប្រវេសន៍​ព្រំដែន លោក​បាន​សម្រួល​គ្រប់​នីតិវិធី​ដើម្បីឱ្យ​ផលិតផល​ជា​អាទិភាព​អាច​នាំ​ចូលទៅ​វៀតណាម​បាន​ទាន់ពេល​។ ​តែ​ការស្នើ​ឱ្យមាន​បេន​ស្រូវ​នៅក្នុង​ទឹកដី​ខ្មែរ​គឺ​ហួស​ដែន​សមត្ថកិច្ច​របស់លោក​ហើយ​។

លោក​ថា​៖ «​សម្រាប់​កិច្ចការ​ខ្ញុំ គឺ​ធ្វើ​យ៉ាងណា​រៀបចំ​សម្រួល​ដល់​ពលរដ្ឋ​យើង​ឱ្យ​ដឹក​កសិផល​ហ្នឹង​កុំឱ្យ​កកស្ទះ​ហើយ​ធ្វើ​ខូចគុណភាព​ផលិតផល​ពួកគាត់​។ ​យើង​ធ្វើយ៉ាងណា ជំរុញ​ឱ្យ​អាជីវករ​យើង​អាច​នាំចេញ​កសិផល​ឱ្យបាន​លឿន​»​។

បើតាម លោក ខៀវ ហ៊ាន នៅ​ច្រកទ្វារ​​ព្រំដែន​អន្តរជាតិ​បន្ទាយចក្រី នៅតែមាន​ការនាំ​ទំនិញ​ចេញចូល​ជាធម្មតា ក្នុងនោះ​ទំនិញ​នាំ​ពី​វៀតណាម មានដូចជា ត្រី បន្លែ បង្កង សាច់ និង​គ្រឿងទេស​ជាដើម​។ ចំណែក​ទំនិញ​នាំ​ពី​កម្ពុជា ទៅ​វៀតណាម​គឺមាន​តែ​ ២ ​មុខ​ប៉ុណ្ណោះ គឺ​ស្វាយ និង​ស្រូវ​។

លោក​ថា​៖ «​រថយន្ត​ដែល​ចេញចូល​នៅ​​តាម​ច្រកទ្វារ​នេះ តម្រូវឱ្យ​តៃកុង​ទ្បាន​ចុះ​លាងដៃ​ជាមួយ​អាល់កុល វាស់​កម្ដៅ គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​មិនឱ្យ​មាន​ករណី​ឆ្លងតាម​ច្រក​នេះឡើយ​»​។

លោកស្រី អ៊ាង គឹមលី មន្ត្រី​សមាគម​អាដហុក​ប្រចាំ​ខេត្តព្រៃវែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណីនេះ បើ​ក្រុមអាជីវករ​មិន​ប្រឈម​នឹង​បញ្ហា ពួកគេ​នឹងមិន​ប្រមូលផ្តុំ​គ្នា​ឱ្យជួយ​ដោះស្រាយ​ទេ​។

លោកស្រី​យល់​ថា ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី​គួរ​ស្វែងរក​ដំណោះស្រាយ​ដែល​ល្អ ដើម្បី​ជួយ​ដល់​ក្រុមអាជីវករ​ទាំងនេះ​។

លោកស្រី​បញ្ជាក់ថា​៖ «​បើ​គាត់​ដោះស្រាយ​បញ្ហា​របស់ខ្លួន​មិនបាន​គឺ​គាត់​មានតែ​ពឹងពាក់​ទៅ​អាជ្ញាធរ ហើយ​ធម្មតា កសិករ​គាត់​ធ្វើស្រែ​ពឹង​តម្លៃ និង​កសិផល​របស់គាត់ ហើយ​បើ​បានមក​ហើយ គាត់​លក់​អត់​បាន​ថ្លៃ គាត់​មិន​រួចខ្លួន​ដើម្បី​ទូទាត់​ថ្លៃ​ជី ថ្លៃ​សេវា​ផ្សេង​ទេ​»៕