ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​បំភ្លឺ​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​បឹងសំរោង​ជា​សួន និង​ផ្លូវ​ថ្មើរជើង​ជុំវិញ​បឹង​ដែល​ស្ថិតក្នុង​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ហើយ​បដិសេធ​ចំពោះ​ការចោទប្រកាន់​ដែល​ថា អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​បាន​វាយតប់​ចាប់​ខ្លួន​មនុស្ស​ខុសច្បាប់​ដោយ​បាន​ចាត់ទុក​ការផ្សព្វផ្សាយ​ទាំងនេះ​ថា គ្មាន​តុល្យភាព​ព័ត៌មាន​។

ការចេញមុខ​បំភ្លឺ និង​បដិសេធ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​គណបក្ស​ខ្មែរ​ក្រោក​កាលពី​ថ្ងៃទី​ ៨ ​មេសា​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ករណី​អាជ្ញាធរ ឈូសឆាយដី​ចិញ្ចឹម​ត្រី​នៅ​បឹង​សំរោង​ក្នុង​សង្កាត់​សំរោង​ខណ្ឌ​ព្រែកព្នៅ រហូត​មាន​ការប៉ះទង្គិច​គ្នា​ធ្វើឲ្យ​មាន​ពលរដ្ឋ​របួស និង​អ្នកខ្លះ​ត្រូវ​បាន​ចាប់ឃុំខ្លួន​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ៨ ​មេសា​បាន​ឲ្យ​ដឹងថា ដើម្បី​ចៀសវាង​ការបំភ្លៃ​ព័ត៌មាន​ពី​ជន​អគតិ​ក្នុងន័យ​បំភ័ន្ត​សាធារណៈ​មតិ​ឲ្យ​យល់ច្រឡំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​បញ្ជាក់ថា បឹង​សំរោង​ត្រូវបាន​រំលោភបំពាន​កាន់កាប់​ពី​ជនខិលខូច​មួយចំនួន​អាចឈាន​ដល់​ការបាត់បង់​ផ្ទៃ​បឹង​ទាំងមូល​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ បន្តថា​​ដើម្បី​រក្សាបាន​ប្រព័ន្ធ​បង្ហូរទឹក និង​ផ្ទៃ​បឹង រដ្ឋបាល​រាជធានី​ក៏​សម្រេច​ចាក់​ទំនប់​តាម​ព្រំ​បឹង ដើម្បី​ស្ថាបនា​ជា​សួន និង​ផ្លូវ​ថ្មើរជើង​ជុំវិញ​បឹង​។ ​ដោយឡែក​កាលពី​ថ្ងៃ​ ៣០ ​មីនា ឆ្នាំ​ ២០២០ អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ចំពោះ​អ្នករឹងរូស ក្រោយពី​បាន​ជូនដំណឹង​ច្រើនលើក​ច្រើនសា​រួចមក​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖ «​មុននឹង​ឈានដល់​ការអនុវត្ត​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដោះស្រាយ​គោលនយោបាយ​ជូន​ពលរដ្ឋ​ដែល​ចិញ្ចឹម​ត្រី​លើ​ផ្ទៃ​បឹង​សំរោង​បាន​ចំនួន ៣២២ ​គ្រួសារ​ស្មើនឹង​ ៤២៦ ​ស៊ង​ចិញ្ចឹម​ត្រី​ដែល​ចំណាយ​ថវិកា​អស់​ជាង ៩៦០ ​លាន​រៀល​ដោយ​ពួកគាត់​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​»​។

បន្ថែម​ពីនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា អាជ្ញាធរ​មិនបាន​ប្រើ​ហិង្សា​លើ​អ្នករឹងរូស​ដែល​បន្តកាន់កាប់​ផ្ទៃ​បឹង និង​មិន​ព្រម​សហការ​ដូច​ការចោទប្រកាន់​ទេ​។ ​ប៉ុន្តែ​គ្រាន់តែ​ឃាត់ខ្លួន​ជន​ដែល​បាន​រារាំង​ការអនុវត្ត​ការងារ​មក​អប់រំ​ណែនាំ និង​បាន​ដោះលែង​វិញ ដោយ​ការយោគយល់​បំផុត​។

