ព្រះសីហនុ/កោះកុងៈ អាជ្ញាធរខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន​ ២ គឺ​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ​បាននិង​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​អ្នក​ដែល​ចាក់ដី​ចូល​តំបន់​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​ក្នុងស្រុក​មណ្ឌលសីមា ខេត្តកោះកុង និង​ករណី​​ចាក់ដី​ចូល​សមុទ្រ​ក្នុង​ស្រុក​ស្ទឹងហាវ​​ខេត្ត​ព្រះសីហនុ ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​។

លោក​ សុខ សុទ្ធី អភិបាលរង​ខេត្ត​​កោះកុង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​បាន​បញ្ជា​ឱ្យ​រដ្ឋបាល​ស្រុក​មណ្ឌលសីមា និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​រក​អ្នក​ដែល​ចាក់ដី​ចូល​ចំណី​ព្រែក​សាធារណ:​របស់​រដ្ឋ​ (​តំបន់​ប្រើប្រាស់​ប្រកប​ដោយ​ចីរភាព​) ​នៅ​ភូមិ​ទួលគគីរក្រោម ឃុំ​ទួលគគីរ ស្រុក​មណ្ឌលសីមា និង​ធ្វើ​របាយកាណ៍​ឱ្យ​បាន​ច្បាស់លាស់​មុននឹង​ឈានដល់​ការសម្រេច​ជា​ផ្លូវការ​ណា​មួយ​។

លោក​ សុខ សុទ្ធី បាន​ពន្យល់​ថា តំបន់​នេះ​កាលពី​កន្លងមក​មាន​ការស្នើសុំ​កាត់​ឆ្វៀល ប៉ុន្តែ​ការស្នើសុំ​នេះ​ត្រូវ​ផ្អែកលើ​នីតិវិធី​ថា​តើ​ដី​ប្រភេទ​ណា​ជា​ដី​រក្សាទុក​​និង​ដី​ប្រភេទ​ណា​ត្រូវ​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​។ ​ក៏ប៉ុន្តែ​ករណីនេះ​មាន​ពលរដ្ឋ​ (​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) ​មួយ​ចំនួន​បាន​ចាក់ដី​បំពេញ​ ១ ​ជំហាន​មុន​ក្នុងពេល​អាជ្ញាធរ​មិនទាន់​សម្រេច​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ​យើង​កំពុងតែ​ឱ្យ​មន្ត្រី​ជំនាញ​សិក្សា​ផែនទី​ ១ ​ច្បាស់លាស់​ថា តើ​វា​ចូល​ចំណី​ព្រែក​ប៉ុន្មាន​ម៉ែត្រ​ និង​វា​ប៉ះ​ព្រៃកោងកាង​ប៉ុន្មាន​ម៉ែត្រ និង​ធ្វើ​របាយការណ៍​ ឬ​កសាង​នីតិវិធី​ច្បាស់លាស់​។ ​យើង​ត្រូវតែមាន​ឯកសារ​មួយ​ច្បាស់លាស់ វា​មិន​ដូច​ការចុះផ្សាយ​តាម​ហ្វេសប៊ុក​នោះទេ​»​។

បើតាម​លោក​ សុខ សុទ្ធី នៅពេល​​ដែល​ទទួល​របាយការណ៍​ជាក់លាក់​រួចហើយ រដ្ឋបាលខេត្ត​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​ជាក់ស្តែង​ដើម្បី​ឱ្យដឹងថា អ្នក​ដែល​ចាក់ដី​នេះ​មកពី​ណា​មាន​ទោសទណ្ឌ​កម្រិតណា ប៉ុន្តែ​ពួកគាត់​មានទោស​រួច​ទៅ​​ហើយ គឺ​ចាក់ដី​មិនបាន​ស្នើសុំ​ច្បាប់​។

ទោះជា​យ៉ាងណា លោក​ថា នៅក្នុង​ដំណាក់កាល​នេះ​លោក​បាន​បញ្ជា​ឱ្យ​ផ្អាក​សកម្មភាព​ចាក់ដី​បន្តទៀត និង​ឱ្យ​អាជ្ញាធរ​ស្រុក និង​ឃុំ​ស្រាវជ្រាវ​រក​ឈ្មោះ​បុគ្គល​អ្នក​ចាក់ដី​នេះ​យកមក​ឱ្យ​រដ្ឋបាល​​ខេត្ត​ដើម្បី​ដឹងថា ពួកគាត់​ខ្វះ​ដី​ ឬ​ក៏​យ៉ាងម៉េច ទើប​បាន​ហ៊ាន​ទៅ​ចាក់ដី​នៅ​ទីនោះ​​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​។

ដោយឡែក​លោក ឆាយ សុគន្ធដា អភិបាលស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ឱ្យដឹងពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​ ១៥ មីនា លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ផ្អាក​សកម្មភាព​ចាក់ដី​ចូល​សមុទ្រ​នៅ​​ក្នុងភូមិ​ ៤ ឃុំ​អូរត្រេះ ដោយ​គ្មាន​លិខិត​អនុញ្ញាត​។ ​ក៏ប៉ុន្តែ​ពុំមាន​អ្នក​ចេញមុខ​​ទទួលខុសត្រូវ​ទេ ខណៈដែល​សកម្មភាព​​នេះ​គេ​លួច​ធ្វើ​នៅពេល​យប់​។

