ភ្នំពេញៈ បន្ទាប់ពីការត្រួតពិនិត្យដោយផ្ទាល់ កាលពីម្សិលមិញ អាជ្ញាធររាជធានីភ្នំពេញ បានរកឃើញថា វត្តសាមគ្គីរង្សី នៅក្នុងខណ្ឌមានជ័យជាទីស្នាក់អាស្រ័យរបស់អ្នកមានជម្លោះដីធ្លីតាមខេត្តនិងធ្លាប់មានជម្លោះចាក់សម្លាប់ព្រះសង្ឃសុគត ១ អង្គនោះ គឺជាវត្តដែលមិនទាន់ស្របច្បាប់ទេ ប៉ុន្តែក៏មិនមែនជាតំបន់អបគមន៍នោះដែរ។
អភិបាលរងរាជធានី លោក ឃួង ស្រេង និងប្រតិភូសាលារាជធានី ព្រមទាំងមន្រ្តីក្រសួងធម្មការ និងសាសនា បញ្ជាក់យ៉ាងនេះ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យរដ្ឋបាលនៅវត្ត សាមគ្គីរង្សី កាលពីរសៀលថ្ងៃអង្គារ។ ជាការកត់សម្គាល់ការចុះពិនិត្យនេះ ក៏មានដាក់ពង្រាយកម្លាំងប៉េអឹម ប៉ូលិសនិងក្រុមសន្តិសុខខណ្ឌនៅជុំវិញវត្តផងដែរ។
នៅក្នុងសន្នីសីទសារព័ត៌មាន លោក ឃួង ស្រេង អះអាងថា ការចុះពិនិត្យនេះ គឺដោយសារភាពអសកម្មនៃការចាក់សម្លាប់ព្រះសង្ឃមួយអង្គកាលពីខែមុន និងបណ្តឹងរបស់ចៅអធិការវត្ត ពីបទគំរាមកំហែងអាយុជីវិត មិនមែនជាការចុះមកដើម្បីរកវិការ ដើម្បីចង់កម្ទេចវត្តនេះទេ បើទោះជាដឹងថា វត្តនេះមិនទាន់ចុះបញ្ជិកានៅក្រសួងធម្មការនិងសាសនាក្តី។
លោកថា៖ «យើងមកនេះ ដើម្បីពិនិត្យពីចំណុចខ្វះខាតរាយការណ៍ទៅថ្នាក់លើថា វត្តនេះខ្វះអីខ្លះ ត្រូវធ្វើយ៉ាងណាឲ្យស្របច្បាប់?»។
ពាក់ព័ន្ធនឹងការសាកសួរពីអ្នកសារព័ត៌មានជុំវិញការលើកឡើងថា វត្តសាមគ្គីរង្សី ស្ទើរតែក្លាយជាតំបន់អបគមន៍មួយទៅហើយនោះ អ្នកនាំពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់ មិនឆ្លើយតបពាក់ព័ន្ធនឹងបញ្ហានេះទេ។
តែលោក ឃួង ស្រេងលើកថា៖ «គេលើកឡើងថា ដូច សឹងតែ ពាក្យខ្មែរគឺសម្បូរបែបអ៊ីចឹង ពាក្យដែលស្តាប់អត់ទាន់ហ្នឹង គឺមិនអាចបញ្ជាក់អីទេ ចំពោះខ្ញុំ ខ្ញុំអត់ដែលថាឬលើករឿងតំបន់អបគមន៍ទេ បើខ្ញុំវាយតម្លៃថា ទីណាជាតំបន់អបគមន៍ គឺខ្ញុំនឹងយកកម្លាំងទៅកម្ទេច ប៉ុន្តែ ខ្ញុំអត់វាយតម្លៃបែបហ្នឹងទេ»។
ក្នុងការត្រួតពិនិត្យនោះ អាជ្ញាធរក៏បានរកឃើញមានត្រាជ័រ ដែលកំពុងប្រើក្នុងវត្តសាមគ្គីរង្សី មិនមែនជាត្រាស្របច្បាប់នោះទេ និងបានបញ្ជាឲ្យឈប់ប្រើប្រាស់ជាបន្ទាន់ផងដែរ។
ជាការឆ្លើយតបចៅអធិការស្តីទីវត្តសាមគ្គីរង្ស៊ី ព្រះតេជគុណ ថាច់ ហាសំអាង មានថេរដីកាថា ត្រានេះអាចជាត្រាមិនស្របច្បាប់មែន ដែលបានប្រើប្រាស់សម្រាប់ផ្ទៃក្នុងវត្ត តែប៉ុណ្ណោះ។
លោកបន្តថា៖ «អាត្មាមកវត្តនេះនៅឆ្នាំ២០០៦ ត្រាប្រចាំវត្តអាចបាត់ក្នុងពេលដែលវត្តត្រូវភ្លើងឆេះកន្លងមក ឥឡូវយើងបានដឹងនិងរៀបចំឯកសារតាមការទាមទាររបស់អាជ្ញាធរ ដើម្បីមានត្រាស្របច្បាប់ប្រើ»។
ភិក្ខុ ថាច់ ហាសំអាង អះអាងថា៖«តាមពិតទៅវត្តនេះមិនមែនមិនស្របច្បាប់ទេ គ្រាន់តែមិនទាន់ពេញលេញ បើនិយាយទៅស្របច្បាប់ ៨០ ភាគរយហើយ ថ្វីបើយើងមិនទាន់ចុះបញ្ជិកានៅក្រសួងធម្មការ។ ព្រះសង្ឃទាំងអស់សុទ្ធតែមានព្រះឆាយាល័ក្ខណ៍ (លិខិតសម្គាល់)»។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលចូលរួមក្នុងការពិនិត្យនេះ យល់ថា សាលារាជធានីហាក់អនុវត្តខុសតួនាទី ដែលការត្រួតពិនិត្យរដ្ឋបាលវត្ត គប្បីជាភារកិច្ចក្រសួងធម្មការនិងសាសនា។
លោកថា៖ «ការធ្វើបែបនេះ ខ្ញុំគិតថា សាលារាជធានីគ្រាន់តែចង់ដាក់សម្ពាធលើព្រះសង្ឃ មិនឲ្យចូលរួមបញ្ហានយោបាយ ឬសង្គមតែប៉ុណ្ណោះ»។
អនុប្រធានអង្កេតសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់នៅអង្គការអាដហុក លោក ណៃ វ៉ង់ដា ដែលមានវត្តមាននៅទីនោះដែរឲ្យដឹងថា ការចុះពិនិត្យនេះគឺមកពីវត្តនេះតែងផ្តល់ការស្នាក់អាស្រ័យដល់អ្នកមានជម្លោះដីធ្លី ហើយការលើកពាក់ព័ន្ធនឹងរឿងតំបន់អបគមន៍នោះ វាមិនអាចទៅរួចនោះទេ។
គួររំឭកថា តាមលទ្ធផលនៃការស្រង់តួលេខ នៅវត្តសាមគ្គីរង្សី មានព្រះសង្ឃ ៥២ អង្គ និស្សិត ៦ នាក់ ប្រជាជនស្នាក់ក្នុងវត្ត ១៦ នាក់ (ស្រី ៥ នាក់) និងគណៈកម្មការអាចារ្យវត្ត ១១ នាក់ ហើយនិងចុងភៅស្រ្តី ១៤នាក់ ទាំងអស់ ៨៥ នាក់៕