កំពង់ស្ពឺៈ ឈើ​ម្រេញ និង​ឈើ​គគីរ​ចំនួន​ ១២ ​កំណាត់​ដែល​មាន​ទំហំ​ប្រហែល​ជាង​ ៤០ ​ម៉ែត្រគុប​ត្រូវ​បាន​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ប្រទះឃើញ​លាក់ទុក​នៅ​ក្នុងព្រៃ​មួយកន្លែង​ក្នុងស្រុក​ឱរ៉ាល់ ដោយ​អាជ្ញាធរ​សង្ស័យថា ឈើ​ទាំងនោះ​អាច​ដឹក​ចេញពី​ខេត្តក្រចេះ​។

លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្នុងចំណោម​ឈើ​ទាំង​ ១២ ​កំណាត់​នោះ គឺ​ ២ ​កំណាត់​ដែលមាន​មុខកាត់​ ៩៦ ​គុណ​ ៩៦ ​សង់ទីម៉ែត្រ និង​ប្រវែង​ពី​ជាង​ ៥ ​ម៉ែត្រ​ទៅ​ដល់​ជាង​ ៦ ​ម៉ែត្រ​ត្រូវ​បាន​រកឃើញ​កាលពី​ថ្ងៃទី​ ៣ ខែ​កញ្ញា ស្ថិត​ក្នុងព្រៃ​មួយ​កន្លែង​នៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។ ឯ​ ១០ ​កំណាត់​ទៀត​ដែលជា​ប្រភេទ​ឈើ​ម្រេញ​ និង​គគីរ ត្រូវ​បាន​រកឃើញ​បន្ថែមទៀត​នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ និង​ស្ថិត​នៅក្បែរ​ទីតាំង​ដែល​បាន​រកឃើញ​ឈើ​ទាំង​ ២ ​កំណាត់​មុន​។

លោក​ វ៉ី សំណាង ប្រាប់ថា​៖ «​ឥឡូវ​យើង​បាន​រកឃើញ​​ ១០ ​កំណាត់​ទៀតហើយ ប៉ុន្តែ​មិនទាន់​ដឹងថា​ឈើ​ទាំង​ហ្នឹង​មានមុខ​កាត់​អី​ប៉ុន្មាន​ទេ​។ ខ្ញុំ​នឹង​ចុះទៅ​ពិនិត្យមើល ប៉ុន្តែ​បើតាម​ពួក​ហ្នឹង​បាន​ចុះទៅ​ឃើញ​មុន​ហ្នឹង គឺជា​ឈើ​ម្រេញ​ និង​គគីរ អាចមាន​ទំហំ​ ឬ​តូច​ជាង​តិចតួច​នឹង​ឈើ​ ២ ​កំណាត់​ដែល​យើង​បាន​រកឃើញ​កាលពី​ថ្ងៃទី​ ៣»​។

អភិបាលខេត្ត​រូបនេះ​បន្ត​ថា​នៅក្នុង​ការរកឃើញ​ឈើ​ទាំង​ ២ ​កំណាត់​មុន​នោះ ក៏បាន​រកឃើញ​រថយន្ត​បាកុង​ចំនួន​ ៣ ​គ្រឿង​ដែរ ប៉ុន្តែ​ទីតាំង​ដែល​រកឃើញ​ឈើ​ទាំង​ ១០ ​កំណាត់​ក្រោយ​នោះ​គឺ​ពុំបាន​ប្រទះឃើញ​មាន​រថយន្ត​បាកុង​នោះទេ​។ លោក​អះអាង​ថា វត្ថុតាង​សម្រាប់​បម្រើ​ប្រព្រឹត្ត​បទល្មើស​នឹងត្រូវ​រៀបចំ​ដុត​កម្ទេចចោល​។ ឯ​ឈើ​បាន​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឱរ៉ាល់​។

លោក​ វ៉ី សំណាង ចង់យក​ឈើ​ដែល​ទើប​បង្ក្រាប​បាន​នេះ ទៅ​រក្សាទុក​នៅ​រដ្ឋបាល​ខេត្ត​ដើម្បី​បន្សល់​ទុកជា​ភ័ស្ដុតាង​សម្រាប់​ក្មេងជំនាន់ក្រោយ​បានឃើញ​អំពី​ប្រភេទ​ឈើ​ធំៗ​របស់​កម្ពុជា​។

