ឧត្តរមានជ័យៈ អាជ្ញាធរខេត្ត​ឧត្តរមានជ័យ​សម្រេច​បញ្ឈប់​ពលរដ្ឋ​ដែល​ធ្វើ​សកម្មភាព​រុករាន​ដី​ដើម្បី​អាស្រ័យផល​នៅ​ស្ថានីយ​ស្តារ​ព្រៃឈើ​ក្នុង​ក្រុង​សំរោង​ និង​ស្រុក​ចុងកាល់​ដែលមាន​ទំហំ​ជាង​ ៧ ​ពាន់​ហិកតា​តទៅទៀត​​ហើយ ដោយសារ​តំបន់​នោះ​ជា​ទីតាំង​ដែល​ត្រូវ​ស្ដារឡើងវិញ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​។

លោក សូត្រ ស៊ីសុខឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តឧត្តរមានជ័យ​ថ្លែង​កាលពី​ថ្ងៃទី​ ៦ ​មេសា​ថា ដី​ដែល​មាន​ព្រំប្រទល់​ជាប់​​ឃុំ​ចំនួន​ ៤ ​គឺ​ឃុំ​ពង្រ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ និង​សង្កាត់​សំរោង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង​ត្រូវ​បាន​ក្រសួង​កសិកម្ម​សហការ​ជាមួយ​ក្រុមហ៊ុន​​សាន្តហ៊ាង ដើម្បី​ស្តារ​ព្រៃឈើ​ឡើងវិញ​តាម​គោលការណ៍​រាជរដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយចំនួន​ចាញ់បោក​ជនខិលខូច ហើយ​បាន​ចូលទៅ​អាស្រ័យ​ផល​លើដី​នោះ ហេតុនេះ​អាជ្ញាធរ​បាន​ជូនដំណឹង​ព្រមទាំង​ផ្សព្វផ្សាយ​ឱ្យ​ពួកគាត់​ឈប់​អាស្រ័យផល​នៅ​ទីនោះ​បន្តទៀត​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​ពលរដ្ឋ​ពិតជា​គ្មាន​ដី​យើង​ឱ្យ​ពួកគាត់​ស្នើសុំ​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​ជា​សម្បទាន​សង្គមកិច្ច ប៉ុន្តែ​យើង​មិន​ទម្លាប់​ឱ្យ​ពលរដ្ឋ​ចូលទៅ​ចាប់ដី​អនាធិបតេយ្យ​ទៅ​លើដី​រដ្ឋ​ទេ​។ ​យើង​បានធ្វើ​ប៉ាណូ​ផ្សព្វផ្សាយ​បិទ​លើ​ទីតាំង​ដី​នោះ​ឱ្យ​ពលរដ្ឋ​ដឹង ប៉ុន្តែ​វា​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ខ្លះ​បង្កើត​រឿង​ធ្វើឱ្យ​ស្មុគស្មាញ​ដើម្បី​បំផុស​ឱ្យមាន​រូបភាព​ផ្សេងៗ​អ៊ីចឹង​»​។

អភិបាលរង​ខេត្តឧត្ដរមានជ័យ លោក វ៉ាត់ ប៉ារ៉ានីន បាន​ថ្លែងថា អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ផ្តល់​ដី​ជូន​ពលរដ្ឋ​រួចហើយ តែ​មាន​ពលរដ្ឋ​ខ្លះ​បាន​ទៅ​នៅ​លើដី​ក្រុមហ៊ុន​ដែល​កំពុង​រៀបចំ​ដាំ​ដើមឈើ​។ មុនពេល​ក្រុមហ៊ុន​ចូលមក​អភិវឌ្ឍ​តំបន់​នោះ​មាន​ពលរដ្ឋ​មួយចំនួន​បាន​អាស្រ័យផល​ហួស​ដី​ដែល​អាជ្ញាធរ​ធ្លាប់បាន​ផ្តល់ជូន​ពួកគាត់​។

លោក​ថ្លែងថា​៖ «​មាន​បងប្អូន​មួយចំនួន​មើលឃើញ​ដី​នៅ​តំបន់​ហ្នឹង​រាង​ទំនង​ក៏​ធ្វើស្រែ​លើ​ហ្នឹង​ទៅ ហើយ​ចំណែក​បងប្អូន​មួយចំនួនទៀត​ដែល​ធ្វើ​ចម្ការ​នៅ​ទីនោះ ធ្វើ​យូរៗ​ទៅ​មើលឃើញ​ដី​ក្បែរ​ហ្នឹង​ទំនង​ដែរ ក៏​ភ្ជួរ​រំលង​ចូលទៅ​ដី​នៅក្បែរ​ហ្នឹង​ទៅ​។ យ៉ាងណា យើង​បាន​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​ដែល​បានធ្វើ​លើ​ដី​រដ្ឋ​ហ្នឹង​ឱ្យ​ត្រឡប់​ទៅ​អាស្រ័យផល​លើដី​ដែល​បាន​ផ្តល់ជូន​ពួកគាត់​ពីមុន​ហ្នឹង​ទៅ ឯ​ដី​រដ្ឋ​យើង​រក្សាទុក​ដើម្បី​ដាំ​ដើមឈើ​ឡើងវិញ​ជាមួយ​ក្រុមហ៊ុន​»​។

