កោះកុងៈ សមត្ថកិច្ច​ខេត្ត​កោះកុង​កាលពី​ម៉ោង​ ២ រំលង​អធ្រាត្រ​ថ្ងៃទី​ ៣០ កញ្ញា​ បាន​ចុះ​រុះរើ​តង់ ដែល​ពលរដ្ឋ​បោះ​នៅ​ខាងមុខ​សាលាខេត្ត ដើម្បី​តវ៉ា​សុំ​ពន្លឿន​ដំណោះស្រាយ​ដីធ្លី និង​បាន​ឃាត់​អ្នក​តវ៉ា​ចំនួន​ ៤ ​នាក់​យក​ទៅ​កាន់​អធិការដ្ឋាន​ក្រុង​ខេមរភូមិន្ទ​អស់​ពេល​ជាច្រើន​ម៉ោង​មុន​ដោះលែង​វិញ​។

លោក ង៉ែត ញ៉ាញ់ អាយុ​ ៥២ ​ឆ្នាំ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​ម្សិលមិញ​ថា ពលរដ្ឋ​ជាង​ ១៩៣ ​គ្រួសារ​ ដែលមាន​ទំនាស់​ដីធ្លី​​ចំនួន ២ ២០៩ ​ហិកតា​ តាំងពី​ ១២ ​ឆ្នាំមុន​ជាមួយ​ក្រុមហ៊ុន Union Development នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ បាននាំគ្នា​មក​បោះតង់​តវ៉ា​នៅ​ខាងមុខ​សាលាខេត្ត​តាំងពី​ថ្ងៃ​ចន្ទ​​ទី​ ២៨ កញ្ញា ដើម្បី​សុំឱ្យ​ពន្លឿន​ដំណោះស្រាយ​ក្រោយពី​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ជាតិ​បាន​​សន្យា​ជាច្រើន​លើក តែ​នៅ​មិនឃើញ​ដោះស្រាយ​។

លោក​បន្តថា នៅពេល​ការតវ៉ា​ឈាន​មកដល់​ម៉ោង​ ២ ​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ពុធ គឺ​អំឡុងពេល​ពលរដ្ឋ​ប្រហែល​ ៣០ ​នាក់ ​កំពុង​សម្រាក​លង់លក់​នៅ​ក្នុង​តង់​ក៏​ស្រាប់​តែមាន​សមត្ថកិច្ច​បាន​ចុះមក​រុះរើ​តង់ និង​បាន​ឃាត់ខ្លួន​មនុស្ស​ ៤ ​នាក់ ក្នុងនោះ​មាន​ស្រី​ ៣ ​នាក់ អាយុ​ចាប់ពី​ ៣៨ ​ដល់​ ៧៦ ​ឆ្នាំ និង​ប្រុស​ម្នាក់​អាយុ​ ៥៩ ​ឆ្នាំ​រួមទាំង​រឹបអូស​យក​ទូរស័ព្ទ​ ៥ ​គ្រឿង ចាន ឆ្នាំង និង​អង្ករ​។

លោក​ថា​៖ «​នៅពេល​ពលរដ្ឋ​ទៅ​តវ៉ា​នៅ​ភ្នំពេញ​ខាង​ក្រសួង​រៀបចំ​ដែនដី​ហ្នឹង​ថា ឱ្យ​ពលរដ្ឋ​​មក​ដោះស្រាយ​នៅ​ខេត្ត ហើយ​ដល់​ពេល​មក​ដោះស្រាយ​នៅ​​ខេត្ត​គឺ​ខេត្ត​អត់​ដោះស្រាយ​ឱ្យ​។

នៅពេល​ពួកយើង​ទៅ​ធ្វើ​ផ្ទះ​​ក្រោយពី​មានកូន​ចៅ​រៀបការ​​ហើយ​ធ្វើ​ផ្ទះ​បែក​ពី​ម៉ែឪ គឺ​គេ​​ទៅ​រុះរើ​អត់ឱ្យ​ធ្វើ ដោយសារ​​គេ​ថា ជា​ដី​របស់​ក្រុមហ៊ុន​»​។

ពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ​នេះ​​ គឺ​បាន​តវ៉ា​សុំ​ដំណោះស្រាយ​​កាត់​ឆ្វៀល​ដី​ចេញពី​ក្រុមហ៊ុន​ និង​ស្នើសុំ​ការចេញ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ឱ្យ​ពួកគាត់​។ ​កាលពី​ថ្ងៃ​អង្គារ អ្នកតំណាង​ពលរដ្ឋ​ ៦ ​នាក់​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​ជាមួយ​អភិបាលខេត្ត​លោកស្រី មិថុនា ភូថង និង​បាន​ជជែក​គ្នា​អស់​រយៈពេល​​ប្រហែល​ ២ ​ម៉ោង​។

អ្នកស្រី ម៉ៃ ពៅ ដែល​បាន​ចូលជួប​លោកស្រី មិថុនា ភូថង ​បាន​ថ្លែង​ដែរ​ថា ក្នុងជំនួប​នោះ​ គឺ​លោកស្រី មិថុនា ភូថង បាន​បញ្ជាក់ថា នឹង​នាំ​សំណើ​របស់​ពួកគាត់​ទៅកាន់​ថ្នាក់លើ និង​សន្យា​ផ្ដល់ដំណឹង​អំពី​ការដោះស្រាយ​មកវិញ​ក្នុង​រយៈពេល​ ២ ​ខែ​ទៀត​។

