The Phnom Penh Post Search

Search form

អាជ្ញាធរ​រុះរើ​របង​បើក​ធ្វើ​ផ្លូវ​​ ក្រោយ​ពី​ក្រុមហ៊ុន​បិទ​យូរ​ឆ្នាំ

អាជ្ញាធរ​រុះរើ​របង​បើក​ធ្វើ​ផ្លូវ​​ ក្រោយ​ពី​ក្រុមហ៊ុន​បិទ​យូរ​ឆ្នាំ

ភ្នំពេញៈ មន្ទីរ​ដែនដី​នគរូបនីយកម្ម​រាជធានី​ និង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​កាលពី​ម្សិលមិញ​បាន​​រុះរើ​របង និង​ចាក់​ដី​លុប​ប្រឡាយ​ក្នុង​សង្កាត់​វាលស្បូវ​ដើម្បី​បើក​ផ្លូវ​​ទទឹង​ ១៦ ​ម៉ែត្រ​បណ្ដោយ​ជាង​ ៦ គីឡូម៉ែត្រ​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ បន្ទាប់ពី​ក្រុមហ៊ុន​​ ២ ​បាន​ជីក​ និង​ធ្វើ​របង​ភ្ជិត​មិន​ឲ្យ​ឆ្លង​កាត់​ ។

លោក សារិន វណ្ណា ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បើ​តាម​ពលរដ្ឋ​ផ្លូវ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ ផាន អ៊ីមិច និង​ក្រុមហ៊ុន​ ហេង លី ជីក​ប្រឡាយ​ និង​ធ្វើ​របង​ភ្ជិត​ច្រើន​ឆ្នាំ​មក​ហើយ​។

ប៉ុន្តែ​លោក​ថា៖ «កាលពី​ព្រឹក​មិញ​ [ម្សិលមិញ] ម្ចាស់​ក្រុមហ៊ុន​ទាំង​ពីរ​គឺ​លោក​ជំទាវ ឧកញ៉ា ស៊ុយ សាផាន និង​លោកឧកញ៉ា ហេង លី បាន​ទទួល​ស្គាល់​ និង​បាន​ចូលរួម​សហការ​ឲ្យ​បើក​ផ្លូវ​មួយ​ខ្សែ​នេះ...ឡើង​វិញ»​។

លោក ណុប ផា អភិបាលរង​ខណ្ឌ​ច្បារអំពៅ​បាន​ថ្លែង​​ដែរ​ថា​ផ្លូវលំ​នេះ​សំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ចំនួន​បួន​គឺ​សង្កាត់​វាលស្បូវ ព្រែកប្រា ព្រែកថ្មី និង​សង្កាត់​ព្រែកឯង។

លោក​ថា៖ ​«ផ្លូវ​នេះ​ពី​មុន​ធំ​ជាង​ផ្លូវ​រទេះ​គោ​បន្តិច​ប៉ុណ្ណោះ​ហើយ​លិច​ទឹក​ក្នុង​រដូវវស្សា...ការ​បើក​​ផ្លូវ​នេះ​ដើម្បី​សម្រួល​ដល់​ការ​ស្ទះ​ចរាចរណ៍​ដោយ​ត្រូវ​ពង្រីក​ធំ​ជាង​មុន​ និង​តភ្ជាប់​​ជាមួយ​ផ្លូវ​លេខ​ ៣៦៩​ និង​ផ្លូវ​ជាតិ​លេខ​ ១»។

តំណាង​ពលរដ្ឋ​ក្នុង​សង្កាត់​វាលស្បូវ អ្នកស្រី យឹម ស៊ីមន បាន​ថ្លែង​ថា​ពេល​​ផ្លូវ​នេះ​បើក​ដំណើរការ​ឡើង​វិញ​ វា​នឹង​ជួយ​សម្រួល​ដល់​ជីវភា​ពពួក​គាត់​ដូចជា​ការ​កាត់​បន្ថយ​​ពេល​ធ្វើ​ដំណើរ កាត់​បន្ថយ​ការ​ស្ទះចរាចរណ៍ និង​ថ្លៃ​សាំង​ជាដើម​។

អ្នកស្រី​ថា៖ ​«យើង​រីករាយ​ខ្លាំង​ណាស់​បើ​គម្រោង​នេះ​ធ្វើ​បាន​សម្រេច​»។

អ្នកស្រី ស៊ុយ សាផាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​អ្នកស្រី​ក៏​រីករាយ​​ចំពោះ​គម្រោង​នេះ​ដែរ​។

អ្នកស្រី​ថា៖ «ខ្ញុំ​បាន​ឯកភាព និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ...ក្នុង​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ ព្រោះ​គម្រោង​នេះ​វា​នឹង​ផ្ដល់​ប្រយោជន៍​ជា​សាធារណៈ»៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។