មណ្ឌលគិរី: អាជ្ញាធរខេត្ត​មណ្ឌលគិរី​បាន​អះអាងថា នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​ និង​បង្ក្រាប​ករណី​ជនល្មើស​ជីកយក​ថ្ម​ពណ៌​ខៀវ​មាន​តម្លៃ​ម្យ៉ាង​ដោយ​ខុសច្បាប់​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ជនជាតិ​ចិន និង​វៀតណាម បន្ទាប់ពី​មាន​ការស្នើសុំ​ឱ្យជួយ​ទប់ស្កាត់​ពី​ជនជាតិ​ដើមភាគតិច​ព្នង​រស់នៅ​ភូមិ​ឡៅការ សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ​។

លោក ហៀក សុផាន អភិបាល​ក្រុង​សែនមនោរម្យ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៤ មករា​ថា លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​ដែលថា មាន​ជនខិលខូច​ជីក​យក​ថ្ម​ពណ៌​ខៀវ​មាន​តម្លៃ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំព្រេច​ស្ថិត​នៅ​ភូមិ​ឡៅការ សង្កាត់​​សុខដុម ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី​នោះទេ​។ ប៉ុន្តែ​លោក​ថា នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​នោះ​ដោយ​ផ្ទាល់​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ប្រសិនបើ​គាត់​បាន​ឃើញ​ករណី​នេះ​សូមជួយ​ទប់ស្កាត់ សហការ​ជាមួយ​អាជ្ញាធរ បើ​មិន​អ៊ីចឹង​ទេ​ពួកគាត់​ត្រូវតែ​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ​ឱ្យ​បាន​លឿន​បំផុត ដើម្បី​កុំ​ឲ្យ​ជន​ឱកាសនិយម​ឆ្លៀតពេល​ប្រមូលផល​ធនធាន​ធម្មជាតិ​ដោយ​ខុសច្បាប់​បែប​នេះ​។ ​ខ្ញុំ​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​​ទៅ​បង្ក្រាប​ប្រសិនបើ​បានឃើញ​មាន​ករណីនេះ​»​។

លោក​បន្ថែមថា នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​មាន​សម្បត្តិ​ធនធាន​ធម្មជាតិ​ជាច្រើន ពិសេស​ព្រៃឈើ សត្វព្រៃ ប៉ុន្ដែ​លោក​មិន​ធ្លាប់​ឮថា​ក្នុង​តំបន់​នេះ​​មាន​ថ្ម​ពណ៌​ខៀវ​មាន​តម្លៃ​ទេ​។ ​ការប្រមូលផល​សម្បត្តិ​ធម្មជាតិ​ទាំងនេះ​ត្រូវតែ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​ជាមុនសិន​។

លោក​ ពៅ សុផាត មេឃុំ​សុខដុម ក្រុង​សែនមនោរម្យ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៤ ​មករា​ថា លោក​​ក៏​មិនទាន់​បាន​ទទួល​ព័ត៌មាន​ដែរ ប៉ុន្ដែ​លោក​នឹង​ចាត់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ភូមិ​ចុះ​ទៅ​ពិនិត្យ​​នៅ​ទីតាំង​នោះ​ផ្ទាល់​ដោយសារ​លោក​មិនទាន់​បាន​ទទួល​លិខិត​ស្នើសុំ​ធ្វើ​អាជីវកម្ម​អ្វី​ទេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ទាន់​ដឹង​រឿង​ហ្នឹង​ទេ ប៉ុន្ដែ​ខ្ញុំ​នឹង​ចាត់​មេភូមិ​ចុះទៅ​ពិនិត្យមើល​។ ខ្ញុំ​គិតថា ទីតាំង​ដែល​មាន​ថ្ម​ប្រភេទ​​នេះ គឺ​នៅ​ក្នុងព្រៃ​ជ្រៅ ប៉ុន្ដែ​បើ​​នៅក្បែរៗ​ភូមិ​នេះ​មិន​មាន​ថ្ម​បែប​​នេះ​ទេ​។ ប្រសិនបើ​នៅក្នុង​ព្រៃជ្រៅ​គឺ​យើង​ពិបាក​នឹង​ចុះទៅ​ការពារ​វា ព្រោះ​ជន​ខិលខូច​ចាំតែ​ឆ្លៀតឱកាស​ចូល​ទៅ​ជីក​ពេល​យើង​ចន្លោះ​ប្រហោង​»​។