អ្នកស្រី ពៅ បញ្ជាក់ថា ក្រុម​ពលរដ្ឋ​បាន​សុំឱ្យ​អភិបាលខេត្ត​​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ និង​បោះត្រា ប៉ុន្តែ​លោកស្រី មិថុនា ភូថង បាន​បដិសេធ​។

អ្នកស្រី​ថា​៖ «​បើ​គាត់​សន្យាថា​​កាត់​ឆ្វៀល​ដី​ឱ្យ​ខ្ញុំ គឺ​គាត់​ធ្វើ​លិខិត​លាយលក្ខណ៍​អក្សរ​ឱ្យ​ខ្ញុំ​មក​ប៉ុន្តែ​គាត់​ថា គឺ​អត់​ធ្វើលិខិត​ជា​​លាយលក្ខណ៍អក្សរ​ឱ្យ​ទេ​។ ​អ៊ីចឹង!​ពួកគាត់​បាន​សន្យា​ខ្យល់​ជាមួយ​​ពួកខ្ញុំ​អស់​ ១២ ​ឆ្នាំ ហើយ​បាន​ធ្វើឱ្យ​ពួកខ្ញុំ​រងទុក្ខវេទនា​រហូត​»​។

ពលរដ្ឋ​ទាំងនេះ​បាន​អះអាង​ថា​នឹង​បន្ត​តវ៉ា​នៅខាងមុខ​សាលាខេត្ត​ទៀត ថ្វីបើ​ពលរដ្ឋ​ ៤ ​នាក់ ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ត្រូវបាន​​ដោះលែង​វិញ​ហើយ​ក្ដី​។

ស្នងការ​ខេត្តកោះកុង​លោក គង់ មនោ បាន​បញ្ជាក់​ថា ពលរដ្ឋ​ទាំង​ ៤ ​នាក់​គឺ​ត្រូវបាន​សមត្ថកិច្ច​អញ្ជើញ​ឱ្យមក​អធិការដ្ឋាន​ក្រុង ដើម្បី​សុំឱ្យ​ពួកគាត់​ឈប់​បោះតង់​នៅ​ខាងមុខ​សាលាខេត្ត​​ទៀត​ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ឱ្យមាន​សោភណភាព​ឡើងវិញ​។

លោក​ថា​៖ «(​ការបន្ត​ការតវ៉ា​) ​កុំ​ឱ្យ​តែ​បោះតង់​ខូច​សោភណភាព​ទីក្រុង និង​ធ្វើឱ្យ​ប៉ះពាល់​​តំបន់​ទេសចរណ៍​»​។

ចំណែក​លោក សុខ សុទ្ធី អភិបាលរង​ខេត្ត​កោះកុង​បាន​​បញ្ជាក់ថា អាជ្ញាធរ​មិន​បាន​គេចវេះ​មិន​ដោះស្រាយ​ដូច​​ពលរដ្ឋ​អះអាង​ឡើយ​។

លោក​ថា​៖ «​រឿងនេះ​គឺ​ផុត​ពី​ដែន​សមត្ថកិច្ច​ថ្នាក់​ខេត្ត ហើយ​​ចូលដល់​ដែន​សមត្ថកិច្ច​អាជ្ញាធរ​ជាតិដោះស្រាយ​ដីធ្លី ហើយ​ខាង​គណៈកម្មការ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​នោះ​គឺ​គាត់​កំពុង​តែ​សិក្សា​អំពី​អត្តសញ្ញាណ​ពលរដ្ឋ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​​ធ្វើការ​សម្រេច​ថា តើ​គួរ​ធ្វើ​ដូចម្ដេច ហើយ​ខេត្ត​ជម្រាបជូន​គាត់​គឺ​ដូចជា គ្រប់​ពេលវេលា​គឺមាន​ព័ត៌មាន​យ៉ាងម៉េច​បាន​ធ្វើ​បច្ចុប្បន្នភាព​ជូន​គាត់​ទាំងអស់​»​។

លោក ថោង ច័ន្ទតារា អ្នកសម្របសម្រួល​សមាគម​អាដហុក​ខេត្តកោះកុង​បាន​លើក​ឡើង​​ថា ការឃាត់ខ្លួន​ពលរដ្ឋ​ជា​សកម្មភាព​គំរាមកំហែង​ឱ្យ​ឈប់​មក​តវ៉ា​ទៀត​នៅមុខ​សាលាខេត្ត​។

លោក​ថា​៖ «​ពួកគាត់​ទាំង​ហ្នឹង​គឺ​មក​តាមដាន​ការដាក់​ញត្តិ​ដោយ​​ខេត្ត​មិន​ឆ្លើយ និង​ចេះតែ​សន្យា​​ម្ដង​ហើយ ម្ដងទៀត ហើយ​ដល់​​ថ្ងៃ​សន្យា គឺ​ពួកគាត់​បានមក​សាលា​ខេត្ត​តាម​ការសន្យា​»៕