ភ្នំពេញៈ សាលារាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ បានបដិសេធជាថ្មីម្តងទៀត នូវសំណើរបស់សហជីពដែលស្នើសុំហែក្បួនឆ្លងកាត់ទីក្រុង ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានថ្លែងថា មន្ត្រីសាលាក្រុងបានលើកឡើងអំពីការព្រួយបារម្ភនៃបញ្ហាចរាចរណ៍និងសុវត្ថិភាពសាធារណៈក្នុងការច្រានចោលសំណើរបស់សហជីពដែលស្នើសុំដើរហែក្បួនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅជិតវត្តភ្នំទៅកាន់សភាជាតិ។
យោងតាមលោក ធន់ បានឲ្យដឹងថា មន្ត្រីសាលាក្រុង នឹងមិនអនុញ្ញាតឱ្យប្រើពាក្យ ដែលមានសរសេរថា « បញ្ហាប្រឈមនៃការអនុវត្តច្បាប់សហជីព» ក្នុងការប្រារព្ធពិធីនោះដែរ មិនអនុញ្ញាតឲ្យធ្វើនៅមុខរដ្ឋសភាទេដោយឲ្យក្រុមនេះធ្វីនៅទីលានប្រជាធិតេយ្យឆ្ងាយពីកណ្តាលទីក្រុង។
លោក ធន់ ថ្លែងថា៖ «វាជាការរឹតត្បិតសេរីភាពបញ្ចេញមតិបន្តិចបន្តួច។ ពួកគេបានអនុញ្ញាតឱ្យយើងធ្វើនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែយើងមិនយល់ស្របពីព្រោះវានៅឆ្ងាយពីទីក្រុងពេក»។
ការអនុញ្ញាតពីមន្ត្រីរដ្ឋាភិបាលគឺមិនត្រូវឲ្យមានទេនៅក្រោមច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធីគឺគ្រាន់តែផ្តល់ការជូនដំណឹងជាមុនប៉ុណ្ណោះ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការហាមឃាត់របស់សាលាក្រុងនេះ បានក្លាយទៅជាការហាមឃាត់ជាប្រចាំឆ្នាំទៅហើយ។
លោក អាត់ ធន់ បានថ្លែងថា កាលពីឆ្នាំមុនៗ សហជីពបានជំទាស់ទៅនឹងបម្រាមនេះ ហើយបានដើរហែក្បួន ប៉ុន្តែនៅឆ្នាំនេះ ពួកគេធ្វើការសម្របសម្រួលជាមួយមន្ត្រីសាលាក្រុង ដើម្បីរៀបចំព្រឹត្តិការណ៍នេះនៅមុខការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) វិញ។
លោក ធន់ បញ្ជាក់ថា៖ «ដោយសារ តែស្ថានការណ៍នយោបាយនិងជិតដល់ថ្ងៃបោះឆ្នោត យើងមិនចង់ប្រឈមជាមួយ នឹងរដ្ឋាភិបាលទេ។ ដូច្នេះហើយយើងទទួលយកការប្រារព្ធព្រឹត្តិការណ៍នេះនៅឯសួនច្បារខាងមុខការិយាល័យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)»។
លោកបន្ថែមថា សាលារាជធានីភ្នំពេញបានសន្យាថា នឹងផ្ញើលិខិតទៅក្រសួងមហាផ្ទៃ ស្នើសុំអនុញ្ញាតឲ្យមានអ្នកចូលរួមចំនួន ២០០០ នាក់។
កាលពីថ្ងៃអាទិត្យ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួងមិនបានទទួលលិខិតនោះទេ។
លោកស្រី Naly Pilorge មន្ត្រីអង្គការសិទិ្ធមនុស្ស លីកាដូ បានពណ៌នាការសម្រេចចិត្តរបស់សាលាក្រុងថា ជារឿង «អកុសល»។
លោកស្រី Pilorge ថ្លែងនៅក្នុងសារមួយថា៖«ខ្ញុំសង្ឃឹមថា អ្នករៀបចំទិវាពលកម្មអន្តរជាតិ នឹងសាកសួរទៅសាលាក្រុង និងក្រសួងមហាផ្ទៃថាតើការដើរហែក្បួនរបស់កម្មករដោយសន្តិវិធីអាចប៉ះពាល់ដល់ «សន្តិសុខជាតិ» ឬ បង្កឱ្យស្ទះចរាចរណ៍យ៉ាងដូចម្តេច។
ទិវាពលកម្មអន្តរជាតិត្រូវបាន គេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំគឺនៅថ្ងៃទី ១ ខែឧសភា។ សហជីពដទៃទៀតក៏គ្រោងរៀបចំទិវាពលកម្មអន្តរជាតិនេះដែរ ប៉ុន្តែប្រារព្ធធ្វើនៅកន្លែងឯកជន។
លោក រ៉ុង ឈុន អតីតប្រធានសហភាពសហជីពកម្ពុជា បានថ្លែងថា ពួកគេរំពឹងថា នឹងមានអ្នកចូលរួមប្រហែល ២០០ នាក់។ លោកថ្លែងថា៖«ចំនួនមានតិច ខណៈដែលយើងមិនមាន កន្លែងធំឲ្យអ្នកចូលរួមបានច្រើនពីព្រោះធ្វើនៅកន្លែងឯកជន»។
លោកបានបន្ថែមថា ពួកគេក៏ត្រូវបានហាមមិនឱ្យដើរហែក្បួនផងដែរ៕ NS