ក្រចេះ: អាជ្ញាធរ​ខេត្តក្រចេះ​សហការ​ជាមួយ​អង្គការ​ WWF ​កំពុង​រៀបចំ​សាងសង់​ប៉ុស្តិ៍​ឆ្មាំ​បណ្តែត​ទឹក​ក្នុង​ទន្លេមេគង្គ នៅ​​តំបន់​កាំពី​ក្នុង​ឃុំ​សម្បុក ស្រុក​ចិត្របុរី ដើម្បី​តាមដាន​សកម្មភាព​នេសាទ​ខុសច្បាប់​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​តំបន់​ការពារ​ជម្រក​សត្វ​ផ្សោត​ដែល​ជា​សត្វ​​កំពុង​ប្រឈម​ការជិត​ផុត​ពូជ​។

លោក​ សេង ទៀក នាយក​អង្គការ WWF ប្រចាំ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការបង្កើត​ប៉ុស្តិ៍​ឆ្មាំ​បណ្តែតទឹក​នេះ​គឺ​ដើម្បី​អន្តរាគមន៍​បាន​ទាន់ពេល បើ​មាន​បទល្មើស​​នេសាទ​ក្នុង​តំបន់​កាំពី​ដែលមាន​សត្វ​ផ្សោត​រស់នៅ​ប្រមាណ​ ៩០ ​ភាគរយ​ក្នុង​ដង​ទន្លេមេគង្គ​។

លោក​បន្តថា នៅពេល​មាន​បទល្មើស​នេសាទ​កើតឡើង​ក្នុង​តំបន់​កាំពី​ដែលមាន​ប្រវែង​ប្រមាណ​ ២៥ ​គីឡូម៉ែត្រ ក្រុម​ការងារ​ល្បាត​នឹង​ងាយស្រួល​ចុះ​ដល់​គោលដៅ​បាន​រហ័ស ដោយសារ​មាន​ឆ្មាំ​យាមកាម​ ២៤ ​ម៉ោង​លើ​ ២៤ ​ម៉ោង នៅ​ប៉ុស្ដិ៍​ឆ្មាំ​បណ្តែត​ទឹក​នោះ ។ ​នេះ​គឺជា​រឿង​សំខាន់​ដែល​ត្រូវធ្វើ ព្រោះ​ផ្សោត និង​មង​ ឬ​ការឆក់​មិនត្រូវ​គ្នា​ទេ​។

លោក​ថា​៖ «​ឥឡូវនេះ​ក្រុម​ការងារ​ដែលមាន​ការសហការ​ជាមួយ​​ផ្នែក​ផល​ខេត្ត​កំពុង​រៀបចំ​​សាងសង់​ ១ ​កន្លែង​សិន ហើយ​ក្នុង​ផែនការ​ ៦ ​ខែ​ទៅមុខទៀត​យើង​ត្រូវ​សាងសង់​ឱ្យមាន​ ២ ​កន្លែង​ និង​ដំណើរការ ហើយ​យុទ្ធសាស្ត្រ​បន្ត​យើង​នឹងធ្វើ​បន្ថែមទៀត​»​។

លោក​ថា​៖ «​ប៉ុស្តិ៍​បណ្តែត​ទឹកជា​រឿង​មួយ​ដោយ​មាន​សម្ភារ​គ្រប់គ្រាន់ ហើយ​យើង​នឹង​ពិនិត្យមើល​ទៅលើ​បច្ចេកវិទ្យា ដូចជា ការបង្ហ្រោះដូន​ក្នុង​ការគ្រប់គ្រង​នៅ​តំបន់​នេះ​កុំ​ឱ្យ​មាន​បទល្មើស​នេសាទ ហើយ​អន្តរាគមន៍​ឱ្យទាន់ពេល​»​។

លោក ថេង ភាព ប្រជាការពារ​ភូមិ​កាំពី ឃុំ​សម្បុក បាន​ស្វាគមន៍​ការសង់​ប៉ុស្តិ៍​ឆ្មាំ​បណ្តែតទឹក​នេះ ហើយ​ថា​ប្រជាការពារ​​នឹងចូលរួម​ល្បាត​ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​ដែល​ប៉ះពាល់​សត្វ​ផ្សោត​។ ​ប៉ុន្តែ​លោក​ថា ការសង់​ ១ ឬ​ ២ ​វា​មិន​គ្រប់គ្រាន់​ទេ ។

បើតាម​លោក ថេង ភាពតំបន់​កាំពី​នេះ​មាន​ការលំបាក​ការពារ​ណាស់ ព្រោះ​មាន​សកម្មភាព​នេសាទ​ខុសច្បាប់​ជាច្រើន​បាននិង​កំពុង​កើតមាន​ក្នុង​ដែនជម្រក​សត្វ​ផ្សោត ហើយ​ក៏មាន​ផ្សោត​ងាប់​ដោយ​ជាប់​មង​ដែរ​។