បើតាម​គេហទំព័រ​ហ្វេសប៊ុក​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​បាន​ចុះផ្សាយ​ពី​ថ្ងៃ​ម្សិលមិញ​ដែរនោះ ឱ្យ​ដឹងថា​ឈើ​ទាំង​ ២ ​ដុំ​ត្រូវបាន​ដឹក​ចេញពី​កន្លែង​គេ​លាក់ទុក​ក្នុងព្រៃ​យក​ទៅ​រក្សា​នៅ​រដ្ឋបាល​ព្រៃឈើ​ឱរ៉ាល់​។ ចំណែក​រថយន្ត​បាកុង​ទាំង​ ៣ ​គ្រឿង​ប្រគល់​ឱ្យ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់​ជា​បណ្ដោះអាសន្ន​។

ករណី​រកឃើញ​ឈើ​ថ្មីៗ​ទាំងនេះ​លោក​ វ៉ី សំណាង សង្ស័យថា​ឈើ​ទាំងនោះ​អាច​ដឹក​ចេញពី​ខេត្តក្រចេះ​គឺ​នៅពេល​មានការ​ចាប់ផ្ដើម​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​គណៈកម្មាធិការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​អំពី​មូលហេតុ​ដែល​ជនល្មើស​អាច​ដឹកឈើ​ចេញពី​ខេត្តក្រចេះ​យក​ទៅ​រក្សា​ក្នុង​ខេត្តកំពង់ស្ពឺ​ឡើយ​។

ពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​បញ្ជាក់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការរកឃើញ​ឈើ​ទាំងនោះ​ពី​លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​បានទេ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទាក់ទង​បាន​។

កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា លោក ​វ៉ី សំណាង ក៏បាន​ដឹកនាំ​កម្លាំងចម្រុះ​ខេត្ត​រកឃើញ​រថយន្ត​បាកុង​ចំនួន​ ៦ ​គ្រឿង​ដែលជា​រថយន្ត​របស់​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់​។ រថយន្ត​ទាំងនោះ​ត្រូវបាន​បើក​យក​មក​លាក់ទុក​នៅក្នុង​ចម្ការ​ដាំ​ក្រូច​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ច្រកទៀក ឃុំ​ត្រពាំង​ជោរ​ស្រុក​ឱវ៉ាល់ ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​កាលនោះ​ក៏​ពុំបាន​រកឃើញ​ជនល្មើស​ផងដែរ​។

លោក​ ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ប្រាប់​ពី​ម្សិលមិញ​ថា ឈើ​ទាំង​ ២ ​កំណាត់​រកឃើញ​នៅ​ថ្ងៃទី​ ៣ ​កញ្ញា​គឺ​មិនមែន​ជា​ឈើ​ដែល​កាប់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ឡើយ ព្រោះ​នៅក្នុង​ខេត្ត​នេះ​ពុំមាន​ការកាប់​ឈើ​ក្នុង​ព្រៃ​នោះទេ​។

លោក​ថា​​​ ឈើ​ទាំង​ ២ ​កំណាត់​នោះ ​គឺជា​ឈើ​គគីរ​ដែល​ទើប​ត្រូវបាន​គេ​ដឹក​ចេញពី​ខេត្ត​ផ្សេង​ចូលមក​ខេត្ត​កំពង់ស្ពឺ​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ដឹង​ទាន់​មុន រហូត​រកឃើញ​ឈើ​ទាំងនោះ​ត្រូវបាន​គេ​លាក់ទុក​។

លោក​បញ្ជាក់ថា​៖ «​ឈើ​ហ្នឹង​អត់​មាន​យកមក​លាក់ទុក​យូរ​មកហើយ​នៅ​កំពង់ស្ពឺ​គឺ​អត់​មាន​ទេ ព្រោះ​វា​គ្រាន់តែ​គេ​ដឹក​ពី​កន្លែង​ផ្សេង​ឆ្លងកាត់​កន្លែង​ហ្នឹងហើយ​យើង​ដឹក​ទាន់ ហើយ​ចុះទៅ​បង្ក្រាប​»​។

លោក​ ឈាន តុលា បន្ត​ថា​គិត​ត្រឹម​រសៀល​ថ្ងៃ​ម្សិលមិញ លោក​មិនទាន់​ទទួលបាន​របាយការណ៍​អំពី​ការរកឃើញ​កំណាត់ឈើ​ចំនួន​ ១០ ​ដុំ​បន្ថែមទៀត​នៅឡើយ​ទេ​៕