លោក គន្ធ សំរិត ប្រធាន​សហគមន៍​ទួលពង្រ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៦ មេសា​ដែរ​ថា ក្រុមហ៊ុន​បាន​ដាក់​គ្រឿងចក្រ​ចូលទៅ​កាយ​ដី​ក្រវាត់​ព្រំ​ធ្វើឱ្យ​ប៉ះពាល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​។ ពួកគាត់​ជា​ពលរដ្ឋ​នៅ​មិនទាន់​ទទួល​បាន​ការដោះស្រាយ​រួចរាល់​នៅឡើយ​ទេ​តាំង​កាលពី​ក្រុមហ៊ុន​មុន​ [​ស្ករអំពៅ​] ​ដែល​មក​ធ្វើ​សម្បទាន​នៅ​តំបន់​នេះ​។

លោក​ថា​៖ «​ក្រោយពី​ក្រុមហ៊ុន​ស្ករអំពៅ​បាន​ដកចេញ​ទៅ​មាន​ក្រុមហ៊ុន​ថ្មី​ហ្នឹង​ចូលមក​អភិវឌ្ឍ​ក៏បាន​ប៉ះពាល់​បងប្អូន​ពលរដ្ឋ​នៅ​ទី​ហ្នឹង​ចំនួន​ប្រមាណ​ ៩០ ​គ្រួសារ មិនទាន់​បាន​ដោះស្រាយ​អីចឹង​ពេល​ក្រុមហ៊ុន​ថ្មី​នេះ​ចូល​មក​វា​បង្កើតជា​បញ្ហា​ជាន់​លើ​បញ្ហា​» ។

បើតាម​លោក សំរិត កន្លងមក​អាជ្ញាធរ​ក៏បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន​មួយចំនួន​ហើយ ប៉ុន្តែ​នៅមាន​ពលរដ្ឋ​មួយចំនួន​មិន​ព្រម​ទទួល​យក​តាម​ការសម្របសម្រួល​ណែនាំ​របស់​អាជ្ញាធរ​ទេ​។ ​«​ការដោះស្រាយ​ហ្នឹង​អ្នក​​ខ្លះ​គាត់​ដោះ​ពីនេះ​ទៅ​ជាន់ដី​អ្នក​នៅ​ទីនោះ​អ៊ីចឹង​ទៅ ជាហេតុ​ធ្វើឱ្យ​ពួកគាត់​មិន​ទទួលយក​មានន័យថា ដី​តំបន់​ហ្នឹង​ធ្លាប់​ដោះដូរ​ឱ្យ​ពលរដ្ឋ​ទៅយក​នៅ​កន្លែង​ផ្សេង​ហើយ តែ​ពេល​គាត់​ទៅយក​ក៏បាន​ជាន់គ្នា​ជាមួយ​អ្នក​ផ្សេងទៀត​អ៊ីចឹង​គាត់​ក៏​មក​យក​ដី​កន្លែងចាស់​គាត់​វិញ​បាទ​»​។

យ៉ាងណាក្ដី​លោក ប៉ារ៉ានីន បាន​អះអាង​ថា ដី​ស្រុក​ចុងកាល់​ និង​ក្រុង​សំរោង ត្រង់ចំណុច​ ៤ ​ឃុំ​នោះ​នៅ​ឆ្នាំ​ ២០២១ ​នេះ​ក្រសួង​កសិកម្ម​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​សាន្ត​ហ៊ាង​ដើម្បី​ដាំ​ដើមឈើ​ឡើងវិញ ហើយ​ក្នុងពេល​ថ្មីៗ​ក្រុមហ៊ុន​ក៏បាន​ដាក់​គ្រឿងចក្រ​ដើម្បី​ស្តារ​ព្រំ​ឡើងវិញ​ធ្វើជា​ផ្លូវ​សម្រាប់​ងាយស្រួល​ក្នុង​ការដាំ​ដើមឈើ​ផងដែរ​។

លោក​ថា​៖ «​ពលរដ្ឋ​ដែល​ទទួល​បាន​ការកាត់​ឆ្វៀល​ហើយ​អាស្រ័យផល​នៅ​ទីនោះ​គាត់​សប្បាយចិត្ត ព្រោះ​បាន​ផ្លូវ​បាន​អីចឹង​ទៅ​គាត់​ងាយស្រួល​ចេញ-ចូល​តែ​បងប្អូន​ដែល​បាន​រុករាន​នោះ គាត់​មិន​សប្បាយចិត្ត​ទេ​»​។

លោក ស្រី ណារេន អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​ឧត្តរមានជ័យ​ថ្លែងថា កន្លងមក​ពលរដ្ឋ​នៅ​តំបន់​នោះ​មួយចំនួន​បានទទួល​យក​ដី​សម្បទាន​សង្គមកិច្ច​រួចហើយ​។ ​ប៉ុន្តែ​នៅមាន​ប្រមាណ​ ៩០ ​គ្រួសារ​ទៀត​​មិនទាន់​ទទួលបាន ហេតុនេះ​ពួកគាត់​ក៏បាន​ទៅ​អាស្រ័យផល​លើដី​តំបន់​នោះ​ជា​បណ្តោះអាសន្ន​ទៅ​។

លោក​ថ្លែងថា​៖ «​ពលរដ្ឋ​បានដាក់​ពាក្យស្នើសុំ​ដី​សង្គមកិច្ច​ហើយ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​មិនទាន់​បានទេ អ៊ីចឹង​ពួកគាត់​មួយចំនួន​បាន​ចូលទៅ​អាស្រ័យផល​លើដី​ហ្នឹង​គ្រាន់តែ​យក​ផល​ដើម្បី​ចិញ្ចឹមជីវិត​ទេ​»៕