ភ្នំពេញៈ ដោយលើកហេតុផលពីការកកស្ទះចរាចរណ៍ អាជ្ញាធររាជធានីភ្នំពេញ បានចេញមុខទៅទទួលយកញត្តិពីក្រុមស្រ្ដីដែលមានគ្នាប្រមាណ ៤០០ នាក់មកពីសមាគម និងអង្គការសង្គមស៊ីវិលនានា ដើម្បីបញ្ជូនបន្តទៅទីស្តីការគណៈរដ្ឋមន្ត្រី នៅពេលដែលកងកម្លាំងរបស់សាលារាជធានីបានរារាំងមិនអនុញ្ញាតឱ្យពួកគេដើរដង្ហែក្បួនចេញពីស្ដាតអូឡាំពិកនៅក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនាកាលពីថ្ងៃសុក្រ។
ក្រុមកងកម្លាំងស្លៀកពាក់ឯកសណ្ឋានជាប៉ូលិស ស៊ីវិល និងសន្តិសុខប្រហែល ២០០ នាក់ បាននាំគ្នាឈរពាំងទប់ស្កាត់ក្រុមស្រ្ដីដែលមានបំណងដើរដង្ហែញត្តិចេញពីក្នុងស្ដាតអូឡាំពិក យកទៅកាន់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីស្នើសុំដំណោះស្រាយមួយចំនួនពីរដ្ឋាភិបាល ជុំវិញបញ្ហានានា ដែលស្រ្ដីកំពុងជួបប្រទះសព្វថ្ងៃ។ ការរារាំងនេះត្រូវបានអាជ្ញាធររាជធានីសំអាងថា ដើម្បីទប់ស្កាត់កុំឲ្យមានការកកស្ទះចរាចរណ៍ ខណៈដែលរាជធានីភ្នំពេញបច្ចុប្បន្នកំពុងតែមានការកកស្ទះចរាចរណ៍ស្រាប់ផងនោះ។
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មថ្លែងថា ភាគច្រើននៃអ្នកចូលរួមហែញត្តិនេះ គឺជាស្រ្ដីមានគ្នាជាង ៤០០ នាក់ មានទាំងយុវជន អ្នកប្រកបរបរផ្លូវភេទ អ្នកបម្រើការងារផ្នែកសេវាកម្មកម្សាន្ត កម្មករកាត់ដេរ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធអ្នកធ្វើការងារតាមផ្ទះ កសិករ និងស្រ្ដីមានបញ្ហាដីធ្លី។ លោកស្រីបន្តថា នៅពេលចាប់ផ្ដើមនាំគ្នាដើរចេញពីស្ដាតអូឡាំពិក ក៏ត្រូវបានអាជ្ញាធររារាំង និងព្យាយាមបំបែកក្រុមអ្នកចូលរួមជា ២ ផ្នែក ហើយក្រោយមកអាជ្ញាធរក៏បានសម្រុះសម្រួលទទួលញត្តិដោយសន្យាយកទៅប្រគល់ឱ្យទីស្ដីការគណៈរដ្ឋមន្រ្តីជំនួសវិញ។
លោកស្រីថា៖ «យើងគិតថា យើងសោកស្ដាយចំពោះការរារាំងហ្នឹង ព្រោះប្រទេសយើង គឺជាប្រទេសប្រជាធិបតេយ្យ មានសេរីភាព ក្នុងការជួបជុំ សេរីភាពក្នុងការសម្ដែងមតិ ដែលគួរតែត្រូវបានការពារនិងធានា។ ប៉ុន្តែមិនត្រូវបានអនុញ្ញាត ហើយក្រោមរូបភាពនៃការរឹតបន្តឹងទៅទៀត»។