លោក​ថ្លែងថា​៖ «​ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ការពារ ខ្ញុំ​នឹងចូលរួម​​ជួយ​ទាំង​ទឹកចិត្ត​ក្នុងការ​ចុះទៅ​ល្បាត​ទាំង​ថ្ងៃ និង​យប់ ព្រោះ​ខ្ញុំ​មើលឃើញ​ថា មាន​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​ទីនេះ​»​។

លោក ថុន ថារង ប្រធាន​សហគមន៍​នេសាទ​កាំពី​បានឱ្យដឹងថា​ក្នុង​តំបន់​កាំពី​នេះ​គឺមាន​ឆ្មាំ និង​ប្រជា​ការពារ​ចូលរួម​ការពារ​ធនធាន​ជលផល ប៉ុន្តែ​នៅមាន​ភាពចន្លោះ​ប្រហោង​ក្នុង​ការតាមដាន​ដែល​ធ្វើឱ្យ​សត្វ​ផ្សោត​មួយចំនួន​បាន​ងាប់​។ ​ប៉ុន្តែ​បើ​មាន​ប៉ុស្តិ៍​ឆ្មាំ​បណ្តែត​ទឹក​ស្នាក់នៅ​ឃ្លាំមើល​បទល្មើស វា​នឹង​ជួយ​បន្ថយ​ផលប៉ះពាល់​ដល់​តំបន់​ជម្រក​ផ្សោត​។

លោក​ថ្លែងថា​ «​នេះ​រឿង​ល្អ​ក្នុង​ការសាងសង់​ប៉ុស្តិ៍​ឆ្មាំ​បណ្តែតទឹក​នេះ សម្រាប់​ចូលរួម​ការពារ​សត្វ​ផ្សោត​...​បើ​ពលរដ្ឋ​នៅតែ​​នេសាទ​ក្នុង​តំបន់​នេះ​អាច​នឹង​បាត់បង់​ទាំង​ត្រី និង​សត្វ​ផ្សោត​ និង​ភ្ញៀវទេសចរ​។ ខ្ញុំ​មិនអាច​ឱ្យ​ពួកគាត់​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​នោះ​ទេ បើ​នៅតែ​ប្រព្រឹត្ត​ទៀត ខ្ញុំ​នឹង​អំពាវនាវ​ឱ្យមាន​ការបង្កើត​ច្បាប់​ឱ្យ​តឹងរ៉ឹង​ថែមទៀត​»​។

នៅក្នុង​បើក​កិច្ចប្រជុំ​ការងារ​ពង្រឹង​ការអភិរក្ស​សត្វ​ផ្សោត​​ និង​ជីវចម្រុះ​ជលផល​ទន្លេមេគង្គ​​ពីថ្ងៃ​ ១ កុម្ភៈ​ថ្មីៗ​នេះ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ​បាន​ជំរុញ​ឱ្យ​មន្ត្រីជលផល និង​អ្នកពាក់ព័ន្ធ ពង្រឹង និង​ការពារ​ជីវចម្រុះ និង​សត្វ​ផ្សោត​ក្នុង​ទន្លេ​​មេគង្គ ដោយ​លោក​ថា ការ​ការពារ និង​គ្រប់គ្រង​ទីជម្រក​ធនធាន​ជលផល​នឹង​បង្កើន​សត្វផ្សោត​ក៏ដូចជា​បន្ថយ​ការនេសាទ​ល្មើសច្បាប់​។

លោក​ថ្លែងថា​៖ «​ការដែល​រួមគ្នា​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទាំងនេះ​ជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​ខេត្តក្រចេះ​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ មក​ទស្សនា​កម្សាន្ត​»​។

តាម​របាយការណ៍​ពី​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​បង្ហាញ​ថា​​ចំនួន​សត្វ​ផ្សោត​ងាប់ បាន​កើន​ជា​លំដាប់​ដោយ​ក្នុង​ឆ្នាំ​ ២០១៨ ​ងាប់​ ៥ ​ក្បាល ឆ្នាំ​ ២០២០ ​ងាប់​ ៩ ​ក្បាល និង​ក្នុង​ខែមករា ឆ្នាំ​ ២០២១ ​ងាប់​ ២ ​ក្បាល​។ ​ការងាប់​សត្វផ្សោត​ជា​បន្តបន្ទាប់​នេះ កំពុង​ប្រឈម​ទៅនឹង​និរន្តរភាព​នៃ​សត្វផ្សោត​នៅក្នុង​ទន្លេមេគង្គ​៕