
សមត្ថកិច្ចចុះណែនាំប្រជាពលរដ្ឋអំពីបម្រាមគោចរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កាលពីយប់មិញ។ រូបថត YOUSOS APDOULRASHIM
ភ្នំពេញ៖ នៅយប់ថ្ងៃទី ១ ខែមេសា ដែលជាយប់ទី ១ នៃការអនុវត្តបម្រាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំណែនាំដល់អ្នកធ្វើដំណើរប៉ុណ្ណោះ ប៉ុន្តែចាប់ពីយប់ថ្ងៃទី ២ ខែមេសានេះទៅ សមត្ថកិច្ចនឹងមានវិធានការផាកពិន័យតឹងរ៉ឹងទៅតាមផ្លូវច្បាប់។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២ មេសាឆ្នាំ ២០២១ នេះថា កាលពីយប់មិញ កម្លាំងខាងការិយាល័យអន្តរាគមន៍ជាមួយកម្លាំងតាមដាននៅតាមប៉ុស្តិ៍មូលដ្ឋាន បានសហការគ្នាចុះតាមគោលដៅនានា ដើម្បីធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋមួយចំនួន ដែលពុំទាន់បានទទួលព័ត៌មានពីការធ្វើបម្រាមគោចរ នៅទីកន្លែងទាំងតាមទីផ្សារ ភោជនីយដ្ឋាន និងតាមទីធ្លាសាធារណៈ។
ប៉ុន្តែលោកថា នៅយប់ថ្ងៃទី ២ មេសានេះ កម្លាំងសមត្ថកិច្ចនឹងចាប់ផ្តើមអនុវត្តដោយមិនលើកលែងចំពោះអ្នកល្មើសនឹងបំរាមគោចរឡើយ។
លោក សុខសីហា បានគូសបញ្ជាក់ថា៖ «យប់មិញ យើងមានវិធានការចុះអប់រំណែនាំពួកគាត់ ដើម្បីឱ្យបានយល់ពីសេចក្តីសម្រេចក៏ដូចជាពីបម្រាមគោចររបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលហាមអ្នកមិនមានការចាំបាច់ ធ្វើដំណើរចាប់ពីម៉ោង ៨ យប់រហូតដល់ម៉ោង ៥ ភ្លឺ។ បើសិនជាមិនគោរពទេចាប់ពីយប់នេះទៅ យើងនឹងអនុវត្តតាមសេចក្តីសម្រេច និង តាមច្បាប់»។
លោកបានបញ្ជាក់ទៀតថា អ្នកលើ្មសបម្រាមនឹងត្រូវដកហូតយានជំនិះទុក និងតម្រូវឱ្យបុគ្គលរូបនោះធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ហើយអាជ្ញាធរមូលដ្ឋាននឹងបន្តតាមដានសកម្មភាពពួកគេ។
ទោះយ៉ាងណា លោក សុខសីហា សង្កេតឃើញថា នៅយប់ថ្ងៃទី ១ មេសា ប្រជាពលរដ្ឋភាគច្រើនបានចូលរួមតាមសេចក្តីសម្រេចនៃបម្រាមគោចរ ប៉ុន្តែនៅមានបុគ្គលមួយចំនួនតូចប៉ុណ្ណោះដែលពុំទាន់អនុវត្ត។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ បានហាមការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ចាប់ពីចន្លោះម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ រយៈពេល ២ សប្តាហ៍ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៤ ខែមេសា ២០២១៕
វីដេអូ៖