យ៉ាងណាក្ដី​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​គណបក្ស​ខ្មែរ​ក្រោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​បន្ត​ចុះ​ស្រាវជ្រាវ​ករណី​ប៉ះទង្គិច​គ្នា រវាង​ពលរដ្ឋ​ប្រមាណ​​ ១០ ​គ្រួសារ​ជាមួយ​សមត្ថកិច្ច​ក្នុង​អំឡុងពេល​ចុះ​អនុវត្ត​សេចក្តី​ជូនដំណឹង​ដែល​នាំ​ឲ្យ​មាន​ពលរដ្ឋ​រងរបួស​នេះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​ធ្វើការ​វែកញែក​ថា ការលើកឡើង​មួយណា​ត្រឹមត្រូវ​នោះ​ទេ ទាល់តែ​បើក​ការ​ស៊ើបអង្កេត​សិន​។ ​ចំណែក​ឯកសារ​គតិយុត្ត​​ថា ការកាន់កាប់​អាស្រ័យ​ផល​របស់​ប្រជាជន និង​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ស្របច្បាប់​ឬ​អត់​ដោយ​យើង​នឹង​រក​ថា ការអនុវត្ត​នេះ​មាន​ផលប្រយោជន៍​អ្វីមួយ​ផ្សេង​ក្នុង​ហ្នឹង​អត់​?»​។

លោក សាប៊ុង បាន​ថ្លែងថា លោក​នឹង​ចំណាយពេល ២ ​សប្តាហ៍ ដើម្បី​ប្រមូល​ព័ត៌មាន និង​ស្រាវជ្រាវ​ករណី​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​ដាក់ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និង​ដោះស្រាយ ខណៈ​ពលរដ្ឋ​ថា ដី​មួយ​ចំនួន​ធំ​ក្នុង​តំបន់​បឹង​សំរោង គឺ​សុទ្ធ​ជា​របស់​អ្នកមាន និង​មិន​ស្ថិតក្នុង​តំបន់​អនុក្រឹត្យ ចំណែក​ដី​ពលរដ្ឋ​ក្រីក្រ​អាស្រ័យផល បើទោះ​ជា​មិន​ស្ថិតក្នុង​អនុក្រឹត្យ​នេះ ក៏​ត្រូវ​កាត់​ចូលក្នុង​គម្រោង​ដែរ​។

លោក​បញ្ជាក់ថា​៖ «​នេះ​គ្រាន់តែ​ប្រជាពលរដ្ឋ​ប្រាប់​ខ្ញុំ​ទេ​ណា​ថា គម្រោង​នេះ ប៉ះពាល់​តែ​ដី​អ្នកក្រ​ទេ ចំណែក​ដី​អ្នកមានអី មិន​ប៉ះពាល់​ទេ គឺ​សុទ្ធតែ​នៅក្រៅ​អនុក្រឹត្យ​ទាំងអស់​ហើយ​ការអនុវត្ត​ការឈូសឆាយ​មាន​ហិង្សា​ទៀត​ដោយមាន​ចាប់​មនុស្ស​ឃុំឃាំង​អស់​រយៈពេល​ ៧ ​ម៉ោង និង​បង្ក​ឲ្យ​មាន​របួសស្នាម​ ៣ ​នាក់​​ក្នុងនោះ​មាន​យុវជន​ម្នាក់​អាយុ​ ១៨ ​ឆ្នាំ​បាន​បាក់ដង​កាំបិត និង​ប្រេះ​ឆ្អឹង​»​។

