
ផ្ទាំងប៉ាណូផ្សាយលក់ផ្ទះបុរី នៅខេត្តសៀមរាប។ សហការី
សៀមរាបៈ អាជ្ញាធរខេត្តសៀមរាបបានរកឃើញផ្ទះល្វែងនិងបុរីចំនួន ៥ ទីតាំង នៅក្នុងស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាប បានកំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្នុងការទិញអចលនទ្រព្យទាំងនោះ។
លោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងកាលម្សិលមិញថាក្រុមការងារបានណែនាំឱ្យម្ចាស់គម្រោងបញ្ឈប់សកម្មភាពទាំងឡាយ ដូចជាសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាព បញ្ឈប់ការសាងសង់សំណង់នានាបណ្ដោះអាសន្នសិនដោយត្រូវឱ្យម្ចាស់គម្រោងទៅសុំច្បាប់ឱ្យបានរួចរាល់ឡើងវិញ។
លោកបានបន្តថា៖ «យើងតម្រូវឱ្យម្ចាស់គម្រោងបុរីទាំងនោះ ត្រូវតែសុំការអនុញ្ញាតច្បាប់ពីមន្ត្រីជំនាញឱ្យបានត្រឹមត្រូវមុននឹងដំណើរការធ្វើអាជីវកម្ម ឬការសាងសង់របស់ខ្លួន»។
របាយការណ៍របស់រដ្ឋបាលខេត្ដសៀមរាបកាលពីថ្ងៃអង្គារបានបង្ហាញថា ទីតាំងគម្រោងបុរីផ្ទះល្វែងទាំង ៥ ទីតាំង ដែលពុំមានច្បាប់អនុញ្ញាតរួមមាន ១- គម្រោងមហាមន្ទីរ នៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ២- គម្រោងបុរីអង្គរលែនបន្ទាយស្រី ស្ថិតនៅភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ៣- គម្រោងភូមិឋានសំណង់ ស្ថិតនៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង និង ២ ទីតាំងទៀតមិនបានជួបម្ចាស់ ឬតំណាង ស្ថិតនៅភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ និងភូមិទួលក្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាបតែក្រុមការងារបានកំណត់កាលបរិច្ឆេទជួបនាពេលបន្ទាប់។
រដ្ឋបាលខេត្ដសៀមរាបក៏បានណែនាំដល់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក ត្រូវពង្រឹងការគ្រប់គ្រងការងារនេះ និងត្រូវណែនាំឱ្យម្ចាស់គម្រោងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមកដាក់ពាក្យស្នើសុំតាមនីតិវិធី ព្រមទាំងពន្លឿនរយៈពេលនៃការផ្តល់សេវាផងដែរ។
បើតាមរដ្ឋបាលខេត្ដសៀមរាប ក្រុមការងារចម្រុះនឹងបន្តចុះគ្រប់ទីតាំងបុរីផ្ទះល្វែងទាំងអស់ ដើម្បីធានាថា ១- ម្ចាស់ទីតាំងបានសុំការអនុញ្ញាតច្បាប់អាជ្ញាធរមានសមត្ថកិច្ច ២-ប្រជាពលរដ្ឋដែលបានទិញមិនទទួលរងនូវភាពប្រថុយប្រថាននានា ៣- តម្រង់ទិសការរៀបចំហេដ្ឋារនាសម្ព័ន្ធក្នុងទីតាំងទាំងនោះឱ្យស្របតាមផែនការអភិវឌ្ឍន៍ និងនគរូបនីយប្បញ្ញត្តិ។
លោក ហែន ពុទ្ធី បានបញ្ជាក់ថា៖ «យើងសង្កេតឃើញថា គម្រោងបុរីទាំង ៥ នោះមិនទាន់មានសុំច្បាប់អភិវឌ្ឍទេ។ ក្នុងនោះមានសំណង់មួយចំនួនបានសាងសង់រួចហើយ និងមួយចំនួនមិនទាន់សាងសង់ទេ។ គម្រោងដែលមិនទាន់សាងសង់យើងបានឱ្យគាត់ផ្អាកការសាងសង់សិន»។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់ថា តាមគោលការណ៍ច្បាប់ ការសាងសង់សំណង់ បុរី ឬផ្ទះល្វែង នៅខេត្ដសៀមរាប ត្រូវសាងសង់ តាមបែបអភិរក្ស ព្រោះក្រុងសៀមរាប គឺជាក្រុងបុរាណត្រូវអភិរក្ស។
លោកបន្តថា៖ «យើងចង់ឱ្យការសាងសង់ សំណង់ទាំងអស់ស្របតាមការរៀបចំរបស់នគរូបនីយកម្ម ដែលកិច្ចការងារនេះ ខាងក្រុមជំនាញសុរិយោដីកំពុងគិតគូរ។ ពួកគាត់សាងសង់ឡើងដោយអត់បានសុំច្បាប់អភិវឌ្ឍត្រឹមត្រូវ (បុរី-ផ្ទះអត់ច្បាប់) ហើយចំពោះគម្រោងធំៗ ដូចជាបុរី និងផ្ទះល្វែង គឺត្រូវធ្វើឡើង ដោយត្រូវសុំច្បាប់ដល់ក្រសួងទើបអាចសាងសង់បាន»។
លោកបន្ថែមថា៖ «បញ្ហាអាចកើតមានច្រើនចំពោះការទិញលក់អចលនទ្រព្យនេះ (បុរី-ផ្ទះអត់ច្បាប់) ទើបយើងកំពុងខិតខំធ្វើកិច្ចការងារនេះ ដើម្បីកាត់បន្ថយបញ្ហាដែលកើតមានឡើង តាមដែលអាចធ្វើទៅបាន»។
លោកបានបញ្ចាក់ទៀតថា៖ «គម្រោងគាត់អត់បានសុំច្បាប់អ៊ីចឹង ពេលគាត់អភិវឌ្ឍ ពុះឡូត៍ទៅ ប្លង់មួយចំនួនបានប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋ និងមិនមានហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្លូវថ្នល់ និងលូត្រឹមត្រូវនោះទេ ។ ពេលម្ចាស់គម្រោងលក់ដីហើយក៏យកលុយទៅបាត់ ចំណែកអ្នករងគ្រោះគឺប្រជាពលរដ្ឋ។ ប៉ុន្ដែបើមានបញ្ហាយើងនឹងឱ្យម្ចាស់គម្រោងទទួលខុសត្រូវដែររឿងនេះ»។
ក្រោយរកឃើញមានគម្រោងបុរី-ផ្ទះល្វែងអត់ច្បាប់បែបនេះ រដ្ឋបាលខេត្តសៀមរាបបានស្នើដល់ម្ចាស់បុរី ផ្ទះល្វែងទាំងអស់ចូលរួមសហការជាមួយក្រុមការងារចម្រុះ ដើម្បីឱ្យដំណើរការស្របទៅតាមនីតិវិធីជាធរមាន ជាពិសេសម្ចាស់គម្រោងដីបុរីផ្ទះល្វែងត្រូវសុំការអនុញ្ញាតច្បាប់មុនដំណើរការលក់ដី។
លោក សួស ណារិន មន្ដ្រីអង្កេតសមាគមអាដហុកប្រចាំខេត្ដសៀមរាប បានសង្កេតឃើញថា ដីនៅក្នុងក្រុងសៀមរាបភាគច្រើនជាដីរបស់អាជ្ញាធរអប្សរា បើមានការសាងសង់សំណង់ត្រូវតែមានការសុំច្បាប់អនុញ្ញាតពីក្រសួងពាក់ព័ន្ធទើបអាចសាងសង់បាន៕