លោក គ្រើង តុលា តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង និង​ជា​សកម្មជន​ការពារ​ព្រៃឈើ​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ៤ ​មករា​ដែរ​​ថា ទីតាំង​ដែល​មាន​សកម្មភាព​ជីក​យក​ថ្ម​មាន​ពណ៌​ទាំងនេះ​គឺ​ស្ថិត​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំព្រេច​ក្នុង​សង្កាត់​សុខដុម​ក្រុង​សែនមនោរម្យ​។ ក្រុម​ពលរដ្ឋ​បាននាំគ្នា​ចូលទៅ​ជីក​យក​ថ្ម​មាន​ពណ៌​នេះ​តាំងពី​ ១ ​ខែ​មុន ដោយសារ​ពួកគាត់​ខ្វះ​ការយល់ដឹង​អំពី​ច្បាប់ និង​មាន​ឈ្មួញ​ជនជាតិ​ចិន និង​វៀតណាម​រង់ចាំ​ទទួល​ទិញ​ពី​ពួកគាត់​។

លោក​បន្តថា ពលរដ្ឋ​ទាំងនេះ​បាន​យក​ថ្ម​ដែល​ពួកគេ​រកបាន​ពី​ក្នុងព្រៃ​ដឹក​តាម​ម៉ូតូ​ច្នៃ​យក​មក​ទុក​នៅតាម​ផ្ទះ ហើយ​មាន​ឈ្មួញ​ចុះមក​ប្រមូល​ទិញ​។

ថ្ម​មាន​ពណ៌​ទាំងនេះ​អាច​លក់បាន​តម្លៃ​ពី​ ៣ ​ទៅ​ដល់​ ៥ ​ដុល្លារ​ ក្នុង​ ១ ​គីឡូក្រាម​ដោយ​អាស្រ័យ​លើ​គុណភាព​នៃ​ដុំថ្ម​នីមួយៗ​។

លោក​ តុលា ​បញ្ជាក់ថា​៖ «​អ្នក​ចាំ​ទទួល​ទិញ​ហ្នឹង យើង​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ទេ តែ​យើង​ដឹងថា ពួកគេ​ចាំ​ទិញ​នៅតាម​ផ្ទះ​ពលរដ្ឋ​តែម្តង​គឺ​ឈ្មួញកណ្តាល​នេះ​ជា​ខ្មែរ​យើង​ទេ ប៉ុន្តែ​ថៅកែ​ធំៗ​គឺជា​ចិន និង​វៀតណាម​។ ​ថ្ម​ពណ៌​នេះ​ប្រហែល​គេ​យក​ទៅ​ធ្វើ​ចិញ្ចៀន​ ឬ​គ្រឿងលម្អ​ផ្សេង​ទៀតហើយ​ឥឡូវនេះ​​ថ្ម​ត្បូង​ពណ៌​អ្វី​ក៏​គេ​យក​ដែរ​»​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៤ ​មករា​ថា ការជីក​កកាយ​ថ្ម ឬ​ជីក​យក​ប្រភេទ​រ៉ែ​អ្វីមួយ​ក្នុង​ព្រៃ​ដោយ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​គឺ​អាច​ចាត់​ចូល​ជា​បទឧក្រិដ្ឋ​។ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​ត្រូវតែ​​ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា​។

លោក​បន្តថា អាជ្ញាធរ​ត្រូវតែ​ចុះ​អប់រំ ណែនាំ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដើម្បីឱ្យ​ពួកគាត់​ងាក​មក​ចូលរួម​ការពារ អភិរក្ស​សម្បត្តិ​ធនធានធម្មជាតិ​ទាំងអស់​នេះ​។

ពលរដ្ឋ​ស្ថិត​នៅក្នុង​តំបន់​នេះ​ស្រាប់ ប្រសិន​បើ​ពួកគាត់​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​គឺ​ការប្រសើរ​បំផុត​។

លោក ប៊ុណ្ណារ៍ បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា មន្ត្រី​យើង​ប្រសិនបើ​បានដឹង​ពី​អំពើ​ល្មើសច្បាប់​បែប​ឧក្រិដ្ឋ ឬ​មជ្ឈិម​នេះ​ត្រូវតែ​ចាត់​វិធានការ​ភ្លាមៗ​តាមរយៈ​ការកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ហើយ​មិនត្រូវ​ឆ្លើយថា មិនបាន​ដឹង​រឿង​ ឬ​ឆ្លើយ​ដោះសា​យក​រួច​ខ្លួន​ណាមួយ​​ដើម្បី​រង់ចាំ​ទទួលផល​ប្រយោជន៍​ពី​បទល្មើស​ទេ​។ ​ប្រសិនបើ​មាន​ការស្រាវជ្រាវ​ឱ្យបាន​ស៊ីជម្រៅ​មន្ត្រី និង​ជនល្មើស​មាន​ទោស​ដូចគ្នា​»៕

វីដេអូ៖