សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​ពី​ម្សិលមិញ​បាន​ដឹក​ទឹក​បញ្ចូល​ស្រះ​នៅ​កស្សិណ្ធុ​ប្រាសាទបាគង​ដើម្បី​ជួយ​សង្គ្រោះ​ត្រីប្រា​មួយចំនួន​ដែល​នៅសល់ បន្ទាប់ពី​ត្រីប្រា​ ១២ ​ក្បាល​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​ខ្វះ​ទឹក​។

លោក​ ឡេង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង សហការ​គ្នា​ប្រើប្រាស់​រថយន្ត​ដឹក​ទឹក​ ៦ ​គ្រឿង​ដឹក​ទឹក​បញ្ចូល​ស្រះ​កស្សិណ្ធុ​ប្រាសាទ​បាគង​ក្នុង​ការជួយ​សង្គ្រោះ​បឋម​នូវ​ត្រីប្រា និង​ត្រី​ជាច្រើន​ប្រភេទ​ទៀត​ដែល​កំពុង​ខ្វះ​ទឹក​។

លោក​ថា​អាជ្ញាធរ​ជាតិ​អប្សរា​គិតគូរ​ពី​បញ្ហា​នេះ​រៀងរាល់​ឆ្នាំ​។ ប៉ុន្តែ​ដោយសារ​កស្សិណ្ធុ​ប្រាសាទ​បាគង​មិនមាន​មុខ​ទឹក​សម្រាប់​បង្ហូរ​ពី​កន្លែង​ផ្សេង​បញ្ចូល កស្សិណ្ធុ​មួយ​នេះ​រំពឹង​រង់ចាំ​ទឹកភ្លៀង​ប៉ុណ្ណោះ ដូចជា​ស្រះស្រង់​ដែរ មិន​មាន​ប្រភព​ទឹក​នៅ​ជិត​ដែល​អាច​បង្ហូរ​ចូល​ភ្លាមៗ​បាន​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​នេះ​នៅ​កស្សិណ្ធុ​ប្រាសាទបាគង​មិន​ទាន់​រីងស្ងួត​នោះទេ គ្រាន់​តែ​ទឹក​រាក់​រួម​តូច​ថ្ងៃ​ក្តៅ​ខ្លាំង ដែល​ធ្វើឲ្យ​ត្រី​មួយចំនួន​ងាប់​។ ដូច្នេះ​យើង​ដឹក​ទឹក​ពី​កន្លែង​ផ្សេង​ដាក់​បញ្ចូល ដើម្បី​ជួយសង្គ្រោះ​ត្រី​ទាំងនោះ​ជា​បឋម​សិន ហើយ​នឹង​នៅ​រង់ចាំ​ទឹកភ្លៀង​»​។

លោក​ សូរ ប្លាតុង អភិបាលស្រុក​ប្រាសាទបាគង​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ដឹក​ទឹក​ដាក់បញ្ចូល​ស្រះ​កស្សិណ្ធុ​ប្រាសាទបាគង​នេះ​។ តាំងពី​ព្រឹក​ដល់​ល្ងាច​ថ្ងៃទី​ ១០ មិថុនា ក្រុម​ការងារ​បាន​ប្រើប្រាស់​រថយន្ត​ដឹក​ទឹក​ចំនួន​ ៦ ​គ្រឿង ហើយ​ដឹកជញ្ជូន​ទឹក​ដាក់​បញ្ចូល​ស្រះ​ប្រមាណ​ជាង​ ២០ ​រថយន្ត​ហើយ​។

លោក​បន្តថា ក្រុម​ការងារ​នឹង​បន្ត​ដឹក​នៅ​ថ្ងៃទី​ ១១ ​ឬ​ ១២ មិថុនា​ ទៀត ដើម្បី​ជួយសង្គ្រោះ​ត្រី​ដែល​នៅក្នុង​ស្រះ​នេះ​។ ក្រៅពី​ដឹក​ទឹក​បញ្ចូល​ស្រះ អាជ្ញាធរ​បាននិង​កំពុង​ជីក​អណ្ដូងទឹក​ ២ ​កន្លែង​បន្ថែមទៀត​នៅ​ក្បែរ​នោះ ​ដើម្បី​ងាយស្រួល​បូម​បញ្ចូល​ស្រះ​តែម្ដង​។

លោក​ថា​៖ «​ស្រះ​កស្សិណ្ធុ​ប្រាសាទ​បាគង​នេះ​មិន​មាន​មុខទឹក​សម្រាប់​បង្ហូរទឹក​បញ្ចូល​ទេ ពោល​គឺ​ពឹង​អាស្រ័យ​ទៅ​លើ​ទឹកភ្លៀង​។ រៀងរាល់​ឆ្នាំ​ស្រះ​នេះ​មិនដែល​មាន​ទឹក​ស្រក​បែបនេះ ហើយ​ក៏​គ្មាន​ត្រី​ងាប់​ដែរ ហើយ​កាលពី​ឆ្នាំ​ទៅ យើង​បាន​ស្ដារ​ស្រះ​នេះ​ម្ដង​ហើយ​។ ទោះជា​យ៉ាងណា យើង​នឹង​រក​វិធី​ដោះស្រាយ​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ​»​។

Fresh News បាន​ស្រង់​សម្តី​ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​រស់នៅ​ជិត​ប្រាសាទបាគង​ពី​ម្សិលមិញ​ថា ត្រីប្រា​ទាំងនោះ​បាន​ងាប់​តាំងពី​រសៀល​ថ្ងៃទី​ ៨ មិថុនា​។ លោក​រស់នៅ​ទីនេះ​មាន​អាយុ​ជាង​ ៥០ ​ឆ្នាំ​ហើយ​មិន​ដែល​ឃើញ​កស្សិណ្ធុ​ប្រាសាទ​នេះ​រីងទឹក និង​ឃើញ​មាន​ត្រី​ធំៗ​ងាប់​បែប​នេះ​ទេ​។ លោក​ថា ត្រី​ទាំង​នេះ​គេ​មិន​បរិភោគ​ទេ គេ​ជឿ​ទៅ​លើ​ជំនឿ​ថា​ជា​ត្រី​អ្នកតា​ និង​មួយចំនួន​ទៀតថា សាច់ត្រី​នេះ​មាន​ក្លិន​ស្អុយ​ជាប់​ភក់​៕