ស្វាយរៀង: រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក ប៊ុន ហុន បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​បាន​យល់ព្រម​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ហែក​សំណាញ់ ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា​ខាង​មុខ​នេះ បន្ទាប់​ពី​បាន​បដិសេធ​ក្រោម​ហេតុផល​ថា សរសេរ​លិខិត​សុំច្បាប់​មិន​ផ្លូវការ។

លោក ប៊ុន ហុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ លោក​បាន​ជួយ​អន្តរាគមន៍​ហើយ​អាជ្ញាធរ​បាន​យល់​ព្រម​ឲ្យ​ពួកគាត់​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា​នៅ​ថ្ងៃទី ៦ មីនា ក្នុង​ភូមិ-ឃុំ​របស់​ពួកគាត់​ធម្មតា​ឡើង​វិញ។

លោក​បញ្ជាក់ថា៖ «ឥឡូវនេះ គ្មាន​ការរារាំង​អ្វី​ទេ ខ្ញុំ​បាន​សួរ​គាត់ ហើយ​គាត់​ថា កាល​ដែល​ហាម​នេះ​គឺ​ខ្លាច​ប៉ះពាល់​សណ្ដាប់​ធ្នាប់​ចរាចរណ៍​ផ្សេងៗ ហើយ​ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​ហើយ​ថា ឲ្យ​ពលរដ្ឋ​ធ្វើ​វិញ​ទៅ​កុំ​ហាម​គាត់​ទៀត ហើយ​ទៅ​ជួយ​ការពារ​គាត់​ផង។ អ៊ីចឹង ពួកគាត់​អាច​ធ្វើ​កម្មវិធី​នេះ​ក្នុង​ភូមិ​ឃុំ​គាត់​ធម្មតា តែ​កុំ​ឲ្យ​តែ​មាន​បញ្ហា​ទៅ​បាន​ហើយ»។

អ្នកស្រី ម៉ែន ដាវី រស់នៅ​ភូមិ​ហែក​សំណាញ់ ឃុំ​ម៉ឺន​ជ័យ និង​ជា​តំណាង​ពលរដ្ឋ​ជាង ២០០ នាក់​បាន​សម្ដែង​ក្ដី​រីករាយ​ក្រោយ​ពី​ដឹងថា អាជ្ញាធរ​ព្រម​ឲ្យ​ដំណើរ​ការ​កម្មវិធី​នេះ​ឡើង​វិញ ខណៈ​កន្លង​ទៅ​អាជ្ញាធរ​ឃុំ​ម៉ឺន​ជ័យ​បាន​បដិសេធ​សំណើ​ដោយ​ទាមទារ​លិខិត​ផ្លូវការ និង​ឲ្យ​ចុះ​លេខ​លិខិត​ត្រឹមត្រូវ។

អ្នកស្រី​បញ្ជាក់ថា៖ «មុនពេល​គាត់​យល់ព្រម​នេះ​ខ្ញុំ​អត់​ដឹងថា ខ្ញុំ​នឹងត្រូវ​កែតម្រូវ​យ៉ាងណាទេ ព្រោះ​ពួក​ខ្ញុំ​ជា​ពលរដ្ឋ គ្មាន​ស្ថិត​នៅ​ក្រោម​ស្ថាប័ន​ឬ​អង្គភាព​ណាមួយ​ទេ ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា​គួរ​ដាក់​លេខ​លិខិត​នេះ​ថា​លេខ​ប៉ុន្មាន​ទេ។ ខ្ញុំ​គិត​ថា ការ​ប្រារព្ធ​ទិវា​នេះ​នឹង​នៅ​តែ​បន្ត​ធ្វើ ប៉ុន្ដែ​នៅ​រង់ចាំ​ការ​ពិភាក្សា​ជាមួយ​សមាជិក​ទាំង​អស់​គ្នា​សិន»។

អ្នកស្រី ម៉ែន ដាវី បាន​បន្ថែមថា អ្នកស្រី​គ្រោង​យក​បញ្ហា​ជាច្រើន​មក​ថ្លែង​ក្នុង​កម្មវិធី​នេះ​ដើម្បី​ពន្យល់​ដល់​ស្ដ្រី​ដែល​មិន​ទាន់​យល់​ពី​សិទ្ធិ​អំណាច​របស់​ខ្លួន។ម្យ៉ាង​ទៀត​ចំណេះដឹង​ពួក​គាត់​នៅ​មាន​កម្រិត​អំពី​ការ​រក ដំណោះ​ស្រាយ​បញ្ហា​នានា ពិសេស​បញ្ហា​រំលោភ​ផ្លូវ​ភេទ​អំពើ​ហិង្សា​និង​ការ​រំលោភ​ដីធ្លី​ផង​ដែរ។

លោក សុខា រាម អភិបាលស្រុក​រំដួល​បាន​ថ្លែងថា អាជ្ញាធរ​មិន​ហាម​ឃាត់​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​នេះ​ទេ ព្រោះ​កម្មវិធី​នេះ​ជា​កម្មវិធី​អន្តរជាតិ ប៉ុន្ដែ​អាជ្ញាធរ​សុំ​ឲ្យ​ពួកគាត់​បំពេញ​បែប​បទ​តាម​ច្បាប់​ឬ​មាន​លេខ​លិខិត​និងទទួល​ការ​យល់​ព្រម​ពី​ក្រសួង​មហាផ្ទៃ​សិន។