តាម​ពលរដ្ឋ​រងគ្រោះ​ម្នាក់​ក្នុងចំណោម​អ្នករងគ្រោះ​ដទៃទៀត​ដែល​មិនបាន​បញ្ចេញ​ឈ្មោះ​បាន​បង្ហោះ​វីដេអូ​ក្នុងពេល​លោក​ សាប៊ុង ចុះ​ត្រួតពិនិត្យ​ផ្ទាល់​នៅផ្ទះ​របស់​ពួកគាត់​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​មិន​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នោះទេ​។ ​ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​ការអនុវត្ត​នេះ​ស្មើគ្នា ខណៈ​សមត្ថកិច្ច​គ្មាន​វិធានការ​ចំពោះ​ដី​ក្នុង​បឹង​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​តំបន់​ហ្នឹង​មាន​ដី​របស់​អ្នកធំ ប៉ុន្តែ​គេ​មិនបាន​ឈូសឆាយ​លើដី​អ្នកធំ​ទេ គឺ​វាង​ទាំងអស់ ហើយ​ថា​នៅ​ក្រៅ​អនុក្រឹត្យ ចំណែក​ដី​របស់​ពលរដ្ឋ​កាន់កាប់ បែរជា​នៅក្នុង​អនុក្រឹត្យ​ទៅវិញ​»​។

លោក យិន អ៊ីម ចៅសង្កាត់​សំរោង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា ការឈូសឆាយ​នេះ​គឺ​អាជ្ញាធរ​បាន​ជូនដំណឹង​ច្រើនលើក និង​បាន​បញ្ជាក់ថា ដី​ទាំងនោះ​ស្ថិតក្នុង​អនុក្រឹត្យ​ដែល​ត្រូវ​អភិរក្ស​បឹង​ធ្វើ​ជា​ផ្លូវ​ថ្មើរជើង និង​សួន​កម្សាន្ត​។ ​លោក​ថា ពលរដ្ឋ​មិន​ត្រឹមតែ​មិន​គោរព​សេចក្តី​ជូន​ដំណឹង​ទេ ថែមទាំង​រារាំង​ការងារ​របស់​អាជ្ញាធរ​ទៀត​ទើប​មានការ​ប៉ះទង្គិច​គ្នា​។

លោក​ថា​៖ «​នេះ​គ្រាន់តែ​ល្បិច​របស់គេ​ទេ​ (​ពលរដ្ឋ​) ​នៅពេល​ដែល​ធ្វើ​ហ្នឹង​គឺ​យើង​ការពារ​ទាំងអស់ មិន​ឲ្យ​មាន​ការបំពាន​អី​ទេ​។ ​នេះ​គ្រាន់តែ​ជា​ល្បិច​របស់​វា​ដែល​លើក​ទី​ ១ ​យើង​បាន​ទប់​កម្លាំង​មិន​ឲ្យ​ឡើងលើ​គ្រឿងចក្រ​ហើយក៏​មាន​ការធ្វើ​ជា​សន្លប់​។ ​គ្មាន​អ្នកណា​ទៅធ្វើ​អី​គាត់​ទេ ហ្នឹង​និយាយ​ឲ្យ​អស់ គ្រាន់តែ​កម្លាំង​ទប់ៗ​កុំ​ឲ្យ​មក​រំខាន​គ្រឿងចក្រ​គេ​កំពុង​ធ្វើ​ហ្នឹង​»​។

បើ​តាម​លោក យិន អ៊ីម រហូតមក​ទល់​ពេលនេះ​អាជ្ញាធរ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នេះ​បាន​ប្រមាណ​ ៧០ ​ភាគរយ​ហើយ​។ ​លោក​អះអាង​ថា មាន​ពលរដ្ឋ​​តែ​ប៉ុន្មាន​គ្រួសារ​ប៉ុណ្ណោះ ដែល​បន្ត​​ការតវ៉ា​គឺ​មិនមាន​ច្រើន​ដូច​ការអះអាង​របស់​ពលរដ្ឋ​ទាំងនេះ​ឡើយ​៕