ស្វាយរៀងៈ ប្រជាពលរដ្ឋ​ប្រមាណ​ ៣០ ​នាក់​ត្រូវ​បាន​បំបែក​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​ជាមួយ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ដើម្បី​សិក្សា​រួម​គ្នា​អំពី​បច្ចេកទេស​ចិញ្ចឹម​មាន់​ដែល​គ្រោង​ធ្វើ​រយៈពេល​ ៣ ​ថ្ងៃ​ពី​ថ្ងៃ​ទី​ ១៧-១៩ ខែ​កញ្ញា​នៅ​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដោយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចាត់ទុក​សកម្មភាព​បែប​នេះ​ជា​ការបំពាន​ច្បាប់​។

លោក សំ សំអ៊ុល អធិការ​ស្រុក​រមាសហែក​បាន​សរសេរ​នៅលើ​គេហទំព័រ​ហ្វេសប៊ុក​អធិការដ្ឋាន​នគរបាល​ស្រុក​រមាសហែក​ថា​៖ «​សហគមន៍​សាមគ្គី​រមាសហែក​នេះ​មិនទាន់​មាន​ច្បាប់​នៅ​ឡើយ ហើយ​លោក​អភិបាលស្រុក​ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ដែរ ប៉ុន្តែ​ពួកគាត់​នៅ​តែ​ធ្វើ​ទើប​យើង​ឃាត់ ហើយ​ណែនាំ​ឲ្យ​ពួកគាត់​ទៅ​បំពេញ​លក្ខខណ្ឌ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន​សិន​»​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ចំពោះ​សមាគម​ដែល​មាន​ច្បាប់​រួច​ហើយ មុន​នឹង​ធ្វើ​សកម្មភាព​របស់​ខ្លួន​គឺ​ត្រូវ​ទៅ​សុំ​ការអនុញ្ញាត​ច្បាប់​ពី​រដ្ឋបាលខេត្ត​ដោយ​ផ្តល់​ដំណឹង​យ៉ាងតិច​ ៣ ​ថ្ងៃ​នេះ​ជា​ការ​ជម្រាប​មក​អាជ្ញាធរ រាជធានី​/​ខេត្ត​របស់​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​ ២ ខែ​តុលា ឆ្នាំ​ ២០១៧»​។

លោក ញ៉ាញ ផែន នាយប៉ុស្តិ៍​នគរបាល​ឃុំ​អំពិល​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា​មូលហេតុ​ដែល​អាជ្ញាធរ​ឃុំ​ចុះ​ហាមឃាត់​នេះ​ដោយសារ​តែ​ប្រជាសហគមន៍ មិនបាន​សុំ​ការអនុញ្ញាត​ដល់​ថ្នាក់​ខេត្ត និង​មិន​បាន​អញ្ជើញ​មន្ត្រី​កសិកម្ម​ខេត្ត​មក​ចូលរួម​។

ប៉ុន្តែ​អ្នកស្រី ខៀវ សារ៉ុន តំណាង​សហគមន៍​សាមគ្គី​រមាសហែក​នៅ​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ដ​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ពួកគាត់​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ការិយាល័យ​កសិកម្ម​ស្រុក​កាលពី​ថ្ងៃទី​ ១២ កញ្ញា ដើម្បី​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​កសិករ​ពី​បច្ចេកទេស​ចិញ្ចឹម​មាន់​ចាប់ពី​ថ្ងៃ​ទី​ ១៧ ដល់​ថ្ងៃទី​ ១៩ ខែ​កញ្ញា​។

ដោយសារ​មាន​ការ​យល់ព្រម​ទើប​ពួកគាត់​អញ្ជើញ​សមាជិក​សហគមន៍​ប្រមាណ​ជាង ៣០ ​នាក់​មក​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​របៀប​ចិញ្ចឹម​មាន់​តាម​បែប​ធម្មជាតិ និង​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ប៉ុន្តែ​សកម្មភាព​របស់​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច​ប្រមាណ ៦ ​នាក់​ចុះ​មក​ហាមឃាត់​មិន​ឲ្យ​ដំណើរការ​តទៅ​ទៀត​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ​ក្រោម​មូលហេតុ​ថា​មិន​បាន​សុំ​ការអនុញ្ញាត​ពី​ថ្នាក់​ខេត្ដ​។

