ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​​សម្រេច​​​ឲ្យ​​ផ្អាក​ចំណាត់ការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​ ទៅ​លើ​ករណី​វិវាទ​ដី​ធ្លី​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ​ ដើម្បី​​ឲ្យ​មន្ត្រី​​ចុះ​ធ្វើ​ការ​អង្កេត​ស្រាវជ្រាវ​ថា ​តើ​ការ​ប្រើប្រាស់​វិធានការ​រដ្ឋបាល​ក្នុង​ការ​រុះរើ​សំណង់​របស់​ប្រជាពលរដ្ឋ​នោះ​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ដែរ​ឬ​ទេ?

លោក​ ​សុជាតិវង្ស បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា៖ «យើង​ត្រូវ​ពិនិត្យ ពី​ព្រោះ​មាន​ពាក្យ​បណ្តឹង ក៏​ដូចជា​ការ​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​គឺ​ស្ថាប័ន​របស់​ថ្នាក់​ជាតិ។ យើង​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ ការ​ធ្វើ​ទៅ​ហ្នឹង​វា​ស្រប​នឹង​គោលការណ៍​នីតិវិធី​របៀប​ម៉េច ឬ​ដំណោះ​ស្រាយ​របៀប​ម៉េច?»។

លោក​​ ​សុជាតិ​វង្ស បាន​បន្ថែម​ថា ករណី​វិវាទ​ដី​ធ្លី​ដែល​បាន​អូស​បន្លាយ​ជាង ​២ ទសវត្សរ៍​មក​ហើយ​នេះ គឺ​មាន​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​​ដោយសារ​អាជ្ញាធរ​ត្រូវ​រក​ប្រភព​ដើម​នៃ​បញ្ហា​ ​ដើម្បី​​ដោះស្រាយ «​ហើយ​ចុង​ក្រោយ​យើង​ក៏​សម្រេច​ចិត្ត​ដោះស្រាយ​​តាម​របៀប​ហ្នឹង ដោយសារ​តែ​មាន​ការ​តវ៉ា​បែប​នេះ​ ក្រសួង​ក៏​បាន​ឲ្យ​យើង​ផ្អាក​ ដើម្បី​ពិនិត្យ​មើល​ថា​ត្រូវ ​ឬ​ខុស។ បើ​ការ​អនុវត្ត​នោះ​ត្រូវ​យើង​បន្ត​ទៅ​ទៀត ហើយ​បើ​ខុស​យើង​កែ​សម្រួល​ទៅ​»។

ក្រសួង​មហាផ្ទៃ​កាល​ពី​​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ បាន​ចេញ​លិខិត​ណែនាំ​ជា​បន្ទាន់​មួយ​ឲ្យ​អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​ ​ផ្អាក​ចំណាត់ការ​រដ្ឋបាល​ជា​បណ្តោះ​អាសន្ន​ក្នុង​ការ​រុះរើ​សំណង់​​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ដី​ជម្លោះ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ ដើម្បី​ចៀសវាង​ការ​ខូចខាត​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​​ដើម្បី​រក្សា​ភាព​ដើម​នៃ​ទីតាំង​ទំនាស់ រង់ចាំ​លទ្ធផល​នៃ​ការ​អង្កេត​ស្រាវជ្រាវ​ជា​មុន​សិន។

ការ​ចេញ​លិខិត​បន្ទាន់​ដោយ​លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចំនួន ៨ គ្រួសារ រស់នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ក្នុង​ភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ និង​សង្កាត់​ទួល​សង្កែ​ទី ២ រាជធានី​ភ្នំពេញ ​ដែល​បាន​ប្តឹង​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ហើយ​​ត្រូវ​បាន​លោក ស ខេង ចារ​យល់ព្រម​ឲ្យ​ផ្អាក​លើ​លិខិត​នេះ​កាល​ពី​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩។

លោក​ គង់​ ទី និង​លោក ​ព្រុំ បូរ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន ៨ នាក់ ដែល​បាន​រស់នៅ ​និង​កាន់កាប់​ដី​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ​ ព្រមទាំង​បាន​​ធ្វើ​ការ​តវ៉ា​ប្រមាណ​ជិត ៣០ ឆ្នាំ មក​ហើយ ដោយ​ពួក​គាត់​ពុំ​ព្រម​ទទួល​យក​ចំណែក​ដី​ដែល​បាន​ដោះស្រាយ​ដោយ​​អះអាង​ថា ការ​ដោះស្រាយ​នោះ​ពុំ​យុត្តិធម៌។ ទាំង​លោក​ គង់​ ទី និង​លោក ​ព្រុំ បូរ បាន​ទទូច​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​សមរម្យ និង​សុំ​ពន្យារពេ​ល​រង់ចាំ​រហូត​ដល់​មាន​ការ​​សម្រេច​​ពី​តុលាការ​សិន​​ ខណៈ​សំណុំ​រឿង​វិវាទ​ដីធ្លី​នេះ​កំពុង​នៅ​ក្នុង​ដៃ​តុលាការ​។

