មណ្ឌលគិរី: អាជ្ញាធរខេត្ត​មណ្ឌលគិរី​កំពុង​រៀបចំ​ជីក​ស្រះទឹក និង​ដាំ​ដើមឈើ បន្ថែម​នៅក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​កែវសីមា ដើម្បី​បង្កើត​ឲ្យ​មាន​​ខ្យល់​បរិសុទ្ធ និង​កាត់​បន្ថយ​កម្ដៅ​ខ្លាំង បន្ទាប់ពី​មាន​សិស្ស​ចំនួន​ ១៤ ​នាក់​បាន​ដួលសន្លប់​​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​ ២៧ ​ខែ​មករា​ ដែល​អាជ្ញាធរ​អះអាងថា មកពី​ពួកគេ​ខ្វះ​ខ្យល់​អុកស៊ីហ្ស៊ែន​ និង​អាកាសធាតុ​ក្ដៅ​ខ្លាំង​។

លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​អង្គារ​ថា សិស្ស​រងគ្រោះ​ដោយ​ការដួលសន្លប់​នៅ​វិទ្យាល័យ​ហ៊ុនសែន​កែវសីមា​ក្នុង​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា​នោះ​បាន​ធូរស្រាល​វិញ​ហើយ ដោយ​ក្រុមគ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​។

លោក​បន្តថា អាជ្ញាធរ​បាននិង​កំពុង​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​​ជុំវិញ​ការដួលសន្លប់​នេះ​ដោយ​គណៈកម្មការ​ចម្រុះ​គ្រោង​នឹង​ជីក​ស្រះ​ទឹក​ ១ និង​ដាំ​ដើមឈើ​បន្ថែម​ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​កែវសីមា​នេះ​ដើម្បី​បង្កើត​ឲ្យ​មាន​ខ្យល់​អុកស៊ីហ្ស៊ែន និង​ដាំ​ដើមឈើ​សម្រាប់​បង្កើត​ជា​ម្លប់​ដល់​សិស្សានុសិស្ស​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ស្រាវជ្រាវ​ហើយ​គឺ​មូលហេតុ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ពេក​បណ្ដាល​ឲ្យ​ខ្វះ​ខ្យល់​ដកដង្ហើម​។ ​មួយទៀត​​ពួកគាត់​មាន​សុខភាព​ខ្សោយ​ហើយ​ខំប្រឹង​រៀនសូត្រ​រហូត​ជ្រុល​ម៉ោង​ (​រៀន​គួរ​) និង​មួយទៀត​ពួកគាត់​ឃើញ​មិត្តភក្ដិ​គាត់​ដួល​ក៏​មាន​អារម្មណ៍​ភិតភ័យ ហើយ​ក៏​ដួលសន្លប់​ជា​បន្តបន្ទាប់​ដែរ​»​។

លោក ប៊ុន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​អង្គារ​ថា​មកទល់​ពេល​នេះ​សិស្សានុសិស្ស​ដែល​សន្លប់​នោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​​ផ្ទះ​វិញ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​កើតហេតុ​។ តែ​នៅ​សិស្ស​ ២ ​នាក់​នៅ​សល់​ត្រូវបាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​នៅ​ល្ងាច​ថ្ងៃទី​ ២៨ ខែមករា​។

លោក​បន្តថា ករណី​ដួលសន្លប់​នៅ​វិទ្យាល័យ​ហ៊ុនសែន​កែវសីមា​នេះ​ធ្លាប់​មាន​កាលពី​ថ្ងៃទី​ ២៣ ​ខែ​មករា​រួច​ម្ដង​ហើយ ប៉ុន្ដែ​មាន​តែ​សិស្ស​ ២ ​នាក់​ប៉ុណ្ណោះ​។

លុះដល់​ថ្ងៃទី​ ២៧ ខែមករា ក៏មាន​អ្នក​ដួលសន្លប់​បន្ថែម​ចំនួន​ ១៤ ​នាក់​ទៀត​។ ក្រោយពី​មាន​ហេតុការណ៍​នេះ លោកគ្រូ អ្នកគ្រូ រួមទាំង​អាជ្ញាធរ​បាន​ប្រញាប់​ប្រញាល់​បញ្ជូន​ពួកគាត់​មក​មន្ទីរពេទ្យ​បាន​ទាន់ពេល​។