អ្នកស្រី ខៀវ សារ៉ុន បាន​អះអាង​ថា​៖ «​ពួកខ្ញុំ​បាន​ស្នើ​ទៅ​ដល់ ឃុំ និង​ការិយាល័យ​កសិកម្ម​ស្រុក​ជា​មុន​រួចរាល់​ហើយ​ចំពោះ​សំណើ​ដើម្បី​សុំ​បង្រៀន​ប្រជាពលរដ្ឋ​ចិញ្ចឹម​មាន់​នេះ ហើយ​ពួកគាត់​ក៏​បាន​ចុះហត្ថលេខា​យល់​ព្រម​ឲ្យ​ខ្ញុំ​តាំងពី​ថ្ងៃ​ទី​ ១២ ​កញ្ញា​។ ប៉ុន្ដែ​ដល់​ពេល​សមត្ថកិច្ច​គាត់​ចុះ​មក​បែរ​ជា​ថា ពួកខ្ញុំ​អត់​បាន​ជូន​ដំណឹង​ទៅ​ដល់​ថ្នាក់​ខេត្ដ​»​។

អ្នកស្រី យស់ សុភ័ន្ដ និង​ប្រជាពលរដ្ឋ ៩ ​នាក់​ផ្សេង​ទៀត​មកពី​ស្រុក​ស្វាយជ្រំ​នៃ​ខេត្ដ​ស្វាយរៀង​ដែល​បាន​ចំណាយពេល​ជិត ៣ ​ម៉ោង​ដើម្បី​ជិះ​ម៉ូតូ​លើ​ចម្ងាយ​ផ្លូវ​ជិត ១០០ ​គីឡូម៉ែត្រ ដើម្បី​ស្កាត់​មក​រៀន​បច្ចេកទេស​ចិញ្ចឹម​មាន់​នេះ​បាន​ខកចិត្ដ​យ៉ាង​ខ្លាំង​ចំពោះ​ការហាមឃាត់​របស់​សមត្ថកិច្ច​នេះ​មក​លើ​​ពួកគាត់​។

អ្នកស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​ជិះ​ម៉ូតូ​មកពី​ស្រុក​ស្វាយជ្រំ​មក​រៀន​នៅ​ស្រុក​រមាសហែក​នេះ​គ្រាន់​តែ​ជិះ​ម៉ូតូ​មក​ដល់​កន្លែង​រៀន ខ្ញុំ​ចាក់​សាំង​អស់ ១៧០០០ ​រៀល ហើយ​ជិះ​ម៉ូតូ​ជិត ១០០ ​គីឡូម៉ែត្រ​ហត់​ខ្លាំង​ណាស់ ប៉ុន្ដែ​មក​ដល់​បែរ​ជា​គេ​មិន​ឲ្យ​ពួក​ខ្ញុំ​រៀន​»​។

អ្នកស្រី ឥន្ទ សូត្រ ប្រជាកសិករ​មកពី​ស្រុក​ស្វាយជ្រំ​ដែរ​បាន​លើក​ឡើង​ថា អ្នកស្រី​បាន​មក​ចាំ​នៅ​កន្លែង​រៀន​វគ្គ​ចិញ្ចឹម​មាន់​នេះ​តាំងពី ១ ​ថ្ងៃ​មុន​ថ្ងៃ​រៀន​ម្ល៉េះ​ដើម្បី​ចេះ​បច្ចេកទេស​ចិញ្ចឹម​មាន់​។

អ្នកស្រី​ថា​៖ «​ខ្ញុំ​ខក​ចិត្ដ​ណាស់​ចំពោះ​ការហាមឃាត់​នេះ​គឺ​ពួកគាត់​មិន​ជួយ​ប្រជាពលរដ្ឋ​បែរ​ជា​មក​ឃាត់​ពលរដ្ឋ​ទៅ​វិញ​។ ប្រហែល​គេ​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ដឹង​ទេ​»​។

អ្នកស្រី​បាន​អះអាង​ថា​ពួក​អ្នកស្រី​ខិតខំ​មកពី​ស្រុក​ឆ្ងាយៗ​រាប់រយ​គីឡូម៉ែត្រ មក​រៀន​ពី​វិធី​ចិញ្ចឹម​មាន់​នេះ ព្រោះ​គិត​ថា​នឹង​អាច​ចេះ​ពី​វិធី​ចិញ្ចឹម​មាន់​​ឲ្យ​ឆាប់​ធំ​គ្រាន់​នឹង​បាន​ដោះស្រាយ​ជីវភាព​ខ្លះ​បន្ថែម​ក្រៅ​ពី​ធ្វើ​ស្រែ​ចម្ការ​៕