ភ្នំពេញ៖ កម្មករ​រោងចក្រ ហា​ណា (HANA )ខេ​ម​បូ​ឌា អ៊ិន​ ជាង ១០០ នាក់ ស្ថិតក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​​ពី​​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ត្រូវបាន​អាជ្ញាធរ​រារាំង​នៅ​ពាក់​កណ្តាល​ផ្លូវ ​បន្ទាប់ពី​ប្រមូល​ផ្តុំគ្នា ដើរ​សម្តៅ​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​សុំ​កិច្ច​អន្តរា​គម​ន៍ ដោយ​អាជ្ញាធរ​បានបង្វែរ​ការចរចា​នៅ​ថ្នាក់​ខណ្ឌ​វិញ ​ករណី​រោងចក្រ ​បានបញ្ចប់​កិច្ចសន្យា​ការងារ ​ហើយ​មិនបាន​ទូទាត់​ប្រាក់ តាម​ការសន្យា។

អ្នកស្រី ​អ៊ុក ឡា ​កម្មករ​រោងចក្រ ​ហា​ណា ​ដែល​បាន​ចូលរួម​ការតវ៉ា ​បាន​ប្រាប់​អំឡុងពេល​កំពុង​ប្រមូលផ្តុំ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា​ រោងចក្រ ​ហា​ណា ​ខេម​បូ​ឌា ​អ៊ិន ​បានប្រកាស​ក្ស័យធន ​ហើយ​បាន​សន្យា​ដល់ក​ម្មករ​នូវ​លក្ខខណ្ឌ​៥​ចំណុច ​ដើម្បី​បញ្ចប់​កិច្ចសន្យា​ការងារ។

អ្នកស្រី​បន្តថា ​នៅពេល​ដល់​ថ្ងៃ​កំណត់​នៃ​ការបើក​ប្រាក់ ​រោងចក្រ​ បែរជា​ផ្តល់​ឲ្យ​កម្មករ​តែ ៣​ ចំណុច​ទៅវិញ ​ទើប​បណ្តាល​ឲ្យ​កម្មករ​ដែលមាន​គ្នា​ ប្រមាណ​ ៤០០ នាក់​ ផ្ទុះ​ការ​តវ៉ា ​តាំងពី​ ថ្ងៃទី ២៣​ មិថុនា ​មក។

អ្នកស្រី​បន្តថា​៖«ពួក​ខ្ញុំ​អត់​សុខចិត្ត​ទេ ​ព្រោះថា ​ប្រាក់ខែ​អត់​ព្រម​បើក​ឲ្យ​ភ្លាមៗ​ទេ ​សន្យាថា ​បើក​ថ្ងៃទី ៣០ ​ប៉ុន្តែ​ការចរចា​គ្នា​ហ្នឹង ខាង​រោងចក្រ ​និង​ក្រសួង ​បាន​ព្រមព្រៀង​ឲ្យ​ពួក​ខ្ញុំ​៥​ចំណុច ​ពេល​បើក​ឲ្យ​តែ​ ៣​ ចំណុច។ ចង់​ឲ្យ​សម្តេច​ជួយ​ដោះ​ស្រាយ​ជូន​កូនចៅ ​កម្មករ​កម្មការិនី​រោងចក្រ​ហា​ណា​ឲ្យ​គាត់​ដោះស្រាយ​២ចំណុច​ទៀតហ្នឹង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់។ យើង​ធ្វើការ​នៅក្នុង​រោងចក្រ​ហ្នឹង​ ច្រើន​ឆ្នាំ​ហើយ។ យើង​នឹង​ជួប​ផល​លំបាក​ច្រើន ​ព្រោះ​បើ​យើង​ចង់ទៅ​ធ្វើការ​កន្លែង​ណា​ ក៏​គ្មាន​អ្នកទទួល​ដែរ ​ព្រោះ​កំពុង​មាន​ផ្ទៃពោះ»។

អ្នក​ស្រី ​សុខុម ​កម្មករ​រោងចក្រ​ម្នាក់ទៀត​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរថា ​ការធ្វើដំណើរ​សម្តៅទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ម្សិលមិញ​ មិនបាន​សម្រេច​នោះ​ទេ ​ព្រោះ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន ​បាន​រារាំង​កម្មករ ​និង​ស្នើ​ឲ្យ​កម្មករ​ទាំង​អស់ ​បន្ត​ការចរចា​នៅ​មូលដ្ឋាន​វិញ។

