ស្ទឹងត្រែងៈ ​អាជ្ញា​ធរ​ខេត្ត​ស្ទឹងត្រែ​ង ​បាន​សន្យា​ជាថ្មី​ម្តង​ទៀត​ថា ​នឹង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជូន​ជន​ជាតិ​ដើម​ភាគ​តិច​ភូមិ​ក្បាល​រមាសដែល​ទទួល​រង​ផ​ល​ប៉ះ​ពាល់​ពី​គម្រោង​ទំន​ប់​វា​រី​អគ្គិ​សនី​សេ​សាន​ក្រោម ២បន្ទាប់​ពី​មាន​ការស្នើ​សុំ​ពីសំណា​ក់តំណាង​ប្រជាពល​រដ្ឋ។

២សប្តាហ៍​ក្រោយ​ពីតំណាង​ពលរដ្ឋ​៨នាក់​ដាក់​លិខិត​សុំ​ជួប​ដើម្បី​ដោះស្រាយ​បញ្ហា លោក​ ម៉ុម សារឿន អភិ​បាលខេត្ត​ស្ទឹង​ត្រែង​ បាន​ចុះទៅ​ជួប​ជា​មួយ​ពលរដ្ឋ​នៅ​ភូមិ​ក្បាល​រមាស​ដែល​មិន​ព្រម​ចាក​ចេញពី​ភូមិ​ចាស់​ចំនួន​៥២​គ្រួសារ​ប្រ​មាណ​ជា​១ម៉ោង​កាល​ពី​ព្រឹក​ថ្ងៃទី​៣១ខែ​ឧសភា​នេះ​។

លោក ​ប្រ៉​ច រិទ្ធី​ ដែល​បាន​ចូល​រួម​ក្នុង​ជំនួប​នោះ បាន​ឲ្យ​ដឹង​ថា ជាការ​ឆ្លើយត​ប​នឹង​សំណើ​ពលរដ្ឋ​នោះ ​លោក​អភិបាល​ខេត្ត​បាន​សន្យា​ថា អា​ជ្ញា​ធរនិង​ក្រុម​ហ៊ុន​ទំនប់​វា​រី​អគ្គិ​សនី​សេ​សាន​ក្រោម​២នឹង​សង់​​បន្ទប់​រៀន មណ្ឌល​សុខ​ភាព វត្ត​អារាម​ ស្រះ​ទឹក និង​ផ្លូវ​ក្រាលក្រួ​ស​ក្រហម​ចូល​ភូមិ​មួយ​ខ្សែ​ប្រវែង​១៣​គីឡូ​ម៉ែត្រ​ផង​ដែរ។ ប៉ុន្តែលោកថា​ពល​រដ្ឋ​មិន​ទាន់​ជឿ​លើ​ការ​សន្យា​នោះទេដោយ​សា​រ​សន្យា​តែ​មាត់​ដូច​តែលើក​មុនៗដែរគឺ​គ្មាន​សរ​សេរ​ជា​លាយ​លក្ខ​ណ៍អក្សរ​​ទេ។

លោក​រិទ្ធី​ បាន​បញ្ជាក់​ថា៖«លើក​នេះ​លោក​អភិ​បាល​ខេត្ត​បាន​ចុះ​មក​សន្យា​ផ្ទាល់​ជាមួយ​ពលរដ្ឋ។ គាត់​ថា​នឹង​ដោះ​ស្រាយ​ជូន តែ​យើង​មិន​ទាន់​ជឿ​ទេ ដោយ​សា​រ អត់​មាន​លាយ​លក្ខ​ណ៍អក្សរ។​ ទាល់តែ​គាត់​ផ្តិត​មេដៃ​ធ្វើ​កិច្ច​សន្យា​ទើប​ជឿ តែ​អត់​មាន​ធ្វើ​ទេ»។ លោក​ថា ម្យ៉ាង​វិញ​ទៀត ​ពេល​វេលា​ជាក់​លាក់​នៃ​កា​រសា​ងសង់​ក៏​មិន​មាន​បញ្ជាក់​ច្បាស់​​ដែរ ខណៈ​ពលរដ្ឋ​ចង់បាន​ហេ​ដ្ឋា​​រចនា​សម្ព័ន្ធ​ប្រើ​ប្រាស់​ឲ្យ​បាន​ឆាប់។

លោក​បន្ថែម​ថាក្រៅ​ពី​នោះលោក​អភិ​បាល​ខេត្ត​ក៏បាន​សន្យា​ថា នឹង​​ចុះ​បញ្ជី​ដីស​មូ​ហ​ភាព​សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ពួក​គាត់​ផង​ដែរ។ លោក​ថា កន្លង​មក ​ពលរដ្ឋ​បាន​ទាម​ទារ​ចុះ​បញ្ជី​ដីស​មូហ​ភាព​លើ​ផ្ទៃដី​ជាង​៦​ពាន់​ហិក​តា តែ​អាជ្ញា​ធរ​ទំនង​ជា​ឯក​ភាព​ចុះ​ឲ្យ​តែ​ប្រមា​ណ​ជា​៩០០​ហិក​តា​ប៉ុណ្ណោះ​ ព្រោះ​បើ​ចុះ​ធំ​ពេក វា​ប៉ះពាល់​ដី​ក្រុម​ហ៊ុន។