លោក​បញ្ជាក់ថា​៖ «​យើង​បាននិង​កំពុង​ជីក​ស្រះ​ទឹក​នៅ​បរិវេណ​សាលា​ហ្នឹងហើយ និង​ដាំ​ដើមឈើ​បន្ថែម​ទៀត ព្រោះ​តំបន់​ហ្នឹង​មើល​ទៅ​វា​ខ្វះ​ខ្យល់​អុកស៊ីហ្ស៊ែន​។ ​ម្យ៉ាងទៀត​ពួកគាត់​ខំប្រឹង​រៀន​គួរ​ (​រៀន​ក្រៅ​ម៉ោង​រដ្ឋ​) ​ច្រើន​ម៉ោង​ដោយ​មិនបាន​បរិភោគ​អាហារ​គ្រប់គ្រាន់​ទើប​អស់​កម្លាំង​ខ្លាំង​។ ​រឿង​មួយទៀត​នោះ​គឺ​គាត់​ភ័យ​នៅ​ពេលឮ​មិត្តភក្ដិ​គាត់​ដួលសន្លប់ អ៊ីចឹង​គាត់​ក៏​សន្លប់​ដែរ​»​។

យុវតី​ជា​សិស្ស​ដែល​ដួលសន្លប់​​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្សេងទៀត​ត្រូវ​បាន​ Swiftnews ដកស្រង់​សម្ដី​ថា ខណៈ​ពេល​កំពុង​សិក្សា​នា​រសៀល​ថ្ងៃទី​ ២៧ ខែមករា ស្រាប់​តែ​មាន​សិស្ស​នារី​ម្នាក់​បាន​ដួលសន្លប់​ក្នុង​បន្ទប់រៀន​។ ​មួយសន្ទុះ​ក្រោយមក​ក៏មាន​សិស្សដទៃ​ដួលសន្លប់​ជា​បន្តបន្ទាប់​ទៀត ហើយ​ពេល​ឃើញ​មិត្តភក្ដិ​​របស់​ខ្លួន​បែបនេះ រូបគេ​ក៏បាន​ដួលសន្លប់​ដែរ​។

សិស្ស​ដដែល​បាន​បន្តថា នៅ​វិទ្យាល័យ​របស់​ពួកគេ​គឺជា​អគារសិក្សា​ថ្មី​ដែល​ទើប​សាងសង់​រួច និង​នៅក្បែរ​ព្រៃ​ការពារ​របស់​ដែនជម្រក​សត្វព្រៃ​កែវសីមា ហើយ​នៅពេល​ដួលសន្លប់​នោះ​អាកាសធាតុ​ក្នុង​បន្ទប់រៀន​មាន​សភាព​ក្តៅ​ខ្លាំង បើ​ទោះបី​ជា​មាន​កង្ហារ​ចំនួន​ ២ ​គ្រឿង​ក្នុង​បន្ទប់​​រៀន​ក៏ដោយ​។ ​ក្នុង​អំឡុង​ពេលនោះ​រូបគេ​មាន​អាការ​ចុក​ជើង​ណែន​ដើមទ្រូង ពិបាក​ដកដង្ហើម និង​វិលមុខ​ពិបាក​ទ្រាំ ហើយ​ក៏​ដួល​ទៅ​លើ​ដី​តែម្ដង​។

តាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ២៥ ខែ​មករា​ ថា នៅ​វិទ្យាល័យ​បន្ទាយឆ្មារ​ក្នុង​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ក៏​មាន​ករណី​សិស្សានុសិស្ស​ប្រុស​ស្រី​ចំនួន​ ៣៥ ​នាក់​ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ផងដែរ ដោយ​ពួកគេ​មាន​អាការ​ក្អួតចង្អោរ វិលមុខ ទន់​ដៃជើង និង​អស់កម្លាំង​។ ប៉ុន្ដែ​ត្រូវ​លោកគ្រូ អ្នកគ្រូ និង​អាជ្ញាធរ​ជួយ​ដឹក​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​បន្ទាយឆ្មារ​។ ​ក្នុង​នោះ​មាន​សិស្ស​ម្នាក់​មាន​អាការ​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក​។

ក៏ប៉ុន្តែ​របាយការណ៍​ដដែល​បាន​បន្តថា ភ្លាមៗ​នោះ​លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក​បាន​អះអាង​ថា សិស្សានុសិស្ស​ដែល​ដួលសន្លប់​ទាំងនោះ​​បាន​ធូរស្បើយ​វិញ​នៅ​រសៀល​ថ្ងៃទី​ ២៥ ខែមករា ដែល​ជា​ថ្ងៃកើតហេតុ​នោះ​។ ​ជាមួយគ្នា​នោះ​លោក​បាន​ធ្វើការ​ណែនាំ​ឲ្យ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​អនាម័យ​តាមរយៈ​ការហូប​ស្អាត ផឹកស្អាត ពិសេស​មិនត្រូវ​ញ៉ាំ​ចំណីអាហារ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ​៕