នៅក្នុងញត្តិដែលដាក់ទៅទីស្ដីការគណៈរដ្ឋមន្រ្តីនោះ គឺក្រុមស្រ្ដីបានស្នើសុំចំនួន ៧ ចំណុចទៅកាន់រដ្ឋាភិបាល ដូចជា ការបង្កើតមត្តេយ្យទារកដ្ឋាន ឬសហគមន៍ ការបង្កើតជម្រកសុវត្ថិភាព សម្រាប់ស្រ្ដីជួបអំពើហិង្សាក្នុងគ្រួសារ និងស្រ្ដីបម្រើការងារតាមផ្ទះ ការបញ្ឈប់ការបៀតបៀន និងហិង្សាផ្លូវភេទ លើស្រ្ដីនៅកន្លែងការងារ និងដោយមិនត្រូវលើកលែង ការបញ្ឈប់ការប្រើអំពើហិង្សាលើស្រ្ដីជាអ្នកការពារសិទ្ធិមនុស្ស កំណែទម្រង់មធ្យោបាយដឹកជញ្ជូនកម្មករក្នុងវិស័យកាត់ដេរដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ការកែលម្អលក្ខខណ្ឌការងារ និងពង្រឹងយន្តការការពារស្រ្ដីអ្នកធ្វើការងារតាមផ្ទះ និងការពង្រឹងយន្តការការពារសិទ្ធិពលករចំណាកស្រុកស្ដីពីការកេងប្រវ័ញ្ចការងារ ការជួញដូរ និងទាសភាពសម័យទំនើប។
លោកស្រី អ៊ូ ទេពផល្លីន ថ្លែងទៀតថា៖ «យើងទាមទារចំណុចទី១ ដោយសារកម្មករធ្វើការងារ ឬនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពួកគាត់អត់មានអ្នកមើលកូនឱ្យ អ៊ីចឹងគាត់ត្រូវបង្ខំចិត្តដាក់កូននៅរទះអីហ្នឹង ហើយទារកដ្ឋានយោងតាមច្បាប់ស្ដីពីការងារ មានហើយ គឺតម្រូវឱ្យនិយោជកអនុវត្តតាមច្បាប់ការងារ។ ដូចមាត្រាទី៧ ជំរុញយន្តការគឺគាត់ (រដ្ឋាភិបាល) ត្រូវធានាឱ្យមានការត្រួតពិនិត្យ ហើយជាពិសេសក្រសួងពាក់ព័ន្ធទទួលបន្ទុកផ្នែកបញ្ជូនពលករចំណាកស្រុកទៅ ត្រូវចុះទៅតាមដានត្រួតពិនិត្យ ដើម្បីធានាថា តើពួកគាត់ធ្វើការនៅទីនោះមានផាសុកភាពឬអត់? មានប្រព័ន្ធការពារសុខភាព និងសុវត្ថិភាពត្រឹមត្រូវអត់? ប្រាក់ឈ្នួលត្រឹមត្រូវ និងថៅកែមានឥរិយាបថម៉េចដែរ»?
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីថ្លែងថា អាជ្ញាធរសាទរ ចំពោះការចូលរួមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ប៉ុន្តែការហាមឃាត់ដើរដង្ហែក្បួននេះ ដោយសារតែពួកគេមិនបានគោរពតាមសេចក្ដីសម្រេចក្នុងកិច្ចប្រជុំរវាងភាគីទាំង ២ ថា ឱ្យអនុវត្តប្រារព្ធទិវាសិទ្ធិនារី នៅតាមទីតាំងរបស់ខ្លួននិងមិនអនុញ្ញាតឱ្យហែក្បួនឡើយ។
លោកបន្តថា៖ «ទាំងអស់ហ្នឹងបានជម្រាបជូនហើយទាំងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ សណ្ដាប់ធ្នាប់ចរាចរណ៍ រួមទាំងបញ្ហាសុវត្ថិភាពទាំងអស់ដែលអាជ្ញាធរយើងគិតគូរហើយនៅក្នុងន័យហ្នឹងដែលយើងមិនអនុញ្ញាតជូនហើយជាក់ស្ដែង សូម្បីសព្វថ្ងៃនេះ ទោះមិនមានសកម្មភាពដើរប្រមូលផ្ដុំផ្សេងៗ ក៏សង្កេតឃើញមានការកកស្ទះដែរ»។
ប៉ុន្តែ លោក ស៊ឹង សែនករុណា មន្រ្តីសម្របសម្រួលអង្គការអាដហុក បានថ្លែងថា ការលើកឡើងអំពីបញ្ហាចរាចរណ៍ដើម្បីរារាំងមិនឱ្យក្រុមស្រ្ដីទាំងនោះដើរដង្ហែក្បួន គឺជាលេសមួយប៉ុណ្ណោះ ហើយកន្លងមកឧត្តមស្នងការអង្គការសហប្រជាជាតិក៏ធ្លាប់ណែនាំដើម្បីជំរុញឱ្យពលរដ្ឋទទួលបានសិទ្ធិជួបជុំ ប្រមូលផ្ដុំសម្ដែងមតិដែរ ប្រសិនបើការជួបជុំនោះមិនបានធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជាគ្រោះថ្នាក់ ឬចលាចលនៅក្នុងសង្គម។