ប៉ុន្តែ​អាជ្ញាធរ​​រាជធានី​នៅ​តែ​ជំរុញ​ការ​ប្រើ​វិធានការ​រដ្ឋបាល​ចុះ​​រុះរើ​​លំនៅ​ឋាន​របស់​ប្រជាពល​រដ្ឋ​ឲ្យ​រួចរាល់ នៅ​មុន​បំណាច់​ឆ្នាំ ២០១៩ ដើម្បី​ប្រគល់​ដី​ទៅ​ឲ្យ​​អ្នក​ផ្សេង​ទៀត ​ដែល​អាជ្ញាធរ​អះអាង​ថា​ មាន​ប្លង់​រឹង​ត្រឹមត្រូវ។

កាល​ពី​ថ្ងៃទី ​២៦ ខែ​ ធ្នូ ឆ្នាំ ​២០១៩ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សី​កែវ ក្រោម​ការ​ដឹកនាំ​ដោយ​លោក មាន ចាន់យ៉ាដា អភិបាល​រង​រាជធានី​ភ្នំពេញ បាន​ប្រើ​វិធានការ​រដ្ឋបាល​ ចុះ​រុះរើ​សំណង់​របស់​លោក ព្រំ បូរ នៅ​លើ​ដី​ទំនាស់​​ដោយ​អះអាង​ថា ដើម្បី​យក​ដី​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១៧៧ គ្រួសារ ហើយ​នៅ​ថ្ងៃទី ​២៧ និងថ្ងៃ​ទី​ ៣០ ខែធ្នូ ដដែល​អាជ្ញាធរ​រាជធានី​​បាន​​ចុះ​រុះរើ​សំណង់​របស់​លោក គង់ ទី បន្ត​ទៀត។

បន្ទាប់​ពី​អាជ្ញាធរ​ប្រើ​វិធានការ​រដ្ឋបាល ដោយ​ប្រើ​គ្រឿង​ចក្រ​វាយ កម្ទេច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្រុម​ប្រជាពលរដ្ឋ​ដែល​តវ៉ា និង​អាជ្ញាធរ​បាន​​ប្រឈម​មុខ​​ដាក់​គ្នា ១ លើក​ជា ​២ ​លើក ​រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ ខណៈ​ក្រុម​អ្នក​តវ៉ា​ព្យាយាម​ដុត​កង់​ឡាន​ ប្រឆាំង​នឹង​អាជ្ញាធរ ដែល​បាន​ចុះ​ទៅ​ការពារ​ គ្រឿង​ចក្រ ​ធ្វើ​របង​របស់​​ភាគី​ជម្លោះ​ម្ខាង​ទៀត​ដែល​​គេ​អះអាង​​ថា មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​។

នៅ​ក្នុង​ការ​តវ៉ា​នោះ​ក្រៅ​ពី​មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​គ្នា ព្រម​ទាំង​រុញ​ច្រាន​គ្នា​រវាង​កម្លាំង​​សមត្ថកិច្ច និង​ក្រុម​អ្នក​តវ៉ា​ក៏​មាន​ការ​​ចាប់​​ឃាត់​ខ្លួន​យុវជន​ម្នាក់​ផង​ដែរ។

បើ​យោង​តាម​លិខិត​របស់​លោក ងី ច័ន្ទ្រផល ក្រសួង​មហាផ្ទៃ​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចំនួន ៨ គ្រួសារ ​ដែល​បាន​ប្តឹង​លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ និង​គូកន​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ឈ្មោះ ព្រំ បូរ ពាក់ព័ន្ធ​នឹង​ដី​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ។

លិខិត​បញ្ជាក់​ថា៖ «ទាក់ទិន​នឹង​ករណី​នេះ ក្រសួង​មហាផ្ទៃ​ ស្នើ​ឲ្យ​លោក​អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ បន្ទន់​ចំណាត់​ការ​រដ្ឋបាល​ ពាក់ព័ន្ធ​នឹង​ទីតាំង​ទំនាស់​ជា​បណ្តោះ​​អាសន្ន ដើម្បី​ទុក​លទ្ធភាព​ឲ្យ​មន្ត្រី​អធិការដ្ឋាន​ចុះ​ធ្វើ​ការ​អង្កេត​​ស្រាវជ្រាវ​ចៀសវាង​ការ​ប៉ះពាល់​​ដល់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ផល​ប្រយោជន៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ផល​ប្រយោជន៍​ច្បាប់»៕