
អាជ្ញាធរ កំពុងស្តារប្រឡាយមួយក្នុងខណ្ឌ ពោធិ៍សែនជ័យ។ រូបថត សហការី
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងចាត់ឲ្យមន្ត្រីជំនាញចុះសិក្សាប្រឡាយមេ និងប្រឡាយមេរង ដើម្បីស្តារបន្ថែមចំនួន ១២ ខ្សែទៀតក្នុងឆ្នាំនេះ សម្រាប់ត្រៀមការពារ ឬ បញ្ចៀសទឹកជំនន់។ ប្រឡាយទំាងនោះ ស្ថិតនៅភាគខាងជើង នៃរាជធានីភ្នំពេញ មាន ២ ខ្សែ និងភាគខាងលិចរាជធានីមាន ១០ ខ្សែ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឲ្យដឹងថា ប្រឡាយ២ខ្សែនៅភាគខាងជើងរាជធានីភ្នំពេញ គឺស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ និងប្រឡាយទំនប់កប់ស្រូវ។ ចំណែក១០ខ្សែទៀតនៅតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ដែលស្ថិតក្នុងខណ្ឌកំបូល ពោធិ៍សែនជ័យ ដង្កោ និងខណ្ឌមានជ័យ។
លោកឃួង ស្រេង ថ្លែងថា៖«យើងត្រូវស្តារប្រឡាយហ្នឹង ដើម្បីបើកមុខទឹក នៅពេលដែលមានទឹកជំនន់ធ្ងន់ធ្ងរ ងាយស្រួលបង្ហូរទឹកដើម្បីធានានិរន្តរភាព យ៉ាងហោចណាស់ ក៏ជួយបាន៨០ភាគរយ កុំឲ្យមានការលិចលង់ដូចវស្សាមិញ។ បើវាទទួលព្យុះអី យើងអាចសង្គ្រោះបានច្រើនជាងនេះ»។
ទោះយ៉ាងណា លោកអភិបាលរាជធានី មិនបានបញ្ជាក់ថា ប្រឡាយទាំងអស់នោះមានប្រវែងប៉ុនណា ហើយត្រូវជីកស្តារក្នុងជម្រៅប៉ុន្មាន ពង្រីកបន្ថែមប៉ុនណានោះទេ ដោយសារតែកំពុងស្ថិតក្នុងការសិក្សាបន្ថែម។ ប៉ុន្តែលោកបញ្ជាក់ថា យ៉ាងហោចណាស់ប្រឡាយ ដែលត្រូវស្តារនេះ ត្រូវពង្រីកឲ្យបានធំតាមទំហំរបស់ប្រឡាយ។
លោកឃួង ស្រេង ថ្លែងថា៖«យើងខ្ញុំចាប់ផ្តើមធ្វើបណ្តើរៗហើយ ភាគខាងជើងយើងជីកហើយពីវស្សាមិញ យើងជីករហូតដល់ឥឡូវយើងមិនទាន់ឈប់ជីកទេ។ ប៉ុន្តែយើងត្រូវសិក្សាថា តភ្ជាប់ពីកន្លែងណា ទៅកន្លែងណា ហើយត្រូវថែមស្ថានីយឬថែមម៉ាស៊ីនបូមទឹកប៉ុន្មានទៀត»។
បើតាមលោកឃួង ស្រេង ក្នុងដំណាក់កាលកំពុងសិក្សាបន្ថែមនេះ មានការចូលរួមជួយផ្តល់បច្ចេកទេសពីខាងមន្ទីរសាធារណការរាជធានីភ្នំពេញ មន្ទីរធនធានទឹក មន្ទីរដែនដី ជាពិសេសគឺសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា ដែលនឹងផ្តល់ជំនាញសិក្សាក្នុងការស្តារប្រឡាយទាំងនោះផងដែរ។
លោកអភិបាលមានប្រសាសន៍ថា៖«យើងក៏ត្រូវសុំយោបល់ពីខាងអង្គការ JICA ដើម្បីពិគ្រោះយោបល់ថាតើ យើងធ្វើនេះ គាត់មានយោបល់យ៉ាងណា ព្រោះគាត់កំពុងតែជួយយើងជុំវិញបញ្ហាទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ»។
តាមការផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៤ ខែធ្នូ ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានស្តារប្រឡាយចំនួន ១២ ខ្សែ ដែលបានជួយរំដោះការជន់លិចជំនន់ទឹកភ្លៀងបានច្រើនក្នុងឆ្នាំ២០២០។ នៅឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញមានផែនការស្តារប្រឡាយមេជាច្រើនទៀតនៅភាគខាងជើង និងភាគខាងលិចបន្តទៀត ដើម្បីធានាការពារកុំឱ្យជន់លិចរាជធានីភ្នំពេញនារដូវវស្សា។
រាជធានីភ្នំពេញ មានស្ថានីយបូមទឹកចំនួន ១៤ កន្លែង ក្នុងនោះ រួមមាន ស្ថានីយបូមទឹកបឹងត្របែក ស្ថានីយបូមទឹកបឹងទំពុន ស្ថានីយបូមទឹកលូប្រាំ ស្ថានីយបូមទឹកបុរី ១០០ខ្នង ស្ថានីយបូមទឹកទួលសំពៅ ស្ថានីយបូមទឹកកប់ស្រូវ ស្ថានីយបូមទឹកស្វាយប៉ាក ស្ថានីយបូមទឹកព្រះពន្លា ស្ថានីយបូមទឹកទួលគោកទី១ ស្ថានីយបូមទឹកទួលគោកទី២ និងស្ថានីយ៤កន្លែងទៀត នៅមុខរាជវាំង និងព្រះគម្លង់។
លោកសឿន សារ៉ន នាយកប្រតិបត្តិនៃសមាគមធាងត្នោត យល់ឃើញថា ការយកចិត្តទុកដាក់ក្នុងការស្តារប្រឡាយទឹករបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជារឿងល្អ។ ព្រោះការស្តារប្រព័ន្ធប្រឡាយអាចនាំឲ្យល្បឿននៃទឹកហូរចេញពីរាជធានីភ្នំពេញបានលឿន ប៉ុន្តែអ្វីដែលត្រូវគិតបន្ថែមនោះ គឺទិសដៅនៃការហូរចេញរបស់ទឹក។
លោកសារ៉នថ្លែងថា៖«ទិសដៅនៃទឹកហូរចេញពីរាជធានីភ្នំពេញហ្នឹង តើចេញពីលំនៅឋាន ឬក៏ពីជំនន់ទឹកភ្លៀងហ្នឹង វានឹងហូរទៅទីណា។ ហើយអ្វីដែលយើងត្រូវគិតហ្នឹងត្រូវធ្វើឲ្យប្រាកដថា ទីដែលជាអាងស្តុកទឹក ឬអាងរំដោះទឹកចេញពីរាជធានីភ្នំពេញហ្នឹង មានការរួមតូច ឬមានទំហំគ្រប់គ្រាន់ក្នុងការទទួលទឹកបាន»។
បើតាមលោកសារ៉ន ការបន្តលុបបឹងសំខាន់ៗ ដែលមានដូចជាបឹងទំពុនបឹងជើងឯក និងបឹងតាមោក រាជធានីភ្នំពេញអាចប្រឈមផលប៉ះពាល់ដោយទឹកជំនន់ ដែលបង្កឲ្យមានការលំបាកកាន់តែខ្លាំងជាងមុន។ ហេតុនេះ លោកសង្ឃឹមថា រដ្ឋាភិបាលបន្តការការពារនូវផ្ទៃបឹងទាំងនោះដូចការកំណត់ កុំឲ្យមានការរួមតូចថែមទៀត។ ជាមួយគ្នានោះ គួរតែបន្តស្តារអាងស្តុកទឹក ក៏ដូចជាប្រឡាយក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរថែមទៀត៕