លោក​ថា៖ «ឲ្យ​ពួកគាត់​ដាក់​លិខិត​សុំច្បាប់​ត្រឹមត្រូវ​តាមច្បាប់​ទម្លាប់​មក គេ​អនុញ្ញាត​ហើយ ព្រោះ​យើង​ត្រូវ​ធ្វើ​អ្វីមួយ​ឲ្យ​វា​ត្រូវ​នឹង​ច្បាប់ ព្រោះ​វា​ជា​សិទ្ធិ​នារី​អន្តរជាតិ។​គាត់​ដាក់​លិខិត​មួយ​ទៅ​សុំ​ច្បាប់​ទៅ​ឃុំ​មែន តែ​គាត់​ភ្ជាប់​ជាមួយ​សហគមន៍​មួយ ហើយ​អាជ្ញាធរ​ឲ្យ​គាត់​បំពេញ​បែប​បទ​ឲ្យ​ត្រឹមត្រូវ​សិន»។

បន្ទាប់ពី​តំណាង​ពលរដ្ឋ​ដាក់​លិខិត​សុំ​ប្រារព្ធ​ទិវា​សិទ្ធិនារី ៨ មីនា ​នៅ​ឃុំ​នៅ​ភូមិ​ហែក​សំណាញ់ឃុំ​ម៉ឺន​ជ័យ​នៅ​ថ្ងៃទី ៦ មីនា លោក មៃ រឿន មេឃុំ​បាន​តប​តាម​លិខិត​ចុះ​ថ្ងៃ​ទី ១ មីនា​ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ។

លោក មៃ រឿន បន្តថា៖ «សូម​ជម្រាបជូន​លោក លោកស្រី​ដែលថា ខ្លួន​ជា​អ្នក​តំណាង​ពលរដ្ឋ​ប៉ះពាល់​ដីធ្លី​នៅ​ឃុំ​ម៉ឺន​ជ័យ​ជ្រាប​ថា យោង​លិខិត​ជូន​ដំណឹង​អត់​លេខ​របស់​ឈ្មោះ ម៉ែន ដាវី ស៊ីង សាម៉េត វ៉ា ថា​វី ផាត់ សាវិន និង​អ្នកស្រី ស៊ីន ណម ដោយ​មាន​ការ​ឯក​ភាព​ពី​ក្រុម​ប្រឹក្សា​ឃុំ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​លោក-លោកស្រី​រៀបចំ​កម្មវិធី​នេះ​ទេ ដោយ​អស់​លោក-លោកស្រី​មិន​មាន​ច្បាប់​ច្បាស់​លាស់​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ជា​តំណាង​ពលរដ្ឋ​ដែល​ថា​មាន​ផល​ប៉ះពាល់​ដីធ្លី​នៅ​ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្ត​ស្វាយរៀង»។

លោក ថេ​ង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) បាន​ថ្លែង​ថា ការ​ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត​ឬ​អនុសាសន៍​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​នៅ​មាន​កម្រិត ជាហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ប្រើ​វប្បធម៌​ដដែលៗ​ឬ​បែប​បទ​រដ្ឋបាល​ចាស់​មក​អនុវត្ត​លើ​ពលរដ្ឋ​ដែល​មិន​អនុលោម​តាម​ច្បាប់។

លោក​បន្តថា៖ «ខ្ញុំ​អំពាវនាវ​ឲ្យ​ក្រសួងមហាផ្ទៃ ជាពិសេស​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ជួយ​អន្តរា​គមន៍​ឲ្យ​មន្ត្រី​មូលដ្ឋាន​បាន​យល់​ពី​សេចក្ដី​ណែនាំ​របស់​ខ្លួន​ច្បាស់​លាស់ ហើយ​ឈប់​ចោទ​ពលរដ្ឋ​ក្រុម​នេះ​ឬ​ក្រុម​នោះជាដើម»។

តាម​លិខិត​ដែល​ចុះហត្ថលេខាដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៧ វិច្ឆិកា​ ឆ្នាំ​មុន បាន​ជូន​ដំណឹង​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត​ ឲ្យ​ជួយ​សម្រួល​ចំពោះ​ការ​ធ្វើ​សកម្មភាព​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍​នានា​ក្នុង​មូលដ្ឋាន​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​មុន ៣ ថ្ងៃ ពេល​ធ្វើ​សកម្មភាព​ដូច​មុន​ទៀត​ទេ។

ក្នុង​លិខិត​នោះ លោក ស ខេង គូសបញ្ជាក់ថា៖ «សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ស្រប​ច្បាប់​ព្រម​ទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​ស្រប​ច្បាប់​ដោយ​ពុំ​ចាំបាច់​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រយៈពេល ៣ ថ្ងៃ​មុន​ពេល​ធ្វើ​សកម្មភាព​ដូច​មុន​នោះ​ឡើយ»។

ការបញ្ជាក់​របស់លោក ស ខេង បែបនេះ​គឺជា​លើក​ទី២ ហើយ បន្ទាប់​ពីថ្ងៃ ៣១ តុលា ឆ្នាំ​មុន លោក​ក៏​ធ្លាប់​បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​ដែរ​ស្ដីពី​កិច្ច​សហ​ប្រតិបត្ដិការ​រវាង​រាជ​រដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជាមួយ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ន័យ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និង​ភាព​ជា​ដៃគូ៕