លោក ​ហែម ដា​រិទ្ធិ​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​លើកឡើង​ពី​ម្សិលមិញ​ថា ​ការដែល​អាជ្ញាធរ​រារាំង​កម្មករមិន​ឲ្យ​ប្រមូលផ្តុំ​ដើរ​ដោយ​ថ្មើរ​ជើង​បែបនេះ​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។ លោក​បន្តថា​ អាជ្ញាធរ ​គឺមាន​ចេតនា ​ចង់ឲ្យ​កម្មករ​ទាំងអស់ ​មានការ​ចរចា​នៅ​នឹង​កន្លែង។

លោក​បញ្ជាក់ថា​៖«យើង​ចង់​ឲ្យ​បងប្អូន​យើង​ដោះស្រាយ​ទៅតាម​អ្វី​ដែលជា​សំណូមពរ​របស់​គាត់ ​ហើយ​អ្វីដែល​គាត់​ទាម​ទារ​នេះ​ គឺ​មាន ៥​ ចំណុច ​ដែល​អា ៣​ ចំណុច ​គឺ​ត្រូវ​គ្នា​ហើយ ​នៅតែ​ ២ ​ចំណុច​ទៀត ​គឺ​ប្រាក់​អតីតភាព​ការងារ​របស់គាត់​ ធ្វើការ​នៅ​រោងចក្រ ​៥ ​ឆ្នាំ ​ទៅ ១០​ ឆ្នាំ​អី។ គាត់​ទាមទារ​ត្រូវ​ផ្តល់​ឲ្យ​គាត់ ​បើតាម​សួរជា​បឋមៗ​ទៅ បើ​តិច​បំផុត​ក៏​ជាង​ ១ ០០០​ ដុល្លា​របស់​គាត់​ដែរ ។ នេះ​គ្រាន់តែ​ការលើក​ឡើង​របស់​គាត់​ទេ»។

យ៉ាង​ណា ​លោក ​ភារម្យ ជា​កម្មករ​ដែល​ចូលរួម​កិច្ចចរចា​កាលពី​រសៀល​ម្សិលមិញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ការចរចា​នេះ ​នៅតែ​មិន​ទទួលបាន​លទ្ធផល​ដដែល ​ដោយ​ភាគី​រោងចក្រ ​នៅតែ​បដិសេធ​ផ្តល់​លក្ខខណ្ឌ ​២ ​ចំណុច​ ដែល​ពួកគេ​ បាន​សន្យារ​ផ្តល់​ឲ្យ​កម្មករ។

លោក​បន្តថា ​លក្ខខណ្ឌ​ទាំង ២ នេះ​ គឺ​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត ​និង​គឺ​ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឲ្យ​ដំណឹង​មុន ​ដែល​រោងចក្រមាន​ចេតនា​គេចវេស​ពី​ការទទួល​ខុស​ត្រូវ។

លោកបញ្ជាក់ថា ​កម្មករ​ទាំងអស់​នៅតែ​ប្រកាន់​ជំហរ​ក្នុង​ការតវ៉ា ​និង​ប្រមូលផ្តុំ​សុំ​កិច្ច​អន្តរា​គន៍​ទៅកាន់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ក្នុង​ពេល​ខាងមុខ​ទៀត។

លោក​សង្កាត់​ធ្ងន់​ថា​៖ «ការចរចាគ្មាន​សង្ឃឹម​ទេ​បង ​រោងចក្រនៅតែ​ប្រ​កែ​មិន​ព្រម​ផ្តល់​ឲ្យ​នូវ​អ្វីដែល​ពួកគេបាន​សន្យា បើទោះ​ជារោងចក្រ​នេះ​ មិនបាន​រង​ផលប៉ះពាល់​អ្វី​ពី​កូ​វីដ​ក៏​ដោយ។ ព្រោះ​ពេល​យើង​ធ្វើការ ​គឺ​ថែម​ម៉ោង​រហូត ការងារ​មាន​រហូតមិនចេះ​អត់​នោះ​ទេ។ ដល់​ពេល​មក​លេស​បញ្ហា​កូ​វីដ​នេះ ​ដើម្បី​បញ្ចប់​កិច្ចសន្យា​ពួកយើង​ ហើយ​គេចវេស​ពី​ការទទួល​ខុសត្រូវ​សំណង​ផ្សេងៗ​ទៀត»៕