លោក​ ឆាយ សុគន្ធដា បាន​បន្តថា ជន​ឆ្លៀតឱកាស​ដែល​បាន​លួច​ទៅ​ចាក់ដី​ក្នុង​សមុទ្រ​នាពេលនេះ ខណៈ​កំណាត់​ផ្លូវ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ត្រូវ​បាន​បិទ​បណ្តោះអាសន្ន​ក្នុង​ការស្ថាបនា​តភ្ជាប់​ពី​ក្រុង​ស្ទឹងហាវ​ទៅ​​កាន់​ផ្លូវជាតិ​លេខ​ ៤​។ ​ក៏ប៉ុន្តែ​បច្ចុប្បន្ននេះ រដ្ឋបាល​ស្រុក កំពុងតែ​យក​គ្រឿងចក្រ​កាយ​ដី​នោះ​ចេញពី​សមុទ្រ​មកវិញ​។

បើតាម​លោក ឆាយ សុគន្ធដា ចំពោះ​ការចាក់ដី​ចូល​សមុទ្រ​នេះ​មាន​ប្រវែង​ប្រមាណ​ ៤០ ​ម៉ែត្រ​ដែល​ប្រើប្រាស់​ដី​អស់​ជាច្រើន​រយឡាន និង​ចំណាយ​​ថវិកា​គឺ​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​រហូត​មកទល់​ពេល​នេះ​ក៏​មិនទាន់​មាន​អ្នកចេញ​មុខមក​ទទួល​ខុសត្រូវ​ដែរ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ រដ្ឋបាល​​ស្រុក​កំពុងតែ​ស្រាវជ្រាវ អ្នក​ដែល​ចាក់​​ដី​នេះ ដើម្បី​ឱ្យមក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​បើ​នៅតែ​មិន​មក​ទេ រដ្ឋបាល​ស្រុក​នឹង​ធ្វើ​របាយការណ៍​បន្ថែម​ទៅ​រដ្ឋបាលខេត្ត​ដើម្បី​ដាក់ពាក្យ​ប្តឹង​តាមផ្លូវ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​​ជា​ធរមាន​»​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​កាលពី​ថ្ងៃទី​ ១៥ ខែមីនា បញ្ជាក់​ថា​ដី​ចំណី​ឆ្នេរសមុទ្រ​ត្រូវបាន​ចាត់ថ្នាក់​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ និង​ត្រូវ​ហាមឃាត់​រាល់​ការកាន់កាប់​ ឬ​សាងសង់​សំណង់​នានា ហើយ​បានកំណត់​ទុកជា​តំបន់​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​។

សេចក្តី​ជូនដំណឹង​ដដែល​បន្តថា ការអនុញ្ញាត​ក្នុង​ការប្រើប្រាស់​ដី​ចំណី​សមុទ្រ​ត្រូវបាន​អនុវត្តតាម​ប្លង់គោល​ប្រើប្រាស់​ដី និង​ផែនការ​ប្រើប្រាស់​ដី​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​​ដែលមាន​សេចក្តី​ណែនាំ​លម្អិត​សម្រាប់​អនុវត្ត និង​បទប្បញ្ញត្តិ​ជា​ធរមាន​ដើម្បី​ធានា​សុវត្ថិភាព​សាធារណៈ​សង្គម និង​បរិស្ថាន​។

លោក ស៊ឹង សែនករុណា មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក​ថ្លែងថា ទាំង​​តំបន់​ប្រើប្រាស់​ប្រកប​ដោយ​ចីរភាព និង​​តំបន់​ហាមឃាត់ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​មិនអាច​វិនិយោគ​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន​ណាមួយ​បានទេ​។ ករណីនេះ​លុះត្រាតែ​ធ្វើជា​អនុប្រយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ ទើប​មាន​សិទ្ធិ​ចាត់ចែង​ក្នុង​ការលក់ ឬ​ជួល​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន និង​ធ្វើ​សម្បទាន​ផ្សេងៗ​បាន​។

លោក​បាន​បន្តថា បើ​មិន​ធ្វើ​ស្របច្បាប់​ទេ ជន​ទាំងឡាយណា​ដែល​ទៅកាន់​កាប់​ចាត់ចែង​ប្រើប្រាស់​ដី​តំបន់ឆ្នេរ​ និង​ដី​តំបន់​ការពារ​ក្នុង​ស្ថានភាព​ជាក់ស្តែង គឺជា​ជនល្មើស​ច្បាប់ ដែល​ងាយស្រួល​ដល់​អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

បើតាម​លោក ស៊ឹង សែនករុណា បើ​អាជ្ញាធរ​មូលដ្ឋាន​មិន​ចាត់វិធានការ​តាម​​ផ្លូវច្បាប់​ទេ ហើយ​ករណី​ទាំងនេះ​លេចឮ​ដល់​ថ្នាក់ជាតិ​នោះ​អាច​មាន​ការដាក់ទោសទណ្ឌ​ផ្នែក​រដ្ឋបាល​មិនខានឡើយ​​ ឬ​ក៏​អាចដាក់​ទោសទណ្ឌ​កាន់តែ​ធ្ងន់ធ្ងរ​មួយកម្រិត​ទៀត​នៅពេលដែល​គេ​រកឃើញ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជនទុច្ចរិត​ទាំងអស់នោះ​។

លោក​ថា​៖ «​អ៊ីចឹង​អាជ្ញាធរ​មូលដ្ឋាន​គប្បី​ចាត់វិធានការ​រារាំង​កុំឱ្យ​ក្រុម​ជនល្មើស​ទាំងនោះ​បន្ត​រំលោភ​លើ​ឆ្នេរ និង​តំបន់​ការពារ​ទាំងអស់​អីហ្នឹង​ទៀត​»៕