ពលរដ្ឋ​ភូមិ​ក្បាល​រមាស​ជាង៨០គ្រួ​សារ​បាន​យល់​ព្រម​ចាកចេ​ញ​ទៅ​ទីតាំង​ថ្មី​ជាប់​ផ្លូវ​ជាតិ​លេខ​៧៨Aថ្មី តែ​ជាង​៥០គ្រួ​សារ​បាន​បដិ​សេធ​មិន​ព្រម​ចាក​ចេញ។ក្រុមហ៊ុន​បាន​បិទទ្វារ​ទំនប់ទឹក​កាលពី​ខែតុលា​កន្លងមក បណ្តាល​ឲ្យ​ជន់​លិច​ផ្ទះ​ពលរ​ដ្ឋ​នៅ​ភូមិ​ស្រែគ​ចាស់​ដល់​ដំបូលនិង​ផ្ទះ​ពល​រដ្ឋ​នៅ​ក្បាល​រមាស​លិច​ជាង​១ម៉ែត្រ​។ ​អ្នក​ភូមិ​ក្បាល​រមាស​បាននាំគ្នា​ទៅ​រស់​នៅតាម​ស្រែ​ចម្ការ​រហូត​មកទល់​​នឹង​ពេល​នេះ។

លោក​ ម៉ែន ​គុង​ អ្នក​នាំ​ពាក្យ​សា​លា​ខេត្ត​ស្ទឹង​ត្រែង ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញា​ធរខេត្ត​គ្រាន់តែ​ទទួល​យក​សំណើ​ពលរដ្ឋ​យកទៅ​ពិនិត្យ​ ប៉ុន្តែ​នៅពេល​នេះលោក​អភិ​បាល​ខេត្ត​បាន​ចុះទៅ​ផ្ទះនិង​បាន​សន្យា​ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​មែន។ លោក​បាន​បន្ត​ថា កិច្ច​ការងារ​នេះ​ត្រូវ​មាន​ការ​គាំទ្រ​ពី​រដ្ឋ​បាល​ខេត្ត ហេតុ​នេះ លោក​អភិ​បាល​ខេត្ត​នឹង​ធ្វើ​លិខិត​មួយ​ជម្រា​ប់​ជូន​ផ្នែក​ពាក់​ព័ន្ធ ដើម្បី​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ចាប់ផ្តើម​សង់។

ដោយ​ឡែក​ចំពោះផ្លូវ​វិញ អា​ចចាប់​ផ្តើម​ធ្វើ​ក្នុង​រដូ​វប្រាំង​ខាង​មុខ ព្រោះថា វា​មានការ​លំបាក​​ធ្វើ​ក្នុង​រដូ​វវស្សា​ ហើយ​គុណ​ភាព​មិនល្អ​ទៀត​។

លោក​បាន​បញ្ជាក់​ថា៖«ឯក​ឧត្តម​អភិ​បាល​ខេត្ត​បាន​សម្រេច​ផ្ទាល់​នៅ​កន្លែង...គឺ​រៀបចំ​ក្រុម​កា​រង​ារក្នុង​វិស័យ​ទាំង​អស់​ហ្នឹង​ចូល​ទៅ​សិក្សានិង​ដោះ​ស្រាយ​ឲ្យ​បាន​លឿន។​សំខាន់​គឺ​សិក្សា​ឲ្យ​បាន​លឿន​និង​ដោះ​ស្រាយ​តាម​កម្រិត​ណា​មួយ​ដែល​ដោះ​ស្រាយ​បាន»​។

ទំនប់​វា​រី​អគ្គិ​សនី​សេ​សាន​ក្រោម ​២​កម្លាំង​៤០០​ មេ​ហ្គា​វ៉ា​ត់​ដែល​ធំ​ជាង​គេ​នៅ​កម្ពុជា​ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវ​ការ​ក្រោម​វត្ត​មាន​លោក​នា​យក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​កាល​ពី​ខែ​កញ្ញា​កន្លង​មក។ ក្រុម​ហ៊ុន​ស្ថិតក្នុង​គម្រោង​ទំនប់​នេះ រួម​មាន ​ក្រុមហ៊ុន Royal Group មាន​ភាគហ៊ុន ៣៩ ភាគរយ​ ក្រុម​ហ៊ុន Hydrolancang Inter​national ​Energy របស់​ប្រទេ​ស​ចិន៥១​ ភាគរ​យ (ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុម​ហ៊ុន ​China Huaneng Group) និង​ក្រុម​ហ៊ុន​វៀត​ណាម ​EVN In​ter​nati​onal មាន ១០​ ភាគរ​យ។