ភ្នំពេញៈ អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី​ ១ បាន​ចាប់​ឃាត់​រថយន្ត​ដឹក​ដី​ជាង​ ២០ ​គ្រឿង​ ដែល​ដឹក​ដី​ធ្វើឲ្យ​ជ្រុះ​រាយប៉ាយ​ពេញ​ដងផ្លូវ​ និង​ធ្វើឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ និង​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ផ្សារ​ទួលពង្រ​។

លោក កង វង ចៅសង្កាត់​ចោមចៅ​ទី​ ១ ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា រថយន្ត​ទាំងនោះ​ត្រូវ​បាន​រក្សាទុក​នៅ​​ដីឡូត៍​ ១ ​កន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​រំចេក ដោយ​មាន​កម្លាំង​សមត្ថកិច្ច​នៅ​យាម​ជាប់​ជានិច្ច​។

ការចាប់​ឃាត់​រថយន្ត​ទាំងនេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៥-២៦ ​ខែ​កញ្ញា ក្រោយពី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៣០០ ​នាក់​ បាន​ផ្តិតមេដៃ​ស្នើសុំ​ឲ្យ​ចៅសង្កាត់​ជួយ​ដោះស្រាយ​ទប់ស្កាត់​ឡាន​ដឹក​ដី​ដែល​ធ្វើឲ្យ​ធ្លាក់​ជ្រុះ​រាយប៉ាយ​ពេញ​ដងផ្លូវ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ និង​បណ្តាល​ឲ្យ​មាន​ការខូចខាត​ផ្លូវ​ជាដើម​។

លិខិត​ពលរដ្ឋ​បញ្ជាក់​ទៀត​ថា លើស​ពី​នេះ រថយន្ត​ដឹក​ដី​ទាំងនោះ​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ដោយសារ​តែ​អ្នកបើកបរ​បើក​ក្នុង​ល្បឿន​លឿនៗ និង​ធ្វើឲ្យ​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នោះ​ទើប​ពួកគាត់​បាននាំគ្នា​ផ្តិតមេដៃ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ជួយ​ដោះស្រាយ​យ៉ាងដូចច្នេះ​។

បើតាម​លោក កង វង រថយន្ត​ដឹក​ដី​ប្រមាណ​ជាង​ ២០ ​គ្រឿង​នោះ​ មាន​រថយន្ត​យី​ឌុប និង​រថយន្ត​កង់​ ៦ ដឹក​ដី​យក​ទៅ​ចាក់​ធ្វើ​បុរី​ ១ ​កន្លែង ដែល​នៅក្បែរ​តំបន់​នោះ​។ ការឃាត់​រថយន្ត​នេះ មិន​សំដៅ​លើ​ក្រុមហ៊ុន​ណាមួយ​នោះទេ ពោល​គឺ​ឲ្យ​តែ​បើកបរ​លើផ្លូវ​ដឹក​ដី​បង្ក​ការប៉ះពាល់​បរិស្ថាន​ក្នុង​ការរស់នៅ​របស់​ពលរដ្ឋ​ត្រូវធ្វើ​ការឃាត់​ទាំងអស់​។ លោក​បញ្ជាក់ថា​៖ «​ក្រុមការងារ​យើង​បាន​ចាប់​ឡាន​ទុក​ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​ដែល​ត្រូវ​ដឹក​ដី​ហ្នឹង​យើង​អត់​ជជែក​ទេ យើង​ឲ្យ​ទៅ​ចូល​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​ខណ្ឌ​តែម្តង​...»​។

លោក​ចៅសង្កាត់​ចោមចៅ​ទី​ ១ ប្រាប់ថា កន្លង​មក​ករណី​រថយន្ត​ដឹក​ដី​នៅតាម​បណ្តោយ​ផ្លូវ​នោះ​ក៏​ធ្លាប់បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែរ​។ ហេតុនេះអាជ្ញាធរ​ធ្លាប់​មាន​វិធានការ និង​បោសសម្អាត​ផ្លូវ​នេះ​ជា​ញឹកញាប់ ប៉ុន្តែ សមត្ថកិច្ច​ធ្វេសប្រហែស​ភ្លេច​ខ្លួន​បន្តិច ស្រាប់​តែ​រថយន្ត​ដឹក​ដី​ទាំងនោះ​មាន​សកម្មភាព​វិញ​ដដែល​។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ចន្ទ​ថា សំខាន់​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ផ្លូវ​ស្អាត ហេតុនេះ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ដី​ត្រូវ​តែ​លាង​សម្អាត​ផ្លូវ​នោះ​ឲ្យ​បាន​ស្អាត​ជាមុន ហើយ​ត្រូវធ្វើ​កិច្ចសន្យា​ចប់សព្វគ្រប់ ទើប​អនុញ្ញាត​ឲ្យ​យក​រថយន្ត​ត្រឡប់​ទៅវិញ​។

យ៉ាងណា​ក៏ដោយ​លោក​អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ថា ត្រូវ​ធ្វើ​ការពិន័យ ឬ​ព្រមាន​យ៉ាងណា​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​ទាំងអស់​នោះទេ ដោយ​លោក​គ្រាន់តែ​ថ្លែង​យ៉ាងខ្លី​ថា​៖ «​ពួកគាត់​ (​ក្រុមហ៊ុន​) ​មិន​បាន​ធ្វើការ​លាង​សម្អាត​ផ្លូវ​ឲ្យ​បាន​ស្អាត​ត្រឹមត្រូវ​នោះទេ ហើយ​ការ​ដែល​លាង​សម្អាត​កន្លងមក​នោះ គឺ​ខាង​អាជ្ញាធរខណ្ឌ​ជា​អ្នក​ចុះទៅ​សម្អាត​ផ្ទាល់​»៕