ភ្នំពេញៈ អាជ្ញាធរបានចុះស្រាវជ្រាវរកឃើញកន្លែងផលិត ជួញដូរ និងប្រើប្រាស់គ្រឿង ញៀនចំនួន ១ ២៩៣ ទីតាំង ក្នុង នោះ ក្លិប ខារ៉ាអូខេ និងបារ៍កម្សាន្តជនបរទេស មានចំនួន ២៩៧ កន្លែង និងផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងផ្សេងៗ មានចំនួន ៩៩៦ ទីតាំង។ នេះបើតាមស្ថិតិប្រកាសនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ របស់ស្នងការរាជធានីភ្នំពេញនៅថ្ងៃម្សិលមិញនេះ។
គេហទំព័រអគ្គស្នងការនគរបាលជាតិបានចុះផ្សាយដោយស្រង់ប្រភពពីការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ក្លិប ខារ៉ាអូខេ និងបារ៍បរទេសចំនួន ២៩៧ ទីតាំង មិនបានគោរពតាមកិច្ចសន្យា និងបណ្ដោយឱ្យមានករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន។
គេហទំព័រអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា៖ «បានបង្កការលំបាកស្មុគស្មាញមួយចំនួន បើទោះយើងឱ្យធ្វើកិច្ចសន្យារួចហើយក្ដី ក៏ម្ចាស់ទីតាំងមួយចំនួននៅតែឃុបឃិតគ្នាផ្ដល់ទីតាំង និងសម្រួលឱ្យមានការលក់ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាដើម ជាក់ស្ដែងដូចជាករណីថ្មីៗនេះ យើងបានបង្ក្រាបទីតាំងកម្សាន្តមួយចំនួន គឺខារ៉ាអូខេប្រូ ឃាត់ខ្លួនមនុស្ស ៨ នាក់ និងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ឃាត់ខ្លួនមនុស្សជាង ៣០០ នាក់ នេះមិនទាន់គិតដល់ទីតាំងក្លិបផ្សេងៗដែលកើតមានករណីដូចគ្នា»។
គេហទំព័រអគ្គស្នងការបន្តថា តំបន់មិនរៀបរយចំនួន ៤៥ គោលដៅកំពុងក្លាយជាកន្លែងមានសកម្មភាពជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម តែមិនធំដុំឡើយ ហើយភាគច្រើនជនល្មើសបានប្រើប្រាស់កុមារតូចៗអាយុក្រោម ១២ ឬ ១៣ ឆ្នាំឈរកាន់ថ្នាំ និងលក់ថ្នាំទៅឱ្យអ្នកមករកទិញ។ គេហទំព័ររបស់ប៉ូលិសនេះឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០១៨ ទីតាំងផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងផ្សេងៗចំនួន ៩៩៦ ទីតាំង ត្រូវជនល្មើសប្រើប្រាស់ជាកន្លែងកែច្នៃ និងរក្សាទុកគ្រឿងញៀន «ជាកន្លែងប្រមូលផ្ដុំទីស្នាក់នៅបណ្ដោះអាសន្នរបស់ពួកជនល្មើសសម្រាប់ធ្វើការជួញដូរ ផលិតកែច្នៃ និងស្ដុកទុកគ្រឿងញៀន»។
ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ស ថេត អគ្គស្នងការនគរបាលរាជធានីភ្នំពេញបានទេពីម្សិលមិញ។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណាយល់ឃើញថា បញ្ហាទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញមួយ ព្រោះអ្នកជួញដូរតែងរកគ្រប់វិធីសាស្ត្រក្នុងការចែកចាយគ្រឿងញៀន ហើយជាទូទៅគេតែងសង្កេតឃើញមានការចែកចាយគ្រឿងញៀនដែលសកម្មជាងគេ គឺនៅទីតាំងផ្ដល់សេវាកម្សាន្ត និងកន្លែងមានមនុស្សរស់នៅប្រមូលផ្ដុំគ្នា ហើយដើម្បីដោះស្រាយបញ្ហានេះ គឺពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាតាមរយៈផ្ដល់កិច្ចសហការដោយផ្ដល់ដំណឹងទៅអាជ្ញាធរឱ្យចុះមកបង្ក្រាប។
លោក ចំរើន ថ្លែងថា៖ «ប្រសិនបើទីតាំងទាំងនោះបែរមិនផ្ដល់កិច្ចសហការជាមួយទេ គឺមានន័យថាពួកគេបាននាំគ្នាប្រឆាំងច្បាប់ស្ដីគ្រឿងញៀន ដែលហាមមិនឱ្យមានការចរាចរ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន»។
តាមរបាយការណ៍អាជ្ញាធរបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន ២០២៤ ករណី និងឃាត់ខ្លួនជនល្មើសបានចំនួន ៣៦៧០ នាក់បញ្ជូនទៅតុលាការ។
លោក សុង លី ស្នងការរងទទួលបន្ទុកផែនការព្រហ្មទណ្ឌក៏បានលើកឡើងនៅក្នុងសន្និបាតដែរថា ការប្រើប្រាស់គ្រឿងញៀនរួមទាំងបញ្ហាល្បែងស៊ីសង បានជំរុញឱ្យមានករណីឆក់ផងដែរ ហើយបទល្មើសឆក់ជាក់ស្ដែងភាគច្រើន គឺពលរដ្ឋជាអ្នកចាប់ ហើយតិចតួចប៉ុណ្ណោះដែលបង្ក្រាបបានដោយសមត្ថកិច្ច។
លោកថ្លែងថា៖ «ការទប់ស្កាត់នៅមិនទាន់បទល្មើសឆក់។ សមត្ថកិច្ចបង្ក្រាបបានតែបទល្មើស (ឆក់) ដែលស្រាវជ្រាវ ហើយករណីជាក់ស្ដែងបង្ក្រាបបានតិចតួច ភាគច្រើនប្រជាពលរដ្ឋជាអ្នកចាប់ជនសង្ស័យមកប្រគល់ឱ្យសមត្ថកិច្ចទៅវិញ ឬជនសង្ស័យខ្លួនឯងរត់គេចខ្លួនហើយជួបគ្រោះថ្នាក់ចរាចរណ៍»៕