លោកថា៖ «យើងទៅមើលបាតុកម្មនៅក្នុងប្រទេសលោកសេរីយើងឃើញហើយ ក្រុមប៉ូលិសរបស់ពួកគេជួយរៀបចំសម្រួលចរាចរណ៍ ដើម្បីឱ្យពលរដ្ឋគេហ្នឹង បានធ្វើបាតុកម្មដាក់ញត្តិតាមស្ថាប័នទៅទៀត។ ពេលខ្លះពលករខ្មែរ នៅប្រទេស កូរ៉េ មិនមែនជាជនជាតិគេផង ប៉ុន្តែគេជួយសម្រួលឱ្យពួកគាត់ដាក់ញត្តិ អ៊ីចឹងយើងឃើញថា វាជាតួនាទីរបស់សមត្ថកិច្ចដើម្បីសម្រួលឱ្យពួកគាត់បានដាក់ញត្តិ ដើម្បីឱ្យដល់ស្ថាប័នទាំងនោះបានដឹងពីរឿងរ៉ាវ ដែលពួកគេចង់បានផង»។
យ៉ាងណាក្តី លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌត្យសភាកម្ពុជា យល់ឃើញថា បើក្រុមស្ត្រីទាំងនោះគ្រាន់តែចង់យកញត្តិទៅដាក់នៅទីស្ដីការគណៈរដ្ឋមន្រ្តី មិនចាំបាច់ហែក្បួនរំខានពលរដ្ឋដទៃទៀតក៏បានដែរ ដោយគ្រាន់តែចាត់តំណាងរបស់ខ្លួនយកទៅដាក់ទៅជាការស្រេច។ ប៉ុន្តែលោកលើកឡើងថា ក្នុងន័យនេះដែរប្រសិនបើពួកគាត់ចង់ដាក់ញត្តិ និងសម្ដែងមតិ គឺជាសិទ្ធិរបស់ពួកគាត់ហើយអាជ្ញាធរគួរតែជួយសម្រួលចរាចរណ៍ជូនគាត់ ព្រោះរដ្ឋាភិបាលក៏ចង់ឃើញឲ្យមានសង្គមស៊ីវិលរស់រវើក ដើម្បីជាភ្នែកជាច្រមុះឲ្យរដ្ឋាភិបាលដែរ អាជ្ញាធរកុំយកហេតុផលតែរឿងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ហើយចេះតែបិទបាំងចុះឡើង នាំឲ្យសង្គមស៊ីវិលទាំងអស់ហ្នឹងបានលេសយកទៅបរិហារកេរិ៍្ដរដ្ឋាភិបាលខ្លួនឯង ទៅប្រាប់បរទេសថា សង្គមខ្មែរផ្ដាច់ការ បិទសេរីភាពផ្សេងៗជាដើម។
លោកថា៖ «យើងគួរតែមានការសម្របសម្រួលគ្នា ហើយសង្គមស៊ីវិលខ្លួនឯងហ្នឹង ត្រូវបង្ហាញពីគោលដៅឲ្យបានច្បាស់ មិនមែនយកលេសដាក់ញត្តិ ហើយខ្លួននាំគ្នាទៅប្រព្រឹត្តអ្វីផ្ទុយពីនេះ ព្រោះអាជ្ញាធរក៏ទទួលបានពិសោធច្រើន ជុំវិញការហែញត្តិនេះ ហើយក៏ក្លាយជាបាតុកម្មតវ៉ាអ្វីផ្សេងទៀត»។
អង្គការសហប្រជាជាតិបានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ក្នុងឆ្នាំ ២០១៩ នេះ ក្រោមប្រធានបទ «គិតស្មើភាពគ្នា បង្កើតភាពវៃឆ្លាត និងច្នៃប្រឌិតសម្រាប់ឱ្យមានការផ្លាស់ប្ដូរ»។ លើសពីនេះ ត្រូវចូលរួមគាំទ្រចំពោះស្រ្ដីដែលកំពុងព្យាយាមយកឈ្នះឧបសគ្គដើម្បីបង្កើតឱ្យមានពិភពលោកកាន់តែប្រសើរមួយ សម្រាប់មនុស្សទាំងអស់គ្នា៕
រាយការណ៍បន្ថែមៈ សុទ្ធ គឹមសឿន